មេធាវី​ថា មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​ការ​បន្ត​សវនាការ​​លោក កឹម សុខា ឡើង​វិញ​ទេ

ដោយ ខែ សុណង
2020.07.25
កឹម​ សុខា ០៩២២ លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ចាន់ ចេន (ស្ដាំ) មេធាវី​សំណុំ​រឿង​លោក កឹម សុខា ទៅ​ចម្ការ​នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក​លោក ចាន់ ចេន

មេធាវី​ការពារ​ក្ដី​ថា មក​ដល់​ពេល​នេះ​ក្រុម​មេធាវី​មិនទាន់​ទទួល​បាន​ដំណឹង​ណាមួយ​ពី​តុលាការ​ស្តីពី​ការបន្ត​សវនាការ លោក កឹម សុខា វិញ​នៅ​ឡើយ​ទេ​។ អ្នកវិភាគ​ថា ការផ្អាក​សវនាការ​នេះ ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ខាត​ប្រយោជន៍ ប៉ុន្តែ​ធ្វើឱ្យ​គណបក្សកាន់អំណាច​ទទួល​បាន​ផល​ចំណេញថែម​ទៀត

មេធាវី លោក ចាន់ ចេន ជា​មេធាវី​ម្នាក់​ក្នុងចំណោម​ក្រុម​មេធាវី ការពារ​ក្តី​លោក លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​២៥ ខែកក្កដា ថា ក្រុម​មេធាវី​ការពារ​ក្ដី បាន​ស្នើឱ្យ​តុលាការ​មានការ​ពន្លឿន​ការ​បន្ត​សវនាការ លោក កឹម សុខា ឡើងវិញ​ក្ដី ប៉ុន្តែ មក​ដល់​ពេល​នេះ មិន​ទាន់​ទទួលបាន​ដំណឹង​ពី​តុលាការ​ស្ដីពី​ដំណើរការ​នៃ​ការបើក​សវនាការ​វិញ​នៅឡើយ​ទេ​។ សហ​មេធាវី​រូបនេះ ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​តុលាការ​បាន​ឆ្លើ​ប​តប​ជា​លិខិត​មក​មេធាវី​វិញ​ថា ការ​ពន្យារ​ពេលនេះ​ដោយហេតុ​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ សង្កេត​ឃើញ​ថា ស្ថានភាព​ជំងឺ​កូវីដ​-១៩ មិន​ទាន់​ធូរស្រាល​នៅឡើយ

សាលាដំបូង​រាជធានី ភ្នំពេញ​បានសម្រេច​ផ្អាក​សវនាការ​លោក កឹម សុខា គ្មាន​កាល​កំណត់​ព្រោះ​វិបត្តិ​ជំងឺឆ្លង​កូវីដ-១៩ កាលពី​ខែមីនា​។ ក្រុម​មេធាវី​លោក កឹម សុខា បានស្នើ​ឲ្យ​តុលាការ​បន្ត​សវនាការឡើង​វិញ​

ប៉ុន្តែ​លិខិត​របស់​សាលាដំបូង​រាជធានី ភ្នំពេញ​ចុះ​ថ្ងៃទី​២៣ ខែមិថុនា ដែល​ផ្ញើជូន​ក្រុម​មេធាវី ឱ្យដឹងថា ភាព​ប្រថុយប្រថាន​ដំណើរការ​សវនាការ​ឡើង​វិញ ក្នុង​គ្រា​ដែល​មិន​ច្បាស់លាស់​នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​-១៩ អាច​នាំ​អន្តរាយ​ដល់​សវនាការ​ទាំងមូល និង​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​ភាគី​ពាក់ព័ន្ធ បើ​មានការ​ចម្លង​មេរោគ​នេះ​ជា​យថាហេតុ​។ លិខិត​ដដែល​បន្តថា គ្រប់គ្នា​នៅ​មាន​អារម្មណ៍​ភ័យខ្លាច​អំពី​ជំងឺឆ្លង​កូ​វីដ​-១៩ ដែលមាន​ការរីក​រាល​ដាល​ដ៏​កាច​សាហាវ និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជា​សកល។ តុលាការ​ពន្យល់​ទៀត​ថា ម្យ៉ាងទៀត សាល​សវនាការ​ជំនុំជម្រះ មិនអាច​ផ្ទុក​អ្នកចូលរួម​ពី​៣០​នាក់​ទៅ​៤០​នាក់ ដោយ​តម្រូវឱ្យមាន​គម្លាត​វាង​គ្នា​និង​គ្នា​នូវ​ចម្ងាយ ២​ម៉ែត្រ ឬ​ទៅ​បី​ម៉ែត្រ បាន​ឡើយ​។ តុលាការ​លើកឡើង​ទៀត​ថា ការផ្អាក​សវនាការ​នេះ មាន​គោលបំណង រក្សា​បរិយាកាស​សវនាកា​រ ឱ្យ​មានភាព​រលូន ទំនួល​ខុសត្រូវ និង​ប្រកប​ដោយ​សុវត្ថិភាព​គ្រប់ភាគី​ពាក់ព័ន្ធ ក៏ដូចជា​សាធារណៈ​ជនជាតិ និង​អន្តរជាតិ ដែល​បាន​ចូល​ស្តាប់ ដោយ​គ្មាន​ការ​ភ័យខ្លាច​អំពី​មេរោគ​ដ៏​កាច​សាហាវ​នេះ។ប៉ុន្តែ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ដែល​តាមដាន​ដំណើរការ​សវនាការ​នេះ យល់​ថា បើ​តុលាការ​មាន​ឆន្ទៈ​ក្នុងការ​កាត់ក្ដី​រឿងនេះ គឺអាច​ធ្វើ​ទៅ​បាន​ដោយ​រក​ទីតាំង​បើក​សវនាការ​ធំ​ទូលាយ និង​អនុវត្ត​វិធានការ​បង្ការ​របស់​ក្រសួងសុខាភិបាល​។ មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ បន្ត​ថា ពន្យារពេល​បែបនេះ​ធ្វើឱ្យ​ខូចប្រយោជន៍​លោក កឹម សុខា៖ «បើ​មាន​ឆន្ទៈ​បន្ត​ក៏​អាចធ្វើ​បានដែរ​ដោយ​វិធានការ​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល អាច​ថា រក​បន្ទប់​ដែលមាន​ធំ​ទូលាយ​ហើយ​ធ្វើការ​ពិនិត្យ​កម្ដៅ លាងដៃ​នឹង​អាល់កុល រក្សា​គម្លាត​នៅក្នុង​តុលាការ​នៅតែ​អាច​បន្តបាន បើសិន​ឆន្ទៈ​របស់​តុលាការ​លោក​ចង់​បន្ត​បើក»

រីឯ អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​សាស្ត្រាចារ្យ ឯម សុណ្ណារ៉ា យល់​ថា ការ​អូសបន្លាយ​ពេល​សវនាការ​នេះ អាច​មក​ពី​តុលាការ​ពិបាក​ក្នុងការ​កាត់ក្ដី ដែល​មិន​ស្រួល​ដូច​ការ​ចោទ​ប្រកាន់​នោះទេ ខណៈ​សំណុំ​រឿងនេះ​តែងមាន​ការឃ្លាំមើល​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​។ លោក​បន្តថា ការ​ពន្យារពេល​នេះ គឺ​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ ខាត​ពេល​ក្នុង​ការធ្វើ​នយោបាយ​ឡើង​វិញ ហើយ​ផ្ទុយ​ទៅ​វិញ បែរជា​ធ្វើឱ្យ​បក្ស​កាន់អំណាច​ទទួលផល​ចំណេញ​ដែល​អាច​គ្រប់គ្រង​ស្ថានការណ៍​នយោបាយ​បានល្អ៖ «ពេល​កាត់ក្ដី​កាលពី​លើក​មុន យើង​ឃើញ​ប្រតិកម្ម​ពី​ទូត​អាមេរិក​អីចឹង​មក​ហើយ អ៊ីចឹង​ខ្ញុំ​គិត​ថា តុលាការ​ពិបាក​នឹង​កាត់ក្ដី​ដូច​ការចោទប្រកាន់ ហើយ​បើសិន​បើ​ចេះតែ​អូសបន្លាយ​ពេល ក៏​ជា​ករណី​មួយ​ធ្វើ​បក្សប្រឆាំង​កាន់តែ​បាត់​ថាមពល​បាត់​ភាពខ្លាំង​របស់ខ្លួន​ដែរ»

ប៉ុន្តែ លោក​សាស្ត្រាចារ្យ ឯម សុណ្ណារ៉ា ថា បក្ស​កាន់អំណាច ក៏​ប្រឈម​នឹង​វិធានការ និង​ការ​រិះគន់ ពី​សហគមន៍​អន្តរជាតិ ជាពិសេស​គឺ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផងដែរ។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ កាល​ពី​ឆ្នាំ​២០១៧​។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១៩ តុលាការ​បាន​បន្ធូរបន្ថយ​ការ​ត្រួតពិនិត្យ​ខ្លះ​ដោយ​អនុញ្ញាត​អាចឱ្យ​ធ្វើដំណើរ​ក្នុងប្រទេស ប៉ុន្តែ​ហាម​ធ្វើ​នយោបាយ។ នៅ​រយៈពេល​ចុង​ក្រោយ​ក្នុង​ខែកក្កដា​នេះ លោក កឹម សុខា បាន​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​មួយ​ចំនួន ដោយ​បានបង្ហាញ វត្តមាន នៅ​ចម្ការ​នៅ​ខេត្ត​ត្បូងឃ្មុំ ទៅ​សួរសុខទុក្ខ​អតីត​សហការី​របស់​លោក​នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​មាន​ជំងឺ ហើយ​លោក​ក៏បាន​ទៅ​បួងសួង​នៅ​រមណីយដ្ឋាន​ឧកញ៉ា​ឃ្លាំងមឿង ក្នុង​ខេត្ត​ពោធិ៍សាត់ ទៅ​ខេត្តកំពង់ចាម រួច​បន្តដំណើរ​ឈៀង​ចូល​មើល​ប្រាសាទបុរាណ​ក្នុង​ខេត្តសៀមរាប និង​ដើរ​មើល​ចម្ការ​ស្វាយ នៅ​ខេត្តកំពត រួមទាំង​ជជែក​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​កំពត​ជាដើម។

ការចេញ​ក្រៅ​ផ្ទះ​របស់លោក កឹម សុខា នេះ​ខណៈ​សហភាព​អឺរ៉ុប​នឹង​ចាប់​គិត​ពន្ធ ២០​ភាគរយ ពី​កម្ពុជា​នៅ​ពាក់​កណ្ដាល ខែ​សីហា​ខាងមុខ។

ទាក់ទង​ទៅនឹង​រឿងនេះ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា លោក កឹម សុខា ទើប​ធ្វើ​ដំណើរ​តាម​បណ្ដា​ខេត្ត​ពេល​នេះ អាចមក​លោក​ប្រើ​ពេល​ដើម្បី​ស្ទាបស្ទង់​ស្ថានការណ៍​ជាមុនសិន​។ ទោះជា​យ៉ាងណា ភ្លាមៗ​នោះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ចៅក្រម កូយ សៅ បាន​ចេញ​លិខិត​មួយ កាល​ពី​ថ្ងៃទី​២០ ខែកក្កដា ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ទទួល​របាយការណ៍​ពី​មន្ត្រីនគរបាល​យុត្តិធម៌​ដែល​ទទួល​បន្ទុក​តាមដាន លោក កឹម សុខា ឱ្យ​ដឹង​ថា លោក កឹម សុខា បានធ្វើ​សកម្មភាព​មួយ​ចំនួន ជា​ពិសេសនៅ​តាម​បណ្ដា​ខេត្ត​ដោយ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ ក៏ដូចជា​ការប្រមូលផ្ដុំ​ជួបជុំ​អ្នកគាំទ្រ​របស់ខ្លួន​ក្រោម​រូបភាព​ផ្សេងៗ។

លិខិត​នោះ​បន្ត​ថា សកម្មភាព​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន ឬ​នាំ​ទៅ​ដល់​ការ​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ

កាល​ពី​ខែ​មិថុនា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ចៅក្រម កូយ សៅ ឱ្យ​ដឹង​ថា ការ​បន្ត​សវនាការ​ឡើង​វិញ​បាន គប្បី​ធ្វើ​ឡើង​ក្នុង​ពេល​វេលា​សមស្រប​ណាមួយ​ដែល​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ មាន​បាន​ធូរស្រាល​ជា​ទូទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។