លោក ហ៊ុន សែន បញ្ជាឲ្យចាត់វិធានការចំពោះអ្នកញុះញង់ថាទឹកខ្មៅធ្វើឲ្យអ្នកបោះឆ្នោតស្លាប់
2018.07.02
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២ ខែកក្កដា បញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការលើក្រុមមួយ ដែលលោកចោទថា បានប្រជុំគ្នាសម្ងាត់ ដើម្បីរៀបចំផែនការញុះញង់ថា ទឹកខ្មៅសម្រាប់ឱ្យអ្នកបោះឆ្នោតជ្រលក់ដៃ នៅថ្ងៃទី២៩ ខែកក្កដា នឹងធ្វើឱ្យអ្នកបោះឆ្នោតស្លាប់ ក្រោយរយៈពេល២៤ម៉ោង។ រីឯអ្នកវិភាគ សន្និដ្ឋានថា ការចោទប្រកាន់របស់លោក ហ៊ុន សែន នេះ គ្មាន មូលដ្ឋានច្បាស់លាស់ និងអាចជាលេសនយោបាយដើម្បីគំរាមឲ្យពលរដ្ឋទៅបោះឆ្នោតផង និងគំរាមលើអង្គការសង្គមស៊ីវិល ឬក្រុមអ្នកណាដែលមាននិន្នាការឯករាជ្យ ដែលតែងរិះគន់របបលោក ហ៊ុន សែន ឲ្យដើរលើគន្លងប្រជាធិបតេយ្យពិតប្រាកដ។
ថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសផ្សារដីហ៊ុយ លោក ហ៊ុន សែន បានអះអាងថា លោកបានដឹងព័ត៌មានសម្ងាត់មួយ គឺមានក្រុមអ្នកចង់បំផ្លាញការបោះឆ្នោតដែលរបបរបស់លោកខំរៀបចំនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
លោក ហ៊ុន សែន ដែលរងការចោទថា ជាមេដឹកនាំផ្ដាច់ការយោធានិយម និងជាមេដឹកនាំពូកែលាបពណ៌ បានចោទប្រកាន់ទាំងកំហឹងនិងប្រយោលថា ក្រុមមួយនោះ បានប្រជុំជាសម្ងាត់ ដើម្បីរៀបចំផែនការដើរញុះញង់ពីមាត់មួយទៅមាត់មួយថា ទឹកខ្មៅជ្រលក់ម្រាមដៃសម្រាប់បោះឆ្នោត នឹងអាចធ្វើឲ្យអ្នកបោះឆ្នោតស្លាប់ភ្លាមៗ ក្រោយពួកគេជ្រលក់ម្រាមដៃរយៈពេល ២៤ម៉ោង។ លោក ហ៊ុន សែន បញ្ជាក់ថា ព័ត៌មាននេះ លោកបានបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងបញ្ជូនទៅក្រសួងមហាផ្ទៃរួចរាល់ហើយ ដើម្បីឲ្យចាត់វិធានការបន្ទាន់ ឬជួបមួយ ត្រូវវៃមួយ មិនលើកលែងឲ្យឡើយ។ ទោះយ៉ាងណាក្តី លោក ហ៊ុន សែន មិនបានបញ្ជាក់ថា ក្រុមប្រជុំសម្ងាត់នោះ ជាក្រុមណា និងឈ្មោះអ្វីនោះទេ ប៉ុន្តែលោកចោទថា ក្រុមនោះ ធ្លាប់លើកឡើង អំពីរឿងទឹកខ្មៅលាងជ្រះ កាលពី ៥ឆ្នាំមុន និងមានការពាក់ព័ន្ធនឹងក្រុមដែលអំពាវនាវដល់ពលរដ្ឋមិនឱ្យទៅបោះឆ្នោតក្នុងពេលថ្មីៗនេះ។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏បញ្ជាឲ្យមន្ត្រីជំនាញនៃរបបលោក ដំឡើងប្រព័ន្ធតាមដានការធ្វើសកម្មភាពនានា តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ( Facebook) ដើម្បីទប់ស្កាត់ និង ចាត់វិធានការទៅលើអ្នកណា ដែលបង្ហោះព័ត៌មានអ្វី ដែលលោកអះអាងថា អាចធ្វើឲ្យប៉ះពាល់ ដល់ការបោះឆ្នោត និងធ្វើឲ្យមានចលាចលផងដែរ។
បន្ទាប់ពីការលើកឡើងរបស់លោកហ៊ុន សែន ប្រព័ន្ធឃោសនាលោក ហ៊ុន សែន បានសរសេរថា កាលពី៥ឆ្នាំមុន អំឡុងពេលបោះឆ្នោតជាតិអាណត្តិទី៥ ឆ្នាំ២០១៣ មានអង្គការសង្គមស៊ីវិលមួយ ចំនួន ក្នុងនោះមានសមាគមអាដហុក (Adhoc) និងអង្គការខុមហ្វ្រែល (Comfrel) ធ្លាប់បានបង្ហាញនូវក្តីបារម្ភរបស់ខ្លួន ថា ទឹកថ្នាំខ្មៅរបស់គ.ជ.ប.អាចលាងជ្រះវិញ ក្នុងពេលដ៏ខ្លី បន្ទាប់ពីពួកគេ បានធ្វើតេស្តសាកល្បង។ ប៉ុន្តែរឿងទឹកខ្មៅលាងជ្រះវិញនេះ អតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក អ៊ឹម សួស្តី ក៏បានទទួលស្គាល់ដែរ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ មិនមែនតែខាងអង្គការ សង្គមស៊ីវិលនោះទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺមិនមានភាពជាក់លាក់លើអង្គការ ឬស្ថាប័នណា មួយនោះទេ ដូច្នេះលោកមិនចង់ឆ្លើយតបអ្វីឡើយ។ ម្យ៉ាងទៀត សមាគមអាដហុក មិនដែលលើកឡើងអំពីបញ្ហាទឹកខ្មៅនោះទេ។ «»
ដោយឡែក មន្ត្រីអង្កេតជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានគាំទ្របក្សកាន់អំណាច ដែលព្យាយាមភ្ជាប់អង្គការខុមហ្វ្រែលទៅនឹងសកម្មភាពល្មើសច្បាប់។ លោកបន្តថា អង្គការខុមហ្វ្រែល គឺធ្វើការប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ និងគោរពទៅតាមច្បាប់កម្ពុជា។ លោកមិនគាំទ្រចំពោះអ្នកប្រឌិតព័ត៌មានក្លែងក្លាយថា ទឹកខ្មៅអាចសម្លាប់ជីវិតមនុស្សនោះទេ។ «»
ចំពោះការដំឡើងឧបករណ៍តាមដានអ្នកប្រើប្រាស់ហ្វេសប៊ុកនោះ លោក កន សាវាង្ស យល់ថា វាអាចធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការទទូលបានព័ត៌មានរបស់ប្រជាពលរដ្ឋដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ លោកស្នើសុំឲ្យមានការបកស្រាយផ្លូវច្បាប់ឲ្យបានច្បាស់លាស់មុនចាត់វិធានការ។ លោក កន សាវាង្ស បន្ថែមថា លោកក៏មិនគាំទ្រចំពោះការគំរាមកំហែង និងការបំភិតបំភ័យនានាដល់ប្រជាពលរដ្ឋនោះដែរ។ «»
ក្រុមអង្គការសង្គមស៊ីវិល ក៏បដិសេធថា ពួកគេមិនបានដឹងអំពីគម្រោង ឬផែនការ ២៣ កក្កដា ដូចការចោទប្រកាន់របស់លោក ហ៊ុន សែន នោះឡើយ។ លោក ហ៊ុន សែន បានព្រមានថា ចំពោះ អ្នករៀបចំគម្រោងបង្កចលាចលបំផ្លាញសន្តិសុខ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយបើនៅតែរឹងទទឹង នឹងចាត់វិធានការបង្ក្រាប ដោយមិនលើកលែងនោះទេ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ មានប្រសាសន៍ថា លោក ហ៊ុន សែន មិនគួរប្រតិកម្មលឿនបែបនេះនោះទេ ព្រោះព័ត៌មានទាំងនេះ គ្រាន់តែជាពាក្យចចាមអារ៉ាម ដែលគ្មានភស្តុតាងច្បាស់លាស់ ដើម្បីធ្វើការចោទប្រកាន់ឡើយ។ ម្យ៉ាងទៀត លោកសន្និដ្ឋានថា ការចោទប្រកាន់នេះ អាចជាលេសនយោបាយដើម្បីធ្វើបាបអង្គការ ឬក្រុមអ្នកណាមួយដែលលោក ហ៊ុន សែន គិតថាមិនបាន គាំទ្ររបបលោក។ លើសពីនេះ លោក ហ៊ុន សែន ក៏ចង់គំរាមឲ្យពលរដ្ឋចេញទៅបោះឆ្នោតឲ្យបានច្រើនដែរ។ «»
ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួន រិះគន់ របបលោក ហ៊ុន សែន ធ្ងន់ៗនិងបានដាក់ទណ្ឌកម្មទៀតផង ដោយសារពួកគេយល់ថា ការបោះឆ្នោតនេះ ក្លែងក្លាយ គ្មានយុត្តិធម៌ ព្រោះបានរំលាយគណបក្សសង្គ្រោះជាតិ បិទវិទ្យុឯករាជ្យ និង អង្គការសង្គមស៊ីវិលមុនការបោះឆ្នោត ដើម្បីធានាឲ្យលោក ហ៊ុន សែន ឈ្នះឆ្នោត បន្តក្ដោបក្ដាប់អំណាចតទៅទៀត។ ក្រុមប្រជាពលរដ្ឋដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ បានបង្ហោះសារនៅលើ ហ្វេសប៊ុកថា ពួកគេនឹងមិនទៅបោះឆ្នោតទេ ដើម្បីផ្លាស់ប្ដូររបបលោក ហ៊ុន សែន។ ចំណែកពលរដ្ឋ និងពលករនៅក្រៅប្រទេសក៏ប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំចំថ្ងៃបោះឆ្នោតដែរ ដើម្បីកុំឲ្យសហគមន៍អន្តរជាតិទទួលស្គាល់លទ្ធផលបោះឆ្នោត៕