អ្នក​ឃ្លាំ​មើល​ថា របប​ភ្នំពេញ​គួរ​បើក​ចំហ​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ប្រកបដោយ​តម្លាភាព

ដោយ មាន ឫទ្ធិ
2019-07-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន លោក វ៉េយ ហ្វេងហ៊ី (Wei  Fenghe) (ឆ្វេង) ចាប់​ដៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ​២០១៨។
រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន លោក វ៉េយ ហ្វេងហ៊ី (Wei Fenghe) (ឆ្វេង) ចាប់​ដៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ​២០១៨។
AFP/TANG CHHIN Sothy

ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​លើកឡើង​ថា ដើម្បី​លាង​ជម្រះ​ក្ដី​មន្ទិលសង្ស័យ និង​ភាព​ស្អាតស្អំ​របស់​កម្ពុជា ជុំវិញ​រឿង​មូលដ្ឋាន​យោធា​ចិន​នៅ​លើ​ទឹកដី​ខ្លួន​នោះ ជា​ការ​ប្រសើរ​ដែល​កម្ពុជា​គួរ​បើក​ចំហ​នូវ​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ប្រកបដោយ​តម្លាភាព​។ ពួកគេ​បន្ត​ថា កម្ពុជា​ក៏​គួរ​អញ្ជើញ​សារព័ត៌មាន​អន្តរជាតិ​ល្បីៗ ឱ្យ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ទីតាំង​ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​កំពុង​ចោទ​ជា​បញ្ហា​នេះ ដើម្បី​បញ្ចប់​បញ្ហា​នេះ។

ទន្ទឹម​នឹង​ពេល​ដែល​សហរដ្ឋអាមេរិក និង​សាធារណមតិ​អន្តរជាតិ កំពុង​ដាក់​ការសង្ស័យ​កាន់តែ​ខ្លាំង​ឡើង​អំពី​លទ្ធភាព​ដែល​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​ឯ​ខេត្ត​កោះកុង និង​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​មួយ​ចំនួន ចង់​ឃើញ​កម្ពុជា​បើកចំហ​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​របស់​ខ្លួន​ជាមួយ​គ្រប់​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​ប្រកបដោយ​តម្លាភាព ដើម្បី​លាង​ជម្រះ​នូវ​មន្ទិលសង្ស័យ​ទាំងនេះ​។​

ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​សុក្រ ទី៥ កក្កដា នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា លើកឡើង​ថា កង្វល់​ចម្បង​របស់​សហរដ្ឋអាមេរិក និង​ក្រុម​ប្រទេស​លោក​ខាងលិច​នា​ពេល​នេះ ជុំវិញ​រឿង​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​នៅ​ខេត្ត​កោះកុង និង​នៅ​ខេត្ត​ព្រះសីហនុ​នោះ គឺ​ដោយសារតែ​កម្ពុជា​ខ្វះ​តម្លាភាព​ផ្នែក​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ជាមួយ​គ្រប់​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ជាមួយ​ក្រុម​ប្រទេស​លោក​ខាងលិច ខណៈ​ដែល​ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា​លែង​មាន​ភាព​ពហុបក្ស ពោល​គឺ​ជា​ឯក​បក្ស ដែល​មិន​អាច​ឱ្យ​មានការ​សួរនាំ​ដេញដោល​ដោយ​សេរី​ក្នុង​រដ្ឋសភា​បាន និង​ការអនុវត្ត​នូវ​ប្រព័ន្ធ​មួយ​ដែល​ខ្វះ​នូវ​ការ​ត្រួត​ពិនិត្យ​ទៅវិញ​ទៅមក​នោះ។ លោក​ថា ជា​ការ​ប្រសើរ​ដែល​កម្ពុជា​របស់​លោក ហ៊ុន សែន គួរតែ​បើក​ចំហ​កិច្ច​សហការ​នេះ​ឡើងវិញ៖ «ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ កម្ពុជា​គួរតែ​បើក​ចំហ​នៃ​កិច្ច​សហប្រតិបត្តិការ នេះ​ជា​ចំណុច​តម្លាភាព​ដែល​យើង​គួរតែ​ធ្វើ​ទៅ​...​។ មែនទែន​រឿង​នយោបាយ​វា​សំខាន់ រឿង​ប្រជាធិបតេយ្យ​សិទ្ធិមនុស្ស​សំខាន់ តែ​សហរដ្ឋអាមេរិក និង​ប្រទេស​មួយ​ចំនួន គេ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​។ អ៊ីចឹង​ហើយ គេ​ចង់​ប្រាកដ​ប្រជា​ថា​កម្ពុជា​យើង​ប្រាកដ​ជា​មាន​ជំហរ​អព្យាក្រឹត្យ។ ទោះបី​គេ​សង្ស័យ គេ​មាន​តម្រុយ​ថា​មាន​បញ្ហា តែ​បើ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​ខ្លះ​ក្នុង​វិស័យ​ហ្នឹង​ក្នុង​វិស័យ​កងទ័ព វា​អាច​ជួយ​ឱ្យ​មាន​តុល្យភាព​ដែរ។ អាច​ត្រួត​ពិនិត្យមើល​បាន​ព័ត៌មាន​ពេញលេញ​ក្នុង​ការ​វាយតម្លៃ​ស្ថានការណ៍​ហ្នឹង​ទៅ នោះ​វា​ជួយ»

បន្ថែម​ពីលើ​ការ​លើកឡើង​របស់​លោក គល់ បញ្ញា នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ​ទី​០៥ កក្កដា ជុំវិញ​ការ​មើល​ឃើញ​របស់​លោក​អំពី​រឿងរ៉ាវ​ដែល​កម្ពុជា​គួរ​ធ្វើ ដើម្បី​លាង​ជម្រះ​ភាព​សង្ស័យ​អស់ទាំង​នេះ​។ ជម្រើស​ទី​មួយ លោក​ថា កម្ពុជា​អាច​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ រួមមាន​សហរដ្ឋអាមេរិក ឬ​មន្ត្រី​យោធា​ឥណ្ឌា ដែល​បាន​លើក​ឡើង​ពី​តម្រុយ​ដែល​ថា ចិន​អាច​ដាក់​មូលដ្ឋាន​យោធា​នៅ​ខេត្ត​កោះកុង​នោះ ឱ្យ​បង្ហាញ​ភស្តុតាង ឬ​អំណះអំណាង​បន្ថែម​មក​កម្ពុជា​ជុំវិញ​បញ្ហា​នេះ។ លោក សុវណ្ណារ៉ា បន្ត​ថា ជម្រើស​ទី​ពីរ និង​ជា​ជម្រើស​ប្រសើរ​មួយ​នោះ កម្ពុជា គួរ​អញ្ជើញ​សារព័ត៌មាន​អន្តរជាតិ​ល្បីៗ​របស់​ក្រុម​ប្រទេស​លោក​ខាងលិច ឱ្យ​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​បទ​យកការណ៍​នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ដែល​មាន​ការសង្ស័យ​នេះ៖ «កម្ពុជា​ខ្លួនឯង​អាច​អញ្ជើញ​សារព័ត៌មាន​អន្តរជាតិ​ដែល​ល្បីៗ​ដូចជា ស៊ីអ៊ិនអ៊ិន (CNN) ប៊ី​ប៊ី​ស៊ី (BBC) ដែល​ជា​សារព័ត៌មាន​របស់​លោក​ខាងលិច​នោះ ឱ្យ​មក​យក​ការណ៍​ទៅ ឱ្យ​មក​យក​ធ្វើ​បទ​បង្ហាញ​មួយ ឬក៏​មក​កម្ពុជា​យើង ដឹកនាំ​គេ​គណៈប្រតិភូ​មួយ​ទៅ ទស្សនកិច្ច​ស្វែងយល់ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​កម្ពុជា​។ នេះ​ប្រសិនបើ​កម្ពុជា​យើង​មាន​សុច្ឆន្ទៈ​ក្នុង​ការ​បង្ហាញ គឺ​យើង​អត់​មានអី​ដែល​ជា​អាថ៌កំបាំង​ទេ​។ កន្លែង​ណា​ដែល​គេ​ហៅថា ពាក់ព័ន្ធ កិច្ចការ​ផ្ទៃក្នុង​សន្តិសុខ​ជាតិ យើង​កុំ​ឱ្យ​។ កន្លែង​ណា​ដែល​គេ​សង្ស័យ​ថា អាច​បាន យើង​ពិចារណា​ក្នុង​ក្របខ័ណ្ឌ​ជាតិ​ថា តើ​យើង​អាច​បង្ហាញ​បាន​ឬ​អត់ បើ​យើង​បង្ហាញ​បាន វា​អាច​ជួយ លាង​សម្អាត​នូវ​ភាព​មន្ទិល​សង្ស័យ​ហ្នឹង»

លោក ឯម សុវណ្ណារ៉ា គូស​បញ្ជាក់​ថា ជា​ការ​ប្រសើរ​ទៅវិញ​ទេ ប្រសិនបើ​កម្ពុជា​ធ្វើ​ដូច្នេះ ហើយ​ប្រសិនបើ​សហគមន៍​អន្តរជាតិ រក​មិន​ឃើញ​ពី​ភស្តុតាង​ដើម្បី​គាំទ្រ​ការសង្ស័យ​របស់​ខ្លួន​នោះ​ទេ នោះ​ការណ៍​នេះ នឹង​ស្ដារ​មុខមាត់​កម្ពុជា ព្រមទាំង​អាច​ធ្វើ​ឱ្យ​ស្ដារ​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​ជាមួយ​ក្រុម​ប្រទេស​លោក​ខាងលិច​ឡើងវិញ​បាន​។ ក៏ប៉ុន្តែ លោក​ព្រមាន​ថា បើ​កម្ពុជា​នៅតែ​មិន​ព្រម​លាង​ជម្រះក្ដី​មន្ទិលសង្ស័យ​ទាំងនេះ​ទេ នោះ​ភាព​ល្អក់កករ​ផ្នែក​ការទូត និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​លោក​ខាង​លិច នឹង​នៅតែ​បន្ត​មាន ហើយ​សហរដ្ឋអាមេរិក អាច​ប្រើ​យន្តការ ឬ​វិធានការណ៍​ផ្សេង​ដទៃ​ទៀត៖ «អ៊ីចឹង​បើ​លោក​ខាងលិច​គេ​មាន​ទិសដៅ​តម្រង់​ទិស ឬ​ជំរុញ​កម្ពុជា​ឱ្យ​ឯករាជ្យ ពីព្រោះ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក គេ​ចង់​ឱ្យ​កម្ពុជា​យើង​ឯករាជ្យ​។ ហើយ​បើសិនជា​គេ​ចង់​ឱ្យ​យើង​ឈរ​ជំហរ​ឯករាជ្យ​នេះ ខ្ញុំ​គិត​ថា ចរន្ត​សហរដ្ឋអាមេរិក គេ​អាច​មាន​វិធានការណ៍​ពង្រីក និង​ឱ្យ​លំហ​ប្រជាធិបតេយ្យ​បើក​ចំហ​បាន ដោយ​ប្រើ​យន្តការ​បច្ចេកវិជ្ជា​ទំនើប​ពាក់ព័ន្ធ​នឹង​សង្គម Social Media អាច​ឱ្យ​កម្ពុជា​បើកចំហ​ផ្នត់គំនិត​។ កម្ពុជា​អត់​មាន​អ្វី​ទៅ​ប្រឈម​ជាមួយ​គេ​បានទេ មិន​អាច​ទេ តែ​ចិន​ទប់​មិន​ជាប់​ផង​។ កម្ពុជា​យើង​ទៅ​ឈរ​ពាំង​ជាមួយ​គេ ខ្ញុំ​គិត​ថា​លំបាក​ទៅវិញ​ទេ»

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារជាតិ ដើម្បី​សុំ​ប្រតិកម្ម​តប​ជុំវិញ​ការ​លើកឡើង​របស់​ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​ពី​ខាង​លើ​នេះ បាន​នៅ​ឡើយ​ទេ។

បញ្ហា​សង្ស័យ ឬ​ក្ដី​មន្ទិល​អំពី​លទ្ធភាព​ដែល​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ចិន​មាន​មូលដ្ឋាន​យោធា​ក្នុង​ទឹកដី​របស់​ខ្លួន កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន កំពុង​ឱប​ក្រសោប​មហា​យក្ស​ចិន​ជា​ចំហ និង​កំណើន​កាន់តែ​ខ្លាំង​នៃ​វិនិយោគទុន និង​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​មកកាន់​កម្ពុជា​។ មានការ​សង្ស័យ​ពី​សំណាក់​អ្នក​ជំនាញ​បរទេស​ថា កំណើន​ភ្ញៀវ​ទេសចរ​ចិន​មកកាន់​កម្ពុជា ជាពិសេស​នៅ​តំបន់​ជាប់​ឆ្នេរសមុទ្រ​រួមមាន​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង នា​រយៈពេល​ចុងក្រោយ​នេះ អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ចិន​ដើម្បី​បង្ហាញ​ថា កម្ពុជា​ពិតជា​ត្រូវការ​នូវ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខ្នាត​យក្ស​នៅ​ភូមិភាគ​និរតី​នៃ​ប្រទេស​នេះ​។ ក៏ប៉ុន្តែ មហា​យក្ស​ចិន​អាច​ប្រើ​ឱកាស​នេះ​ដើម្បី​បម្លែង​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ឱ្យ​ក្លាយ​ទៅជា​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​ខ្លួន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល