អ្នកចូលរួម យុទ្ធនាការបញ្ចប់អំពើនិទ្ទណ្ឌភាពនៃគណបក្សសង្គ្រោះជាតិ បានចុះហត្ថលេខាគាំទ្រយុទ្ធនាការនេះ បានជិត៧ម៉ឺន ៧ពាន់នាក់ (76,900) គិតមកត្រឹមយប់ថ្ងៃទី១ ខែឧសភា។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ បានបន្តចុះហត្ថលេខាគាំទ្រយុទ្ធនាការបញ្ចប់និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ដល់ជនល្មើសនៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិនានា ឲ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះដែលបានស្លាប់ដោយអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន។
សំណុំរឿងធំៗដែលកំពុងចងក្រងនោះរួមមាន ព្រឹត្តិការណ៍បោកគ្រាប់បែកចូលហ្វូងបាតុករដឹកនាំដោយ លោក សម រង្ស៊ី ក្នុងពេលតវ៉ាទាមទាររកយុត្តិធម៌សង្គម និងទាមទារឱ្យកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧ សំណុំរឿងលោក ជា វិជ្ជា សំណុំរឿងបាញ់សម្លាប់អ្នកវិភាគឥតសំចៃមាត់លោកបណ្ឌិត កែម ឡី សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ករណីសម្លាប់អ្នកកាសែត សិល្បករ និងព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ រួមទាំងករណី បាញ់សម្លាប់មនុស្ស មួយចំនួនទៀត។
គណៈកម្មការស្រាវជ្រាវសៀវភៅសថា ការចងក្រងសៀវភៅស នេះមានជាទិសដៅ ដើម្បីបង្ហាញការពិតនៃរឿងរ៉ាវឃាតកម្មជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ដែលអ្នកជាប់ពាក់ព័ន្ធមិនហ៊ានលាតត្រដាង ជាឯកសារភស្ដុតាងដ៏រឹងមាំមួយ ដើម្បីឈានទៅបញ្ចប់អំពើនិទ្ទណ្ឌភាពនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។