រដ្ឋសភាឯកបក្ស នៃរបបក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៣ មករា សម្រេចអនុម័ត សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន២ ដើម្បីបង្កើនចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងដើម្បីកែប្រែការគ្រប់គ្រងរដ្ឋបាល។ សមាជិកក្រុមប្រឹក្សាខេត្ត កូតាគណបក្សប្រឆាំង យល់ថា ច្បាប់ទាំងពីរនេះ នឹងមិនអាចបម្រើផលប្រយោជន៍ជាតិបានទេ តែជាការធ្វើឡើងដើម្បី ពង្រីកអំណាច និងមហិច្ឆតា របស់បក្សកាន់អំណាចតែប៉ុណ្ណោះ។
រដ្ឋសភាអនុម័តវិសោធនកម្មច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង សេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
អ្នកនាំពាក្យ និងជាអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់អាស៊ីសេរីថា សេចក្ដីស្នើច្បាប់ទាំងពីរ ត្រូវបានរដ្ឋសភា ចាត់ទុកជាច្បាប់ប្រញាប់ និងត្រូវបញ្ជូនទៅព្រឹទ្ធសភារួចហើយ ក្រោយពេលអនុម័តរួចរាល់៖ « អនុម័តរួចហើយច្បាប់ទាំងពីរនោះបាទ។ សំណួរ៖តើចាត់ទុកជាច្បាប់ប្រញាប់ទេ ? បាទចាត់ទុកជាច្បាប់ប្រញាប់ទាំងអស់»។
សេចក្ដីស្នើច្បាប់វិសោធនកម្មច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្ដីស្នើច្បាប់វិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក និងខណ្ឌ ត្រូវបានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាឯកបក្ស ប្រជុំពិនិត្យ ជាមួយក្រុមតំណាងនីតិប្រតិបត្តិនៃរបបឯកបក្ស និងបានចុះហត្ថលេខា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ និងត្រូវបានឆ្លងកាត់ការពិនិត្យនៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ សមាជិករដ្ឋសភាឯកបក្ស នៃគណៈកម្មការជំនាញនីតិកម្ម និងយុត្តិធម៌ អ្នកស្រី ខួច សំអាន លោក ជាម យៀប និងលោក ហ៊ុន ណេង បងប្រុសបង្កើតរបស់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ជាតំណាងហត្ថលេខី ដែលបានដាក់សំណើសុំទៅរដ្ឋសភា ស្នើសុំធ្វើវិសោធនកម្មលើច្បាប់ទាំងពីរនេះ។ អ្នកស្រី ខួច សំអាន បានមានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសព័ត៌មានរដ្ឋសភា ថា សេចក្ដីស្នើច្បាប់ទាំងពីរនេះ ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ព្រមទាំងស្របតាមស្ថានភាពបច្ចុប្បន្ន និងភូមិសាស្ត្រ។
សេចក្ដីស្នើវិសោធនកម្ម ច្បាប់ទាំងពីរនេះ កើតឡើង ក្រោយពេល មេដឹកនាំរបបឯកបក្សក្រុងភ្នំពេញ គឺ លោក ហ៊ុន សែន ប្រកាសក្នុងពិធីចុះជួបលួងចិត្តកម្មកររោងចក្រ ក្រោយបោះឆ្នោត នៅខេត្តកណ្ដាល កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ថា រដ្ឋសភាកំពុងវិសោធនកម្មច្បាប់ ដើម្បីបង្កើនអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គោលបំណង ជំរុញ និងពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរ។ លោក ហ៊ុន សែន ក៏បានខិតខំ ពន្យល់ ឲ្យថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលត្រូវបានតុលាការកំពូលនៃរបបលោក បានរំលាយចោល ដាក់លិខិតសុំអនុញ្ញាតពីលោក ធ្វើនយោបាយវិញ ដើម្បីឲ្យទាន់ព្រឹត្តិការណ៍បោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលលោក កំណត់ធ្វើឡើងនៅ ឆ្នាំ២០២២៖ «យើងបានឮថា គេមិនសុំ។ បាន ! មិនសុំ ខ្ញុំអរគុណ ព្រោះអ្នកត្រូវដឹងថា អ្នកដែលមិនសុំ ក៏នឹងមិនបានចូលរួមការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នៅឆ្នាំ២០២២ដែរ។ អ្នកជ្រើសរើសទៅ រវាងម្ខាង អ្នកសុំ អ្នកនឹងបានសិទ្ធិ ធ្វើនយោបាយពីឥឡូវ រៀបចំកម្លាំង ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២២។ ប៉ុន្តែបើអ្នកនៅជាប់បម្រាម អ្នកហ៊ានធ្វើនយោបាយ អ្នកនឹងទទួលទោសបន្ថែមទៀត ចំណេញខាតនៅកន្លែងណា អ្នកគិតមើលទៅ ខ្ញុំអត់បង្ខំអ្នកទេ » ។
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ រហូតមកដល់ពេលនេះ នៅមិនទាន់បានធ្វើវិសោធនកម្មម្ដងទេ។ ចំណែក ច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រម ឲ្យប្រើនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។ ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះ ត្រូវបានសភាឯកបក្សនៃរបបក្រុងភ្នំពេញ ធ្វើវិសោធនកម្មម្ដង គឺមាត្រា១៣ (ស្ទួន) និងបានស្នើថ្វាយព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាសឲ្យប្រើ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។ វិសោធនកម្ម កាលណោះ គឺកៀកពេលនឹងតុលាការកំពូលរបបក្រុងភ្នំពេញ រំលាយគណបក្សប្រឆាំង និងធ្វើឡើងក្នុងបំណង យកអាសនៈ តំណែង របស់ក្រុមប្រឹក្សាគណបក្សប្រឆាំងទាំងឡាយណា ដែលមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច ទៅគ្រប់គ្រង និងចែកឲ្យក្រុមគណបក្ស ដែលពលរដ្ឋមិនគាំទ្រ។
ច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា២៩, ៣០, ៣១, ៣២ ចែងថា ក្រុមប្រឹក្សា មានតួនាទី ចាត់ចែងកិច្ចការ ចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមាន ចីរភាព ដល់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ និងដើម្បីបំពេញមុខងារ ភារកិច្ច ដែលបានប្រគល់ និងបានធ្វើប្រតិភូកម្មតាមច្បាប់។ ក្រុមប្រឹក្សា មានសិទ្ធិអំណាច ធ្វើសេចក្ដីសម្រេច ខាងបញ្ញត្តិ គឺការចេញដីកា និងសេចក្ដីសម្រេចខាងប្រតិបត្តិ គឺការធ្វើសេចក្ដីសម្រេច នៅក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សា។ ក្រុមប្រឹក្សា ត្រូវបំពេញមុខងារ និងភារកិច្ច ដោយធ្វើសេចក្ដីសម្រេច នៅក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួន និងត្រូវធានាថា សេចក្ដីសម្រេចនោះ ត្រូវបានអនុវត្ត។
ទោះច្បាប់ចែងថា សមាជិកក្រុមប្រឹក្សាមានសិទ្ធិអំណាចបែបនេះ ប៉ុន្តែសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំម្នាក់ នៃកូតាគណបក្សសង្គ្រោះជាតិ លោក ថៃ ធីម ប្រាប់ថា ពេលប្រតិបត្តិជាក់ស្ដែង ក្រុមប្រឹក្សាខេត្ត គ្មានសិទ្ធិអំណាចអ្វី ទៅបញ្ជាគណៈអភិបាលខេត្ត ដូចច្បាប់កំណត់ទេ គឺបានត្រឹមតែអង្គុយស្ដាប់ និងចាំលើកដៃគាំទ្រ។
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលរបបក្រុងភ្នំពេញដកហូតយកតំណែង ដោយសារមិនចុះចូលជាមួយបក្សកាន់អំណាច លោក ថៃ ធីម អះអាងថា ចំនួនសមាជិកក្រុមប្រឹក្សាសព្វថ្ងៃ មិនចាំបាច់បន្ថែមទេ ព្រោះវាលើសពី តម្រូវការទៅហើយ។ លោក ថៃ ធីម យល់ថា បំណងនៃការបង្កើនសមាជិកក្រុមប្រឹក្សា គឺជាមហិច្ឆតាពង្រីកអំណាចបក្សកាន់អំណាច ដើម្បីឆ្លើយតបនឹងអ្វីដែលមេដឹកនាំរបប ហៅថា នយោបាយឈ្នះឈ្នះប៉ុណ្ណោះ៖ « បង្កើនអាសនៈទាំងអស់នោះ ដើម្បីដាក់មនុស្សរបស់គាត់ ( សមាជិកគណបក្សប្រជាជនកម្ពុជា ) ។ បើសិនគាត់ ( លោក ហ៊ុន សែន ) មិនបង្កើនសមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ រាជធានី នេះទេ មនុស្សរបស់ គាត់សល់ច្រើន។ ដូច្នេះ អានយោបាយឈ្នះឈ្នះរបស់គាត់ហ្នឹង វាអត់មានប្រយោជន៍អ្វីសម្រាប់ជាតិទេ គឺប្រយោជន៍សម្រាប់តែគណបក្សរបស់គាត់ប៉ុណ្ណោះ .... ។ អ៊ីចឹង ខ្ញុំយល់ថា វា ( ការបង្កើនសមាជិកក្រុមប្រឹក្សា ) អត់ចំណេញអ្វី ទាល់តែសោះ។ ក្នុងបរិបទនយោបាយសព្វថ្ងៃ ក្រុមប្រឹក្សាចំនួនដល់ច្រើនលើសលុបនេះ វាគ្រប់គ្រាន់ណាស់ទៅហើយ ពីព្រោះក្រុមប្រឹក្សាសព្វថ្ងៃនេះ គ្មានសិទ្ធិអ្វី សម្រេចទៅលើ គណៈអភិបាលទេ គ្រាន់តែទៅអង្គុយ ( ពេលប្រជុំ ) ហើយចាំតែលើកដៃ សម្រាប់ការអនុម័តកម្មវិធីគោលនយោបាយរបស់គណៈអភិបាលទេ។ បាទ » ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បច្ចុប្បន្ន មានភាពសមល្មមហើយ មិនចាំបាច់បន្ថែមទៀតទេ។ សង្គមស៊ីវិលរូបនេះ ផ្ដល់ទស្សនៈថា របបក្រុងភ្នំពេញ ត្រូវបង្កើនគុណភាព ផ្ទេរភារកិច្ច ធនធាន ថវិកា ដើម្បីឲ្យក្រុមប្រឹក្សាសកម្មជាងនេះ ត្រូវបង្កើតយន្តការការងាររបស់ក្រុមប្រឹក្សា ឬការកំណត់លក្ខណៈសម្បត្តិ របស់ក្រុមប្រឹក្សាឲ្យប្រសើរជាងនេះ និងត្រូវបញ្ចូលសមាសភាព យុវជន យុវតី ជំនួសក្រុមប្រឹក្សាចាស់ជរាជាដើម៖ « យើងមើលទៅលើទិដ្ឋភាពច្បាស់ចាស់ ចំនួនក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួនច្បាប់បានកំណត់ថា មានចន្លោះ ពីចំនួននេះ ដល់ចំនួននោះ អ៊ីចឹង ខ្ញុំឃើញថាចំនួនបច្ចុប្បន្ន ដូចជាសមរម្យហើយ … . អ៊ីចឹងមិនបាច់ថែមចំនួនទេ ថែមតែគុណភាពទៅ បានហើយ » ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា ក្នុងប្រព័ន្ធដឹកនាំបែបឯកបក្ស ដូចសព្វថ្ងៃ បើទោះបន្ថែមបរិមាណ ឬ មិនបន្ថែម ក៏គុណភាពរបស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នៅតែដដែល គឺគ្មានលទ្ធភាព អាច កោះហៅ សួរនាំ តវ៉ា ឬ ផ្ដល់យោបល់ ឲ្យគណៈអភិបាលបានទេ។ អ្នកវិភាគ ផ្ដល់យោបល់ ថា របបក្រុងភ្នំពេញ គួរផ្ដល់ជូន តំណែង និង សេរីភាព ឲ្យសមាជិកក្រុមប្រឹក្សាកូតាបក្សប្រឆាំងវិញ ទើបអាចមានលទ្ធភាពខ្លះ ក្នុងការឃ្លាំមើលការប្រតិបត្តិរបស់គណៈអភិបាល ដែលជាក្រុមប្រតិបត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។