ស្ថានទូតអាមេរិកសំដែងសមានទុក្ខចំពោះគ្រួសារបណ្ឌិត កែម ឡី
2017.07.09
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដោយសំដែងសមានទុក្ខជាថ្មីចំពោះមរណភាពអ្នកវិភាគសង្គមដ៏ល្បី គឺបណ្ឌិត កែម ឡី ព្រមទាំងចូលរួមជាមួយប្រជាជនកម្ពុជា នៅក្នុងការអបអរជីវិត និងការងាររបស់លោក នៅថ្ងៃខួប១ឆ្នាំនេះ។
សាររំលែកទុក្ខរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុក (Facebook) អមនឹងរូបថតរបស់បណ្ឌិត កែម ឡី ផង។ ក្នុងសាររំលែកទុក្ខនោះដែរ ស្ថានទូតអាមេរិកសង្ឃឹមថា អ្នកប្រព្រឹត្តិនឹងត្រូវបានចាប់ឲ្យទទួលខុសត្រូវពេញលេញចំពោះអំពើលីលា និងដ៏កំសាកនេះ។
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ គឺជាខួបគម្រប់ ១ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព។ លោកត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅហាងកាហ្វេក្នុងស្តារម៉ាត (Star Mart) កាល់តិច (Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ។ ភ្លាមៗ ក្រោយឃាតកម្ម ជនសង្ស័យឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានចាប់ខ្លួន ហើយជាង ៨ខែក្រោយមក ជននេះត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោយពេលសារភាពថា ខ្លួនជាឃាតកសម្លាប់បណ្ឌិត កែម ឡី រឿងជំពាក់លុយ ៣ពាន់ដុល្លារ៕