សមាជិកអចិន្ត្រៃយ៍បក្សកាន់អំណាច ៣នាក់ មានស្នាដៃជ្រោមជ្រែងបង្កើតច្បាប់ និងដឹកនាំសវនាការរំលាយបក្សប្រឆាំង ត្រូវបានដំឡើងគោរមងារ ជា កិត្តិបណ្ឌិត

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ចំនួន ៣នាក់ ដែលមានស្នាដៃជ្រោមជ្រែងដល់ដំណើរការរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជាកិត្តិបណ្ឌិត តាមការស្នើសុំរបស់លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ។ មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគយល់ថា ការធ្វើបែបនេះ មិនទទួលបានការសាទរទេ មានតែធ្វើឲ្យពលរដ្ឋចងគំនុំក្នុងចិត្ត។
ក្រុមសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលលោក ហ៊ុន សែន ស្នើថ្វាយព្រះមហាក្សត្រផ្ដល់គោរពងារជាកិត្តិបណ្ឌិត ក្នុងនោះមានអ្នកស្រី ឃួន សុដារី ជាអនុប្រធានទី២ រដ្ឋសភាឯកបក្ស ទទួលងារជាកិត្តិសង្គហបណ្ឌិត លោក ប៉ែន បញ្ញា ប្រធានគណកម្មការច្បាប់នៃរដ្ឋសភាឯកបក្ស និងលោក ឌិត មន្ទីរ ជាប្រធានតុលាការកំពូល ទទួលបានងារជាកិត្តិនីតិកោសលបណ្ឌិតដូចគ្នា។
ក្រៅពីមន្ត្រីទាំង៣ ដែលមានស្នាដៃជួយជ្រោមជ្រែងដំណើរការរំលាយគណបក្សសង្គ្រោះជាតិ ព្រះមហាក្សត្រក៏ព្រះរាជទានគោរមងារឲ្យសមាជិកអចិន្ត្រៃយ៍បក្សម្នាក់ទៀត គឺរដ្ឋមន្ត្រីក្រសួងផែនការ លោក ឆាយ ថន តាមការស្នើសុំពីលោក ហ៊ុន សែន ដែរ។
សមាជិកគណបក្សសង្គ្រោះជាតិ លោក សោ ចាន់ដេត យល់ថា មន្ត្រីក្បាលម៉ាស៊ីនរបស់បក្សកាន់អំណាចទាំងនោះ មិនសមទទួលបានងារកិត្តិយសពីព្រះមហាក្សត្រទេ ដោយសារអ្នកទាំងនោះគ្មានស្នាដៃ សមនឹងទទួលបានគោរមងារកិត្តិយសទេ។ មន្ត្រីបក្សប្រឆាំងរូបនេះ អះអាងថា អ្នកទាំងបី គឺមិនបានធ្វើការងារតាមតួនាទីរបស់ខ្លួនទេ ហើយថែមទាំងបានជួយជ្រោមជ្រែង លោក ហ៊ុន សែន ពេញទំហឹង ក្នុងការសម្លាប់លទ្ធិប្រជាធិបតេយ្យ តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ៖ «លែងមានន័យអ្វីអស់ហើយណា អាបរមងារ ដែលភាសាពីដើមមក សម័យពីដើម ដាក់ទៅមនុស្សមានគុណតម្លៃ គុណប្រយោជន៍សម្រាប់ជាតិ វាបាត់អស់ហើយ។ អ៊ីចឹង វាបាត់អស់ហើយ»។
ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា លោក ប៉ែន បញ្ញា ជាអ្នកដឹកនាំ និងចងក្រងបង្កើតច្បាប់ស្ដីពីគណបក្សនយោបាយ តាមបញ្ជារបស់លោក ហ៊ុន សែន។ ចំណែកលោក ឌិត មន្ទីរ ជាប្រធានតុលាការកំពូលក្នុងរបបលោក ហ៊ុន សែន ហើយជាអ្នកដឹកនាំសវនាការរំលាយគណបក្សសង្គ្រោះជាតិ និងសម្រេចបិទសិទ្ធិធ្វើនយោបាយមន្ត្រីបក្សប្រឆាំង ១១៨នាក់ កាលពីចុងឆ្នាំ២០១៧។
ចំណែកអនុប្រធានទី២ រដ្ឋសភា អ្នកស្រី ឃួន សុដារី កាលពីខែតុលា ឆ្នាំ២០១៨ បានដឹកនាំសមាជិករដ្ឋសភាឯកបក្សទៅចូលរួមមហាសន្និបាត លើកទី១៣៩ នៃអន្តរសភាអន្តរជាតិ អាយ.ភី.យូ (IPU) នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ដើម្បីបញ្ចុះបញ្ចូលឲ្យអន្តរសភា កុំស្ដីបន្ទោសរបបឯកបក្ស និងសូមឲ្យទទួលស្គាល់របបនេះថែមទៀតផង។ ក៏ប៉ុន្តែកាលណោះ ការបញ្ចុះបញ្ចូលនោះ មិនទទួលបានជោគជ័យនោះទេ។ ដោយជួបស្ថានភាពបែបនេះ អ្នកស្រី ឃួន សុដារី បានបង្កើតព័ត៌មានក្លែងក្លាយ ផ្សាយតាមហ្វេសប៊ុក (facebook) និងប្រព័ន្ធឃោសនាស្និទ្ធនឹងរបបឯកបក្ស (freshnews) ថា អន្តរសភា អាយ.ភី.យូ អបអរសាទររបបឯកបក្ស ដែលដឹកនាំដោយលោក ហ៊ុន សែន។
ប្រធានសហភាពអន្តរសភាអ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) បានប្រតិកម្មភ្លាមៗ ដោយបដិសេធថា អ្នកស្រីមិនបានអបអរសាទរ និងទទួលយល់តាមការស្នើសុំនោះឡើយ។
ទោះបីជារបបឯកបក្ស នៅមិនទាន់បង្កើតច្បាប់ ទទួលបានគោរមងារកិត្តិយសជាកិត្តិព្រឹទ្ធបណ្ឌិត ឬសម្ដេចយ៉ាងណាក្ដី ប៉ុន្តែលោក សោ ចាន់ដេត យល់ថា បើរបបលោក ហ៊ុន សែន ចង់បានងារណានោះ អាចធ្វើឡើងស្រេចតែចិត្តបាន និងគ្មាននរណាមួយហ៊ានជំទាស់ទេ។ មន្ត្រីបក្សប្រឆាំងរូបនេះថា ការធ្វើបែបនេះ ជាការធ្វើឲ្យបាត់បង់តម្លៃរបស់អ្នកមានចំណេះដឹងពិតប្រាកដ។
នៅមុនការស្នើថ្វាយ ព្រះមហាក្សត្រប្រទានគោរមងារ កិត្តិបណ្ឌិត ឲ្យមន្ត្រីជាន់ខ្ពស់បក្សទាំងបីនាក់នេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ លោក ហ៊ុន សែន ធ្លាប់ស្នើថ្វាយ តែងតាំងមេធាវី ២នាក់ ក្នុងចំណោម ៥នាក់ ដែលមានស្នាដៃប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ឲ្យទទួលតួនាទី ជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងផ្ដល់មុខមាត់ឲ្យមានឋានៈស្មើទេសរដ្ឋមន្ត្រី គឺមេធាវី គី តិច និងម្នាក់ទៀត ឲ្យជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ឋានៈស្មើរដ្ឋមន្ត្រី គឺមេធាវី លី ច័ន្ទតុលា។
ចំណែក អ្នកមានស្នាដៃ ប្ដឹងរំលាយ គណបក្សសង្គ្រោះជាតិ ២នាក់ទៀត គឺប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ទ្រង់នរោត្តម រណឫទ្ធិ និងប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ក៏ត្រូវបានផ្ដល់តំណែងស្មើទេសរដ្ឋមន្ត្រីផ្ដល់យោបល់ តាមរយៈការបង្កើតស្ថាប័នពិគ្រោះ និងផ្ដល់យោបល់។
សមាជិកក្រុងអ្នកវិភាគវ័យក្មេង លោក បុង ដែត ថា ការស្នើសុំឲ្យទទួលបានងារកិត្តិយស ដល់មន្ត្រី ជាន់ខ្ពស់បក្សកាន់អំណាច មិនទទួលបានការស្វាគមន៍ពីពលរដ្ឋទេ តែធ្វើឲ្យពលរដ្ឋមិនសប្បាយចិត្តទៅវិញទេ។ លោក បុង ដែត បន្តថា ប្រធានគណបក្សប្រជាជនកម្ពុជា គ្រាន់តែចង់លើកទឹកចិត្តមន្ត្រីក្នុងបក្សឲ្យមានឆន្ទៈខ្ពស់ បម្រើ និងស្មោះស្ម័គ្រ បក្សកាន់តែខ្លាំង និងចង់បង្ហាញឲ្យមន្ត្រីបក្សដទៃឃើញថា លោក ហ៊ុន សែន យកចិត្តទុកដាក់នឹងកូនចៅ៖ «មិនមានអ្វី ជាការសាទរសម្រាប់ពលរដ្ឋទូទៅទេ គឺមានតែការគិតទុកក្នុងចិត្ត។ គេមិននិយាយតែចង់និយាយថា គេថា អានេះ ពួកនេះ រំលាយគណបក្សសង្គ្រោះជាតិ ហើយដំឡើងឋានន្តរសក្ដិទៀត»។
កន្លងមកគោរមងារទាំងនេះ ត្រូវផ្ដល់ឲ្យតាមរយៈរាជបណ្ឌិត្យសភាកម្ពុជា តែលើកនេះ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចទាំងនេះ មិនទទួលបានតាមរយៈ លោក សុខ ទូច ប្រធានស្ថាប័ននេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។