អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ​២០១៨

ដោយ តាំង សារ៉ាដា
2017-12-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។
Photo: RFA

ក្រុម​អ្នកច្បាប់​សហរដ្ឋ​អាមេរិក​គ្រោង​ដាក់​ចេញ​នូវ​វិធានការ​ធ្ងន់ធ្ងរ​ជាក់លាក់ ក្នុង​ការ​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។ វិធានការ​ថ្មី​នេះ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ។

តំណាងរាស្ត្រ​សហព័ន្ធ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ ប្រចាំ​រដ្ឋ​ហ្វ្លរីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មការ​កិច្ច​បរទេស​សភា​អាមេរិក លោក ថិត យ៉ូហូ (Ted Yoho) បាន​ប្រាប់ អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ថា វិធានការ​ថ្មី​ដែល​រដ្ឋសភា​អាមេរិក​គ្រោង​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ​នឹង​ចេញ​ជា​លទ្ធផល នៅ​ខែ​មករា ខាងមុខ​យ៉ាង​យូរ​បំផុត៖ «គណៈកម្មការ​របស់​យើង​ធ្វើ​កិច្ចការ​លឿន​ណាស់ អ្នកឯង​នឹង​បាន​ដឹង អំពី​ដំណឹង​នេះ​ប្រហែល​នៅ​ខែ​មករា ឬ​ខែ​កុម្ភៈ។ យើង​ក៏​ចង់​ឲ្យ​ពលរដ្ឋ ខ្មែរ​ទាំងអស់​ដឹង​ដែរ​ថា យើង​នឹង​ឈរ​ជាមួយ​ពួកគេ​ទាំងអស់​គ្នា ហើយ​តស៊ូ​ទាមទារ​សេរីភាព​របស់​ពួកគេ​មកវិញ​ឲ្យ​ទាល់តែ​បាន។ យើង​ក៏​ចង់​ប្រាប់​លោក ហ៊ុន សែន ដែរ​ថា ផ្លូវ​ដែល​លោក​កំពុង​ដើរ​នេះ មិនមែន​ជា ជម្រើស​ល្អ​នោះ​ទេ ហើយ​ផ្លូវ​របៀប​នេះ​ធ្លាប់​នាំ​អោយ​ប្រទេស​របស់​ខ្លួន​មាន​ជម្លោះ ម្ដង​រួច​មក​ហើយ។ ដូច្នេះ​លោក ហ៊ុន សែន គួរ ផ្ដោត​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការ​លើក​កម្ពស់​ពលរដ្ឋ​របស់​ខ្លួន​វិញ​ប្រសើរ​ជាង។ ការ​លើក​កម្ពស់ សិទ្ធិ​ពលរដ្ឋ​របស់​នឹង​នាំ​ឲ្យ សេដ្ឋកិច្ច​របស់​ប្រទេស​មាន​ភាព​រុងរឿង»

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​រូប​នេះ​អះអាង​ថា អាមេរិក​មាន​ទណ្ឌកម្ម​ជាច្រើន​ដែល​អាច​ធ្វើ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា។ លោក​បន្ត​ថា សហរដ្ឋអាមេរិក​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់​ខ្លួន​រួច​គឺ​គាំ​ទ្រ ពលរដ្ឋ​ខ្មែរ​ឥត​ងាករេ ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​អោយ​ទាល់តែ​បាន។

ការ​អះអាង​របស់​លោក ថិត យ៉ូហូ ធ្វើឡើង​នៅ​ក្រោយ​សវនាការ​សួរដេញដោល​គ្នា​មួយ​របស់​អនុគណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ដែល​មាន​កូនស្រី ច្បង​របស់​លោក កឹម សុខា លោក ឃែននេត វ័រឡាក់ (Kenneth Wallace) ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI និង អ្នកស្រី អូលីវៀ អ៊ីណូស (Olivia Enos) មន្ត្រី​ជាន់ខ្ពស់ នៃ​អង្គការ​មូលនិធិ កេរ្តិ៍​ដំណែល​ពិភពលោក​ចូលរួម​ធ្វើ​សក្ខីកម្ម។

នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១២ ធ្នូ នោះ ក្រុម​តំណាងរាស្ត្រ​អាមេរិក បាន​ស្នើ​ឲ្យ​សាក្សី​ជួយ​ស្រាវជ្រាវ និង​រៀបចំ​បញ្ជី​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​សង្គ្រោះជាតិ អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។

ជាង​នេះ​ទៅ​ទៀត សមាជិកសភា​ពី​ខាង​គណបក្ស​សាធារណរដ្ឋ លោក ដេណា រ៉ូរ៉ាបាឃើរ (Dana Rohrabacher) ព្រមាន​ថា អាមេរិក​នឹង​អាច​ប្រើ​ច្បាប់ ក្លូបល មែកនីតស្គី (Global Magnitsky) ដើម្បី​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​បុគ្គល​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​ទទួល​ផល​ពី​អំពើពុករលួយ​ក្នុង​របប ដឹកនាំ​របស់​លោក ហ៊ុន សែន។

ច្បាប់​នេះ​ឥទ្ធិពល​បង្កក​ទ្រព្យ រឹបអូស​ទ្រព្យសម្បត្តិ ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក និង​ហាមឃាត់​ការ​ធ្វើ​ដំណើរ​មកកាន់​សហរដ្ឋ​អាមេរិក​ថែមទៀត។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ហៅ​វិធានការ​ថ្មីៗ របស់​សហរដ្ឋអាមេរិក​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ថា ជា​វិធានការ​ព្រៃផ្សៃ​ធ្វើ​តាមតែ​អំពើ​ចិត្ត​ទៅតាម​មហិច្ឆតា​របស់​ខ្លួន​ប៉ុណ្ណោះ៖ «វា​បង្ហាញ​មហិច្ឆតា​ចង់​គាបសង្កត់​មក​លើ​រដ្ឋាភិបាល​ដោយសារតែ​កាន់ជើង​អាយ៉ង​របស់​ខ្លួន ក្នុង​ការ​ដែល​ដាក់ខ្លួន​ដាក់​កាយ​បម្រើ​ជនបរទេស ក្នុង​សតិអារម្មណ៍​បម្រើ​ចក្រពត្តិ​និយម​តទៅទៀត​ក្នុង​សង្គ្រាម​មនោគមន៍​វិជ្ជា​នៅ​លើ​ពិភពលោក​តែ​ប៉ុណ្ណោះ។ ខ្ញុំ​យល់ថា​បញ្ហា​ហ្នឹង​វា​សាហាវ ព្រៃផ្សៃ​ខ្លាំង​ណាស់​ក្នុង​ការ​លើក​វិធានការ​ដែល​មិន​មាន​ការ​ផ្អែកលើ​គោលការណ៍​ច្បាប់​អី​ច្បាស់លាស់​ទេ»

ក្រោយ​ពី​គ្មាន​ដំណោះស្រាយ​លើ​វិបត្តិ​គោលការណ៍​ប្រជាធិបតេយ្យ នៅ​កម្ពុជា សហរដ្ឋអាមេរិក​បាន​បោះ​ជំហាន​ដំបូង​របស់​ខ្លួន ក្នុង​ការ​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត​ទៅ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា។ ជំហាន​បន្ទាប់​មក​ទៀត គឺ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន បាន​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល កម្ពុជា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ លទ្ធិប្រជាធិបតេយ្យ មិន​អោយ​ជាន់​ដី​សហរដ្ឋអាមេរិក។

ហើយ​ជំហាន​បន្តបន្ទាប់​ទៅទៀត អ្នកស្រី អូលីវៀ អ៊ីណូស មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​មូលនិធិ​កេរ្តិ៍​ដំណែល បាន​ផ្ដល់​អនុសាសន៍ ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​ជាន់ខ្ពស់ នៃ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដាក់​តម្កល់​នៅ​បរទេស និង​កៀរគរ ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កោះ​ប្រជុំ​អំពី​បញ្ហា​កម្ពុជា​ឡើងវិញ។

ចំណែក​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ផាតទ្រីក មើសហ្វី ក៏​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្វែរ​ស្ថានការណ៍​របស់​ប្រទេស​វិល​មក​រក​ភាព​ប្រក្រតី​វិញ គឺ​មាន​ការ​ដោះលែង លោក កឹម សុខា ដោះលែង​រាល់​អ្នកទោស​នយោបាយ បើក​អោយ​សង្គម​ស៊ីវិល និង​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​ដំណើរការ​ឡើងវិញ និង​លប់​ចោល​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

មន្ត្រី​ការបរទេស​ជាន់ខ្ពស់​របស់​អាមេរិក​រូប​នេះ ក៏បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​មិន​ពិត​ដែល​ថា សហរដ្ឋអាមេរិក​នៅ​ក្រោយ​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

បងខ្លាំងលេងតាមខ្លាំងឡើងចឹង

Dec 15, 2017 04:16 AM

ចំរើន

ពី ស្វាយរៀង

លោកទុក្ខអវសាន្ត និយាយថា:អាមេរីកសាហាវ ព្រៃផ្សៃ អាងអំណាចជាប្រទេសធំធ្វើបាបគេ។ បើគាត់ស្អប់អាមេរីកណាស់ ,ម្តេចក៏មិនឱ្យប្រពន្ធកូន, កូនប្រសារនិងខ្លួនគាត់លាសញ្ជាតិអាមេរីកហើយ ? ម្តេចមិនលក់ផ្ទះ, លក់ទាំងភោជ្ជនិយដ្ឋាននៅអាមេរីក ហើយនាំគ្នាទៅរស់នៅឯកម្ពុជាទៅ ? រួចម្តេចក៏មិននាំគ្នាដុតចោលលុយដុល្លាអាមេរីក ដែលគាត់មាននៅឯធនាគារទាំងអស់ចោលហើយនាំគ្នាចាយលុយខ្មែរទៅ ?

Dec 15, 2017 01:33 AM

kom sot

ពី P PENH

សុកអីសានគ្រាន់ថាអត់ខ្លាចប្រទេសមហាអំណាចដាក់ទណ្ឌកម្មទេអី
ឥឡូវមេចក៏ស្រែកថាគេឃោឃៅស្រែកទៀតទៅអាពៅកុំខ្លាចពួកអា
អែបអប មិនអាណឹតរាស្ដ្រធ្វើបាបរាស្ដ្រមើលមិនឃើញរាស្ដ្រអត់ស៊ីអាងខ្លួនមាន
រាប់លានដុល្លា។

Dec 14, 2017 07:26 PM

KODAK

ពី P PENH

ឮសូរតែដាក់ទណ្ឌកម្មបិទទិដ្ឋាការនឹងចង់មួយខែមកហើយទីបញ្ចប់ទើបតែរៀបចំឥចឹងបានជាពួកCPPវាបានចឹត្តណាស់អត់ខ្លាចហើយហៅឲ្យ
ដាក់ទណ្ឌកម្មមក​ ផ្តាច់ជំនួយមកធ្វើអីកម្ពុជាធ្វើមក អត់មែន៕

Dec 14, 2017 06:59 PM

គេហទំព័រ​ទាំងមូល