អ្នកឃ្លាំមើលថា លោក ហ៊ុន សែន កំពុងបង្កើនទំនាក់ទំនងជាមួយចិនដើម្បីគាំទ្រផែនការផ្ទេរអំណាចតវង្សត្រកូល
2022.08.05

អ្នកឃ្លាំមើល លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងព្យាយាមបង្កើនទំនាក់ទំនងជាមួយប្រទេសចិនកុម្មុយនិស្តកាន់តែខ្លាំងឡើង ក្នុងពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីឱ្យចិនជួយគាំទ្រផែនការផ្ទេរអំណាចត្រកូល ហ៊ុន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត និងមានជំនួបទ្វេភាគីនៃប្រទេសទាំងពីរ ដើម្បីជជែកអំពីការពង្រឹងទំនាក់ទំនងកម្ពុជាចិន ក្នុងពេលដែលលោក វ៉ាង យី ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា យល់ស្របគ្នាថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលឆ្លៀតជួបជជែកជាមួយកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត គឺជាការបង្ហាញអំពីការគាំទ្រនៃផែនការផ្ទេរអំណាចរបស់ត្រកូល «ហ៊ុន»។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយលោក គឹម សុខ លើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែនមិនត្រឹមតែមានទំនាក់ទំនងល្អជាមួយចិន ដើម្បីឱ្យជួយគាំទ្រផែនការផ្ទេរអំណាចទៅឱ្យកូនប្រុសរបស់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែលោក គឹម សុខ ថា រដ្ឋាភិបាលលោក ហ៊ុន សែន តែងទាញកម្ពុជាធ្វើជាកូនអុក ដើម្បីបំពេញមហិច្ឆតារបស់ប្រទេសចិនលើឆាកអន្តរជាតិ។ លោកថា ក្នុងនោះកម្ពុជា និងចិនហាក់នៅតែមានភាពបិទបាំងអំពីវត្តមានមូលដ្ឋានកងទ័ពចិននៅលើទឹកខ្មែរ និងមិនទាន់មានការជម្រះមន្ទិលសង្ស័យ ដើម្បីឱ្យសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់មានការជឿទុកចិត្តនៅឡើយ។ លោកលើកឡើងបន្តថា រដ្ឋាភិបាលលោក ហ៊ុន សែន គួរតែគិតគូរឡើងវិញអំពីការអនុវត្តគោលនយោបាយអព្យាក្រឹត្យ ដោយធានាថាមិនលម្អៀងទៅរកចិន និងត្រូវចាប់ផ្ដើមស្ដារស្ថានការណ៍នយោបាយកម្ពុជាឱ្យល្អប្រសើរ៖ «ក៏ប៉ុន្តែចិន ក៏ដឹងច្បាស់ណាស់ដែរ ថាបើកម្ពុជាដើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា នោះទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ក៏នឹងប្រសើរឡើងវិញលឿនដែរ ហើយចិនក៏នឹងបាត់បង់ឥទ្ធិពលនៅកម្ពុជាបន្តិចម្តងៗ។ ម្ល៉ោះហើយ ទើបចិនព្យាយាមប្រើឧបាយកល បំពេញបំណងផ្ទេរអំណាចរបស់គ្រួសារហ៊ុន សែន ហ្នឹង យកលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាឧបករណ៍រារាំងការប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការស្ដារទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកនេះ»។
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) កាលពីថ្ងៃទី៣ ខែសីហា បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ លោក វ៉ាង យី (Wang Yi) ក៏បានឆ្លៀតឱកាស ដើម្បីជជែកពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត និងបានជជែកពិភាក្សាក្នុងជំនួបទ្វេភាគីនៃប្រទេសទាំងពីរ ទាក់ទងនឹងការងារអាស៊ាន-ចិន និងបញ្ហាអន្តរជាតិ។
លោក ហ៊ុន សែន លើកឡើងថា កម្ពុជា និងចិន បានចាក់គ្រឹះយ៉ាងមាំ និងមានទំនាក់ទំនងស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការច្រើនវិស័យ។ លោក ហ៊ុន សែន ក៏អះអាងថា ក្នុងជំនួបនោះ លោក វ៉ាង យី (Wang Yi) បានបញ្ជាក់ជំហរថា ចិននឹងបន្តគាំទ្រចំពោះការបន្តវេនស្នងដំណែងនាយករដ្ឋមន្រ្តីក្នុងគោលដៅរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដើម្បីឱ្យប្រទេសទាំងពីរមានការកសាងសហគមន៍ និងមានជោគវាសនានៅថ្ងៃអនាគតជាមួយគ្នា។
អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) លោក វណ្ណ ប៊ុនណា កត់សម្គាល់ថា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ជួបជជែកផ្ទាល់ជាមួយលោក ហ៊ុន ម៉ាណែត អាចគោលដៅសំខាន់មួយសម្រាប់ប្រទេសចិន ដើម្បីបញ្ជាក់ជំហរគាំទ្រអំពីផែនការផ្ទេរអំណាចទៅឱ្យលោកស្នងដំណែងជានាយករដ្ឋមន្រ្តីពីឪពុករបស់លោក។ ទន្ទឹមគ្នានេះ លោកថា ក្រៅពីរដ្ឋមន្ត្រីការបរទេសចិនបានប្ដេជ្ញាគាំទ្រជួយអភិវឌ្ឍកម្ពុជា ឱ្យមានវាសនានៅថ្ងៃអនាគតដូចប្រទេសចិន ក្នុងជំនួបទ្វេរភាគីនោះ ចិនអាចមានការបញ្ចុះបញ្ចូលកម្ពុជាឱ្យគាំទ្រខ្លួន ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ធ្វើដំណើរទៅកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលក្រុងប៉េកាំងតែងចាត់ទុកជាចំណែកទឹកដីរបស់ខ្លួន៖ «បើសិនជា រឿងវិបត្តិនៅតៃវ៉ាន់ វិវត្តន៍ទៅជាជម្លោះសង្គ្រាម ឬក៏មានបញ្ហាអីមួយ ហើយកម្ពុជាគាំទ្រផលប្រយោជន៍ចិនខ្លាំង ហើយប្រឆាំងផលប្រយោជន៍សហរដ្ឋអាមេរិក ខ្ញុំមើលឃើញថាកម្ពុជា អាចនឹងប្រឈមមុខ នឹងប្រទេសសហរដ្ឋអាមេរិកដែលអាចទាញទម្លាក់កម្ពុជានៅក្នុងវិបត្តិភូមិសាស្ត្រនយោបាយ ឬក្លាយទៅជាជាប់អន្លាក់នៅក្នុងភូមិសាស្ត្រនយោបាយ។ មួយទៀតធ្វើឱ្យសហរដ្ឋអាមេរិកនឹងអាចកាន់តែដាក់ទណ្ឌកម្មមកកម្ពុជាកាន់តែខ្លាំងក្លាថែមទៀតផងដែរ»។
កាលពីថ្ងៃទី០៣ ខែសីហា គណបក្សប្រជាជនកម្ពុជា និងក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ជំហរថាកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយដោយឥតងាករេ ហើយចាត់ទុកបញ្ហាពាក់ព័ន្ធហុងកុង (Hong Kong) តៃវ៉ាន់ (Taiwan) ទីបេ (Tibet) និងស៊ីនជាំង (Xinjiang) គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន និងសិទ្ធិអធិបតេយ្យរបស់ប្រទេសចិន។
សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងរវាងចិន និងតៃវ៉ាន់ ខណៈដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋសភាអាមេរិក អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ដែលបានដឹកនាំគណៈប្រតិភូសភាអាមេរិក ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា បើទោះបីមានការគំរាមកំហែងពីប្រទេសចិន ថាសហរដ្ឋអាមេរិកនឹងរង «ផលវិបាកធ្ងន់ធ្ងរ» ពីដំណើរទស្សនកិច្ចនេះក៏ដោយ។
ទោះបីជាយ៉ាងណា ក្រុមអ្នកឃ្លាំមើលព្រមានថា ប្រសិនបើកម្ពុជាបង្ហាញគោលជំហរលម្អៀងទៅចិនកាន់តែខ្លាំងពាក់ព័ន្ធភាពចម្រូងចម្រាសរវាងចិន និងតៃវ៉ាន់ នោះកម្ពុជាអាចនឹងជួបបញ្ហាប្រឈមកាន់តែខ្លាំងបន្ថែមទៀតជាមួយប្រទេសសហរដ្ឋអាមេរិក។ ទោះជាបែបនេះក្ដី ពួកគាត់ព្រួយបារម្ភថា បើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តក្ដោបក្ដាប់ប្រទេសកម្ពុជា ហើយដឹកនាំតាមបែបឯកបក្សគ្រួសារនិយមតវង្សត្រកូលបែបនេះ នោះរដ្ឋាភិបាលលោក ហ៊ុន សែន ទំនងជៀសមិនផុតក្នុងការគាំទ្រគោលនយោបាយចិន ដើម្បីឱ្យជួយការពាររក្សាអំណាចរបស់ខ្លួន និងគាំទ្រផែនការផ្ទេរអំណាចឱ្យលោក ហ៊ុន ម៉ាណែត នៅថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។