លោក ទៀ បាញ់ អះអាង​ថា មិត្ត​ភាព​កម្ពុជា​ វៀតណាម គ្មាន​អ្នក​អាច​បំបែក​បំបាក់​បាន​ទេ​

ដោយ ម៉ៅ សុធានី
2020.06.21
ទៀ បាញ់ 042419 លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ។
រូប៖ ហ្វេសប៊ុក General TEA Banh

លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​​​ក្រសួង​ការពារ​ជាតិ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ចង​ក្រង​ឯកសារ​ប្រវត្តិ លោក ហ៊ុន សែន​ ភៀសខ្លួន​ កាល​ពី​ឆ្នាំ​១៩៧៧ ​​​ដើម្បី​ធ្វើ​ជា​ភស្តុតាង​​​ កុំ​ឲ្យ​ជន​អគតិ ​​បំបែក​បំបាក់​មិត្តភាព​ កម្ពុជា និង វៀតណាម​។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ យល់​ថា គ្មាន​នរណា បាន​ទៅ​បំបែក​បំបាក់​មិត្ត​ភាព របប​ក្រុង​ភ្នំពេញ ជាមួយ​វៀតណាម​ទេ។​

លោក ទៀ បាញ់ អះអាង​ថា គោលដៅ​ជន​អគតិ គឺ​ចង់​បំបែក​បំបាក់​​​មិត្ត​ភាព​កម្ពុជា​ វៀតណាម តែ​មិត្ត​ភាព​នេះ មិន​អាច​បំបែក​បំបាក់​បាន​ទេ ព្រោះ​​​​ប្រវត្តិសាស្ត្រ និង​ភូមិ​សាស្ត្រ បាន​​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ ​រួបរួម​គ្នា​ជានិច្ច។ លោក​បន្ត​ថា ការ​ស្នើសុំ​ចងក្រង​​ឯកសារ​ព្រឹត្តិការណ៍​លោក ហ៊ុន សែន ភៀស​ខ្លួន​ចូល​ប្រទេស​វៀតណាម​ ការ​ស្ថាបនា​ផ្លូវ ​កសាង​សិលា​ចារិក ​ក្នុង​ទឹកដី​វៀតណាម ដើម្បី​បង្ហាញ​​ពី​វីរភាព​ លោក ហ៊ុន សែន ដែល​បាន​ភៀសខ្លួន សុំ​ជំនួយ​មក​រំដោះ​ពី​ប្រទេស៖ «ការ​បំបែក​បំបាក់​រវាង​កម្ពុជា និង​វៀតណាម​នេះ ជា​គោល​ដៅ​​ធំ​បំផុត​របស់​ពពួក​ជន​អគតិ។ ដូច្នេះ​យើង​កសាង​អ្វី ដែល​ជា​តឹកតាង ភស្តុតាង​ច្បាស់​លាស់ ថា​ គ្មាន​ទេ គ្មាន​ជា​ដាច់​ខាត គ្មាន​ការ​បំបែក​បំបាក់ បាន​ទេ។ កូន​ចៅ ឬ​ក៏​ក្មួយៗ យើង​ជំនាន់​ក្រោយៗ ត្រូវ​តែ​ដឹង​ច្បាស់ គ្មាន​ទេ។ វា​មាន​ពេល​លំបាក​យ៉ាងណា​ក៏​ដោយ កម្ពុជា និង​វៀតណាម យើង​នៅ​តែ​រួបរួម​ជាមួយ​គ្នា។ មូលហេតុ​ប្រវត្តិសាស្ត្រ មូលហេតុ​ភូមិ​សាស្ត្រ គឺ​វា​នៅ​ជាប់​គ្នា​ជា​និច្ច។ ដូច្នេះ​ គឺ​ការ​ជួប​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មិន​មាន​ដាច់​ខ្សែ​រយៈ​ទេ»

លោក​ថ្លែង​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី២០ មិថុនា នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ ក្នុង​ពិធី​រំលឹក​ខួប ៤៣ឆ្នាំ នៃ​ថ្ងៃ​ភៀសខ្លួន​របស់​លោក ហ៊ុន សែន ​ទៅ​ប្រទេស​វៀតណាម កាល​ពី​​ឆ្នាំ​​១៩៧៧។ រដ្ឋាភិបាល​បាន​អញ្ជើញ​ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម​ប្រចាំ​កម្ពុជា និង​យោធិន​វៀតណាម​ច្រើន​នាក់ មក​ចូល​រួម។ នៅ​ចំពោះ​មុខ​មន្ត្រី​យោធិន​​វៀតណាម​នោះ​លោក ទៀ បាញ់ បាន​ខិតខំ​និយាយ សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ ​ដឹង​គុណ លោក ហ៊ុន សែន និង​ប្រទេស​វៀតណាម​ ក្នុង​ការ​រំដោះ​ចេញ​ពី​របប ប៉ុល ពត។

ចំណែក​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ព្រឹត្តិការណ៍​ ភៀសខ្លួន ទៅ​ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​១៩៧៧ ថា ជា​ការ​លះបង់ ដើម្បី​ជួយ​ជាតិ​ ឲ្យ​មាន​សេចក្ដី​សុខ។ លោក ហ៊ុន សែន បង្ហោះ​ក្នុង​ហ្វេសប៊ុក​ (Facebook) ថា ដោយសារ​ ជម្រើស​ភៀស​ខ្លួន ប្រកប​ដោយ​គ្រោះថ្នាក់ និង​ ទឹកភ្នែក ការ​ព្រាត់​ប្រាស់​ប្រពន្ធ​ កូន​ កាល​ពី ៤៣ឆ្នាំ​មុន ទើប​នាំ​​ឲ្យ​កម្ពុជា មាន​​សេចក្ដី​សុខ រីក​ចម្រើន​​ដល់​សព្វ​ថ្ងៃ។

ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​នយោបាយ លោក គឹម សុខ អះអាង​​ថា លោក ហ៊ុន សែន ភៀស​ខ្លួន ​ទៅ​ប្រទេស​វៀតណាម មិន​មែន​ដោយសារ​ចង់​រំដោះ​ប្រទេស​ទេ តែ​​គេច​ខ្លួន ពី​ការ​តាម​សម្លាប់​របស់​​របប ប៉ុល ពត ព្រោះ​លោក​មេបញ្ជាការ ហ៊ុន សែន​ បាន​ប្រព្រឹត្តិ​ខុស​គោលនយោបាយ​ ខ្មែរ​ក្រហម។

សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​ លោក​បណ្ឌិត ច័ន្ទ ប៊ុន្នី ថ្លែង​ថា តាម​ឯកសារ​ បង្ហាញ​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ភៀស​ខ្លូន ទៅ​ប្រទេស​វៀតណាម ដើម្បី​រំដោះ​ប្រទេស​កម្ពុជា៖ «តាម​តែ​ឯកសារ ដែល​យើង​ឃើញ​ ក្នុង​ប្រវត្តិ​បក្ស​អ៊ីចឹង​អ្វី គឺ​គាត់​ចេញ​តស៊ូ មិន​មែន​ភៀស​ខ្លួន​ទេ គឺ​ចេញ​តស៊ូ ជា​ក្រុម​ដោយ​រៀបចំ ជា​ក្រុម​អ៊ីចឹង​ទៅ»

ទោះ​ជា​យ៉ាង​ណា ​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន ​អះអាង​ថា គ្មាន​នរណា​ទៅ​បំបែក​បំបាក់​មិត្ត​ភាព​របប​ក្រុង​ភ្នំពេញ និង​ប្រទេស​វៀតណាម​ទេ។ ​លោក​ ថា ​ពលរដ្ឋ​​ គ្រាន់​តែ​ចូលរួម​​ការពារ​ទឹក​ដី មិន​ឲ្យ​បាត់បង់​ ព្រោះ​តែ​លង់​ នឹង​ពាក្យ​មិត្តភាព​របស់​វៀតណាម​ ធ្វើ​ឲ្យ​បាត់​បង់​ទឹកដី​​​ ដូច​ការ​បាត់​បង់​កម្ពុជា​ក្រោម​​​។ លោក​ អ៊ុំ សំអាន យល់​​ថា ការ​បន្ត​ដឹង​គុណ​​វៀតណាម​ម្ដង​ហើយ ម្ដង​ទៀត ហើយ​​មិន​ហ៊ាន​តតាំង​ នឹង​ការ​ឈ្លានពាន​របស់​វៀតណាម នឹង​ធ្វើ​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ ជា​អ្នក​ទទួល​រង​ផល​លំបាក៖ «ដល់​ពេល​ ដល់​ លោក ហ៊ុន សែន គាត់​ងាក​ទៅ​ចិន​ខ្លាំង​ពេក យួន​ក៏​​មាន​ការ​អន់​ចិត្ត​ខ្លះ​តិច​តួច​ដែរ។ ប៉ុន្តែ​យ៉ាង​ណា ក៏​ដោយ គណបក្ស​ប្រជាជន​ នៅ​តែ​ដឹង​គុណ​យួន នៅ​តែ​រក្សា​មិត្តភាព ម៉ឺន​ឆ្នាំ ដោយ​មិន​ខ្វល់ យួន​ឈ្លានពាន​ទឹក​ដី​កម្ពុជា ដោយ​មិន​ខ្វល់​យួន​រស់​នៅ​រាប់​ម៉ឺន រាប់​សែន​នាក់ នៅ​កម្ពុជា។ អា​ហ្នឹង យើង​ឃើញ​ជាក់​ស្ដែង អ៊ីចឹង​ណា»

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សេង សាវី សង្កេត​ឃើញ​ថា គ្មាន​នរណា​ម្នាក់ បាន​​បំបែក​បំបាក់​​មិត្ត​ភាព​កម្ពុជា​វៀតណាម​ទេ​ ព្រោះ​​មិន​ដែល​ឃើញ​នរណា​ទៅ​ទាមទារ​ឲ្យ​ផ្ដាច់​ទំនាក់ទំនង​កម្ពុជា​វៀតណាម​ឡើយ​។ ​តែ​យ៉ាង​ណា លោក​ ថា ​មាន​តែ​ពលរដ្ឋ​ខ្មែរ​ទាមទារ​ជា​ចំហ​ ទៅ​រដ្ឋាភិបាល​កម្ពុជា ​​ឲ្យ​ជំរុញ​ទៅ​​វៀតណាម ក្នុង​ការ​គោរព​សន្ធិសញ្ញា​ព្រំដែន។

ចំណែក​ការ​បង្រៀន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ដឹង​គុណ​វៀតណាម​​នោះ លោក​បណ្ឌិត​សេង សារី យល់​ថា​ ​​មិន​គួរ​​ដល់​ថ្នាក់​ ត្រូវ​ដឹង​គុណ​​វៀតណាម​រហូត​ទេ។ លោកថា វៀតណាម ធ្លាប់​ជំពាក់​គុណ​កម្ពុជា ​រឿង​ជម្លោះ​វៀតណាម​ខាង​ជើង​ និង​វៀតណាម​ខាង​ត្បូង តែ​មិន​ដែល​ឃើញ​វៀតណាម ប្រាប់​កូនចៅ​គេ ឲ្យ​ដឹង​គុណ​កម្ពុជា​​ឡើយ៖ «យើង​អ្នក​ជិត​ខាង យើង​ពឹង​គ្នា​ទៅ​វិញ​ទៅ​មក មាន​ន័យ​ថា ស្ថានភាព​ដែល​យើង​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​កន្លង​មក​ហ្នឹង គឺ​វៀតណាម ក៏​ធ្លាប់​ពឹង​យើង យើង​ក៏​ធ្លាប់​ពឹង​វៀតណាម។ ហ្នឹង​យើង​អត់​និយាយ​ទៅ​ដល់​ថា អ្នក​ណា​ទាញ​ប្រយោជន៍​ ពី​អ្នក​ណា ក្នុង​កំឡុង​ពេល ដែល​មាន​ការ​ពឹង​ពាក់​ទេ។ គ្រាន់តែ​ជា​ទិដ្ឋភាព​រួម នៅ​ពេល​យើង​ មាន​ប្រទេស​ជាប់​ជិត​ខាង​គ្នា យើង​ត្រូវ​តែ​ពឹង​ពាក់​អាស្រ័យ​គ្នា​ទៅវិញ​ទៅ​មក ក្នុង​ស្ថានភាព​លំបាក​ណា​មួយ»

រដ្ឋាភិបាល​បាន​បង្កើត​ព្រឹត្តិការណ៍​​សំខាន់ៗ​ជាច្រើន​ ដើម្បី​រំលឹក​គុណ​វៀតណាម និង​​លើក​តម្កើង​​លោក ហ៊ុន សែន មាន​ដូចជា ទិវា​ជ័យ​ជម្នះ​៧​មករា ទិវា​ចងចាំ​២០​ឧសភា ទិវា​ លោក ហ៊ុន សែន​ ចាប់​ផ្ដើម​ចេញ​តស៊ូ ២០ មិថុនា និង​ព្រឹត្តិការណ៍​វៀតណាម​លើក​ទ័ព​ចូល​កម្ពុជា ២ធ្នូ ជាដើម។

តែ​យ៉ាង​ណា គណបក្ស​ប្រឆាំង​​ ចាត់​ទុក​ ព្រឹត្តិការណ៍​ទាំង​នោះ​​ថា ឥត​ប្រយោជន៍​សម្រាប់​ជាតិ​ខ្មែរ និង​ធ្វើ​ឡើង​ដើម្បី​ ដឹង​គុណ​វៀតណាម ក្នុង​ការ​លើក​បន្តុប​ឲ្យ​របប​ក្រុង​ភ្នំពេញ និង​បក្ខ​ពួក​ បាន​កាន់​តំណែង​ដល់​សព្វ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។