ចៅក្រម និង​ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ សួរ​លោក វន់ ពៅ ពី​ទំនាក់ទំនង​ជាមួ​យ​លោក កឹម សុខា

ដោយ សន ចាន់រដ្ឋា
2018-09-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​លោក​ដឹក​នាំ​ការ​តវ៉ា​សុំ​ឲ្យ​ទំនិញ​ចុះ​ថោក កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៣។
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​លោក​ដឹក​នាំ​ការ​តវ៉ា​សុំ​ឲ្យ​ទំនិញ​ចុះ​ថោក កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៣។
RFA/Sek Bandith

អ្នកតស៊ូមតិលោក វន់ ពៅ និយាយថា ចៅក្រម និង​ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សាក​សួរ​លោក​យ៉ាង​ច្រើន​ពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​លោក កឹម សុខា ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ។ ការ​លើក​ឡើង​របស់​លោក វន់ ពៅ នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា បន្ទាប់​ពី​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រូប​នេះ បាន​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ពាក់ព័ន្ធ​ករណី​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា។

ក្រោយការសាកសួរអស់​រយៈ​ពេល​ជាង​ពីរ​ម៉ោង នៅ​តុលាការ​រាជធានី​ភ្នំពេញ លោក វន់ ពៅ ក៏​ដូច​សាក្សី​ផ្សេងៗ ដែរ គឺ​លោក​ត្រូវ​តុលាការ​អនុញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ក្រោយចេញ​ពី​តុលា​ការ​​ អតីត​ជា​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុងរូបនេះ​ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោក​ត្រូវ បាន​ចៅ​ក្រម​ស៊ើបសួរ​លោក គី ឫទ្ធី និង​ព្រះរាជ​អាជ្ញា​រង​សួរ​ទាក់ទង​ការ​ធ្វើបាតុកម្មរបស់​លោក​កាល​ពី​ចុង​ឆ្នាំ២០១៣ និង​ដើម​ឆ្នាំ​២០១៤ កន្លង​​ទៅ ដែល​កាល​នោះ​លោក​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ។ លោក​ថា ក្រៅ​ពី​ការ​សាកសួរ​ចៅក្រម​បាន​ចាក់​វីដេអូ​នៃ​ការ​ទាមទារ​នៅ​មុខ​រោងចក្រ យ៉ាកជិន (Yak Jin) ថែម​ទៀត​ផង។

លោក វន់ ពៅ ឲ្យ​ដឹង​ទៀត​ថា សំណួរ​សំខាន់​មួយ​ទៀត ដែល​ព្រះរាជ​អាជ្ញា​រង និង​ចៅក្រម​សាកសួរ គឺ​ទំនាក់ទំនង​រវាង​សមាគម​លោក​ជាមួយ​គណបក្ស សង្រ្គោះ​ជាតិ និង​ប្រភព​ថវិការ​របស់​សមាគម​លោក៖ «សួរ​ពីរម៉ោងជាង ហើយ​គេ​ចាក់​ឯកសារ​កាល​ពី​ចុង​ឆ្នាំ២០១៣ និង​ដើមឆ្នាំ២០១៤ ហើយ​គេ​សួរ​ពី​ព្រឹត្តិការណ៍​នៅ​មុខ​រោងចក្រ យ៉ាកជិន នេះ ជា​ចំណុច​សំខាន់ៗ សំខាន់​​មួយ​​ទៀត​​គេ​​សួរ​​ពី​​ម្ចាស់​​ជំនួយ​​របស់​​សមាគម»

លោក វន់ ពៅ បន្តឲ្យដឹង​ទៀត​ថា ទោះ​តុលាការ​ព្យាយាម​សួរ​ពី​ទំនាក់ទំនង​រវាង​គណក្ស សង្រ្គោះ​ជាតិ និង​សមាគម​របស់​លោក​យ៉ាង​ណា​ក្តី លោក​នៅ​តែ​រក្សា​ចម្លើយ​របស់​លោក​ទៅ​កាន់​តុលាការ​ថា លោក​គ្មាន​ទំនាក់ទំនង​អ្វី​ជាមួយ​គណបក្ស សង្រ្គោះ​ជាតិ និង​លោក កឹម សុខា ដែរ។ លោក​បញ្ជាក់​ទៀត​ថា បើ​ទោះ​ជា​លោក កឹម សុខា ធ្លាប់​ទៅ​សួរ​សុខ​ទុក្ខ​ក្នុង​ពេល លោក​ជាប់​ពន្ធនាគារ​ត្រពាំ​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ​កន្លង​ទៅ គឺ​ជា​ទឹក​ចិត្ត​របស់​លោក កឹម សុខា ប៉ុណ្ណោះ៖ «គ្មាន​ទំនាក់​អី​ទេ ព្រោះ​យើង​ជា​អង្គការ​សង្គម​ស៊ីវិល គណបក្ស​ផ្សេង អង្គការ​សង្គម​ស៊ីវិល​ផ្សេង គេ​ទទួល​យក​ចម្លើយ​របស់​យើង​ទាំង​អស់ គេ​កត់​ចូល​កំណត់​គេ។ ការ​សាកសួរ​ពី​ព្រឹក​ម៉ិញ​ខ្ញុំ​យល់​ថា ជា​នីតិវិធី​របស់​តុលាការ ក្នុង​ស្ថានភាព​បែប​នេះ​ខ្ញុំ​ពិបាក​ឆ្លើយ​ថា នឹង​យល់​ឃើញ​យ៉ាង​ម៉េច​ណាស់។ នេះ​ជា​សម្ពាធ​ផ្លូវ​ចិត្ត​មួយ​សម្រាប់​ខ្ញុំ»

សមាជិកក្រុមអ្នកវិភាគ​វ័យ​ក្មេង លោក បុង ដែត យល់​ថា ការ​កោះ​ហៅ​សាក្សី​មួយ​ចំនួន​ដែល​ជា​សង្គម​ស៊ីវិល និង​​ពលរដ្ឋ​​មាន​បញ្ហា​ដីធ្លី​ឲ្យ​បំភ្លឺ​នៅ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​លេស​ដែល​តុលាការ​ចង់​​ឲ្យ​​គេ​មើល​ឃើញ​ថា តុលាការធ្វើត្រឹមត្រូវតាមនីតិវិធី​របស់​ខ្លួន​មុន​នឹងឈានដល់ការដោះលែងលោក កឹម សុខា ជា​ផ្លូវ​ការ អោយនៅក្រៅឃុំតែស្ថិតក្រោម​ត្រួត​ពិនិត្យ ដែល​​បាន​​ធ្វើ​ឡើង​​កាល​ពី​​ថ្ងៃ​ទី​​១០ កញ្ញា​នោះ។ អ្នកវិភាគវ័យក្មេង​រូប​នេះ​យល់​ថា ការ​ដោះ​លែង​លោក កឹម សុខា គឺជាអ្វីដែល​របប​នេះ ត្រូវតែ​ធ្វើ​ព្រោះ​ខ្លួន​បាន​គ្រប់គ្រង​ប្រទស​មួយ​អាណត្តិ​ទៀត​ហើយ ម៉្យាង​វិញ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​របស់​សហគមន៍​អន្ដរជាតិ៖ «គេ​ដាក់​នីតិវិធី​ដើម្បី​ហៅ​បុគ្គល​នេះ បុគ្គល​នោះ ដើម្បី​មក​សាកសួរ​ផ្តល់​ចម្លើយ​បន្ថែម​ព្រោះ​ថា គេ​អត់​មាន​អី​ត្រូវ​ចោទ​ទៀត»

ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី បានចេញ​ដីកា​កោះ​ហៅ​សាក្សី​ ជា​បន្ត​បន្ទាប់​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ករណី​របស់​លោក កឹម សុខា ប្រធាន​​គណបក្ស​​ សង្គ្រោះ​​​ជាតិ ​រួម​មាន ប្រធាន​គណបក្ស​ សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ និង​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក ឈឹម ផលវរុណ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ាង ងួនទៀង អតីត​ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ព្រម​ទាំង​សាក្សី​មួយ​ចំនួន​ទៀត ​ដែល​ជា​មន្ត្រី និង​​សកម្មជន​​របស់​​គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យ​​ទៅ​​ឆ្លើយ​​បំភ្លឺ។

 

ក្រោយលោក វន់ ពៅ ចូលបំភ្លឺរួចហើយ សកម្មជន​ដីធ្លី​តំបន់​បុរី​កីឡា​ម្នាក់​ទៀតគឺលោកស្រី ស ស៊ន នឹងត្រូវចូលខ្លួនទៅបំភ្លឺនៅតុលាការ​លើ​ករណី​លោក កឹម សុខា នេះ​ដែរ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ខាង​មុខ។ លោកស្រី ស ស៊ន អះអាង​ប្រាប់​អាស៊ី​សេរី​ថា លោក​ស្រី​គ្មាន​ទំនាក់​ទំនង​អ្វីជា​មួយ​លោក កឹម សុខា ឬ​គណបក្ស សង្រ្គោះជាតិ នោះ ហើយ​លោកស្រី​ក៏​នឹង​ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល