ប្រជាពលរដ្ឋមួយចំនួនខកចិត្តដែលរបបក្រុងភ្នំពេញ ចំណាយលុយដ៏ច្រើន សន្ធឹកសន្ធាប់ក្នុងមួយខែៗជួលក្រុមហ៊ុនបញ្ចុះបញ្ចូលឬឡប់ប៊ី (Lobby) អាមេរិក ឲ្យជួយការពារទង្វើរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគាត់យល់ថា របបឯកបក្សមួយនេះ គួរតែកែលម្អទង្វើអាក្រក់របស់ខ្លួន ហើយទុកលុយទាំងនោះ ជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះពីវិបត្តិជំងឺកូវីដ-១៩ គឺជារឿងល្អ និងអាចស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនបានឡើងវិញ។
ប្រជាពលរដ្ឋមួយចំនួនបញ្ចេញប្រតិកម្មថា ការដែលរដ្ឋាភិបាលលោក ហ៊ុន សែន ចំណាយលុយជិត៧ម៉ឺនដុល្លារក្នុងមួយខែ ជួលក្រុមហ៊ុនឡប់ប៊ីអាមេរិក ដើម្បីឲ្យជួយផ្សព្វផ្សាយចំណុចវិជ្ជមានអំពីកម្ពុជា និងជួយទប់ស្កាត់ការអនុម័តច្បាប់ដាក់ទណ្ឌកម្ម គឺជាការចំណាយថវិកាជាតិខ្ជះខ្ជាយឥតប្រយោជន៍ ហើយកាន់តែធ្វើរបបនេះឲ្យមានកេរ្តិ៍ឈ្មោះអាក្រក់ថែមទៀត។
ប្រជាពលរដ្ឋមួយរូបរស់នៅខេត្តសៀមរាបលោក នង ធារ៉ា ថ្លែងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា បន្តវាយប្រហារអាមេរិកជាសាធារណៈនិងបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរឥតស្រាកស្រាន្ត នោះការចំណាយលុយជាតិយ៉ាងច្រើនជួលក្រុមហ៊ុនបញ្ចុះបញ្ចូល ដើម្បីជួយចរចារជាមួយរដ្ឋាភិបាលអាមេរិក ឲ្យផ្លាស់ប្តូរជំហរមកលើកម្ពុជានេះ គឺមិនអាចជោគជ័យទៅរួចឡើយ។ លោកយល់ថា រដ្ឋាភិបាល គួរតែទុកលុយនេះជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះពីវិបត្តិកូវីដឲ្យបានពេញដៃពេញជើង ព្រោះពេលនេះ គ្រួសាររបស់លោកដែលកំពុងរស់នៅក្នុងតំបន់ក្រហម ឬតំបន់បិទខ្ទប់មិនទាន់ទទួលបានជំនួយពីរដ្ឋាភិបាលនៅឡើយទេ៖ «ខ្ញុំពិតជាសោកស្តាយមែនទែនក្នុងនាមជាយុវជនម្នាក់ ព្រោះមួយខែ ៧ម៉ឺនដុល្លារវាចំណាយអត់ប្រយោជន៍។ បើយើងគ្រាន់តែគោរពសិទ្ធិមនុស្ស ស្តារលទ្ធិប្រជាធិបតេយ្យ និងរៀបចំការបោះឆ្នោតដោយត្រឹមត្រូវសេរី និងយុត្តិធម៌ទៅ វាគ្រប់សព្វបែបយ៉ាងហើយយើងក៏ទទួលបានអនុគ្រោះព័ន្ធអីផ្សេងៗទៀត និងល្អសម្រាប់មុខមាត់កម្ពុជាផង។ ប៉ុន្តែ បែរជា គាត់ចំណាយលុយអត់ប្រយោជន៍ ហើយជិះជាន់ធ្វើទុក្ខបុកម្នេញលើសកម្មជនសិទ្ធិមនុស្ស នយោបាយ និងបរិស្ថានទៅវិញ»។
ជាមួយគ្នានេះប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកស្រី ជា ពិសី លើកឡើងថា រដ្ឋាភិបាល មិនគួរចំណាយលុយរាប់ម៉ឺនដុល្លារក្នុងមួយខែៗ ជួលក្រុមហ៊ុនបញ្ចុះបញ្ចូលអាមេរិក ដើម្បីការពារផលប្រយោជន៍ និងមុខមាត់ផ្ទាល់ខ្លួននោះទេ ក្នុងគ្រាដែលពលរដ្ឋ កំពុងមានជីវភាពលំបាក និងជំពាក់បំណុលវ័ណ្ឌកអំឡុងវិបត្តិជំងឺកូវីដ-១៩នេះ៖ «ខ្ញុំអត់គាំទ្ររឿងនេះទេ។ ខ្ញុំចង់ឲ្យគាត់យកថវិកាដែលចំណាយនោះ យកមក ចំណាយលើប្រជាពលរដ្ឋ ព្រោះអីមិនមែនតែខ្ញុំទេ គឺមាន ប្រជាបលរដ្ឋច្រើនគ្រួសារ ដែលលំបាកវេទនាខ្លាំងមែនទែន។ តាំងពីប្រាក់ខែប្តីដែលធ្លាប់ធ្វើការ ក៏អត់មានការងារធ្វើ ដោយសារគេផ្អាកពេលកវីដនេះ ហើយធនាគារមិនអធ្យាស្រ័យ ឲ្យយើងទាំងស្រុងទេ»។
ស្រដៀងគ្នានេះដែរ ពលករខ្មែរមួយរូបដែលកំពុង ធ្វើការនៅក្នុងខេត្តសមុទ្រប្រាកាន (Samut Prakan)ប្រទេសថៃ លោក នូវ ប៊ុនរ័ត្ន និយាយថា វាមិនមែនជារឿងថ្មីទេដែលរបបលោក ហ៊ុន សែន ចំណាយលុយឥតប្រយោជន៍ ដើម្បីមុខមាត់ផ្ទាល់ខ្លួន ហើយមើលរំលងទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសពលករក្នុងប្រទេសថៃ។ ពលកររូបនេះយល់ថា ទោះបីជារបបលោក ហ៊ុន សែន ខំជួលក្រុមហ៊ុនឡប់ប៊ីអាមេរិកក្តី ក៏មិនអាចបិទបាំងអំពើរំលោភសិទ្ធិមនុស្ស និងការបំផ្លាញគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជាបានទេ៖ «បើរដ្ឋាភិបាល មានចិត្តស្រលាញ់ ប្រជាពលរដ្ឋ ពិតប្រាកដ ប្រហែលជាគាត់ទុកលុយនោះជួយប្រជាពលរដ្ឋវិញដែលកំពុងតែជួបប្រទះបញ្ហាកូវីដ - ១៩ ធ្វើឲ្យសេដ្ឋកិច្ចរបស់គាត់ធ្លាក់ចុះខ្លាំង។ បើបង្វែរលុយនោះ មកជួយវិញ ខ្ញុំគិតថាប្រជាប្រិយភាពគាត់កាន់តែកើនឡើងហើយប្រជាពលរដ្ឋ ក៏គោរពស្រលាញ់គាត់ឡើងវិញដែរ»។
ការបញ្ចេញប្រតិកម្មរបស់ប្រជាពលរដ្ឋបែបនេះ គឺបន្ទាប់ពីបបក្រុងភ្នំពេញ ចំណាយប្រាក់ជិត ៧ម៉ឺនដុល្លារក្នុងមួយខែ ជួលក្រុមហ៊ុនបញ្ចុះបញ្ចូលឬឡប់ប៊ី (Lobby)ថ្មីមួយទៀតនៅសហរដ្ឋអាមេរិក ដើម្បីផ្តល់សេវាកម្មជួយលុបលាងកេរ្តិ៍ឈ្មោះអាក្រក់របស់ខ្លួន ខណៈតំណាងរាស្ត្រសហរដ្ឋអាមេរិក កំពុងជំរុញការអនុម័តច្បាប់ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំកំពូលៗនៅកម្ពុជារួមមានទាំងលោក ហ៊ុន សែន ផងដែរ។ ក្រុមហ៊ុនបញ្ចុះបញ្ចូលថ្មីនេះឈ្មោះខវីស (Qorvis Communications )ដែលល្បីល្បាញខាងធ្វើជាតំណាងឲ្យរបបមួយចំនួនដែលមានកេរ្តិ៍ឈ្មោះអាក្រក់បំផុតនៅលើពិភពលោកពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស។
ឯកសារដែលដាក់នៅក្រសួងយុត្តិធម៌អាមេរិក បង្ហាញថា ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតុន លោក ជុំ សុន្ទរី បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនខវីស កាលពីថ្ងៃទី១៥ ខែកញ្ញា។ជាថ្នូរនឹងប្រាក់ឈ្នួលប្រចាំខែជិត៧ម៉ឺនដុល្លារ(៦៩.៣០០) ក្រុមហ៊ុនខវីស បានព្រមព្រៀងផ្តល់សេវាកម្មផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ និងសេវាកម្មផ្នែកសារគមនាគមន៍បែបយុទ្ធសាស្ត្រ ដើម្បីជួយគាំទ្រដល់ការបង្កើនការយល់ដឹងរបស់សាធារណជនរួមទាំងការធ្វើដំណើរ និងទេសចរណ៍សម្រាប់ប្រទេសកម្ពុជាផងដែរ។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល នៅថ្ងៃទី២៤ និង ២៥ កញ្ញា។ទោះជាយ៉ាងណាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អះអាងថា ការជួលក្រុមហ៊ុន ដើម្បីឲ្យជួយសម្របសម្រួល ឬឡប់ប៊ីនេះ គឺជារឿងស្របច្បាប់ដែលប្រទេសផ្សេងៗទៀត ក៏ធ្លាប់ធ្វើបែបនេះដែរ ដើម្បីឲ្យសហរដ្ឋអាមេរិក បានទទួលស្គាល់ និងយល់ពីអ្វីដែលកើតមាន ហើយឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេសនីមួយៗ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការប្រើវិធីបញ្ចុះបញ្ចូលដើម្បីរក្សាមុខមាត់ ឬកុំឲ្យមានការដាក់សម្ពាធពីអាមេរិកនេះ នឹងមិនមានប្រសិទ្ធភាពលើអ្នកតំណាងរាស្ត្រអាមេរិកាំងនោះទេ។ លោកយល់ថា វិធីល្អបំផុតគឺមានតែស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ដែលមិនចាំបាច់ចំណាយលុយហើយចំណេញទាំងមុខមាត់រដ្ឋាភិបាល និងប្រទេសកម្ពុជាទាំងមូល៖ «ខ្ញុំយល់ថា ប្រសិនបើរដ្ឋាភិបាល ជួលក្រុមហ៊ុនឡប់ប៊ី គឺជារឿងមួយដែលខ្ជះខ្ជាយទៅលើការចំណាយថវិកាទេ។ យើងមើលទៅ ទោះបីថា ក្រុមហ៊ុននោះ គាត់ខំធ្វើការឡប់ប៊ីយ៉ាងណាក៏ដោយ គេ ( អាមេរិក ) ក៏មើលទិដ្ឋភាពជារួម ឬទិដ្ឋភាពជាក់ស្តែងនៅកម្ពុជាយើងដែរ ដូច្នេះយើងមិនបាច់ខិតខំជួលក្រុមហ៊ុនទៅឡប់ប៊ីទេ ព្រោះពួកគេ ក៏មាន អ្នកតាមដាន ស្ថានការណ៍ហ្នឹងដែរ មុនគេធ្វើអ្វីៗមួយ»។
នេះគឺជាលើកទី៣ហើយដែលរបបក្រុងភ្នំពេញ បានចំណាយលុយជាតិរាប់សែនដុល្លារក្នុងមួយឆ្នាំៗ ដើម្បីជួលក្រុមហ៊ុនអាមេរិកាំងដែលជំនាញច្បាប់ និងទំនាក់ទំនងសាធារណៈឲ្យផ្ដល់សេវាកម្មបញ្ចុះបញ្ចូលរដ្ឋាភិបាលនិងស្ថាប័ននីតិប្បញត្តិ ដើម្បីផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក មកលើកម្ពុជា។ ការជួលក្រុមហ៊ុនឡប់ប៊ីអាមេរិកទាំងនេះ ធ្វើឡើងស្របពេលដែលសមាជិកព្រឹទ្ធសភា និងរដ្ឋសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ កំពុងដំណើរការអនុម័តច្បាប់ដាក់ទណ្ឌកម្មលើក្រុមមេដឹក នាំរបបក្រុងភ្នំពេញ និងច្បាប់ស្ដីពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ពីកម្ពុជា ដោយសារការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការគាស់រំលើងលទ្ធិប្រជាធិបតេយ្យប្រព្រឹត្តដោយក្រុមលោក ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។