ពលរដ្ឋថៃ​ធ្វើ​បាតុ​កម្ម​នៅ​មុខ​ស្ថាន​ទូត​ខ្មែរ​នៅ​ថៃ​​ជា​ថ្មី​​ទាមទារ​​ឱ្យ​មាន​​ការ​ស៊ើប​​អង្កេត​​​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​ម្នាក់

ដោយ ជុន ច័ន្ទបុត្រ
2020-06-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ថៃ​ប្រមាណ ១០០នាក់​លើក​បដា​តវ៉ា​នៅ​មុខ​ស្ថានទូត​ខ្មែរ នៅ​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ២០២០ ទាម​ទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​ចាប់​ជំរិត​លោក Wanchalearm Satsaksit នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៤ មិថុនា។
ពលរដ្ឋ​ថៃ​ប្រមាណ ១០០នាក់​លើក​បដា​តវ៉ា​នៅ​មុខ​ស្ថានទូត​ខ្មែរ នៅ​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ២០២០ ទាម​ទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​ចាប់​ជំរិត​លោក Wanchalearm Satsaksit នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៤ មិថុនា។
រូប៖ ទំព័រ​សារ​ព័ត៌មាន​ថៃ Khaosod

ពលរដ្ឋថៃ​ជាច្រើននាក់ នៅ​ថ្ងៃ​ទី១៥​ មិថុនា នេះ បាន​ធ្វើ​បាតុ​កម្ម​នៅ​មុខ​ស្ថាន​ទូត​ខ្មែរប្រ​ចាំ​ប្រទេសថៃ​ ជាថ្មីទៀតទាមទារ​ ឱ្យ​​មាន​ការស៊ើប​អង្កេត​ករណីចាប់ពង្រត់សកម្មជននយោបាយថៃម្នាក់ គឺ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit )នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​មិថុនា។ កាលពីថ្ងៃទី៨ មិថុនា ពលរដ្ឋថៃ ប្រមាណ ១០០នាក់បានធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរប្រចាំប្រទេសថៃ ម្តងរួចទៅហើយ ក្នុងគោលបំណងដូចគ្នានេះ។

សកម្មជនក្រុម​អាវ​ក្រហម​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្ខិសិទ្ធិ អាយុ ៣៧ឆ្នាំ ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ចាប់​ពង្រត់​ពី​កន្លែង​ស្នាក់នៅ​របស់​លោក នៅម្តុំជ្រោយចង្វារ ក្នុង​ក្រុង​ភ្នំពេញ ចូល​ទៅ​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​មួយ រួច​បើក​ទៅ​បាត់ កាល​ពី​ថ្ងៃ​ទី៤ មិថុនា។ សហការី​របស់​លោក​មួយ​រូប ដែល​កំពុង​និយាយ​ទូរស័ព្ទ​ជាមួយ​លោក ក្នុង​ពេល​កើត​ហេតុ​នោះ បាន​ឮ​លោក វ៉ាន់ឆាឡឺម ស្រែក​ថា លោក​មិន​អាច​ដក​ដង្ហើម​បាន​ទេ ហើយ​ទូរស័ព្ទ​ក៏​ត្រូវ​កាត់​ផ្ដាច់​ទៅ។ យុវនិស្សិត វ៉ាន់ឆាឡឺម ជា​អ្នក​រិះគន់​ឥត​សំចៃ​មាត់​ទៅ​លើ​នយោបាយ​ដឹក​នាំ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា និងធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ថៃ តាំង​ពី​ឆ្នាំ២០១៤។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា និង​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស APHR ធ្លាប់បានជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នៅ​ក្រុង​ភ្នំពេញ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ភ្លាមៗ ករណី​ចាប់​ពង្រត់ លោក វ៉ាន់ឆាឡឺម នេះ។ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា អ្នកស្រី អេមីលី ហ្សីប៊ឺក (Emily Zeeberg) ប្រាប់​អាស៊ី​សេរី តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី៩ មិថុនា ថាសហរដ្ឋអាមេរិក តែង​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​បរទេស រួម​ទាំង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ​ផង ធានា​ឲ្យ​បាន ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រម​ទាំង​សេរីភាព​ជា​មូលដ្ឋាន​ដទៃ​ទៀត ស្រប​តាម​កាតព្វកិច្ច អន្តរជាតិ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ទាំង​នេះ។

ដោយឡែក ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា APHR នៅ​ថ្ងៃ​ទី៩ មិថុនា ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា និង​ថៃ បើក​ការ​ស៊ើប​អង្កេត​ករណី​មួយ​នេះ​ដែរ និង​ត្រូវ​ធានា​សុវត្ថិភាព​របស់​សកម្មជន​ថៃ​រូប​នេះ​ជា​បន្ទាន់។

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា លោក ឆាយ គឹមឃឿន ពុំ​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​ករណី​នេះ​ទេ តែ​លោក​​បដិសេធ ចំពោះការ​ចោទ​ប្រកាន់​ដែល​ថា អាជ្ញាធរ​កម្ពុជា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ពង្រត់​សកម្មជន នយោបាយ​ថៃ​រូប​នេះ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ផ្អែក​តាម​ឯកសារ​ស្រាវជ្រាវ លោក ឆាឡឺមស័ក្តិ នេះ​បាន​បាត់​ខ្លួន​ពី​កម្ពុជា​តាំង​ពី​ឆ្នាំ២០១៧។ លោកបន្តថា អាជ្ញាធរ​កម្ពុជា​ក៏​កំពុង​តែ​ខិតខំ​រក​សាក្សី រក​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ទាំង​នេះ។

ករណី​ចាប់​ពង្រត់​សកម្មជន​អាវ​ក្រហម​ថៃ​រូប​នេះ កើត​មាន​ឡើង​ពីរ​ថ្ងៃ ក្រោយ​ពេល​ដែល​លោក​បាន​បង្ហោះ​វីដេអូ​រិះគន់​រដ្ឋាភិបាល​ថៃ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ អាជ្ញាធរ​ថៃ​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៨ បាន​ចេញ​ដីកា តាម​ចាប់​ខ្លួន​លោក វ៉ាន់ឆាឡឺម ពី​បទ​ល្មើស​ព័ត៌មាន​វិទ្យា ដោយសារ​តែ​លោក​បាន​ប្រើ ទំព័រ​ហ្វេសប៊ុក ធ្វើ​ជា​មធ្យោបាយ​រិះគន់​រដ្ឋាភិបាល​ថៃ។ ក្រោយ​ករណី​ចាប់​ពង្រត់​នេះ ទាំង​រដ្ឋាភិបាល​កម្ពុជា និង​ស្ថានទូត​ថៃ​ប្រចាំ​ក្រុង​ភ្នំពេញ និយាយ​ថា ពួក​គេ​ពុំ​មាន​ព័ត៌មាន​អំពី​លោក វ៉ាន់ឆាឡឺម នោះ​ទេ។ ទន្ទឹម​គ្នា​នេះ ពលរដ្ឋ​ថៃ​ប្រមាណ ១០០នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៨ មិថុនា ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើប​អង្កេត​ករណី​បាត់​ខ្លួន​នេះ ដោយ តាម​ចាប់​ខ្លួន​ជន​ល្មើស និង​ធានា​សុវត្ថិភាព​ដល់​លោក វ៉ាន់ឆាតឡឺម។ ក្រុម​អ្នក​តវ៉ា​ជនជាតិ​ថៃ​ទាំង​នោះ ក៏​បាន​ចោទ​ប្រកាន់​រដ្ឋ​អំណាច​ថៃ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​រៀបចំ ករណី​ចាប់​ពង្រត់​នេះ

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល