តើ​ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​យល់​ដឹង​ពី​សារសំខាន់​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​កម្រិត​ណា?

ដោយ ជិន ជេដ្ឋា
2016.12.01
ចុះ​ឈ្មោះ​បោះ​ឆ្នោត កំពង់ឆ្នាំង ៨៥៥ ២០១៦ ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA/Chin Chetha

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឬ​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៃ​នីតិកាល​នីមួយៗ គឺ​ជា​មូលដ្ឋាន​សំខាន់​ក្នុង​ដំណើរ​ការ​របប​ប្រជាធិបតេយ្យ សេរី ពហុ​បក្ស។ ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់​ខ្លួន ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចាប់​ពី​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៦ សិន។

តើ​ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង យល់​ដឹង​កម្រិត​ណា​ដែរ​អំពី​រឿង​នេះ?

លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ខ្លះ​តែងតែ​រិះគន់​ថា​មាន​តែ​ឈ្មោះ ឬ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​នោះ ត្រូវ​បាន​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ខ្លះ​គាំទ្រ និង​ខ្លះ​ទៀត​មិន​គាំទ្រ។

អ្វី​ដែល​គេ​គាំទ្រ​លើ​ការ​ចោទ​ប្រកាន់​នេះ ដោយ​សង្កេត​ឃើញ​ថា កម្ពុជា មាន​សន្តិភាព តែ​មិន​សូវ​មាន​សន្តិសុខ និង​មាន​អំពើ​អយុត្តិធម៌​សង្គម។ ចំពោះ​អ្នក​ដែល​មិន​គាំទ្រ​នឹង​ការ​ចោទ​ប្រកាន់​នេះ គេ​មើល​ឃើញ​ថា កម្ពុជា កំពុង​កែប្រែ​មុខ​មាត់​ថ្មី និង​បាន​អភិវឌ្ឍ​បណ្ដើរៗ​លើ​គ្រប់​វិស័យ នៅ​គ្រា​ដែល​ពលរដ្ឋ​ខ្លះ​ថា​សន្លឹក​ឆ្នោត​ពួក​គេ​នៅ​តែ​មាន​តម្លៃ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​អភិវឌ្ឍ​របស់​ខ្លួន។

កំពុង​រៀបចំ​ឯកសារ និង​ចុង​សន្លឹក​ចុះ​ឈ្មោះ​បោះឆ្នោត​ដាក់​ចូល​ក្នុង​កាបូប​ស្ពាយ ត្រៀម​ឡើង​ជិះ​ម៉ូតូ​សង់​កូរ៉េ​ចាស់​មួយ​គ្រឿង​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​បាន​ចុះ​ឈ្មោះ​នៅ​ការិយាល័យ​ឃុំ​ជ្រៃបាក់ ស្រុក​រលាប្អៀរ លោកស្រី ប៉ាល់ សារ៉ាត់ មាន​ប្រសាសន៍​ថា ការ​មក​ចុះ​ឈ្មោះ​ក្រោយ​គេ មិន​មែន​មាន​ន័យ​ថា​គាត់​ព្រងើយ​កន្តើយ​ក្នុង​ការ​បោះឆ្នោត​ទេ ប៉ុន្តែ​ដោយសារ​លោកស្រី​រវល់​លក់​ដូរ​ពេក៖ «រាល់​ថ្ងៃ​ហ្នឹង​ខ្ញុំ​រវល់​មែន។ ខ្ញុំ​រវល់​ណាស់! បើ​ប្ដី​នៅ ប្រពន្ធ​អត់​នៅ បើ​ប្រពន្ធ​នៅ ប្ដី​អត់​នៅ។ ហើយ​ខ្ញុំ​ធ្វើ​ការ​វេន​យប់​នៅ​រោងចក្រ​ផង ខ្ញុំ​រក​ស៊ី​ផង។ ខ្ញុំ​គិត​ថា បោះឆ្នោត​ហ្នឹង​ចង់​ដឹង​ថា​អ្នក​ដឹកនាំ​ប្រទេស​ទៅ​អាណត្តិ​ក្រោយៗ​ទៀត វា​យ៉ាង​ម៉េច? ឥឡូវ​យើង​កំពុង​អភិវឌ្ឍ​ហើយ យើង​ចង់​អភិវឌ្ឍ​បន្ត​ទៀត​ដូច​នៅ​ស្រុក​គេ»

ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ចុះ​ឈ្មោះ​ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៦ ទើប​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ។ ដំណើរ​ការ​ចុះ​ឈ្មោះ​មាន​រយៈពេល​បី​ខែ និង​មួយ​ថ្ងៃ បាន​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ប៉ុន្តែ​នៅ​មាន​ពលរដ្ឋ​ជាច្រើន​ទៀត​មិន​បាន​ចុះ​ឈ្មោះ។

អ្នក​រត់​តាក់ស៊ី និង​ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ស្វាយជ្រុំ លោក វុន រ៉ុងរតនា ថា​លោក​ខ្លាច​អត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៦ ទើប​លោក​ឆ្លៀត​ពេល​ពី​ការងារ​រត់​ឡាន​ដែល​ចេញ​ដំណើរ​ពី​ព្រលឹម ទល់​ព្រលប់​ទើប​ត្រឡប់​ដល់​ផ្ទះ​រាល់​ថ្ងៃ​នោះ ដើម្បី​នាំ​ប្រពន្ធ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាមួយ​គ្នា។ កន្លង​ទៅ លោក​ធ្លាប់​ខក​ក្នុង​ការ​បោះឆ្នោត ប៉ុន្តែ​ដល់​ពេល​នេះ លោក​ដឹង​រឿងរ៉ាវ​សង្គម​ច្រើន ទើប​លោក​មិន​ចង់​ឲ្យ​ឱកាស​ប្រើ​សិទ្ធិ​បោះឆ្នោត​របស់​លោក​បាត់​ទៅ​ដោយ​អត់​ប្រយោជន៍៖ «ដូច​ថា​យើង​ត្រូវ​ការ ឬ​មាន​រវល់​អ៊ីចឹង យើង​មាន​ឈ្មោះ​នៅ​ក្នុង​ហ្នឹង​ស្រេច ដូច​ថា​យើង​មាន​ឈ្មោះ​បោះឆ្នោត​បោះ​អ៊ីចឹង។ ខ្ញុំ​គិត​ថា​មាន​សារសំខាន់​ដែរ ព្រោះ​យើង​រៀន​យល់​ដឹង​ខ្លះ​ទៅ​កុំ​ឲ្យ​ថា​រស់នៅ​អត់​ដឹង​ពី​បញ្ហា​សង្គម ក៏​អត់​កើត​ដែរ»

អ្នក​តាមដាន​ស្ថានការណ៍​ចុះ​ឈ្មោះ និង​បោះឆ្នោត​នៅ​កម្ពុជា សង្កេត​ឃើញ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប និង​អាជ្ញាធរ​មូលដ្ឋាន បាន​ផ្សព្វផ្សាយ និង​កៀរគរ​ពលរដ្ឋ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទូលំទូលាយ ប៉ុន្តែ​មិន​ពន្យល់​ស៊ី​ជម្រៅ​ពី​សារសំខាន់​នៃ​ការ​ប្រើប្រាស់​សន្លឹក​ឆ្នោត​របស់​ពួក​គេ។ ការ​សម្រេច​ចិត្ត​ពលរដ្ឋ​តាម​រយៈ​សន្លឹក​ឆ្នោត គឺ​ជា​ជោគវាសនា​របស់​ប្រទេស​ជាតិ។

មន្ត្រី​សម្របសម្រួល​អង្គការ​ខុមហ្វ្រែល (COMFREL) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក លាភ ប៊ុនលាង ថ្លែង​ថា ពលរដ្ឋ​ដែល​ធ្លាប់​បោះឆ្នោត​ច្រើន​ឆ្នាំ​មក​ហើយ​នោះ មាន​ខ្លះ​ជិនណាយ​ក្នុង​ការ​ចុះ​ឈ្មោះ ឬ​បោះឆ្នោត​បន្ត​ទៀត ដោយ​ពួក​គេ​មិន​ឃើញ​អ្វី​ប្រែប្រួល​ជា​ដុំ​កំភួន​សោះ។ លោក​ថា យ៉ាង​ហោច​នៅ​មាន​ពលរដ្ឋ​ប្រមាណ​ពី ៣០% ទៅ ៤០% ទៀត​មិន​សូវ​ខ្វល់ខ្វាយ ឬ​យល់​ដឹង​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត៖ «ជាក់ស្ដែង​ក្នុង​ការ​សង្កេត​របស់​អង្គការ​ខុមហ្វ្រែល ឃើញ​ថា ឃុំ​នៅ​តាម​ដង​ទន្លេ​ឃើញ​ថា​ភាគរយ​នៅ​ទាប (អ្នក​បាន​ចុះ​ឈ្មោះ​បោះឆ្នោត) ប្រហែល​ពី ៧០% ទៅ ៨០% ទេ។ មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​ដែល​គិត​ថា ការ​បោះឆ្នោត​នេះ​ដូចជា​អត់​មាន​តម្លៃ​សម្រាប់​គាត់ គាត់​ថា​បោះ​ទៅ គឺ​នៅ​ដដែលៗ»

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល អះអាង​ថា ពលរដ្ឋ​ម្ចាស់​ឆ្នោត​ខ្លះ​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​ពី​ខ្លឹមសារ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​បោះឆ្នោត ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​ច្រើន​ដែរ ចាប់​ផ្ដើម​គិតគូរ​ពី​បញ្ហា​សង្គម និង​ការ​បោះឆ្នោត​រហូត​ដល់​ពលរដ្ឋ​ខ្លះ​បាន​ចំណាយ​ធនធាន ឬ​យាន​ជំនិះ​ផ្ទាល់​ខ្លួន ដើម្បី​ដឹក​អ្នក​ភូមិ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា បញ្ហា គ..ប មិន​ទទួល​បាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​គ្រប់​ចំនួន​តាម​ការ​ប៉ាន់ស្មាន​របស់​ខ្លួន មិន​មែន​មាន​ន័យ​ថា ពលរដ្ឋ​ខ្មែរ​បោះបង់​ឱកាស​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ ប៉ុន្តែ​អាច​មក​ពី​កត្តា​ពលរដ្ឋ​ចំណាក​ស្រុក​កន្លង​ទៅ​មាន​អ្នក​ចុះ​ឈ្មោះ​ស្ទួន​ច្រើន ហើយ​បច្ចុប្បន្ន អន្តោប្រវេសន៍​វៀតណាម ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត៖ «ដូចជា​ខ្ញុំ​ទៅ​ខាង​ព្រៃជ្រៃ បាន​សួរ​ពលរដ្ឋ​វៀតណាម នៅ​ក្នុង​ភូមិ​ហ្នឹង គឺ​អត់​អាជ្ញាធរ​អត់​ចុះ​ឈ្មោះ​ឲ្យ​ទេ។ អា​ហ្នឹង​និយាយ​ឲ្យ​ត្រង់ និង​យុត្តិធម៌ បើ​ទោះ​ជា​មាន​ការ​ចុះ​បាន​ខ្លះ​ក៏ដោយ ក៏ប៉ុន្ដែ​បដិសេធ​មិន​ចុះ​ឲ្យ​ច្រើន។ អ៊ីចឹង​ក៏​អាច​ជា​ចំនួន​មួយ​ដែល​បាត់ បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​២០១៣»

ចំពោះ​ការ​យល់​ដឹង​របស់​ពលរដ្ឋ​ខ្មែរ​លើ​ដំណើរ​ការ​ប្រជាធិបតេយ្យ​វិញ លោក​បណ្ឌិត មាស នី យល់​ថា ពលរដ្ឋ​ភាគច្រើន​ចាប់​គិតគូរ​ពី​បញ្ហា​សង្គម និង​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​តាម​រយៈ​ការ​បោះឆ្នោត។ លោក​ថា ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ចរន្ត​នៃ​ការ​ជួយ​សង្គម​កាន់​តែ​រីក​ធំ​ឡើង ប៉ុន្តែ​ក៏​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​តែ​បន្ត​ព្រងើយ​កន្តើយ ឬ​បោះបង់​ឱកាស​ប្រើ​សិទ្ធិ​របស់​ខ្លួន៖ «អ្នក​ខ្លះ​ថា​គាត់​មិន​ដឹង​បោះ​ធ្វើ​អី​ទេ ដូច​តែ​ដូច បោះ​ឲ្យ​អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ ព្រោះ​ជីវិត​របស់​គាត់​អត់​មាន​ការ​ផ្លាស់ប្ដូរ គាត់​អត់​មាន​ភ្ញាក់ផ្អើល​ទេ។ ដូចជា​រាល់​ថ្ងៃ​នេះ បើ​គាត់​គិត​បាន​ស៊ី​ជម្រៅ​ពី​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត គាត់​មិន​សូវ​និយាយ​បាន​ទេ តែ​បើ​សិន​ជា​ថា​គាត់​ទៅ​បោះ​ទម្លាក់​អ្នក​នេះ ឬ​ដូរ​អ្នក​នេះ​ដូរ​អ្នក​នោះ គាត់​ច្បាស់​របស់​គាត់»

ពលរដ្ឋ​ខ្មែរ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​ជិត ២​លាន​នាក់ មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ ៩​លាន ៦​សែន​នាក់។ ពលរដ្ឋ​ខ្លះ​បាត់​ឱកាស​បោះឆ្នោត ដោយ​ពួក​គេ​រវល់​រឿង​រក​ស៊ី​ចិញ្ចឹម​ក្រពះ និង​ពលរដ្ឋ​ខ្លះ​យល់​ថា ការ​បោះឆ្នោត​គ្មាន​ប្រយោជន៍ ដោយ​លើក​ហេតុផល​ថា ពួក​គេ​ខិតខំ​បោះឆ្នោត​ច្រើន​អាណត្តិ​ហើយ មិន​ឃើញ​ប្រែប្រួល​អ្វី​សោះ ហើយ​ពួក​គេ​នៅ​តែ​មាន​ជីវភាព​ក្រ​លំបាក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។