បក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា​យុវជន​៣​នាក់​នឹង​អាច​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ

0:00 / 0:00

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា យុវជន​ជាប់​ឃុំ ៣​នាក់​របស់​គណបក្ស​នេះ អាច​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ។ ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​នៅ​ពេល​ស្ថានភាព​នយោបាយ ហាក់​ធូរ​ស្រាល​ជាង​មុន​បន្តិច ក្រោយ​ពី​តំណាង​រាស្ត្រ​ទាំង ៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ចូល​ប្រជុំ​សភា។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី រួម​ដំណើរ​ដោយ​តំណាង​រាស្ត្រ​មួយ​ចំនួន រួម​មាន លោក យឹម សុវណ្ណ លោក គួយ ប៊ុនរឿន លោក យ៉ែម បុញ្ញឫទ្ធិ និង​លោក ម៉ែន សុថាវរិន្ទ្រ ព្រម​ទាំង​សកម្មជន​របស់​ខ្លួន​ប្រមាណ ៥០​នាក់​ទៀត ធ្វើ​ដំណើរ​ទៅ​កាន់​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ដើម្បី​ចូល​សួរ​សុខ​ទុក្ខ​យុវជន​បក្ស​សង្គ្រោះ​ជាតិ ៣​រូប ដែល​កំពុង​ជាប់​ឃុំ​នៅ​ទីនោះ។

ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ពន្ធនាគារ លោក សម រង្ស៊ី ដែល​មាន​ទឹក​មុខ​ញញឹមញញែម​នោះ ថ្លែង​ចេញ​ពី​ក្នុង​រថយន្ត​ហាក់​មាន​សង្ឃឹម​ថា អ្វីៗ​ដោះស្រាយ​ចប់​សព្វគ្រប់​អស់​ហើយ ហើយ​លោក​សង្ឃឹម​ថា យុវជន ៣​រូប​នោះ នឹង​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​ច័ន្ទ ទី​១១ សីហា ខាង​មុខ។ លោក សម រង្ស៊ី ឲ្យ​ដឹង​ថា លោក​បាន​ជួប​យុវជន​ទាំង ៣​នាក់ ហើយ​ថា ពួក​គេ​នៅ​តែ​មាន​ការ​ប្ដេជ្ញា​ខ្លាំងក្លា​ដដែល។ នៅ​ពេល​សួរ​ថា តើ​ដំណឹង​នៃ​ការ​ដោះ​លែង​នេះ អាច​ជា​កាដូ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​ព្រម​ចូល​សភា ឬ​យ៉ាង​ណា? លោក សម រង្ស៊ី ថា​វា​មិន​មែន​ជា​កាដូ​ទេ ប៉ុន្តែ​វា​ជា​យុត្តិធម៌​ទៅ​វិញ៖ «ចប់​សព្វគ្រប់​អស់​ហើយ (គេ​នឹង​ដោះ​លែង​ម៉ោង​ប៉ុន្មាន?) យើង​អត់​ដឹង​ទេ សង្ឃឹម​អាទិត្យ​ក្រោយ សង្ឃឹម​ថ្ងៃ​ច័ន្ទ សង្ឃឹម ប៉ុន្តែ​មិន​យូរ​ទេ ជឿ​ជាក់ៗ ថា​នឹង​មាន​ដំណោះស្រាយ​រួម​ចប់​សព្វគ្រប់​អស់»

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​រូប ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​នោះ រួម​មាន លោក ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក សាន គឹមហេង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក និង​លោក នាង សុឃុន ហេរញ្ញិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ច្បារអំពៅ។ ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ដោយ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ដែល​កាល​ណោះ​បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ ពិសេស​កង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ជាច្រើន​រង​របួស។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ចាប់​ខ្លួន​យុវជន​បក្ស​ប្រឆាំង​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។ អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ ថា​ជា​ការ​ប្រើប្រាស់​ពួក​គេ ដើម្បី​ទាញ​យក​លទ្ធផល​ចរចា​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។

មន្ត្រី​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិមនុស្ស​​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ដោយសារ​យុវជន​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​ហេតុផល​នយោបាយ ដូច្នេះ​ក្នុង​ពេល​ដែល​មាន​ការ​ស្រុះស្រួល​នយោបាយ​ហើយ ពួក​គេ​គួរ​តែ​ត្រូវ​បាន​ទម្លាក់​ចោល​បទ​ចោទ និង​ដោះ​លែង​ឲ្យ​មាន​សេរីភាព។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ត​ថា រដ្ឋាភិបាល​គួរ​បញ្ឈប់​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ក្រោម​រូបភាព​នយោបាយ​បន្ត​ទៀត ព្រោះ​ទង្វើ​ទាំងអស់​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

លោក អំ សំអាត៖ «ខ្ញុំ​គិត​ថា ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ពង្រឹង​នូវ​ជំនឿ​ទុក​ចិត្ត ឬ​ក៏​ដើម្បី​ផ្តល់​ជា​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ គួរ​ណាស់​តែ​តាំង​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​ប្រព័ន្ធ​មួយ​ដែល​ឯករាជ្យ​ទៅ ហើយ​ធ្វើ​ការ​ដោយ​មិន​ចំណុះ​ឲ្យ​គណបក្ស​នយោបាយ ហើយ​ជាពិសេស ដើម្បី​ឲ្យ​ប្រទេស​យើង​ក្លាយ​ជា​ប្រទេស​ដែល​ប្រកាន់​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ សូម​ឲ្យ​អ្នក​នយោបាយ​ឈប់​យក​ប្រព័ន្ធ​តុលាការ ដើម្បី​ប្រើប្រាស់​ជា​ផល​ប្រយោជន៍ ដើម្បី​ពង្រឹង​អំណាច និង​ពង្រឹង​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​ជា​បន្ត​ទៀត»

ជុំវិញ​បញ្ហា​នេះ មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បាន​អះអាង​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​នៅ​ចាំ​បាន​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៧​រូប និង​សកម្មជន​បក្ស​នេះ ១​រូប ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ក្នុង​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បាន​តុលាការ​ដោះ​លែង​វិញ នៅ​ថ្ងៃ​ទី​២២ កក្កដា គឺ​ភ្លាមៗ​បន្ទាប់​ពី​គណបក្ស​ទាំង​២ បាន​ព្រមព្រៀង​គ្នា​លើ​ដំណោះស្រាយ​នយោបាយ។ ចំណែក​ការ​ចាប់ និង​ឃុំ​ខ្លួន​យុវជន ៣​រូប​នេះ ក៏​ត្រូវ​មើល​ឃើញ​ថា គ្មាន​អ្វី​ក្រៅ​ពី​ហេតុផល​នយោបាយ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។