"ការ​បង្កើន​សមាជិក​ជាន់​ខ្ពស់​នៃ​របប​លោក ហ៊ុន សែន ជា​ការ​រួមគ្នា​បំផ្លាញ​ថវិកា​ជាតិ​ធ្ងន់ធ្ងរ"

សេក បណ្ឌិត
2018.09.09
ហ៊ុន សែន បក្ស​នយោបាយ ៦២២ តំណាង​គណបក្ស​១៦ ចូល​ជួប​ប្រជុំ​ជាមួយ​លោក ហ៊ុន សែន នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook page

អ្នកឃ្លាំមើល​សង្គម និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​រិះគន់​មន្ត្រី​គណបក្ស​នយោបាយ ដែល​ចាញ់​ឆ្នោត នៅ​អាណត្តិ​ទី​៦​នេះ​មួយ​ចំនួន ថា បាន​ចូលរួម​លេងល្បែង​បំភ័ន្ត​ភ្នែក​អន្តរជាតិ និង​ពលរដ្ឋ​ខ្មែរ ដោយ​ចង់​ធ្វើ​ឲ្យ​សភា និង​រដ្ឋាភិបាល​ឯក​បក្ស មើល​ទៅ​ដូចជា​រដ្ឋាភិបាលចម្រុះ។

ពួកគេ​រិះគន់​ទៀត​ថា កា​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដែល​បង្កើត​ឡើងជា​លើកដំបូង​នៅ​អាណត្តិ​ទី​៦ ដោយ​លោក ហ៊ុន សែន នេះ គឺជា​ការចូលរួម​ប្រព្រឹត្ត​អំពើពុករលួយ និង បំផ្លាញ​ថវិកាជាតិ​ធ្ងន់ធ្ងរ។

ប៉ុន្តែ គណបក្ស​ដែល​ចាញ់​ឆ្នោត ហើយ​រត់​ចូល​ជាមួយ​លោក ហ៊ុន សែន ក្រោម​រូបភាព ឬ​ច្រក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នោះ បាន​បដិសេធ ដោយ​អះអាង​ថា ពួកគេ​មិន​លក់​ឧត្ដមគតិ​ជាតិ​ឡើយ ដោយ​ពួកគេ​នឹង​ធ្វើ​អ្វីៗ​ដើម្បី​ជាតិ និង​ពលរដ្ឋ​ជាធំ។

ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ដោយមាន​បញ្ចូល​ឈាម​ថ្មី គឺ​ក្រុម​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដែល​មិន​ធ្លាប់​មាន ក្នុង​ល្ខោន​នយោបាយ​របស់​បក្ស​ប្រជាជន​កន្លងមក​នោះ បាន​ធ្វើ​ឲ្យ​មានការ​រិះគន់​ជុំ​ទិស ទាំង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ។

ក្នុង​នោះ​ក៏​មាន​ទស្សនៈ​ផ្ទុយគ្នា​ដែរ រវាង​អ្នក​ថា និង​អ្នកធ្វើ ឬ​អ្នក​ដែល​បាន​ចូល​លេង​ផ្ទាល់ ក្នុង​ល្បែង​នយោបាយ របស់​លោក ហ៊ុន សែន នា​ដំណាក់កាល​ចុងក្រោយ​នេះ។

អ្នក​ចូល​លេងល្បែង​ទាំងនោះ បើ​គិត​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ គឺ​មិន​អត់​អំពើ​នោះ​ទេ ដោយ​ប្រធាន​បក្ស បាន​ទទួល​បុណ្យស័ក្ដិ ឬ​ឋានៈ ស្មើ​ទេសរដ្ឋមន្ត្រី រីឯ​អនុប្រធាន​បក្ស ទទួល​បាន ឋានៈ​រដ្ឋមន្ត្រី មាន​ប្រាក់ខែ​ខ្ពស់ និង​សម្ភារៈ ព្រមទាំង​មាន​ប្រាក់ឧបត្ថម្ភ​មួយ​ចំនួន​ទៀត​ពេល​ចុះ​បេសកកម្ម​ម្ខាងៗ។ គណបក្ស​ខ្លះ បាន​ទទួល​លាភសក្ការៈ​នេះ ទាំង​ប្តី និង​ប្រពន្ធ​តែម្ដង។

ស្ថិត​ក្នុង​បរិបទ​នេះ នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ការ​បង្កើត​មុខតំណែង និង​តួនាទី​ខ្ពស់​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី គឺជា​ការ​រួមគ្នា​ប្រព្រឹត្ត​អំពើពុករលួយ និង បំផ្លាញ​ថវិកាជាតិ អត់​ប្រយោជន៍ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ កំពុង​រស់នៅ ក្នុង​ស្ថានភាព​ក្រីក្រ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស៖ «ច្បាស់​ណាស់ នេះ​គឺជា​ទម្រង់​នៃ​អំពើពុករលួយ​មួយ។ នៅ​ពេល​នរណា​ម្នាក់ បង្កើត​ជា​បក្ស​នយោបាយ​តូចតាច គ្មាន​ការចាប់អារម្មណ៍ និង​គ្មាន​អ្នកគាំទ្រ គឺ​គ្រាន់តែ​បង្កើត​ឲ្យ​មានតែ​នាម និង​ឡប់ឡែ ដើរ​តាម​ខ្សែ​ញាក់ កំដរ​ឆាក​នយោបាយ​របស់​លោក ហ៊ុន សែន ដើម្បី​បន្លំ​ភ្នែក​អ្នកផង​ទាំងពួង ថា​កម្ពុជា​មានការ​បោះឆ្នោត តាម​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស អ្នកធ្វើ​បែបនេះ មិន​ទទួល​បាន​កិត្តិយស និង​ការ​គោរព​នោះ​ទេ ប៉ុន្តែ ទទួល​សំណែន ជា​ការ​សូកប៉ាន់ តាមរយៈ​រូបភាព​នៃ​ការ​ផ្តល់​តំណែង ក្នុង​ជួរ​រដ្ឋាភិបាល»

លោក ប្រ៊ែដ អាដាម ចាត់​ទុក​សំណែន​នេះ គឺ​ផ្តល់​ជូន​អ្នកបង្កើត​បក្ស​ទាំងនោះ ជា​ថ្នូរ​នឹង​ការ​ជួយ​កំដរ​ឆាកល្ខោន​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ហាក់​ចង់​បង្ហាញ​ឲ្យ​គេ​ជឿ​ថា ស្រុក​ខ្មែរ​មាន​ប្រជាធិបតេយ្យ៖ «ទង្វើ​បែបនេះ គឺជា​ទង្វើ​ថោក គួរ​ឲ្យ​អាម៉ាស់ និង​ស្អប់ខ្ពើម​បំផុត ព្រោះ​ស្រុក​ខ្មែរ ជា​ស្រុក​ក្រីក្រ។ ពលរដ្ឋ​ខ្មែរ​ច្រើន​លើសលប់ ជាពិសេស​ពលរដ្ឋ​ជនបទ កំពុង​រស់នៅ​ក្នុង​ជីវភាព​ខ្វះខាត​យ៉ាង​ខ្លាំង ស្ទើរ​រក​អង្ករ​ច្រក​ឆ្នាំង​មិនបាន រក​ព្រឹក​ខ្វះ​ល្ងាច។ របប​លោក ហ៊ុន សែន មិន​ប្រឹង​រក​វិធី​ជួយ​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ តែ​បែរជា​បង្ហិនបង្ហោច​ថវិកា​ជាតិ ដើម្បី​ចិញ្ចឹម​ប្រធាន និង​អនុប្រធាន​គណបក្ស​នយោបាយ អស់​ទាំង​នោះ ដែល​គ្រាន់តែ​អ្នក​ជួយ​ចិញ្ចឹម​មហិច្ឆតា ក្រាញ​អំណាច​របស់​លោក ហ៊ុន សែន ទៅវិញ»

លោក ប្រ៊ែដ អាដាម បន្ថែម​ទៀត​ថា លោក ហ៊ុន សែន ប្រឹង​ទិញ​ទឹកចិត្ត​ថ្នាក់ដឹកនាំ​គណបក្ស នយោបាយ​ទាំងអស់​នេះ ដើម្បី​ទប់​កុំ​ឲ្យ​មាន​អ្នក​តវ៉ា និង​រិះគន់​របប​នេះ​តែប៉ុណ្ណោះ។ ដូច្នេះ អ្នក​ដែល​បាន​ទទួល​តំណែង​ទាំងនោះ គឺ​ចូលរួម​ក្នុង​អំពើ​សូកប៉ាន់ និង​អំពើពុករលួយ ដ៏​គួរ​ឲ្យ​ខ្មាសអៀន។ចំណែក​អ្នកវិភាគ និង​សង្គម​ស៊ីវិល​វិញ យល់ថា ក្រុម​គណបក្ស​នយោបាយ​ចំនួន​១៤ ដែល​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ហើយ​ទើប​ទទួល​បាន​ឋានៈ​ខ្ពង់ខ្ពស់​នោះ ក៏​មើល​ឃើញ​ដែរ​ថា ក្រុម​នេះ​ទំនងជា​មិន​អាច​ជួយ​សង្គមជាតិ​បាន​ច្រើន​នោះ​ទេ ព្រោះ​ពួកគេ​គ្មាន​ឥទ្ធិពល​និង​មាន​បទពិសោធន៍​ក្មេងខ្ចី ក្នុង​ការ​ផ្ដល់​យោបល់ ដល់​របប​ក្រុងភ្នំពេញ។

អ្នកវិភាគ និង​សង្គម​ស៊ីវិល រិះគន់​ថា ក្រុម​គណបក្ស​នយោបាយ ដែល​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ គឺជា​ក្រុម​ល្មោភ​អំណាច ជា​បន្ទុក​ខ្ជះខ្ជាយ​ថវិកាជាតិ និង​គ្មាន​ឆន្ទៈ​ជួយ​ជាតិ​ពិតប្រាកដ នោះ​ទេ។

សមាជិក​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត នៅ​តែ​មាន​មតិ​ថា ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ គ្រាន់តែ​ជា​រូបភាព​ល្អមើល​ប៉ុណ្ណោះ ដោយសារតែ​លោក ហ៊ុន សែន ត្រូវការ​ភាព​ស្របច្បាប់ និង​មិន​ចង់​ឲ្យ​មើល​ឃើញ​ពី​សភា​ឯក​បក្ស​របស់​លោក។

លោក​បន្ត​ថា ចំពោះ​គណបក្ស​ដែល​ចូលរួម​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ ក៏​ប្រឈម​នឹង​ការរិះគន់​ពី​សាធារណជន​ថា ជា​ក្រុម​ស្រេកឃ្លាន​អំណាច ហើយ​នឹង​បាត់បង់​ប្រជាប្រិយភាព​ធ្ងន់ធ្ងរ៖ «ឧត្ដមក្រុមប្រឹក្សា​នេះ ក៏​មិន​ខុស​ពី​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែរ ព្រោះ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ គឺជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​តបស្នង​ដល់​គណបក្ស​ដែល​ចូលរួម​ការបោះឆ្នោត​កន្លង​មក ហើយ​ឧត្ដមក្រុមប្រឹក្សា​នេះ​គ្មាន​ឥទ្ធិពល​នោះ​ទេ។ ម្យ៉ាងទៀត​ធ្វើ​ដើម្បី​តែ​ល្អមើល និង​ដើម្បី​ប្រជាប្រិយភាព​ដែល​ថា ខ្លួនឯង​ជា​អ្នក​បង្រួម​បង្រួម​ជាតិ។ លើស​ពី​នេះ វា​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​រដ្ឋ»

ប្រតិកម្ម​តប និង​ការរិះគន់​បែបនេះ អនុប្រធាន​គណបក្ស​ខ្មែរ​តែមួយ លោក គុជ លី ដែល​មាន​ងារ​ស្មើ​រដ្ឋមន្ត្រី មាន​ប្រសាសន៍ថា គណបក្ស​លោក មិន​មើល​ឃើញ​បុណ្យ​សក្ដិ លុយកាក់​ជាធំ​នោះ​ទេ ប៉ុន្តែ​លោក​មើល​ឃើញ​ច្រក ឬ​មធ្យោបាយ​មួយ​ចំនួន ដែល​អាច​ចូល​ជួយ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ក្នុង​ចំណែក​ណាមួយ ជាជាង​បាន​ត្រឹមតែ​រិះគន់​នៅ​ក្រៅ​ក្របខ័ណ្ឌ​ច្បាប់៖ «សូម​កុំ​និយាយ​ពី​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ និង​អសមត្ថភាព អ្វី​ដែល​សំខាន់​គឺ​ពួក​យើង​ត្រូវ​ចុះទៅ​មូលដ្ឋាន​ក្នុង​គោលដៅ​គណបក្ស តើ​យើង​អាច​ជួយ​អី​បាន​ដល់​ប្រជាពលរដ្ឋ»

លោក​អះអាង​បន្ត​ថា គណបក្ស​លោក​មាន​យុទ្ធសាស្ត្រ​ជាច្រើន ដែល​ត្រូវ​ធ្វើការ​ជាមួយ​របប​លោក ហ៊ុន សែន និង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដូចជា​បញ្ហា​ដីធ្លី និង​បញ្ហា​ព្រំដែន​ជាដើម ហើយ​បើ​រាល់​សំណើ​របស់​គណបក្ស ឬ​មតិរួម​របស់​ក្រុម​ឧត្ដមក្រុមប្រឹក្សា​ស្នើ​ទៅ​ត្រូវ​បាន​ទាត់ចោល​ទាំងស្រុង​នោះ គណបក្ស​លោក នឹង​ដើរចេញ​មកវិញ​ដោយ​មិន​ស្ដាយ​អ្វី​ទាំងអស់៖ «អ៊ីចឹង​មានរឿង​អី​យើង​ត្រូវ​សួរ​គោលជំហរ​ឧត្តមក្រុមប្រឹក្សា​សិន តើ​ដេក​ផ្ដួល​នៅ​ស៊ី​តែ​ប្រាក់ខែ​អត់​គិត​ផល​ប្រយោជន៍​ជាតិ ឬ​ក៏​យ៉ាងណា បើ​សិន​របៀប​នេះ​ខ្ញុំ​មិន​អាច​នៅ​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ​បន្ត​ទៀត​បានទេ ទោះបីយ៉ាងណា​ក៏ដោយ យើង​ត្រូវ​តស៊ូ​មតិ​អោយ​ដល់​ចុងក្រោយ ហើយ​យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច​ទៀត»

លោក​ឲ្យ​ដឹង​ថា រហូតមកដល់​ពេលនេះ មិនដឹង​ថា ក្រុម​លោក​នឹង​ទទួល​បាន ប្រាក់ខែ​ប៉ុន្មាន និង​មាន​ប្រាក់​បេសកកម្ម​ប៉ុន្មាន​នៅឡើយ​ទេ ដោយ​ថា រឿង​នេះ មាន​លោក ឈឹម ផលវរុណ កំពុង​ចាត់ចែង​រៀបចំ​រឿង​នេះ​នៅឡើយ។

ចំណែក អនុប្រធាន គណបក្ស ឆន្ទៈខ្មែរ លោក ហ៊ីង យឿន មើល​ឃើញ ផ្ទុយ​ពី​នេះ និង​មាន​ទស្សនៈ​ផ្ទុយ​ពី​ប្រធាន​បក្ស​របស់​លោក គឺ លោក គង់ មូលីកា ដូច្នេះ​ហើយ​បានជា​លោក​មិន​ចូលរួម​ក្នុង​ក្រុម​ឧត្ដមក្រុមប្រឹក្សា​នេះ​ឡើយ។ លោក​មិន​សង្ឃឹមថា លោក ហ៊ុន សែន និង​មន្ត្រី​របស់​គាត់ នឹង​យក​យោបល់​របស់​បក្ស​ផ្សេង​ពាក់ព័ន្ធ​នឹង​ការកែទម្រង់​ចំណុច​សំខាន់ៗ​សម្រាប់​ជាតិ ដូចជា បញ្ហា​តុលាការ បញ្ហា​ព្រំដែន បញ្ហា​ពុករលួយ គ្រួសារនិយម ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​នោះ​ឡើយ៖ «គេ​យក​គ្រាន់តែ​រូបភាព ល្មមៗ អា​សំខាន់ៗ​គេ​ម៉េច​យក ដូចជា​បញ្ហា​តុលាការ ឯករាជ្យ យើង​ទៅ​ឲ្យ​យោបល់​អាម៉េច បើ​គេ​កំពុង​ចាប់​មនុស្ស​ដាក់គុក​តាម​អំពើ​ចិត្ត​ហ្នឹង»

លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​បដិសេធ មិន​ទទួល​យក​យោបល់​អ្នកដទៃ ក្នុង​ការ​កែ​ទម្រង់​ការ​ដឹក​រដ្ឋាភិបាល​លោក​កន្លងមក​នោះ​ដែរ ដោយ​លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន មាន​គោលនយោបាយ​របស់​ខ្លួន​ពិត​ប្រាកដ ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ ដោយ​មិន​ត្រូវ​ការ​យោបល់​ពី​ក្រុម​ណាមួយ​ឡើយ។

លោក​ក៏បាន​ឌឺដង​ឲ្យ​ទៀត​ថា បើ​អ្នក​ណាមួយ​នោះ​មាន​គោលនយោបាយ​ល្អ បើក​បក្ស​នយោបាយ ហើយ​មក​ប្រកួត​ជាមួយ​ជាមួយ​លោក បើ​ឈ្នះ​ចាំ​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន សម្រាប់​លោក​មិន​ត្រូវការ​ទេ។

ប្រធាន​គណបក្ស​ចំនួន​១៤ ដែល​មិន​បាន​កៅអី​ក្នុង​រដ្ឋសភា ប៉ុន្តែ​ស្ម័គ្រចិត្ត​ចូល​ជា​សមាជិក​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ ដែល​ទើបនឹង​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​លោក ហ៊ុន សែន បាន​ក្លាយ​ជា​ឯកឧត្ដម និង​លោកជំទាវ​ជា​ផ្លូវការ​ហើយ ដោយ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី។

ក្នុង​នោះ​រួមមាន​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា និង​ប្រធាន​គណបក្ស​ខ្មែរ​តែមួយ​លោក កែម រិទ្ធិសិត រួម​ទាំង​ប្រធាន​គណបក្ស​ចំនួន​៨ ផ្សេងទៀត ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦។

ក្រៅពី​ប្រធាន​គណបក្ស​នៅ​មាន​អនុប្រធាន ឬ​តំណាង​ផ្សេងទៀត​នៃ​គណបក្ស​ទាំងនោះ ក៏​ទទួល​បាន​ងារ​ជា​ឯកឧត្ដម និង​លោកជំទាវ​ផង​ដែរ ដោយ​មាន​ឋានៈ ស្មើ​រដ្ឋមន្ត្រី។

គិត​មក​ទល់​ពេល​នេះ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​ដ៏​ចម្រូងចម្រាស កាលពី​ថ្ងៃ​ទី​២៩ កក្កដា មាន​គណបក្ស​ចំនួន ២​ប៉ុណ្ណោះ ដែល​មាន​ជំហរ​ច្បាស់លាស់​មិន​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​របស់​លោក ហ៊ុន សែន នេះ ក្នុង​នោះ​មាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ( LDP ) និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ( GDP ) គណបក្ស​មាតុភូមិ​យើង និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ហាក់​បង្ហាញ​ជំហរ​មិន​ច្បាស់លាស់ ដោយ​នៅ​បើកចំហ​ពី​លទ្ធភាព​នៃ​ការចូលរួម​ក្នុង​យន្តការ​នេះ​នៅ​ឡើយ។

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ថា កម្ពុជា​ឥឡូវនេះ ក្លាយ​ជា​រដ្ឋ​ឯក​បក្ស និង ផ្ដាច់ការ​ជា​ផ្លូវ​ហើយ ក្រោយ​លោក ហ៊ុន សែន បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង នៃ​របប​ថ្មី​នេះ។

លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់​អាស៊ីសេរី​ថា អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា​សព្វថ្ងៃ គឺ​លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា ទៅ​រក​គ្រោះថ្នាក់​ផ្នែក​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ហើយ​មិន​ត្រឹមតែ​ដឹកនាំ​ដោយ​របប​ឯក​បក្ស​ទេ គឺជា​របប​ផ្ដាច់ការ ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ។

ប្រការ​នេះ លោក​ព្រមាន​ថា កម្ពុជា​នឹង​ចៀស​មិន​ផុត ពី​ការ​ងើប​បះបោរ​ប្រឆាំង​របប​នេះ នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាមិនខាន ប្រសិនបើ​លោក ហ៊ុន សែន មិន​ស្វះ​ស្វែងរក​ដំណោះស្រាយ​ផ្សះផ្សា​ជាតិ ដើម្បី​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។