លោក យឹម សុវណ្ណ សមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា នៅពេលក្បួនហែមានមនុស្សចូលរួមប្រមាណ ៥.០០០នាក់ ទៅដល់ផ្លូវលំមុខវត្តដំបូកខ្ពស់ ស្រាប់តែមានមនុស្សមួយក្រុមវាយយុវជនចូលរួមហែក្បួនគណបក្សសង្គ្រោះជាតិ មានចាប់អូសចូលផ្ទះ និងមានសំឡេងបាញ់កាំភ្លើងប្រមាណពី ៥ ទៅ ១០គ្រាប់។
ចំណែកយុវជនមួយរូបដែលបានចូលរួមហែ និងបានឃើញហេតុការណ៍វាយតប់គ្នានោះ បានរៀបរាប់ឲ្យដឹងថា ហេតុការណ៍ចាប់ផ្ដើមដោយក្រុមក្បួនយុវជនសង្គ្រោះជាតិ តាមហ្វេសប៊ុក (Facebook) បានហែពីច្បារអំពៅ មកកាន់សង្កាត់បឹងត្របែក។ ពេលមកដល់មុខវត្តដំបូកខ្ពស់ បានបត់តាមផ្លូវលំលេខ១៣៥ មកទិសខាងកើត មកសង្កាត់បឹងត្របែក ដើម្បីធ្វើយុទ្ធនាការពេលយប់។ បន្ទាប់មកមានម៉ូតូមួយគ្រឿងមានមនុស្សជិះ ២នាក់ បានធ្វើដៃសញ្ញាលេខ៤ ជាសញ្ញាសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដាក់ក្រុមយុវជនហែក្បួន។ បន្ទាប់មក ក្រុមយុវជនហែក្បួនបានធ្វើដៃជាសញ្ញាលេខ៧ របស់គណបក្សសង្គ្រោះជាតិ ដាក់វិញ។
ដោយមានទំនាស់រឿងសញ្ញាគណបក្សដាក់គ្នានោះ យុវជនដែលលើកដៃសញ្ញាលេខ៤ បានបើកទ្វារផ្ទះដែលក្រុមយុវជនសង្គ្រោះជាតិ ហែកាត់ ហើយទាញកអាវក្រុមយុវជនហែក្បួនខាងគណបក្សសង្គ្រោះជាតិ ចំនួន ៣នាក់ ចូលទៅក្នុងនោះ។ នៅក្នុងផ្ទះនោះមានមនុស្សមួយក្រុមកំពុងផឹកស៊ី។ តែមានយុវជន ២នាក់ បានរត់ចេញមកវិញរួចខ្លួន។ ហេតុការណ៍នោះកើតឡើងមុខផ្ទះរបស់លោកឧកញ៉ា លី គឹមលុន។
Video Platform Video Management Video Solutions Video Player
សាក្សីបានរៀបរាប់ថា ក្រុមយុវជនដែលគាំទ្រគណបក្សប្រជាជនកម្ពុជា នោះ បានវាយទៅលើយុវជនដែលគាំទ្រគណបក្សសង្គ្រោះជាតិ ហើយមានការវាយតប់គ្នាទៅវិញទៅមក។ ក្រោយមក មានការបិទទ្វារ ហើយមានសំឡេងបាញ់កាំភ្លើងចំនួនពី ៥ ទៅ ៧គ្រាប់។ ក្រោយពីមានការបាញ់ហើយ មានចាន ឆ្នាំង បានគប់ចេញពីផ្ទះនោះមកលើក្រុមយុវជនហែក្បួនរបស់គណបក្សសង្គ្រោះជាតិ។ បន្ទាប់ពីមានហេតុការណ៍វាយតប់ និងបាញ់បោះអនាធិបតេយ្យមកនោះ អាជ្ញាធរមានសមត្ថកិច្ចក៏បានមកដល់។
ប្រភពមន្ត្រីអង្គការសិទ្ធិមនុស្ស បានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចដែលរួមមានលោកស្នងការប៉ូលិសរាជធានីភ្នំពេញ លោក ជួន សុវណ្ណ មន្ត្រីតុលាការ និងមេបញ្ជាការប៉េអិមរាជធានីភ្នំពេញ បានទៅដល់កន្លែងកើតហេតុ ហើយបានឲ្យនាំខ្លួនយុវជនដៃដល់ និងម្ចាស់ផ្ទះ សរុបចំនួន ៣នាក់ ទៅទីបញ្ជាការប៉េអិមរាជធានីភ្នំពេញ ដើម្បីសាកសួរ។
ទោះបីមានការសង្ស័យថាមានការឃាត់ខ្លួនយុវជនចូលរួមហែក្បួនរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងផ្ទះក៏ដោយ តែក្រោយមកមានការឆែកឆេរបញ្ជាក់ថាមិនមានការឃាត់ខ្លួនមនុស្សឃុំទុកក្នុងផ្ទះនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។