សមាជិកសភាអាមេរិក បានស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរបបលោក ហ៊ុន សែន សាជាថ្មី ដោយប្ដូរចំណងជើងសេចក្ដីស្នើច្បាប់នោះ ពីច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៨ ឬ H.R. 5754 មកជាច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R 526 វិញ ដោយរក្សាទុកខ្លឹមសារដើមទាំងស្រុង។
សមាជិកសភាមកពីខាងគណបក្សកាន់អំណាច គឺគណបក្សសាធារណរដ្ឋ និង ជាតំណាងរាស្ត្រប្រចាំរដ្ឋ ហ្ល័រីដា (Florida) លោក ថិត យ៉ូហូ (Ted YOHO) ឲ្យអាស៊ីសេរីដឹងតាមសារអេឡិចត្រូនិច កាលពីថ្ងៃទី ២៩ ខែ មករា ថាលោករីករាយ ក្នុងការដាក់សេចក្ដីស្នើច្បាប់នេះ សាជាថ្មី ដើម្បីឲ្យសភាអាណត្តិថ្មីនេះ អនុម័ត។ លោកបន្តថា ច្បាប់នេះមានសារសំខាន់ ក្នុងការប្រឆាំងទៅនឹងរបបលោក ហ៊ុន សែន ដែលបំផ្លាញប្រជាធិបតេយ្យ និង រំលោភសិទ្ធិមនុស្សនៅកម្ពុជា។
លោកបញ្ជាក់បន្ថែមថា តាមរយៈច្បាប់នេះ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ចំពោះជនទាំងឡាយណា ដែលបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ។ បន្ថែមលើការបង្កទ្រព្យសម្បត្តិជនទាំងនេះ លោក ថិត យ៉ូហូ ថាច្បាប់នេះនឹងពង្រឹងច្បាប់រឹតត្បិតការធ្វើដំណើររបស់អ្នកទាំងនោះ មកកាន់ទឹកដីអាមេរិក។
នាយកផ្នែកទំនាក់ទំនង នៃការិយាល័យតំណាងរាស្ត្ររបស់លោក ថិត យ៉ូហូ គឺលោក ប្រ៊ៃអិន ខាវ៉ិននី (Brian Kaveney) បានឲ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី២៩ ខែមករាដែរថា តាមពិតច្បាប់ H.R 526 នេះត្រូវបានស្នើឡើង តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។ ប៉ុន្តែ ការជូនដំណឹងអំពីការទទួលចុះបញ្ជីច្បាប់នេះ តាមនីតិវិធីផ្លូវការរបស់ស្មៀនរដ្ឋសភា ត្រូវការពេលវេលាសមស្របមួយ ទម្រាំអាចប្រកាសជាផ្លូវការបាន ទើបដំណឹងនេះ ដឹងជាផ្លូវការនៅក្រោយថ្ងៃទី១៥ ខែមករា។
សេចក្ដីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជានេះ សភាអាមេរិកអនុម័តជាឯកច្ឆន្ទម្ដងរួចទៅហើយកាលពីអាណត្តិមុន កាលពីខែកក្កដា ឆ្នាំ ២០១៨។ ប៉ុន្តែ ព្រឹទ្ធសភាអាមេរិកនៅពេលនោះ មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីអនុម័តច្បាប់នេះ ឲ្យទាន់មុនដាច់ឆ្នាំនោះ។
ខ្លឹមសារទាំងស្រុងនៃសេចក្ដីស្នើច្បាប់នេះ គឺដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង មន្ត្រីរបបលោក និងជនឯទៀត ដែលចូលដៃក្នុងការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា។ ទណ្ឌកម្មទាំងនោះ រួមមានពីរធំៗ គឺទីមួយ បិទទិដ្ឋាការ ដោយមិនឲ្យមន្ត្រី និង អ្នកពាក់ព័ន្ធទាំងនោះ ចូលទឹកដីអាមេរិក និងពីរ បង្កកទ្រព្យសម្បត្តិទាំងអស់របស់មន្ត្រី និង អ្នកពាក់ព័ន្ធទាំងនោះ។
លោក ថិត យ៉ូហូ បញ្ជាក់បន្ថែមថា ច្បាប់នេះ ធ្វើឡើងដើម្បីជួយប្រជាពលរដ្ឋកម្ពុជា ក្នុងការតស៊ូ និង ទាមទារដើម្បីឲ្យមានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ ដូច្នេះហើយទើបសមាជិកសភាអាមេរិក ធ្វើច្បាប់ដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន ដើម្បីបន្ថយអំណាចផ្ដាច់ការសព្វថ្ងៃ។
ស្របពេលដែលខាងសភាអាមេរិក កំពុងរកចំណាត់ការដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន ឲ្យបានឆាប់ សមាជិកព្រឹទ្ធសភាអាមេរិកឯណោះ ក៏កំពុងស្វែងរកការដាក់ទណ្ឌកម្មបន្ថែមដែរ។
សមាជិកព្រឹទ្ធសភាពីខាងគណបក្សសាធារណរដ្ឋ លោក ថិត គ្រូស (Ted CRUZ) និងសមាជិកព្រឹទ្ធសភា មកពីខាងគណបក្សប្រជាធិបតេយ្យ លោក គ្រីស ឃូនស៍ (Chris COONS) កាលពីថ្ងៃទី៩ ខែមករា បានដាក់សេចក្ដីស្នើច្បាប់មួយ ស្តីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩ ដើម្បីឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពិចារណាឡើងវិញ លើការផ្ដល់ការអនុគ្រោះពន្ធទូទៅ (ឬ GSP) ដល់របបលោក ហ៊ុន សែន។ ការពិចារណាឡើងវិញនេះ រួមមាន ការដកទាំងស្រុង ព្យួរ ឬកាត់បន្ថយការផ្ដល់ការអនុគ្រោះពន្ធ ដែលផ្ដល់ដល់កម្ពុជា ដោយសារតែរបបលោក ហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។
អាស៊ីសេរី មិនទាន់អាចសុំប្រតិកម្មពីមន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន បាននៅឡើយទេនៅពេលនេះ។ ប៉ុន្តែ មន្ត្រីនាំពាក្យរបបនេះម្នាក់ គឺលោក ផៃ ស៊ីផាន ធ្លាប់អះអាងថា កម្ពុជាមិនស្លាប់ទេ ទោះមានទណ្ឌកម្មអ្វីក៏ដោយ។ លោកថា ទណ្ឌកម្មណាមួយមកលើកម្ពុជា គ្មានប្រយោជន៍ទេ ព្រោះអាមេរិកបានតែថា។ ម្យ៉ាងទៀតលោកអះអាងថា កម្ពុជាធ្លាប់ភ្លក្សរសជាតិទណ្ឌកម្មជុំទិសគ្រប់គ្រាន់ហើយ ទាំងទណ្ឌកម្មការទូត និងសេដ្ឋកិច្ច និងពេលនេះ កម្ពុជាអាចស៊ូទ្រាំនឹងទណ្ឌកម្មណាមួយពីសហគមន៍អន្តរជាតិបាន ដោយមិនត្រូវឱនក្បាលចំពោះបរទេសនោះឡើយ។
ក្រោយពីការម្លាយគណបក្សសង្គ្រោះជាតិ និង រៀបចំការបោះឆ្នោតដោយផាត់ចោលគណបក្សប្រឆាំងមួយនេះ របបលោក ហ៊ុន សែន រងទណ្ឌកម្មពីអន្តរជាតិ ក៏ប៉ុន្តែលោក ហ៊ុន សែន ចោទគណបក្សសង្គ្រោះជាតិថាជាមេនាំភ្លើង នៅក្នុងការដាក់ទណ្ឌកម្មលើរបបនេះ។ ជាការឆ្លើយតប ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ថាលោក ហ៊ុន សែន ទៅវិញទេ ដែលនាំកម្ពុជាទៅរកគ្រោះថ្នាក់នេះ។ ថ្លែងនៅមុខអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ នៅអាមេរិក កាលពីពេលថ្មីៗ នេះ លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ជាមនុស្សឧត្បាត៖ «ហ៊ុន សែន ចាប់ឲ្យប្រជារាស្ត្រខ្មែរ រងគ្រោះជំនួសគាត់ ដោយសារគាត់ មនុស្សដែលនាំមកនូវគ្រោះថ្នាក់សម្រាប់អ្នកដទៃ គេហៅថាមនុស្សចង្រៃ។ បើបងប្អូនរងគ្រោះឈឺចាប់ ដោយសារទណ្ឌកម្មអន្តរជាតិនេះ គឺដោយសារ ហ៊ុន សែន។ ហ៊ុន សែន ឯងធ្វើបាបអ្នកប្រជាធិបតេយ្យ។ ហ៊ុន សែន ឯងគាបសង្កត់គេ ចាប់ កឹម សុខា ដាក់គុក ឃុំឃាំង កឹម សុខា ក្នុងផ្ទះ ដូច្នេះតាមអ្វីដែលសហគមន៍អន្តរជាតិ ទាមទារមក ប្រាំចំណុច។ អាហ្នឹងមិនមែន សម រង្ស៊ី អ្នកនិយាយទេ គឺសហគមន៍អន្តរជាតិគេនិយាយ»។
ទាំងអ្នកវិភាគ អ្នកឃ្លាំមើលកិច្ចការសង្គម មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គមស៊ីវិល សុទ្ធតែយល់ឃើញថា ដំណោះស្រាយដែលសមស្រប ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ គឺស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដើម្បីបញ្ចៀសទណ្ឌកម្មទាំងនេះ ហើយបើមានទណ្ឌកម្មមែន លោក ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវ ចំពោះមុខប្រវត្តិសាស្ត្រ នៃការដឹកនាំប្រទេសនេះ ឲ្យរងទណ្ឌកម្មដែលអាចចៀសវាងបានបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។