ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ឧត្ដរមានជ័យ​​​នៅ​តែ​ចង់​ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពេញលេញ

ដោយ វ៉ែន សុមេធ
2019.12.13
ដីធ្លី ឧត្ដរមានជ័យ ៦១០ ក្រុម​តំណាង​សភា​សហគមន៍​អឺរ៉ុប​ជួប​ជាមួយ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី នៅ​ភូមិ​អូរបាត់មាន់ សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ មករា ឆ្នាំ​២០១៤។
Provided Photo

ប្រជាពលរដ្ឋ​​មួយ​ចំនួន​នៅ​ខេត្ត​ឧត្ដរមានជ័យ​​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ប្រញាប់​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​ ដើម្បី​ពួក​គាត់​បាន​ជួប​ជុំ​គ្នា​សម្ដែង​មតិ​​ពី​ទុក្ខ​កង្វល់​ដាក់​ជូន​ទៅ​អាជ្ញាធរ​ដោះ​ស្រាយ។ ពួក​គាត់​អះអាង​ថា ​វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ​​​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​សិទ្ធិ​សេរីភាព​​សម្ដែង​មតិ​របស់​ពួក​គាត់។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធ​សេរីភាព​​ជា​ធម្មតា។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧត្ដរមានជ័យ លើក​ឡើង​ថា ពួកគាត់​នៅ​តំបន់​ព្រំដែន​​កម្ពុជា​ថៃ ក្នុង​ខេត្ត​ឧត្ដរមានជ័យ កាន់តែ​ក្រីក្រ​ដោយសារ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

ប្រជាពលរដ្ឋ​ក្រុង​សំរោង​ម្នាក់​ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ ដើម្បី​ការ​ពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១២ ធ្នូ​ថា ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​នេះ ភាគ​ច្រើន​រស់​នៅ​ដោយ​ភ័យ​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ។ ពល​រូប​នេះ​អះអាង​ថា ពួក​គាត់​មាន​បញ្ហា​ជា​ច្រើន​​​ចង់​ឱ្យ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ ជា​ពិសេស រឿង​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ និង​បញ្ហា​តម្លៃ​កសិផល​ចុះ​ថោក​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​។ លោក​បន្ត​ថា ​បញ្ហា​ទាំង​នេះ​កើត​ឡើង​ដោយ​សារ​វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ​ ព្រោះ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​នៅ​តែ​បន្ត​រាំង​ខ្ទប់​ពួក​គាត់​ មិន​ឱ្យ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ ដើម្បី​នាំ​បញ្ហា​ទាំង​នេះ​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​បាន​ឡើយ៖ «ប្រជាពលរដ្ឋ​ចង់​បាន​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ស្រួល​ធ្វើ​ដំណើរ​ កុំ​ឱ្យ​ពិបាក​ដូច​សព្វ​ថ្ងៃ យើង​ទៅ​ណា​ក៏​ពិបាក​ អាជ្ញាធរ​តាម​ដាន​ ហើយ​យើង​ជា​ក្រុម​បក្ស​ប្រឆាំង។ ប៉ុន្តែ​ការ​ពិត​ប្រជាពលរដ្ឋ​គ្នា​នៅ​តែ​ស្ងៀម​ធម្មតា ដល់​អីចឹង​ម្នាក់​អត់​ហ៊ាន​បញ្ចេញ​មតិ​ទេ​ខ្លាច។ ប្រជាជន​ទោះ​ខ្លាច​យ៉ាង​ណា​តែ​ក្នុង​ចិត្ត​ចង់​បាន​ប្រជាធិបតេយ្យ​ពេញលេញ»

បុរស​ដដែល​បន្ត​ថា ​សព្វ​ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ខ្លះ​មិន​ហ៊ាន​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ​ជា​ពិសេស ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ព្រោះ​ខ្លាច​អាជ្ញាធរ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​គាត់។

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ឧត្ដរមានជ័យ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ថ្លែង​ថា ​ពួកគាត់​​បាត់បង់​សិទ្ធិ​សេរីភាព​ស្ទើរ​គ្រប់​យ៉ាង ហើយ​រស់​នៅ​បែប​លាក់លៀម​គេ​ឯង​ ព្រោះ​ខ្លាច​អាជ្ញាធរ​តាម​យាយី​ពួក​គាត់​ដូច​ពេល​មុន​​ទៀត។ ពលរដ្ឋ​រូប​នេះ​អំពាវនាវ​ដល់​មេ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ឱ្យ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ ដើម្បី​ឱ្យ​​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពេញលេញ និង​មាន​សេចក្ដី​សុខ​សម្រាប់​ពលរដ្ឋ​គ្រប់​និន្នាការ​គណបក្ស​នយោបាយ៖ «ដូច​ខ្ញុំ​សព្វ​ថ្ងៃ នេះ​ប្រៀប​បី​ដូច​មិន​មែន​ពលរដ្ឋ​ខ្មែរ​ទេ ដូច​ជន​បរទេស​ ព្រោះ​ខ្ញុំ​រស់​នៅ​ក្នុង​ដី​ខ្មែរ​​អត់​ស្រួល​ដូច​ជនជាតិ​ចិន​ និង​ជនជាតិ​យួន​ទេ គេ​មាន​សិទ្ធិ​សេរីភាព ទោះ​បី​ជា​យួន​​រស់​នៅ​ខុស​ច្បាប់​ក៏​ដោយ​ក៏​គេ​នៅ​មាន​សិទ្ធិ​និយាយ​ជាង​យើង​​ពេញលេញ​អីចឹង​។អីចឹង​ហើយ​បាន​ខ្ញុំ​ចង់​បាន​ប្រទេស​មាន​ប្រជាធិបតេយ្យ​ មាន​សិទ្ធិ​សេរីភាព​ និង​ចង់​បាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​ឡើង​វិញ​ ដើម្បី​ជ្រើស​ថ្នាក់​ដឹក​នាំ​ប្រទេស»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​ឧត្ដរមានជ័យ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១២ ​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ ពុំ​មាន​អ្នក​ទទួល។

ដោយឡែក អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា នៅ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពេញលេញ​រួច​ទៅ​ហើយ​ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​​សម្ដែង​មតិ​គ្រប់​ទីកន្លែង​រួច​ទៅ​ហើយ​ដែរ។ លោក​បន្ត​ថា ​ការ​ចាប់​ចង​មនុស្ស​កន្លង​មក​មិន​មែន​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​នោះ​ឡើយ​ ប៉ុន្តែ​ជា​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ៖ «គាត់​ស្រែក​ហ្នឹង​ដែល​ឆ្លុះបញ្ចាំង​ថា​វា​មាន​សិទ្ធិ​សេរីភាព​ហ្នឹង​ បើ​គាត់​អត់​មាន​ប្រជាធិបតេយ្យ​គ្មាន​សិទ្ធិ​សេរីភាព​សួរ​ថា​គាត់​ស្រែ​ជេរ​រដ្ឋាភិបាល​ទេ។ ដូច​កាល​ទសវត្ស​ឆ្នាំ១៩៨០ បាន​ប្រជាធិបតេយ្យ​ដែរ ប៉ុន្តែ​ជា​ប្រជាធិបតេយ្យ​ស្ថិត​ក្នុង​ការ​ដឹក​នាំ​ការ​គ្រប់គ្រង​របស់​រដ្ឋ​ គេ​មិន​អាច​បណ្ដែតបណ្ដោយ​ឱ្យ​មនុស្ស​ធ្វើ​អី​តាម​អំពើ​ចិត្ត​បាន​ទេ តែ​ឥឡូវ​​ចូល​ប្រជាធិបតេយ្យ​សេរី​ហើយ​ វា​ទូលាយ​ជាង​មុខ​ហើយ»

ផ្ទុយ​ពី​ការ​អះអាង​របស់​​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍​ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​បន្ត​ធ្លាក់​ចុះ ព្រោះ​ប្រជាពលរដ្ឋ​មិន​មាន​សិទ្ធិ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​បាន​ឡើយ៖ «អីចឹង​មាន​ន័យ​ថា​វា​ជា​ជំហរ​មួយ​ដែល​ មិន​ទទួល​ខុស​ត្រូវ​លើ​កាតព្វកិច្ច​របស់​ខ្លួន​ទេ ពីព្រោះ​អ្វី​ដែល​កើត​ឡើង​ហ្នឹង​គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​យើង​កំពុង​តែ​មាន​បញ្ហា​ទាំង​អស់​នោះ​ ហើយ​បែរ​ជា​មាន​ការ​លើក​ឡើង​ថា​ មាន​សេរីភាព​ពេញលេញ​បែប​នេះ​ទៅ​វិញ។ អីចឹង​វា​ផ្ទុយ​ពី​ទិដ្ឋភាព​ជាក់​ស្ដែង​ ហើយ​អ្វី​ដែល​យើង​បារម្ភ​គឺ​សម្ពាធ​ផ្សេង​របស់​សហគមន៍​អន្តរជាតិ​ហ្នឹង​ នឹង​នៅ​តែ​បន្ត​ហើយ​ធ្វើ​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ជាតិ​នៅ​ពេល​ខាង​មុខ​ កាត់​តែ​មាន​ភាព​ប្រឈម​ខ្លាំង​ឡើង»

ថ្មីៗ​ នេះ​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​លើក​ឡើង​ពី​ការ​រក​ឃើញ​ថា សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​វិបត្តិ​នយោបាយ។

កាល​ពី​ថ្ងៃ​ទី​៩ ​ធ្នូ​កន្លង​ទៅ​ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ ប្រជា​សហគមន៍​រងគ្រោះ​ដីធ្លី ប្រជាកសិករ កម្មករ និង​យុវជន បាន​ឡើង​សម្ដែង​មតិ​​ក្នុង​ទិវា​សិទ្ធិមនុស្ស​ ១០​ធ្នូ​ នៅ​រាជធានី​ភ្នំពេញ​ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ហ៊ុន​ សែន​ លើក​ស្ទួយ​សិទ្ធិ​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​។ ជាង​នេះ​ទៅ​ទៀត ពួក​គេ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដោះ​ស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី បង្កើត​ការងារ​ជូន​យុវជន និង​កំណត់​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​គ្រប់​វិស័យ។ ពួក​គេ ក៏​ទាមទារ​ឱ្យ​ដោះ​លែង និង​ទម្លាក់​ចោល​បទ​លើ​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​អ្នក​សារ​ព័ត៌មាន​​ជា​​ដើម។

កាល​ពី​ថ្ងៃ​ទី​១០ ​ធ្នូ​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល គោរព​សិទ្ធិមនុស្ស និង​ការពារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។ អង្គការ​មួយ​នេះ កត់​សម្គាល់​ថា ចាប់​ឆ្នាំ​២០១៧​ មក រដ្ឋាភិបាល​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន​ឡើយ ហើយ​មាន​យុទ្ធនាការ​បង្ក្រាប​សកម្ម​ជន​បក្ស​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ហូរហែ ព្រមទាំង គំរាម​កំហែង​ និង​មាន​ចំណាត់​ការ​តុលាការ​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ ដូចជា ​ករណី​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ជា​ដើម​។ អង្គការ​​នេះ ក៏​បាន​លើក​ឡើង​អំពី​ករណី​លោក កឹម សុខា ដែល​ពុំ​ទទួល​បាន​សិទ្ធិ​ជំនុំ​ជម្រះ ដោយ​យុត្តិធម៌​ដែរ បន្ទាប់ពី​ត្រូវ​បាន​ចាប់​​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ និង​ក្នុង​ផ្ទះ​ជាង​ ២​ឆ្នាំ ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។