លោក ហ៊ុន សែន ប្ដូរថ្ងៃកំណើតមកថ្ងៃទី៥ ខែសីហា ឆ្នាំរោងវិញ
2022.06.23
ពេលនេះរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងមមាញឹកផ្ញើលិខិតទៅស្ថាប័នជាតិនានា រួមទាំងស្ថាប័នព្រះមហាក្សត្រ ផងពីការប្តូរថ្ងៃខែកំណើតរបស់លោក ហ៊ុន សែន ដែលប្ដូរពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ មកថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២វិញ។ អ្នកឃ្លាំមើលសង្គមរិះគន់ លោក ហ៊ុន សែន ថា បានធ្វើឲ្យស្ថាប័នរបស់ជាតិ ខាតលុយ និងពេលវេលាព្រោះតែរឿងតូចតាចរបស់លោក ហ៊ុន សែន។
ការប្ដូរថ្ងៃខែឆ្នាំកំណើត លោក ហ៊ុន សែន ពេលនេះតម្រូវឲ្យរដ្ឋាភិបាល ត្រូវរំខានដល់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា រហូតព្រះមហាក្សត្រ និងប្រមុខស្ថាប័នជាតិមួយចំនួនទៀត។លោក ហ៊ុន សែន ចាប់ពីពេលនេះទៅ លោកមានថ្ងៃកំណើតពិត គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។ ទន្ទឹមគ្នា សូម្បីតែការប្តូរថ្ងៃកំណើតនេះ មន្ត្រីរបស់លោក ហ៊ុន សែន មួយចំនួន ក៏ឆ្លៀតផ្ញើសារអបអរផងដែរ។
អ្នកវិភាគនយោបាយ លោក គឹម សុខ រិះគន់ថា លោក ហ៊ុន សែន តែងយករឿងផ្ទាល់ខ្លួនតូចតាចរបស់លោក ធ្វើឲ្យគេរវល់ពេញនគរ ប៉ុន្តែលោក ហ៊ុន សែន មិនសូវអើពើដោះស្រាយបញ្ហាជាតិ ឬបញ្ហាពលរដ្ឋនោះទេ។ លោកបន្តថា នេះជាការបំផ្លាញលុយជាតិ និងពេលវេលាបំពេញការងាររបស់ មន្ត្រីរាជការ៖ «ពីព្រោះនិយាយដល់ប្រទេសជាតិ គឺបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងការពារទាំងបូរណភាពទឹកដី និងកិត្តិយសជាតិ ប៉ុន្តែ នៅពេលដាក់ផលប្រយោជន៍គាត់ (លោក ហ៊ុន សែន) និងគ្រួសារគាត់នៅមុខអ្វីៗដែលជាដំណើរការជាតិត្រូវស្ទះទាំងអស់មានដំណើរការទាក់ទងផលប្រយោជន៍នយោបាយរបស់ក្រុមគ្រួសារ ហ៊ុន ហើយនឹងគាត់តែប៉ុណ្ណោះ»។
ចំណែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវេសន៍ (Norway) លោក ម៉ែន ណាត សរសេរលើហ្វេសប៊ុកបែបឌឺដងទៅលោក ហ៊ុន សែន ថា បន្ទាប់ពីស្បែកជើងហោះកាត់មុខ លោក ហ៊ុន សែន ប្តូរថ្ងៃខែឆ្នាំកំណើត តាមអបិយជំនឿឲ្យជ្រះចង្រៃ។
លោក ម៉ែន ណាត យល់ថា ការប្ដូរថ្ងៃខែឆ្នាំកំណើតរបស់លោក ហ៊ុន សែន ពេលនេះ គឺលោក ហ៊ុន សែន ជាមនុស្សដែលជឿលើអប្បិយជំនឿជ្រុលហួសហេតុ។ លោកបន្តថា មេដឹកនាំដែលងប់ងុលលើជំនឿបែបនេះជាបង្ហាញថា មេដឹកនាំនោះគ្មានសមត្ថភាព៖ «គាត់ (លោក ហ៊ុន សែន) ជឿទៅលើអបិយជំនឿ រឿងកាត់ស៊យ កាត់សៅហ្មង តាមធម្មតា គ្មានអបិយជំនឿណាមួយមក គ្រប់តណ្ដប់ទៅលើការដឹកនាំរបស់ខ្លួន បើយើងជាមេដឹកនាំ ទោះបីយើងស្លាប់ជាខ្មោចរាប់សិបឆ្នាំក៏គេនៅតែគោរពបូជាដែរ»។
ប្រតិកម្មរបស់អ្នកឃ្លាំមើលដូច្នេះ គឺក្រោយពេលប្រធានតុលាការក្រុងភ្នំពេញ លោក តាំង ស៊ុនឡាយ បានចេញដីកាចុះថ្ងៃទី២០ ខែមិថុនា សម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតតាមការចង់បានរបស់លោក ហ៊ុន សែន។ លោក ចៅក្រម តាំង ស៊ុនឡាយ បង្គាប់ទៅមន្ត្រីអត្រានុកូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានឲ្យស្របតាមការស្នើសុំរបស់លោក ហ៊ុន សែន។
ជុំវិញការរិះគន់របស់អ្នកឃ្លាំមើលសង្គមលើរឿងនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ការប្ដូរថ្ងៃខែឆ្នាំកំណើតលោក ហ៊ុន សែន ជាសិទ្ធិរបស់លោក ហ៊ុន សែន។ លោកសុខ ឥសាន សុំមិនធ្វើអត្ថាធិប្បាយថា ការប្ដូរថ្ងៃខែឆ្នាំកំណើតរបស់ លោក ហ៊ុន សែន ទាក់ទងនឹងអប្បិយជំនឿរបស់លោក ហ៊ុន សែន ឬយ៉ាងណានោះទេ៖ «មានខាតបង់ពីណា ហើយការ ដែលទូលថ្វាយព្រះករុណា ឬក៏ស្ថាប័ននានា ជាការទទួលខុសរបស់សម្ដេចនាយកលោកធ្វើលិខិតជូនដំណឹងទៅហើយទេតើ ហើយឥឡូវមានខាតអីប្រជាពលរដ្ឋទាំងប្រទេសគេមិនមាត់ផង»។
ទោះជាយ៉ាងណាក្ដី លោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១៧ ខែឧសភា គឺក្រោយប៉ុន្មានថ្ងៃនៃការស្លាប់បងប្រុសរបស់លោក គឺលោក ហ៊ុន ណេងថា ថ្ងៃខែកំណើតបងប្រុសលោក គឺឆុងគ្នានឹងថ្ងៃកំណើតរបស់លោកដែលប្រើប្រាស់កន្លងមកគឺ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១៖ «អ៊ីចឹងបើនិយាយពីកើតថ្ងៃទី២ ខែមេសា គឺគាត់ (លោក ហ៊ុន ណេង) នៅក្នុងឆ្នាំឆ្លូវ ដល់គាត់មកយកខែវិច្ឆិកា គាត់នៅឆ្នាំខាល គឺឆុងឆ្នាំហ្នឹងតែម្ដង ព្រោះក្នុងចំណោមគ្រួសារខ្ញុំអត់មានអ្នកណាមួយរឿងបេះដូងទេ អ៊ីចឹងទេ រឿងនេះ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម កើត រិទ្ធ ហើយ ខ្ញុំវិលមករកថ្ងៃខែកំណើតខ្ញុំវិញ»។
មេធាវីតំណាងលោក ហ៊ុន សែន បានប្ដឹងទៅសាលាដំបូងរាជធានី ភ្នំពេញ កាលពីដើមខែមិថុនាថា ជិតមួយជីវិតរបស់លោកបានប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតខុស ព្រោះប្រទេសមានសង្គ្រាម ប៉ុន្តែពេលនេះលោកមានបំណងប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិតរបស់ខ្លួនវិញ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។ ថ្ងៃកំណើតផ្លូវការថ្មីរបស់លោក ហ៊ុន សែន នេះត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩២។ ឆ្នាំរោងនេះត្រូវនឹងសត្វនាគ ដែលលោក ហ៊ុន សែន មានជំនឿថា អ្នកកើតឆ្នាំរោងមានរាសីខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។