ស្ថាប័ន​ជំនាញ​ថ្កោលទោស​របប​ភ្នំពេញ​និង​គ.ជ.ប ថា​កំពុង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ក្លែងក្លាយ

ដោយ មាន ​ឫទ្ធិ
2018.07.28
Share on WhatsApp
Share on WhatsApp
ហ៊ុន សែន បោះឆ្នោត ២០១៧ ១៤៤០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
Photo: RFA

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣ ស្ថាប័ន​ធំៗ ថ្កោលទោស​របប​លោក ហ៊ុន សែន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ដែល​បាន​ព្យាយាម​ផ្ដល់​ភាព​ស្រប​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស​នៅ​ថ្ងៃអាទិត្យ ទី២៩ កក្កដា នេះ តាមរយៈ​ការ​ទទួល​ស្គាល់​ក្រុម​អ្នកសង្កេតការណ៍​ការ​បោះ​ឆ្នោត ដ៏​ច្រើន​លើសលប់ ដែល​ក្រុម​អង្គការ​ទាំង​២៣​ស្ថាប័ន​ធំៗ​នេះ ចាត់ទុកថា សុទ្ធតែ​ជា​ក្រុម​អ្នកសង្កេតការណ៍​ដែល​មាន​ភាព​លម្អៀង បន្លំ​ខ្លួន​ធ្វើជា​អ្នកសង្កេតការណ៍ ខណៈ​ដែល​តាមពិត​គឺជា ក្រុម​អ្នកសង្កេតការណ៍​ក្លែងក្លាយ។

ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី២៨ កក្កដា នេះ ក្រុម​អង្គការ​មិន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ មកពី​ស្ថាប័ន​ធំៗ​ចំនួន ២៣ ស្ថាប័ន នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​រួមមាន បណ្ដាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ហៅ​កាត់​ថា អានហ្វ្រែល (ANFREL) បណ្ដាញ​អឺរ៉ុប​នៃ​អង្គការ​តាមដាន​ដំណើរការ​បោះឆ្នោត ហៅ​កាត់​ថា (ENEMO) បណ្ដាញ​គាំទ្រ​ការបោះឆ្នោត​នៃ​ក្រុម​ប្រទេស​អាហ្វ្រិក​ភាគ​ខាងត្បូង (ESN-SA) បណ្ដាញ​សាកល​នៃ​ក្រុម​អ្នកតាមដាន​ការបោះឆ្នោត​ក្នុងស្រុក (GNDEM) បណ្ដាញ​អ្នកសង្កេតការណ៍​ការ​បោះ​ឆ្នោត​នៃ​ក្រុម​ប្រទេស​អាហ្វ្រិក​ភាគ​ខាងលិច (WAEON) និង​អង្គការ​មកពី​ប្រទេស​ថៃ ម៉ាឡេស៊ី កោះ​តៃវ៉ាន់ ប្រទេស​ស្រីលង្កា នេប៉ាល់ ឥណ្ឌូនេស៊ី ហ្វីលីពីន សេរ៉ាឡេអូន បង់ក្លាដេស អ៊ុយក្រែន មីយ៉ាន់ម៉ា ឬ​ភូមា កូរ៉េខាងត្បូង ម៉ាល់ឌីវ និង អាហ្កានីស្ថាន គូស​បញ្ជាក់​ដោយ​សង្កត់​ធ្ងន់ៗ​ថា វត្តមាន​នៃ​អ្វីមួយ​ដែល​របប​លោក ហ៊ុន សែន ចាត់ទុកថា​ជា​អ្នកសង្កេតការណ៍​ការ​បោះឆ្នោត ខណៈ​ដែល​ក្រុម​អ្នក​ទាំងនោះ​ពុំ​មាន​ការ​ទទួល​បាន​កា​រ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ គឺជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន និង​គួរ​ឲ្យ​សោកស្ដាយ ដោយសារតែ​កត្តា​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុចរិត​ភាព​នៃ​ការ​បោះឆ្នោត​មួយ​នេះ។

ការ​លើកឡើង​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣​ស្ថាប័ន​ធំៗ​នេះ ធ្វើឡើង​ក្រោយពី​គ..ប កាលពី​ថ្ងៃ​ទី​២៦ កក្កដា បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ អះអាង​ថា មាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​សរុប​ជាង ៨​ម៉ឺន​នាក់ មកពី​ស្ថាប័ន​ចំនួន ១១២​ស្ថាប័ន ចូលរួម​សង្កេត​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ។ គ..ប អះអាង​ទៀត​ថា ខ្លួន​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​អ្នកសង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ​ចំនួន ៣២២​នាក់ មកពី​ប្រទេស ស្ថាប័ន និង​ស្ថានទូត​ចំនួន ៤២​ស្ថាប័ន ហើយ​ថា នឹង​មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន ២១៦​នាក់​ទៀត មកពី ២៨​ស្ថាប័ន ក្នុង​នោះ​មកពី​ប្រទេស​រុស្ស៊ី​ជាដើម។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣ ស្ថាប័ន​ធំៗ​នេះ គូស​បញ្ជាក់​ថា ការណ៍​ដែល​គ..ប​អញ្ជើញ​ក្រុម​អង្គការ និង​បុគ្គល​ដែល​សុទ្ធ​តែ​មាន​ប្រភព និង​វិធីសាស្ត្រ​សង្កេតការណ៍​មិន​ច្បាស់លាស់ គឺជា​ការប្រមាថ​ដល់​ដំណើរ ការ​ប្រកប​ដោយ​ភាព​អព្យាក្រឹត្យ​នៃ​ការ​តាមដាន​ការបោះឆ្នោត។

សេចក្ដីថ្លែងការណ៍​រួម​នេះ​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣​ស្ថាប័ន​ធំៗ​នេះ យល់ឃើញ​ថា ក្រុម​អ្នកសង្កេតការណ៍​ក្នុងស្រុក​ចំនួន ៨​ម៉ឺន​នាក់ ដែល​ទទួលស្គាល់​ដោយ​គ..ប សុទ្ធតែ​បង្ហាញ​ថា ពួកគេ​ពុំ​មាន​ឯករាជ្យ និង​ពុំ​មាន​ជំនាញ​រៀបចំ​ការវាយតម្លៃ​ការបោះឆ្នោត​ដោយ​ឯករាជ្យ និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នោះ​ទេ។ សេចក្ដីថ្លែងការណ៍​ដដែល​បន្ត​ថា ក្រុម​អ្នកសង្កេតការណ៍​ការ​បោះ​ឆ្នោត​ទទួលស្គាល់​ដោយ​គ..ប​នេះ ដែល​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​នេះ សុទ្ធ​តែ​មាន​ចំណងទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​គឺ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ខណៈ​ដែល​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ (CWPD) ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី អ្នកស្រី មែន សំអន។ ស្ថាប័ន​ទាំងពីរ​នេះ ដាក់​ពង្រាយ​អ្នកចូលរួម​សង្កេតការណ៍ ជាង​ពាក់​កណ្ដាល ក្នុងចំណោម​អ្នក​សង្កេតការណ៍​សរុប​ដែល​គ..ប ប្រកាស​ទទួលស្គាល់។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣ ស្ថាប័ន​ធំៗ​នេះ លើកឡើង​ថា ក្នុង​ចំណោម​ស្ថាប័ន ១០៧​ស្ថាប័ន​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​គ..ប​នេះ ក៏​មាន​បង្ហាញ​នូវ​ចំណងទាក់ទង​ជាមួយ​គណបក្ស​កាន់អំណាច ហើយ​ភាគច្រើន​នៃ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ មាន​ការ​យល់ដឹង​ផ្នែក​នយោបាយ ដំណើរការ​បោះឆ្នោត និង​វិធីសាស្ត្រ​នៃ​ការវាយតម្លៃ​ការបោះឆ្នោត នៅ​មាន​កម្រិត ហើយ​គ្រាន់តែ​ជា​ការ​បង្គ្រប់​កិច្ច​តែប៉ុណ្ណោះ។

ក្នុង​ចំណោម​ភ្នាក់ងារ​សង្កេតការណ៍​ការ​បោះឆ្នោត ដែល​មាន​សមាជិក​ជា​ជនបរទេស​នោះ គ..ប ក៏​បាន​ចុះឈ្មោះ ស្ថាប័ន​បរទេស​មួយ​ចំនួន​ដែល​មាន​ទំនោរ និង​ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​រួមមាន ក្រុមប្រឹក្សា​អឺរ៉ុប​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ (European Council on International Relations) និង ក្រុមប្រឹក្សា​អឺរ៉ុប​សម្រាប់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប (European Council of Tourism and Trade) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ប៊ូការ៉េស (Bucharest) នៃ​ប្រទេស​រ៉ូមានី។ ក្រុម​ទាំងពីរ​នេះ ដឹកនាំ​ដោយ​លោក អានតុន ការ៉ាហ្កា (Anton Caragea) ដែល​លោក​ធ្លាប់​មាន​ប្រវត្តិ​ជិតស្និទ្ធ​ជាមួយ​នឹង​លោក ហ៊ុន សែន។ កាលពី​ឆ្នាំ​២០១៦ លោក Caragea ត្រូវ​បាន​របប​លោក ហ៊ុន សែន តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​សម្រាប់​វិស័យ​ទេសចរណ៍ ហើយ​ជា​ការ​ឆ្លើយតប លោក Caragea ក៏បាន​ជ្រើសរើស​លោក ហ៊ុន សែន ឲ្យ​ធ្វើជា ឯកអគ្គរាជទូត​សុច្ឆន្ទៈ​ពិភពលោក សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព។

សេចក្ដីថ្លែងការណ៍​ដដែល​នេះ បន្ត​ថា មិនតែប៉ុណ្ណោះ ក្រុម​អង្គការ​មួយ​ចំនួន​ដែល​គ..ប​ទទួលស្គាល់​រួមមាន សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) និង​អង្គការ​អ្នក​ប្រជាធិបតេយ្យ​អ្នក​និយម​កណ្ដោល​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ (CAPDI) សុទ្ធ​តែ​មាន​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើជា​ក្រុមប្រឹក្សា​នៃ​អង្គការ​ទាំងនេះ ដែល​បង្កើត​ឡើង​ដើម្បី​ធ្វើ​ការ​ប្រថាប់ត្រា​ការបោះឆ្នោត​នេះ ឲ្យ​របប​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣ ស្ថាប័ន​ធំៗ​នេះ អំពាវនាវ​ឲ្យ​ក្រុម​អង្គការ​ដែល​មាន​សម្ព័ន្ធ​ភាពជា​មួយ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បន្លំ​ខ្លួន​ថា ជា​ក្រុម​អ្នកសង្កេតការណ៍​ការ​បោះ​ឆ្នោត​នោះ ឲ្យ​បង្ហាញ​ស្តង់ដារ និង​វិធីសាស្ត្រ​នៃ​ការវាយតម្លៃ​របស់​ពួកគេ​ដល់​សាធារណមតិ​ជាតិ និង​អន្តរជាតិ។

ក្រៅពីនោះ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣ ស្ថាប័ន​ធំៗ​នេះ លើកឡើង​ថា ក្រុម​អ្នកសង្កេតការណ៍​បរទេស​ដែល​ត្រូវ​បាន​គ..ប​ទទួលស្គាល់ ក៏​រួមមាន​ក្រុមប្រឹក្សា​អឺរ៉ុប​ស្ដីពី​ទំនាក់ទំនង​អន្តរជាតិ និង​ក្រុមប្រឹក្សា​អឺរ៉ុប​ដើម្បី​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម ក៏ប៉ុន្តែ​ក្រុម​ទាំងពីរ​នេះ សុទ្ធតែ​ដឹកនាំ​ដោយ «អ្នក​សង្កេតការណ៍​ដែល​មាន​ប្រវត្តិ​អាក្រក់ បង្កើត​ឡើង​សម្រាប់​ឲ្យ​គេ​ជួល» ដើម្បី​ប្រថាប់ត្រា​ការបោះឆ្នោត​ក្លែងក្លាយ​នា​ពេល​អតីតកាល នៅ​ប្រទេស អាហ្វហ្កានីស្ថាន ហ្ស៊ីមបាវ៉េ និង​ប្រទេស​វេណេហ្ស៊ុយអេឡា ខណៈ​ដែល​ការ​បោះឆ្នោត​ទាំងនោះ ធ្វើឡើង​ដោយមាន​ការរិះគន់​ជា​ឯកច្ឆន្ទ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ទាំងនោះ ពី​សំណាក់​សហគមន៍​អន្តរជាតិ។

ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោតជាតិ​ដ៏​ចម្រូងចម្រាស​នេះ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន សុទ្ធតែ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា នឹង​មិន​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​នេះ​ឡើយ ហើយក៏​នឹង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ​ដែរ ដោយ​ក្រុម​ស្ថាប័ន និង​ប្រទេស​ទាំងនេះ​ចាត់ទុកថា ការបោះឆ្នោត​នេះ ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​តែប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​អូស្ត្រាលី ក៏​សម្រេច​មិន​បញ្ជូន​អ្នក​ការទូត​របស់​ខ្លួន​ទៅ​សង្កេតការណ៍​ការបោះឆ្នោត​នេះ​ដែរ។ អ្នកនាំពាក្យ​រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​បាន​សារព័ត៌មាន​អូស្ត្រាលី SBS News ស្រង់​ប្រសាសន៍​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​បន្ត​លើកឡើង​ពី​កង្វល់​នានា​របស់​ខ្លួន ក្នុង​កម្រិត​ខ្ពស់​ជាមួយ​របប​លោក ហ៊ុន សែន ដើម្បី​ធ្វើ​យ៉ាងណា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កម្ពុជា អាច​អនុវត្ត​សិទ្ធិ​បោះឆ្នោត ប្រកបដោយ​លក្ខណៈ​ប្រជាធិបតេយ្យ​របស់​ពួកគេ។

កាល​ពី​ពេល​ថ្មីៗ រដ្ឋសភា​សហរដ្ឋអាមេរិក ទើបបាន​សម្រេច​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​មិន​ឲ្យ​ធ្វើដំណើរ​មក​សហរដ្ឋអាមេរិក ទៅលើ​ក្បាលម៉ាស៊ីន​ដឹកនាំ​របប​លោក ហ៊ុន សែន ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ក្នុង​នោះ​មាន​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​នេះ​ចំនួន ១៧​រូប រួមមាន លោក ហ៊ុន សែន លោក ស ខេង លោក ទៀ បាញ់ លោក អូន ព័ន្ធមុនីរ័ត លោក កើត រិទ្ធិ លោក ស៊ុន ចាន់ថុល លោក ប្រាក់ សុខុន លោក ឱម យិនទៀង លោក ប៉ុល សារឿន លោក នេត សាវឿន លោក គន់ គីម លោក សៅ សុខា លោក ហ៊ីង ប៊ុនហៀង លោក ជួន សុវណ្ណ លោក ហ៊ុន ម៉ាណែត លោក សុខ ពុទ្ធិវុធ និង​អ្នកស្រី ហ៊ុន ម៉ាណា ដោយសារ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ទាំងអស់​នេះ បាន​នាំគ្នា​ចូល​ដៃ​ចូល​ជើង​បំផ្លាញ​ប្រជាធិបតេយ្យ តាមរយៈ​ការរៀបចំ​ដំណើរការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​ថ្ងៃទី២៩ កក្កដា នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។