កប៉ាល់ចម្បាំង​ចិន​ ៣គ្រឿង​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ

ដោយ ទីន ហ្សាការីយ៉ា
2019-01-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាវា​ចិន ៣គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០១៩ ដើម្បី​ហ្វឹកហ្វឺន​រួម​គ្នា​ជាមួយ​កងទ័ព​ជើង​ទឹក​កម្ពុជា។
នាវា​ចិន ៣គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០១៩ ដើម្បី​ហ្វឹកហ្វឺន​រួម​គ្នា​ជាមួយ​កងទ័ព​ជើង​ទឹក​កម្ពុជា។
រូបថត៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ

នាវា​​​ចិន​ចំនួន​ ៣គ្រឿង​ បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី៩ មករា នៅ​ក្នុង​ដំណើរ​​​​ទស្សនកិច្ច​រយៈពេល​ ៤ថ្ងៃ រហូតដល់​ថ្ងៃ​ទី១២ មករា​ខាង​មុខ។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បញ្ជាក់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ថា ក្នុង​ចំណោម​នាវា​ទាំង ៣គ្រឿង​នោះ មាន​ពីរ​គ្រឿង​ជា​នាវា​ចម្បាំង និង​មួយ​គ្រឿង​ទៀត​ជា​នាវា​ផ្គត់ផ្គង់ ដែល​មាន​កង​នាវិក​សរុប​ចំនួន ៦៩៥នាក់ ដឹក​នាំ​ដោយ​លោក ស៊ូ ហៃហួរ (Xu Haihua) ជា​មេបញ្ជាការ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ លោក ឈុំ សុជាតិ ថ្លែង​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP និង​ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​ថា ទស្សនកិច្ច​របស់​នាវា​​ចម្បាំង​ចិន​ទាំង​ ៣គ្រឿង​នេះ គឺ​ដើម្បី​រឹត​ចំណង​សាមគ្គីភាព និង​បង្កើន​​កិច្ច​សហប្រតិបត្តិ​ការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ ជាពិសេស​កង​ទ័ព​ជើង​ទឹក​នៃ​​ប្រទេស​ទាំងពីរ។ លោក​បញ្ជាក់​ទៀត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ គណៈប្រតិភូ​​កង​ទ័ព​ជើង​ទឹក​ចិន​នឹង​ជួប​ពិភាក្សា​គ្នា​​ជាមួយ​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ ផង​ដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ របប​លោក​ ហ៊ុន សែន បាន​បែរ​ខ្នង​ដាក់​បស្ចិម​ប្រទេស​កាន់​តែ​ខ្លាំង នៅ​​លើ​វិស័យ​យោធា ក្រោយ​របប​នេះ​ទទួល​បាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ជា​ច្រើន​​សន្ធឹក​សន្ធាប់​ពី​របប​ក្រុង​ប៉េកាំង​។ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ កន្លង​ទៅ រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ លោក វៃ ហ្វេងហេ (Wei Fenghe) បាន​ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ទឹក​ប្រាក់​ប្រមាណ ១០០ លាន​ដុល្លារ​អាមេរិក ​សម្រាប់​​វិស័យ​យោធា​ដល់​របប​ក្រុង​ភ្នំពេញ​ ហើយ​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ថា នឹង​រួម​គ្នា​ធ្វើ​លំហាត់​យោធា​នាគ​មាស​​នៅ​ឆ្នាំ ២០១៩ នេះ ឱ្យ​មាន​លក្ខណៈ​កាន់​តែ​ធំជាង​មុន​ទៀត។

របប​ក្រុង​ភ្នំពេញ​បាន​លុប​​ចោល​សម​យុទ្ធ​​យោធា “ឆ្មាំ​អង្គរ” ជាមួយ​សហរដ្ឋ​អាមេរិក និង​សម​យុទ្ធ​យោធា​ ដន គោព្រៃ (Dawn Kouprey) ជាមួយ​អូស្ត្រាលី កាល​ពី​ឆ្នាំ ២០១៧ កន្លងទៅ ហើយ​របប​នេះ​មិន​បាន​បង្ហាញ​ចេតនា​ណា​មួយ​ក្នុង​ការ​បង្កើត​ឡើង​វិញ​នូវ​សម​យុទ្ធ​យោធា​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​នេះ​ជា​ថ្មី​ទៀត​​ឡើយ។

អ្នក​វិភាគ​ព្រមាន​ថា ការ​លម្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​នៅ​លើ​វិស័យ​យោធា​នេះ នឹង​មិន​ផ្ដល់​ផល​ល្អ​ដល់​របប​ក្រុង​ភ្នំពេញ​ប៉ុន្មាន​នោះ​ឡើយ​ ជាពិសេស​គឺ​នៅ​ពេល​លេចឮ​ដំណឹង​ថា របប​នេះ​​កំពុង​រៀប​ចំ​ឱ្យ​មាន​មូលដ្ឋាន​ទ័ព​ចិន​នៅ​លើ​ទឹក​ដី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល