សហរដ្ឋ​អាមេរិក​បន្ត​គាំទ្រ​សកម្មភាព​សង្គម​ស៊ីវិល​នៅ​កម្ពុជា

ដោយ វណ្ណ វិចារ
2014.03.31
Share on WhatsApp
Share on WhatsApp
វីល្លៀម ថត ៦១០ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន នា​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១៣។
RFA

មន្ត្រី​អាមេរិក​រិះគន់​គម្រោង​​រឹតត្បិត​សេរីភាព​សង្គម​ស៊ីវិល។ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ថត (William E. Todd) បាន​បរិយាយ​ថា គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក គឺ​គាំទ្រ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

កិច្ចប្រជុំ​របស់​ក្រុម​ការងារ​កំណែរ​ទម្រង់​ការ​បោះ​ឆ្នោត​នៃ​គណបក្ស​មាន​អាសនៈ​ក្នុង​សភា បាន​ព្រមព្រៀង​គ្នា​លើ​ចំណុច​មួយ​ដែល​មាន​ចែង​ពី​សុចរិតភាព​របស់​សង្គម​ស៊ីវិល។ ប្រការ​នេះ នាំ​ឲ្យ​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា មាន​ក្តី​បារម្ភ​ថា វេទិកា​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា អាច​នឹង​រង​ការ​គំរាមកំហែង។

លោក វីល្លៀម ថត សរសេរ​ក្នុង​អត្ថបទ​របស់​ខ្លួន​ថា លោក​ជឿ​ថា រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ណា​មួយ​ដែល​ព្យាយាម​ដាក់​កម្រិត​ដល់​ឯករាជភាព​របស់​សង្គម​ស៊ីវិល នឹង​ក្លាយ​ជា​ជំហាន​ដើរ​ថយ​ក្រោយ​នៃ​ដំណើរការ​អភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ពិសេស​ទាក់ទង​នឹង​ការ​អង្កេត​ការ​បោះ​ឆ្នោត។

លោក​រំលឹក​ថា រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​ទៅ សង្គម​ស៊ីវិល​បាន​បំពេញ​តួនាទី​យ៉ាង​ខ្លាំងក្លា​ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ហើយ​ពួកគេ​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​រដ្ឋាភិបាល។ លោក​បន្ត​ថា គោលនយោបាយ​ការបរទេស​របស់​អាមេរិក មាន​ជំនឿ​ថា សេរីភាព​នៃ​សង្គម​ស៊ីវិល គឺ​ជា​ការ​ចាំបាច់​ដើម្បី​ឲ្យ​មាន​អភិបាលកិច្ច​តាម​លទ្ធិប្រជាធិបតេយ្យ​និង​វិបុលភាព។ ហើយ​ស្ថានទូត​សហរដ្ឋ​អាមេរិក នឹង​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រុម​សង្គម​ស៊ីវិល ផ្ដល់​ជំនួយ ផ្ដល់​ប្រឹក្សា​ដល់​សង្គម​ស៊ីវិល​ជា​ដៃគូ។

លោក វីល្លៀម ថត បញ្ចប់​អត្ថបទ​របស់​ខ្លួន​ដោយ​ប្រកាស​លើក​ទឹក​ចិត្ត​ឲ្យ​មេដឹកនាំ​នយោបាយ​ទទួល​យក​សង្គម​ស៊ីវិល​ជា​ដៃគូ​ដ៏​មាន​តម្លៃ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម។

ក្នុង​កិច្ច​ចរចា​រវាង​គណៈកម្មការ​កែទម្រង់​ការ​បោះ​ឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ភាគី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្នើ​បក្ស​ប្រឆាំង​លើ​ប្រធានបទ​សុចរិតភាព​របស់​សង្គម​ស៊ីវិល ហើយ​ប្រធានបទ​នេះ ក៏​ត្រូវ​បាន​គណបក្ស​ប្រឆាំង​យល់​ព្រម​យក​សំណើ​នេះ​ទៅ​ដាក់​ក្នុង​ប្រធានបទ​ចំនួន ១៤ ដែល​បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ដែរ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ពន្យល់​ពី​បំណង​នៃ​ការ​ប៉ុនប៉ង​បង្កើត​ច្បាប់​នេះ​ថា បក្ស​កាន់​អំណាច​ចង់​ឲ្យ​សង្គម​ស៊ីវិល​ធ្វើការ​ដោយ​មិន​លំអៀង ស្រប​តាម​ច្បាប់​មួយ​ដ៏​ត្រឹមត្រូវ៖ «យើង​ចង់​ធ្វើ​ម៉េច​ឲ្យ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សង្គម​ស៊ីវិល​ហ្នឹង​ចេញ​ទៅ​បាន​ហើយ អោយ​ស្រួល​ទាំង​សង្គម​ស៊ីវិល​និង​រដ្ឋាភិបាល។ កន្លង​ទៅ​កាន់​ជើង​តែ​បក្ស​ម្ខាង»

ទោះ​ជា​បែប​ណា​ក្តី គណបក្ស​ប្រឆាំង​ប្រកាស​ថា ខ្លួន​មិន​គាំទ្រ​ឲ្យ​បង្កើត​ច្បាប់​គ្រប់​គ្រង​សង្គម​ស៊ីវិល​ឡើយ។ លោក កឹម សុខា បាន​ថ្លែង​ក្នុង​សមាជ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​បោះ​ឆ្នោត​ឡើង​វិញ។ ហើយ​លោក​ក៏​រិះគន់​ពី​ចេតនា​របស់​បក្ស​កាន់​អំណាច​ក្នុង​ការ​រៀបចំ​ច្បាប់​ស្ដីពី​ការ​រៀបចំ​និង​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​សង្គម​ស៊ីវិល​ដែរ។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ជាង ៣​ពាន់​ស្ថាប័ន ដែល​បម្រើការ​ក្នុង​វិស័យ​ផ្សេងៗ​គ្នា។ អង្គការ​ដែល​ល្បី​ឈ្មោះ​ភាគ​ច្រើន​ធ្វើការ​ផ្នែក​លើក​ស្ទួយ​សិទ្ធិ​មនុស្ស ជំរុញ​លទ្ធិប្រជាធិបតេយ្យ និង​ផ្នែក​កសិកម្ម​ជាដើម។ ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​សង្គម​ស៊ីវិល​នេះ ស្ថិត​នៅ​ក្នុង​ដៃ​ក្រសួង​មហាផ្ទៃ ហើយ​ផែនការ​បង្កើត​ច្បាប់​នេះ ក៏​ត្រូវ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​ចេតនា​គាប​សង្កត់​សេរីភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។
ខ្ទង់​សារព័ត៌មាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ចេញ​ផ្សាយ​ជា​រៀងរាល់​សប្ដាហ៍​នៅ​ថ្ងៃ​អាទិត្យ។ កាល​ពី​សប្ដាហ៍​មុន លោក វីល្លៀម ថត បាន​ចាប់​អារម្មណ៍​ក្នុង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​គោលនយោបាយ​នានា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
គណបក្ស​ចំនួន​៣ ចូលរួម​ប្រកួត​ដណ្ដើម​កៅអី​ក្រុមប្រឹក្សា​ស្រុក​ក្រុង​ទើប​បំបែក​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។