"លោក ហ៊ុន សែន គួរ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច"

ដោយ មាន ឫទ្ធិ
2022.12.23
"លោក ហ៊ុន សែន គួរ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច" លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១៧ ខែ​តុលា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

បើទោះបីជា​លោក​ប្រធានាធិបតី​អាមេរិក លោក ចូ បាយឌិន (Joe Biden) បានស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ កាលពី​ជំនួប​ទ្វេភាគី​ក្នុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ខែវិច្ឆិកា នោះ​យ៉ាងណាក្ដី ក៏​រដ្ឋាភិបាល លោក ហ៊ុន សែន បានធ្វើ​ផ្គើន​ចំពោះ​ការស្នើសុំ​ទាំងនោះ​ទៅវិញ​។ អ្នកសិក្សា​ផ្នែក​ច្បាប់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើងថា ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​សេដ្ឋកិច្ចជាតិ លោក ហ៊ុន សែន គួរ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ ទើប​ជាការ​ប្រសើរ។

ផ្គើន​ទៅនឹង​ការចង់​ឃើញ​របស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន (Joe Biden) និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) រដ្ឋាភិបាល​លោក ហ៊ុន សែន នា​រយៈពេល​ចុងក្រោយ​នេះ មិន​ត្រឹមតែ​មិន​ឆ្លើយតប​ដោយ​វិជ្ជមាន​នោះ​ទេ ប៉ុន្តែ​ថែមទាំង​គំរាមកំហែង និង​បន្ត​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៀតផង។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ការបញ្ចប់​ទៅ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ឃាត់ខ្លួន​ប្រធាន​សហជីព​កម្មករ​ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ និង​បញ្ជូន​កញ្ញា​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស​ឡើងវិញ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា។ លើសពីនេះ​ទៀត សេរីភាព​បញ្ចេញមតិ និង​លំហ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​ក៏ត្រូវ​បាន​គេ​មើលឃើញថា នៅតែ​បន្ត​រឹតត្បិត ក្នុងនោះ​សមត្ថកិច្ច​នៅតែ​បន្ត​រារាំង​ដល់​សកម្មជន​បរិស្ថាន ធ្វើការ​តស៊ូ​តាម​ទីសាធារណៈ​ជាដើម។

អ្នកសិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់​ឃើញ​ថា មូលហេតុ​ដែល​លោកនាយក​រដ្ឋមន្ត្រី​មិន​ព្រម​បើក​លំហ​ប្រជាធិបតេយ្យ​យ៉ាង​ដូច្នេះ គឺ​បណ្ដាលមកពី​រដ្ឋាភិបាល​កម្ពុ​ជាមាន​ប្រទេស​ចិន​ជា​ខ្នងបង្អែក។ លោក​បន្ថែម​ថា បើទោះបីជា​រដ្ឋាភិបាល​មិន​បារម្ភ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងណាក្ដី ក៏​ការ​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​បន្ត​នាំឱ្យ​នយោបាយ​នៅ​កម្ពុជា​គ្មាន​ស្ថិរភាព និង​នាំឱ្យ​កើតមាន​បញ្ហា​នៅក្នុង​សង្គម​កើតមានឡើង​កាន់តែ​ច្រើន​។ លោក វ៉ន ចាន់ឡូត និយាយ​ថា ដើម្បី​ទទួល​បាន​ការអនុគ្រោះ​ពន្ធ​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ និង​កាត់បន្ថយ​វិបត្តិ​នៅក្នុង​សង្គម រដ្ឋាភិបាល​គួរតែ​លើកកម្ពស់​នីតិរដ្ឋ ជាជាង​បន្ត​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ។

លោក វ៉ន ចាន់ឡូត«ការដែល​យើង​មិនអាច​ដោះស្រាយ​បញ្ហា​ជូន​ចំពោះ​ប្រជាពលរដ្ឋ ហើយ​យើង​នៅតែ​ធ្វើទុក្ខបុកម្នេញ​បន្ថែម និង​បញ្ហា​ថ្មីៗ​បន្ថែមទៀត​ហ្នឹង នៅពេល​ណាមួយ​វា​អាច​នឹង​ក្លាយទៅជា​វិបត្តិ​សង្គម ហើយ​ក្លាយទៅជា​វិបត្តិ​សង្គម យើង​ត្រូវ​ដឹងថា ចលនា​មហាជន​អី​អាច​នឹង​មានការ​ផុលផុស ឬក៏​ផ្ទុះឡើង​ហើយ ហើយ​ដូច​ករណី​នៅ​ស្រីលង្កា (Sri Lanka) ជាដើម យើង​ឃើញថា​មាន​ចិន​ជា​បង្អែក គ្រាន់តែ​រយៈពេល និង​អាយុ​នៃ​របប​ណាមួយ​ដែល​គ្មាន​នូវ​យុត្តិធម៌ ពោរពេញ​ដោយ​អំពើពុករលួយ​គឺ​មិនអាច​រស់នៅ​បាន​វែង​នោះទេ»។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា អ្នកនាង ស្តេហ្វានី អារហ្សាត (Stephanie Arzate) ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិច​ថា សហរដ្ឋអាមេរិក​នៅតែ​ប្ដេជ្ញា​គាំទ្រ​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ចង់​ឃើញ​កម្ពុជា​មាន​ឯករាជ្យ លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ល្អប្រសើរ ខណៈ​មតិ​ពី​គ្រប់ភាគី​ត្រូវបាន​ស្ដាប់ និង​គោរព​។​អ្នកនាំពាក្យ​រូបនេះ បន្ថែមថា សហរដ្ឋអាមេរិក​នៅតែ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​នៅ​កម្ពុជា ដោយ​អនុញ្ញាត​ឱ្យមាន​ទស្សនៈ​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល ជំរុញឱ្យមាន​ការប្រកួត​ប្រជែង​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ពិតប្រាកដ និង​លើកកម្ពស់​ការផ្លាស់ប្តូរ​គំនិត​ដោយ​សេរី និង​បើកចំហ​។ អ្នកនាង ស្តេហ្វានី អារហ្សាត បន្ថែម​ថា សហរដ្ឋអាមេរិក​ក៏​ចង់ឃើញ​រដ្ឋាភិបាល​កម្ពុ​ជា អនុញ្ញាត​ឲ្យ​សមាគម អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ អាចធ្វើ​ការ​បាន​ដោយ​មិន​មានការ​រឹតត្បិត។

ក្រៅពី​ការ​រឹតត្បិត​លំហ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ក៏​នៅតែ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់ ដើម្បី​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​ដែលមាន​និន្នាការ​ប្រឆាំង​ដែរ​។ រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បាន​ដោះលែង​អ្នក​ទោស​នយោបាយ​ឱ្យមាន​សេរីភាព​វិញ​ឡើយ ក្នុងនោះ​រួមទាំង​មេធាវី​សញ្ជាតិ​ខ្មែរ​អាមេរិកកាំង កញ្ញា សេង ធា​រី ដែល​ប្រធានាធិបតី​លោក ចូ បៃ​ឌិន (Joe Biden) បាន​លើក​ឡើង​ចំឈ្មោះ​ក្នុងជំនួប​ទ្វេភាគី​ជាមួយ​លោក ហ៊ុន សែន ផង​។ ទន្ទឹមគ្នានេះ អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន ក៏​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​កោះហៅ ឱ្យចូល​បំភ្លឺ​ឡើងវិញ​ក្រោម​បទ​ចោទ​ញុះញង់ ឬ​រួមគំនិត​ក្បត់​ជា​បន្តបន្ទាប់​ដែរ។

ជុំវិញ​រឿង​នេះ អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ចាត់ទុក​ថា ការ​ដែល​តុលាការ​សម្រេច​ឱ្យ​លោក​ចាញ់ក្ដី​គណបក្ស​កាន់​អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប ហើយ​តម្រូវឱ្យ​សង​ប្រាក់​ជំងឺ​ចិត្ត​រហូតដល់​ទៅជិត​១​លាន​ដុល្លារ​អាមេរិក (៨០០.០០០​ដុល្លារ​) កាល​ពី​ពេល​ថ្មីៗ​នេះ គឺជា​ការគំរាមកំហែង​ថ្មី​មួយទៀត​ដល់​អ្នក​នយោបាយដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល។ លោក​បន្ថែម​ថា ការ​ដែល​បណ្ដា​ប្រទេស​ដែល​មានភាព​ចាស់ទុំ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​ដាស់តឿន​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ មិនមែនជា​ការជ្រៀតជ្រែក​ផ្ទៃក្នុង ឬ​ធ្វើឱ្យ​រដ្ឋាភិបាល​បាត់បង់​ឯករាជ្យ​នោះឡើយ។

លោក សុន ឆ័យ៖ «ហើយ​ចំពោះ ចូ បៃ​ឌិន (Joe Biden) ចំពោះ​យើង​ជា​រដ្ឋាភិបាល​ក៏​យល់​ដែរ​ថា គាត់​ជា​ប្រធានាធិបតី​អាមេរិក ប្រទេស​ដែល​ចុះ​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​ទីក្រុង ប៉ារីស ដែល​ធានា​នូវ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា និង​ការគោរព​សិទ្ធិមនុស្ស ដូច្នេះ​គាត់​មក គាត់​ត្រូវតែ​រំឭក​យើង​ពី​រឿង​លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត​ត្រឹមត្រូវ​ហ្នឹង គឺជា​កាតព្វកិច្ច គឺជា​តួនាទី​របស់គាត់​ដែរ មិនមែន​គាត់​ចេះតែ​មក​លូកដៃ​លើ​ការងារ​យើង​ទេ»។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន អះអាង​ថា រដ្ឋាភិបាល​មិនបាន​រឹតត្បិត លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដូច​ការលើកឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នកវិភាគ​នោះឡើយ​។ លោក​បន្ថែមថា ប្រទេស​កម្ពុ​ជាមាន​អធិបតេយ្យ​របស់ខ្លួន និង​មិនអាច​ធ្វើតាម​ចិត្ត​របស់​បណ្ដា​ប្រទេស​មួយចំនួន​ចង់បាន​នោះទេ។

លោក កត្ដា អន៖ «កម្ពុជា​យើង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ បែរ​ទៅជា​ជនរងគ្រោះ​នៃ​លទ្ធិប្រជាធិបតេយ្យ ទៅជា​ជនរងគ្រោះ​នៃ​សិទ្ធិមនុស្ស អាហ្នឹង​វា​ជា​រឿង​បរិបទ​នយោបាយ​របស់​មហា​អំណាច ដូច្នេះហើយ​វា​មិន​អាចមក​វាយតម្លៃ​ស្ថាន​ការ​សិទ្ធិមនុស្ស​បានទេ»

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា បើទោះបីជា​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​រង​ការ​រិះគន់​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​យ៉ាងណា​ក៏ដោយ ក៏​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​បន្ត​រឹតត្បិត​លំហ​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​ងាយស្រួល​ក្នុងការ​ផ្ទេរអំណាច​រប​ស់លោក​ទៅ​ឱ្យ​លោក ហ៊ុន ម៉ា​ណែត។ លើសពីនេះ​ទៀត ដើម្បី​មាន​ភាព​ងាយ​ស្រូល​ក្នុងការ​ផ្ទេរអំណាច កាលពីពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន ក៏បាន​ស្នើសុំ​ព្រះមហាក្សត្រ​ដំឡើង​តួនាទី​កូនប្រុស​របស់លោក គឺ​លោក ហ៊ុន ម៉ានិត និង​មនុស្ស​ជំនិត​របស់លោក​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ៤​នាក់​ផ្សេងទៀត ឱ្យមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ផង។

លោក ហ៊ុន សែន ក៏បាន​បង្ហាញ​ជំហរ​កាន់តែ​ច្បាស់​ពី​ការមិន​អើពើ​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​ដែរ នៅ​ពេល​លោក​ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​អាស៊ាន​-​សហភាព​អឺរ៉ុប។ លោក​បាន​ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នក​ទៅ​ហែហម និង​ក្រុម​អ្នកគាំទ្រ​លោក​នៅ​ទីក្រុង​ព្រុចសែល នៃ​ប្រទេស​បែលហ្សិក (Belgium) កាល​ពី​ថ្ងៃទី​១២ ខែ​ធ្នូ ថា លោក​នឹង​មិន​ស្នើ​សុំឱ្យ​សហភាព​អឺរ៉ុប ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណាមួយ​មក​កម្ពុជា​វិញ ជា​ថ្នូរ​នឹង​ការដោះដូរ​អធិបតេយ្យ ឬ​ឯករាជ្យ​របស់​កម្ពុជា​នោះ​ឡើយ

លោក ហ៊ុន សែន៖ «ខ្ញុំ​មក​អឺរ៉ុប​នេះ ខ្ញុំ​អត់​មាន ហើយ​ខ្ញុំ​ដាក់​បម្រាម​អត់​មាន​ឱ្យ​មន្ត្រី​របស់ខ្ញុំ សុំ​អី​នរណា​ត្រឡប់មកវិញ ភាពអនុគ្រោះ​ណា ខ្ញុំ​បាន​និយាយ​ហើយ ថា​ខ្ញុំ​មិនអាច​យក​ភាព​ឯករាជ្យ អធិបតេយ្យភាព​ទៅ​ដោះដូរ​ជាមួយ​ជំនួយ ឬ​ភាពអនុគ្រោះ​ណា​ទាំងអស់ អ្នកឯង​ចង់ឱ្យ ឱ្យ រកស៊ី​ជាមួយគ្នា រកស៊ី​។ ឥឡូវ​យើង​នាំ​មកដល់​អឺរ៉ុប​កើន​១៨​ភាគរយ ទំហំ​ទឹក​លុយ​ជាង​៤​ពាន់​លាន (​ដុល្លារ​អាមេរិក​) នាំទៅ​អាមេរិក​។ គេ​រកស៊ី​ជាមួយគ្នា រកស៊ី អ្នកឯង​អនុគ្រោះ ខ្ញុំ​ក៏​អរ អ្នកឯង​មិន​អនុគ្រោះ ខ្ញុំ​ក៏​មិនដឹង​ធ្វើ​ម៉េច អាហ្នឹង​ទុក​សិទ្ធិ​ឱ្យ​អ្នកឯង​និយាយ​ចុះ»។

លោក ហ៊ុន សែន ថែមទាំង​បាន​គំរាម​ចេញពី​ទឹកដី​អឺរ៉ុប​ថតរូប​ក្រុម​អ្នកធ្វើ​បាតុកម្ម​ប្រឆាំងនឹង​លោក ទុក​យកទៅ​បិទ​ផ្សាយ​នៅ​ប្រ​លាន​យន្តហោះ​ពោធិ៍ចិនតុង និង​គំរាម​ស្វែងរក​សាច់ញាតិ​ក្រុមគ្រួសារ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ទៀតផង។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ឃើញ​ថា លំហ​ប្រជាធិបតេយ្យ​នៅតែមាន​ភាព​រឹតត្បិត គឺ​បណ្ដាល​មក​ពី​អ្នកនយោបាយ​គិតគូរ​ពី​ផលប្រយោជន៍​បុគ្គល ឬ​គណបក្ស​នយោបាយ​របស់​ខ្លួន ជាជាង​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ​ជាធំ​។ លោក​បន្ថែម​ថា ការ​ស្នើ​ឱ្យ​បើក​លំហ​ប្រជាធិបតេយ្យ​ពី​បណ្ដា​ប្រទេស​នានា​កន្លង​មក​នេះ មិនមែន​ជា​ការជ្រៀតជ្រែក​ផ្ទៃក្នុង ឬ​ធ្វើឱ្យ​កម្ពុជា​បាត់បង់​ឯករាជ្យ​នោះទេ​។ ប៉ុន្តែ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​ទាំងនេះ​ធ្វើឡើង​ដើម្បី​លើកកម្ពស់​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា ដែល​ប្រទេស​ទាំងនោះ​គឺជា​ភាគី​ហត្ថលេខី​តែប៉ុណ្ណោះ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​លើកកម្ពស់​លំហ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឱ្យបាន​ល្អ ដើម្បី​បញ្ចៀស​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជី អេស ភី (GSP) របស់​សហរដ្ឋអាមេរិក និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី​.​ប៊ី​.​អេ (EBA) ទាំងស្រុង​ពី​សហគមន៍​អឺរ៉ុប។

លោក អំ សំអាត«អ៊ីចឹង​បើសិនជា​អ្នកនយោបាយ​តម្កល់​ឧត្ដម​ប្រយោជន៍​ជាតិ ឧត្ដម​ប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ អាហ្នឹង​អាច​ទទួលផល​ចំណេញ​ច្រើន​ហើយ ហើយ​បើសិនជា​អ្នកនយោបាយ គិត​តម្កល់​អំពី​ផលប្រយោជន៍​នយោបាយ ផលប្រយោជន៍​បក្ស​ជាធំ ការកែប្រែ ការកែលំអ​ក៏​វា​អាច​នឹងមាន​ការជះឥទ្ធិពល និង​ការថ្លឹងថ្លែង ហើយ​វា​ធ្វើឱ្យប៉ះពាល់​នៅ​ក្នុង​ការវិវត្ត​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ហ្នឹង​ផងដែរ​បាទ»។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រក​ឃើញ​ថា លំហ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស កាន់តែ​រឹតត្បិត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចាប់​តាំង​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧​។ ក្រុម​អ្នក​វិភាគ​នយោបាយ​ព្រមាន​ថា ប្រសិន​បើ​លោក ហ៊ុន សែន នៅតែ​មិន​បើក​លំហ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅមុន​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​ទេនោះ នោះ​ប្រជាពលរដ្ឋ​នឹង​កាន់តែ​ប្រឈម​បញ្ហា​ជីវភាព ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ ហើយ​រដ្ឋាភិបាល​កម្ពុជា​នឹង​កាន់តែ​បាក់មុខបាក់មាត់​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​កម្ទេច​អ្នក​ប្រជាធិបតេយ្យ ដោយ​ការ​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។