ពលរដ្ឋ​ឃុំ​តាគ្រាម​ខេត្ត​បាត់ដំបង​ប្រតិកម្ម​នឹង​មនុស្ស​ប្លែក​មុខ​រាប់​រយ​នាក់​ចូល​ចុះ​ឈ្មោះ​បោះឆ្នោត

0:00 / 0:00

មនុស្ស​ជាច្រើន​នាក់​ដែល​ខ្លះ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ទំនើប​ផ្ទាល់​ខ្លួន ដោយ​មាន​រថយន្ត​ខ្លះ​ពាក់​ស្លាក​លេខ​នគរបាល​ផង​នោះ បាន​យក​ទៅ​ចត​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ឃុំ​នេះ​ជា​បន្តបន្ទាប់។ ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ក្បែរ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ បញ្ជាក់​ថា ពលរដ្ឋ​ទាំងនោះ​ជា​មនុស្ស​ប្លែក​មុខ​ដែល​ពុំ​បាន​រស់នៅ​ក្នុង​ឃុំ​ជាមួយ​ពួក​គាត់​ឡើយ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ក្បែរ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​តាគ្រាម បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​នឹង​ក្រុម​អ្នក​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំងនោះ ថា​ជា​រូបភាព​មួយ​ដែល​អាច​បង្ក​ភាព​អយុត្តិធម៌​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​ឃុំ-សង្កាត់​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់។

ពលរដ្ឋ​រស់នៅ​ក្បែរ​សាលា​ឃុំ​តាគ្រាម គឺ​លោកស្រី អៀង ស្រីខួច ប្រាប់​អាស៊ីសេរី​នៅ​ខាង​មុខ​ផ្ទះ នៅ​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា ថា អ្នក​ដែល​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ពុំ​មែន​ជា​ប្រជាពលរដ្ឋ​រស់នៅ ឬ​មក​ស្នាក់​ធ្វើ​ការងារ​នៅ​ក្នុង​ឃុំ​តាគ្រាម នោះ​ឡើយ។ លោកស្រី​ព្រួយ​បារម្ភ​ខ្លាច​ការ​ចុះ​ឈ្មោះ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​សុក្រឹត និង​យុត្តិធម៌​នៅ​ពេល​បោះឆ្នោត​ជ្រើស​មេ​ឃុំ​នៅ​ឆ្នាំ​២០១៧ ខាង​មុខ៖ « ក្រុម​ការងារ​មក កាន់​អត្តសញ្ញាណប័ណ្ណ​មក​ចូល​ទៅ​ចុះ​ឈ្មោះ​បាន​ឆាប់ ចំណែក​ប្រជាពលរដ្ឋ​សាមញ្ញ​យើង​ដែល​រស់នៅ​ក្នុង​ភូមិ​ផ្ទាល់​មិន​ដូច្នោះ​ឡើយ។ ស្នើសុំ​ឲ្យ​មន្ត្រី​ធ្វើ​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចុះ​ឈ្មោះ​ឆាប់​ផង »

ក្រុម​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​អ្នក​ភូមិ​ព្រួយ​បារម្ភ​នោះ ភាគច្រើន​ជា​មនុស្ស​ប្រុស​អាយុ​ចន្លោះ​ពី ២៥​ឆ្នាំ​ទៅ ៥០​ឆ្នាំ ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​ទំនើប​ផ្ទាល់​ខ្លួន មាន​ដូចជា​រថយន្ត​ឡិចស៊ីស (Lexus 330) ជាដើម បាន​ចត​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​តាគ្រាម ហើយ​នាំ​គ្នា​ដើរ​ជា​ក្រុម​ចាប់​ពី ២​នាក់​ទៅ ៥​នាក់ ឆ្ពោះ​ទៅ​សាលា​ឃុំ​តាគ្រាម ដែល​មាន​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ជា​បន្តបន្ទាប់។

ពលរដ្ឋ​រស់នៅ​ក្បែរ​សាលា​ឃុំ​តាគ្រាម ម្នាក់​ទៀត គឺ​លោកស្រី ឈន ឈីន ថ្លែង​ថា អ្នក​ដែល​ជិះ​រថយន្ត​សេរី​ទំនើប ហើយ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ពួក​គាត់​មិន​ធ្លាប់​ស្គាល់​នោះ មក​ចុះ​ឈ្មោះ​ជា​បន្តបន្ទាប់​តាំង​ពី​ថ្ងៃ​ទី​១ កញ្ញា ប៉ុន្តែ​លោកស្រី​អះអាង​ថា នៅ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៤ កញ្ញា មាន​រថយន្ត​ច្រើន​ជាង​ថ្ងៃ​ដំបូង គឺ​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី ១៥​គ្រឿង​ទៅ ៣០​គ្រឿង​ដែរ​ក្នុង​មួយ​ថ្ងៃ៖ « ខ្ញុំ​រស់នៅ​ទីកន្លែង​នេះ​យូរ​ឆ្នាំ​ហើយ តែ​មិន​ដែល​ឃើញ​ពួក​គាត់​មក​ចុះ​ឈ្មោះ​នោះ​សោះ។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ​នៅ​ពេល​ឃើញ​មនុស្ស​ប្លែកៗ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ឃុំ​របស់​ខ្ញុំ​ដូច្នេះ »

ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun (RFA/Hum Chamroeun)

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​តាគ្រាម លោក អ៊ឹម ប៊ុនយូ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​មក​ឈ្មោះ​បោះឆ្នោត​នោះ ជា​ក្រុម​ការងារ​ថ្នាក់​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ឃុំ​តាគ្រាម។ ទោះ​ជា​យ៉ាង​ណា លោក​អះអាង​ថា អ្នក​ដែល​មក​ចុះ​ឈ្មោះ​នោះ កន្លង​មក​តែង​ចុះ​មក​ជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ជា​ប្រចាំ ប៉ុន្តែ​លោក​ថា អ្នក​ភូមិ​មិន​បាន​ចាប់​អារម្មណ៍​លើ​ការងារ​នេះ៖ « បាទ ! ពួក​គាត់​ជា​អ្នក​ធ្វើ​ការងារ​រដ្ឋ​ដែរ​ទេ ហើយ​គាត់​ក៏​ជា​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដែរ »

នៅ​បរិវេណ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​តាគ្រាម នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា ឃើញ​មាន​ប្រជាពលរដ្ឋ​ដែល​មាន​សម្បុរ​ស្រអែម ដែល​ដូច​ប្រជា​កសិករ​រស់នៅ​តំបន់​នោះ​មាន​ចំនួន​តិច​ជាង​មនុស្ស​ដែល​មាន​សម្បុរ​ស ហើយ​ភាគច្រើន​ជា​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ការ​នៅ​ព្រំដែន​កម្ពុជា-ថៃ ដែល​អ្នក​ភូមិ​អះអាង​ថា​ជា​មនុស្ស​មក​ពី​តំបន់​ផ្សេង។

អ្នក​សង្កេតការណ៍​សុំ​មិន​ឲ្យ​បញ្ចេញ​សំឡេង​បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​ដំបូង​ដល់​រសៀល​ថ្ងៃ​ទី​៤ កញ្ញា មាន​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​ជាង ២៣០​នាក់​ក្នុង​ចំណោម​អ្នក​ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រមាណ ៨០០​នាក់​រយៈពេល ៤​ថ្ងៃ​កន្លង​មក។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា មាន​ប្រសាសន៍​ថា បុគ្គល​ដែល​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ ឬ​ស្នាក់​នៅ​ក្នុង​ឃុំ-សង្កាត់​នោះ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ពលរដ្ឋ​ដែល​ពុំ​មាន​ទីលំនៅ​ក្នុង​ឃុំ-សង្កាត់​ទេ ចាត់​ជា​អំពើ​មិន​ប្រក្រតី​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​សន្លឹក​ឆ្នោត ដែល​ធ្វើ​ឲ្យ​គណបក្ស​នោះ​ឈ្នះ​ការ​បោះឆ្នោត​ដោយ​ភាព​អយុត្តិធម៌។ លោក​ចាត់​ទុក​ករណី​អ្នក​ដែល​ចុះ​ឈ្មោះ​នៅ​ឃុំ​តាគ្រាម នោះ ថា​ជា​យុទ្ធសាស្ត្រ​ផ្នែក​នយោបាយ​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត៖ « អ៊ីចឹង​បើ​សិន​មាន​ករណី​រៀបចំ​ឲ្យ​មាន​ប្រជាពលរដ្ឋ​នៅ​កន្លែង​ផ្សេង​មក​ចុះ​ឈ្មោះ​បោះឆ្នោត យើង​គិត​ថា​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​អាច​ប៉ះពាល់​ទៅ​នឹង​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ដែរ »

លោក​បន្ថែម​ថា ច្បាប់​បោះឆ្នោត​ទុក​ឱកាស ១០​ថ្ងៃ​ក្រោយ​ពី​ការ​បិទ​ផ្សាយ​ឈ្មោះ​អ្នក​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្ដឹង​ជំទាស់​ករណី​ដែល​រក​ឃើញ​ថា ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នោះ​ពុំ​មែន​ជា​ប្រជាពលរដ្ឋ​ក្នុង​ឃុំ-សង្កាត់​របស់​ខ្លួន។

លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ មាន​ប្រជាពលរដ្ឋ​ដែល​ចុះ​ឈ្មោះ​សរុប​ជាង ៣​ម៉ឺន ៥​ពាន់​នាក់ (៣៥.៦៧៤​នាក់) ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ​ចំនួន​ជាង ៧​សែន ៨​ម៉ឺន​នាក់ (៧៨០.០០០​នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។