លោក ទៀ បាញ់ ប្រកាស​ឲ្យ​កងទ័ព​ក្រោកឈរ​ត្រៀម​បង្ក្រាប​បដិវត្តន៍​ពណ៌

ដោយ អាស៊ីសេរី
2017.10.28
ទៀ បាញ់ ២០១៥ ៦២២ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

អ្នកវិភាគ​សង្គម​ឯករាជ្យ លើក​ឡើង​ថា ការ​បង្ក្រាប​ណាមួយ​របស់​កងកម្លាំង​ប្រដាប់​អាវុធ ដល់​ពលរដ្ឋ​ដែល​តវ៉ា ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​អំពើ​ខុសច្បាប់​ជាតិ និង​អន្តរជាតិ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា កម្ពុជា​នឹង​អាច​ជួប​បញ្ហា​ធ្ងន់ធ្ងរ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ រួមមាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែល​ជា​ទីផ្សារ​ដ៏​ធំ ក្នុង​ការ​នាំចូល​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​ពី​កម្ពុជា មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក។ បន្ថែម​ពី​នេះ ប្រសិនបើ​ពលរដ្ឋ​ងើបឡើង​តវ៉ា និង​មានការ​បង្ក្រាប​ដោយ​ការ​ប្រើ​អាវុធ​នោះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹង​មិន​អាច​នៅ​ស្ងៀម​ឡើយ។ «សំឡេង»

ការ​បញ្ជាក់​របស់​អ្នកវិភាគ​​ឯករាជ្យ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ បាន​ប្រកាស​នៅ​ចំពោះ​មុខ​មេទ័ព​កំពូលៗ និង​កងទ័ព​រាប់​រយ​នាក់ ឲ្យ​ត្រៀម​បង្ក្រាប​បដិវត្តន៍​ពណ៌ និង​ទប់ស្កាត់​សកម្មភាព​នានា ដែល​ចង់​មករា​រាំង​ការ​អនុវត្ត​ច្បាប់ ចំពោះ​ជន​ក្បត់ជាតិ និង​បក្ស​ក្បត់ជាតិ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​តុលា​នេះ ក្នុង​ខេត្ត​ស្ទឹងត្រែង។

ការ​ប្រកាស​របស់​លោក ទៀ បាញ់ នេះ គឺ​ធ្វើ​ឡើង​មួយថ្ងៃ​ក្រោយ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា លោក​មិន​ឈឺក្បាល​វិលមុខ​ចំពោះ​សម្ពាធ​អន្តរជាតិ ហើយក៏​មិន​បារម្ភ​ចំពោះ​ការ​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច របស់​ពិភពលោក​ចំពោះ​កម្ពុជា​នោះ​ទេ។

លោក ទៀ បាញ់ បញ្ជាក់​ថា មេដឹកនាំ​កម្ពុជា មិនបាន​ខ្លាច​គំនាប​បរទេស​ណា​ទាល់តែសោះ សូម្បី​ប៉ុន​សរសៃសក់ ពីព្រោះ​ពួកគេ​គ្មាន​លុយ​ទុក​នៅ​បរទេស ហើយក៏​មិន​ចង់​ទៅ​រកស៊ី និង​ទៅ​រស់នៅ ប្រទេស​ផ្សេង​ក្រៅពី​កម្ពុជា​នោះ​ដែរ។ លោក​ថា ការ​ដាក់​គំនាប​របស់​បរទេស​នា​ពេលនេះ គឺ​មិន​ធ្ងន់ធ្ងរ​ដូច​កាលពី​ទសវត្សរ៍​ឆ្នាំ​៨០​នោះ​ទេ ដែល​កាលនោះ បរទេស​បាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​កម្ពុជា​ខ្លាំង​ណាស់ ក៏​ប៉ុន្ដែ ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​មិន​ដូច​ពេលនោះ​ឡើយ។ ក្នុង​ឯកសណ្ឋាន​យោធា ពាក់​ផ្កាយ​បួន លោក ទៀ បាញ់ ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​ផង​នោះ មិន​ភ្លេច​រំលឹក​ឲ្យ​មន្ត្រី​សង្គ្រោះ​ជាតិ ចុះចូល​នឹង​បក្ស​កាន់អំណាច​នោះ​ទេ ប្រសិនបើ​ចង់​រក្សា​ដំណែង​ត​ទៅ​មុខ​ទៀត។ លោក ទៀ បាញ់ លើកឡើង​ដូច្នោះ ទាំង​មិន​បារម្ភ​ពី​ការបាត់បង់​ឯករាជ្យ​ភាព​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ជា​កម្លាំង​អព្យាក្រឹត្យ​ឡើយ។

ទាក់ទង​នឹង​ការ​អំពាវនាវ​ឲ្យ​តំណាងរាស្ត្រ និង​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​រស់​ជាមួយ​គណបក្ស​កាន់អំណាច​វិញ លោក ឡៅ ម៉ុងហៃ សង្កេត​ឃើញ​ថា រហូតមកដល់​ពេលនេះ គឺ​ពុំ​មាន​ច្រើន​ទេ ដោយសារ​ភាគច្រើន មាន​ឧត្ដមគតិ​ស្មោះត្រង់​ជាមួយ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្សប្រឆាំង។

មន្ត្រី​ដែល​សុំ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច រហូត​មក​ដល់​ពេល​នេះ មាន​តែ​តំណាងរាស្ត្រ​ម្នាក់ របស់​គណបក្ស​សង្គ្រោះជាតិ និង​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​មួយ​ចំនួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។