អ្នក​ជំនាញ​ អ.ស.ប ​បារម្ភ​ពី​ការ​រឹតត្បិត​​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ​មុន​ការ​បោះ​ឆ្នោត

ដោយ តាំង សារ៉ាដា
2018.06.15
រ៉ូណា ស្មីត ២០១៧ ៦២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភ​អំពី​ការ​គាប​សង្កត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មុន​ការ​បោះ​ឆ្នោត​​​មកដល់។ ក្តី​បារម្ភ​របស់​ក្រុម​អ្នក​ជំនាញ​ទាំង​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៤ មិថុនា ពី​ទីក្រុង​ហ្ស៊ឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland)។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) កាល​ពី​ពេល​ថ្មីៗ នេះ បាន​ចេញ​ផ្សាយ​នូវ​ក្រម​សីលធម៌​សម្រាប់​​​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​សារព័ត៌មាន​ ដែល​នៅ​ក្នុង​នោះ​ ក៏​រួម​មាន​ទាំង​បម្រាម​មួយ​ចំនួន​ផង​ដែរ ដែល​មាន​លក្ខណៈ​​រឹតត្បិត​ដល់​សេរីភាព​​ក្នុង​ការ​ចុះ​យក​ព័ត៌មាន​របស់​អ្នក​កាសែត។

អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា តាម​រយៈ​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​មុន​ការ​បោះ​ឆ្នោត​មក​ដល់។

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​ ដេវីឌ កាយេ (David Kaye) អ្នក​រាយការណ៍​ពិសេស​​ស្តីពី​ការ​លើក​ស្ទួយ​ និង​ការពារ​សិទ្ធិ​សេរីភាព​ និង​អ្នក​ជំនាញ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ទៀត សម្តែង​ការ​ព្រួយ​បារម្ភ ចំពោះ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត គ..ប ដែល​បាន​ចេញ​ក្រម​សីលធម៌​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មាន​ចរិត​គាប​សង្កត់​ដល់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ។

ចំណុចសំខាន់ៗ នៅ​ក្នុង​ក្រម​សីលធម៌​របស់​ គ..ប សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ក្រុម​អ្នក​ជំនាញ​នៃ​អង្គការ​សហប្រជាជាតិ​យល់​ថា​ ជា​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ រួម​មាន​​ការ​ហាម​ប្រាម​មិន​ឱ្យ​ចុះ​ផ្សាយ​ពត៌មាន ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ ឬ​បាត់​បង់​ទំនុក​ចិត្ត​ក្នុង​ការ​បោះ​ឆ្នោត​ ការ​ផ្សាយ​ព័ត៌មាន​ដែ​ល​រារាំង​ប្រជា​ពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះ​ឆ្នោត​ និង​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ ឬ​ការ​ការ​ធ្វើ​បុរេ​វិនិច្ឆ័យ​អំពី​ការ​បោះ​ឆ្នោត។

ក្រុម​អ្នក​ជំនាញ​​អះអាង​ថា បម្រាម​ទាំងនេះ​ប្រើ​ពាក្យ​ពេចន៍​ក្នុង​ន័យ​ទូលាយ និង​មិន​ច្បាស់លាស់ ដែល​អាច​នាំ​ទៅ​រក​ការ​រឹតត្បិត​យ៉ាងខ្លាំង​ទៅ​លើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​មិន​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ឡើយ​ហើយ​​ថា អ្នក​សារព័ត៌មាន​មាន​តួនាទី​រាយការណ៍​អំពី​បញ្ហា​ទាំង​ឡាយ​ដែល​កើត​មាន​នៅ​មុន​ការ​បោះឆ្នោត  ជា​ពិសេស គឺ​បញ្ហា​ចម្រូង​ចម្រាស់​តែ​ម្តង។ ពួក​គេ​បន្ត​ថា សេចក្តី​រាយការណ៍​អំពី​បញ្ហា​ទាំង​នេះ​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​រាយការណ៍​ព័ត៌មាន​ប្រកប​ដោយ​តម្លាភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត ដើម្បី​ជួយ​ដល់​​អ្នក​បោះ​ឆ្នោត​ឱ្យ​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ។

ក្រុម​អ្នក​ជំនាញ​ទាំង​នេះ​ក៏​បាន​អះអាង​ដែរ​ថា បម្រាម​ទាំង​នេះ​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការ​ចូល​រួម​ជា​សាធារណៈ​ក្នុង​បរិបទ​នៃ​ការ​បោះ​ឆ្នោត។ ក្រុម​អ្នក​ជំនាញ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​នៃ​របប​លោក​ ហ៊ុន សែន គោរព​ និង​ធានា​ឱ្យ​បាន​នូវ​សិទ្ធិ​​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។

អាស៊ី​សេរី​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​ គ..ប លោក ហង្ស ពុទ្ធា នៅ​ឡើយ​ទេ​​ ដោយ​លោក​បញ្ជាក់​ថា កំពុង​ជាប់​រវល់​ប្រជុំ។ ប៉ុន្តែ​មន្រ្តី​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ប្រាប់​សារព័ត៌មាន​គាំទ្រ​លោក ហ៊ុន សែន ថា សេចក្តី​ថ្លែងការណ៍​របស់​មន្រ្តី​អង្គការ​សហប្រជាជាតិ ជា​ការ​ឈ្លានពាន​ដល់​ដែន​អធិតេយ្យ​កម្ពុជា ហើយ​កម្ពុជា​មិន​ស្ថិត​ក្រោម​អាណានិគម​របស់​អង្គការ​អន្តរជាតិ​ណា​មួយ​ឡើយ។

កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅថ្មីៗ​ គ..ប បាន​ចេញ​ផ្សាយ​ក្រម​សីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​សារព័ត៌មាន​ ដែល​ក្នុងនោះ​​ក៏​មាន​ចែង​អំពី​បម្រាម​មួយ​ចំនួន​ផង​ដែរ។

..ប បាន​ហាម​មិន​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​ការ​ភ័ន្ត​ច្រឡំ នាំ​ឱ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត​ ហាម​មិន​ឱ្យ​ផ្សពផ្សាយ​ព័ត៌មាន​ដោយ​សំអាង​លើ​ពាក្យ​ចចាអារ៉ាម​ ឬ​ព័ត៌មាន​ដែល​ពុំ​មាន​ភស្តុតាង​បញ្ជាក់​ ហាម​មិន​ឱ្យ​ប្រើ​ប្រាស់​ភាសា​ញុះញង់​ ឬ​វាយ​ប្រហារ ដែល​អាច​បង្ក​ភាព​គ្មាន​សណ្តាប់​ធ្នាប់​ ឬ​អាច​នាំ​ឱ្យ​មាន​អំពើហិង្សា​ ហាមមិន​ឱ្យ​មាន​ការ​បោះពុម្ពផ្សាយ​ ឬ​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ស្ថេរភាព​នយោបាយ​ និង​ស្ថេរភាព​សង្គម​ ហាម​មិន​ឱ្យ​មាន​ការ​បញ្ចេញ​បញ្ចូល​ទស្សនៈផ្ទាល់​ខ្លួន​ ឬ​ធ្វើ​បុរេវិនិច្ឆ័យ​​នៅ​ក្នុង​ហេតុការណ៍​កំពុង​កើត​មាន​ដែល​ខ្លួន​ធ្វើ​សេចក្តី​រាយការណ៍​ ហាម​មិន​ឱ្យ​មាន​ការ​ជ្រៀត​ជ្រែក​ ឬ​រំខាន​ដល់​ការងារចុះ​ឈ្មោះ​​បោះឆ្នោត​ ការ​បោះឆ្នោត​ និង​ការ​រាប់​សន្លឹក​ឆ្នោត​ ហាម​មិន​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ទៅ​បោះ​ឆ្នោត​ ហើយ​ចុង​ក្រោយ​គឺ​ហាម​មិន​ឱ្យ​មាន​ការ​សម្ភាស​នៅក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ ការិយាល័យ​បោះ​ឆ្នោត​ និង​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ទៀត​ផង។

ក្រោយ​ពេល​ គ..ប បាន​ដាក់​ចេញ​នូវ​បម្រាម​ទាំង​នេះ​​ គណៈកម្មាធិការ​ដើម្បី​កិច្ច​ការពារ​អ្នក​សារព័ត៌មាន​ ហៅកាត់​ថា​ (CPJ) ដែល​មាន​មូលដ្ឋាន​នៅបុរី​ញូវយ៉ក (New York) សហ​រដ្ឋអាមេរិក ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍មួយ​​ទាម​ទារ​ឱ្យមានការ​ទម្លាក់​ចោល​ក្រម​សីលធម៌​នេះ ព្រោះ​អង្គការ​ការពារ​អ្នក​កាសែត​មួយ​នេះ​យល់ឃើញ​ថា វា​ជា​​វិធាន​ការ​រឹតត្បិត​ទៅ​លើ​ការ​ផ្សព្វផ្សាយ​​ព័ត៌មាន​ និង​អាច​​ធ្វើ​ឱ្យ​បាត់​ទំនុក​ចិត្ត​ទៅលើ​ភាព​សេរី​ និង​យុត្តិធម៌​​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នៅ​ខែ​កក្កដា​​ខាង​មុខទៅវិញ​ទេ។

អង្គការ​អន្តរជាតិ​មួយ​នេះ បាន​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​គ្រប់​រូប​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រាយការណ៍​ព័ត៌មាន​ និង​បញ្ចេញ​យោបល់​​បាន​ដោយ​សេរី​អំពី​ការ​បោះឆ្នោត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ ហើយ​ក្រម​សីលធម៌​ដែល​គ្មាន​ការ​ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នេះ គួរ​តែ​ត្រូវ​បានលុបចោល។ អង្គការ​អន្តរជាតិ​មួយ​នេះ​ក៏​បាន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​នៃ​របបក្រុង​ភ្នំពេញ ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធផ្សព្វផ្សាយ​អាច​រាយ​ការណ៍​ព័ត៌មានអំពី​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​ ​បាន​ដោយ​សេរី និង​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បំពារ​បំពាន​ណា​មួយ​ឡើយ។

ក្រុម​អ្នក​ជំនាញ​​អង្គការ​សហប្រជា​ជាតិក៏​បាន​លើក​ឡើង​ផង​ដែរ អំពី​ការ​​​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត និង​ការ​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​អំពាវនាវ​បែប​នេះ​​។ ក្រុម​អ្នក​ជំនាញអះអាងថា យោង​​តាម​ច្បាប់​កម្ពុជា​ ការ​បោះឆ្នោត​មិន​មែន​ជា​កាតព្វកិច្ច​នោះ​ទេ ហើយ​ទោះ​បី​ជា​ច្បាប់​សិទ្ធិ​មនុស្សរបស់​កម្ពុជា និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ហាម​ប្រាមចំពោះ​ការ​បំភិត​បំភ័យ​ ឬ​ការ​គំរាម​កំហែង​អ្នក​បោះឆ្នោត​ក៏​ដោយ​ ក៏​ការ​អំពាវ​នាវ​នេះ​ មិន​មែន​ជាការ​បង្ខិត​បង្ខំ​ ឬ​បំភិត​បំភ័យ​ឡើយ​ ហើយ​វា​ក៏​មិន​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​អ្វី​នោះ​ដែរ។

ផ្ទុយ​ទៅ​វិញ ការ​អំពាវនាវ​នេះ ស្ថិត​នៅ​លើ​ម្ចាស់​ឆ្នោត​ខ្លួន​ឯង ថា​តើ​ត្រូវ​ទៅ​ចូល​រួ​ម ឬ​មិនទៅ​ចូល​រួម​ការ​បោះឆ្នោត​នោះ។ ក្រុម​អ្នក​ជំនាញ​អះអាង​ទៀត​ថា ទោះ​ជា​ការ​បោះឆ្នោត​មាន​លក្ខណៈ​បែប​ណា​ក៏​ដោយ​ ក៏​ត្រូវ​តែមាន​ការ​គោរព និង​ធានា​សិទ្ធ​មនុស្ស​គ្រប់​បែប​យ៉ាង​ផង​ដែរ​ ហើយ​ពួក​គេ​លើក​ទឹកចិត្ត​ដល់អាជ្ញាធរ​កម្ពុជា​ឱ្យ​ធានា​ថា មនុស្ស​គ្រប់​រូប​អាច​បញ្ចេញ​ទស្សនៈ​នយោបាយ និង​មតិ​យោបល់​ផ្សេង​ៗ​បាន​ដោយ​សេរី រួ​ម​ទាំងជម្រើស​​មិន​ចូល​រួម​ការ​បោះឆ្នោត​ផងដែរ។

មន្ត្រីនាំពាក្យ​របបក្រុង​ភ្នំពេញ លោក​ ផៃ ស៊ីផាន ប្រតិ​កម្ម​ថា ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិនេះ​​ ធ្វើ​ឡើង​ក្រោម​ហេតុផល​​នយោបាយ ដើម្បីប្រឆាំង​នឹងដំណើរ​ការ​រៀប​ចំ​ការ​បោះឆ្នោត និង​ការ​អនុវត្ត​ច្បាប់​​របស់​កម្ពុជាតែ​​ប៉ុណ្ណោះ​​​។ លោក​ថា​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​មិន​មាន​សិទ្ធិ​មក​បង្គាប់​បញ្ជា​រដ្ឋាភិបាល​កម្ពុជា​ឡើយ​ ព្រោះ​កម្ពុជា​ជា​រដ្ឋអធិបតេយ្យ​ ដូច្នេះ​រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​នឹង​ការ​អំពាវនាវ​ ឬ​សេចក្តីថ្លែង​ការណ៍​របស់​ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​ឡើយ៖ «សិទ្ធិសេរីភាព​​ធានា​គ្រប់​ជ្រុង​ទាំង​អស់។ យើង​មិន​អនុញ្ញាត​ឱ្យ​ជន​ណា​ ឬ​ក្រុម​ណា​រាប់​ទាំង​អង្គការ​សហប្រជាជាតិ​ ដែល​ញុះ​ញង់​ពលរដ្ឋ​មិន​ឱ្យ​ចេញ​ទៅ​បោះ​ឆ្នោត។ នេះ​ជា​រឿង​ខុស​នឹង​ច្បាប់​ចែង​របស់​កម្ពុជា​ ខុស​នឹង​មូលដ្ឋាន​គ្រឹះ​នៃ​លិទ្ធិ​ប្រជាធិបតេយ្យ​ដោយ​សារ​ពួក​ក្រុម​ហ្នឹង មិន​ដែល​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​រយៈ​ពេល​ ៥ អាណត្តិ​កន្លង​ទៅ​ហើយ។ កម្ពុជា​ត្រូវ​តែ​រក្សា​ការ​បោះ​ឆ្នោត​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន ចំណុច​ទី​មួយ គឺ​ប្រក្រតី (ភាព) និង​ទីពីរ​រក្សា​ភាព​ស្រប​ច្បាប់។ នេះ​ជា​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល»

ប្រធាន​គ្រប់​គ្រង​ការិយាល័យឃ្លាំមើល​សិទ្ធិ​មនុស្ស​​នៃអង្គការ​​​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ក្តី​បារម្ភ​របស់​ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ ក៏​ដូច​ជា ក្តី​បារម្ភរបស់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ដែរ គឺ​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋានរបស់​ពលរដ្ឋ និង​ការ​រឹតត្បិត​​សេរីភាព​សារព័ត៌មាន​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់។ លោក​ថា​រដ្ឋាភិបាល​កម្ពុជា​គួ​រតែ​ទទួល​យក​អនុសាសន៍ ឬ​សំណើរបស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​យកមក​ពិចារណា ដើម្បី​កែលម្អ​នូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ ជាជាង​ការ​បដិសេធ​ចោល​បែប​នេះ៖ «ប្រសិន​បើ​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន​ត្រូវ​បាន​រឹតត្បិត​ ឬ​ត្រូវ​បាន​កម្រិត​ នោះ​ការ​ចែក​ចាយ​ព័ត៌មាន​ក៏​អត់​សូវ​បាន​ទូលំ​ទូលាយ​ ហើយ​អ្នក​ទទួល​ព័ត៌មាន​ហ្នឹង​ គឺ​មាន​សិទ្ធិ​ចង្អៀត​ ហើយ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ហ្នឹង​ ក៏​វា​មិន​បាន​ទូលំ​ទូលាយ​ដែរ។ បញ្ហា​ទីពីរ ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​នេះ ក៏​ជា​រឿង​មួយ​ដែល​យើង​ជា​អង្គការ​សិទ្ធិ​មនុស្ស​សុំ​ឱ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​បើក​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​របស់​ពួក​គាត់​ឱ្យ​​បាន​ទូលាយ​ ព្រោះ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ ជា​ការ​រួម​ចំណែ​ក​ខ្លាំង​គ្រប់​វិស័យក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​យើង»

ទាក់ទង​នឹង​បរិបទ​ទូទៅ​នៃ​ការ​បោះឆ្នោត​វិញ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នក​ស្រី រ៉ូណា ស្មីត (Rhona Smith) បាន​ស្នើ​យ៉ាង​ទទូច​ដល់​របបក្រុង​ភ្នំពេញ​ឱ្យ​ដោះ​លែង លោក កឹម សុខា និង​​ដក​ចេញ​បម្រាម​មិន​ឱ្យគណបក្ស​សង្គ្រោះជាតិ​​ចូល​រួម​ការ​បោះឆ្នោត​នោះ​ចេញ​ជា​បន្ទាន់ ដើម្បី​ធានា​បាន​នូវ​លិទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ដ៏​ពិត​ប្រាកដ​មួយ​នៅ​កម្ពុជា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។