អ្នកប្រើប្រាស់បណ្ដាញសង្គមស្វាគមន៍ដំណឹងនៃការមកដល់អូស្ត្រាលីរបស់គ្រួសារបណ្ឌិត កែម ឡី
2018.02.20
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងក្នុង និងក្រៅប្រទេសកម្ពុជា ស្វាគមន៍ព័ត៌មានដែលក្រុមគ្រួសារបណ្ឌិត កែម ឡី បានទៅដល់ប្រទេសអូស្ត្រាលី ទីដែលមានសុវត្ថិភាពដើម្បីកសាងជីវិតថ្មី។ ខាងក្រោមនេះ ជាសម្រង់ខ្លីៗនៃសាររបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
ម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ «សួន គីម» សរសេរបញ្ជាក់ពីអារម្មណ៍រំភើបរបស់ខ្លួនយ៉ាងដូច្នេះថា «គួរជាទីត្រេកអរក្រៃលែង ពេលបានដំណឹងថា នៅមានឈាមបណ្ឌិតខ្មែរដែលស្មោះត្រង់នឹងជាតិ បានទទួលការយកចិត្តទុកដាក់រួចផុតដំណាក់ការដ៏សាហាវឃោរឃៅនេះ ។ ក្នុងនាមខ្ញុំជាខ្មែរ សូមអរគុណអស់លោកអ្នកដែលបានជួយ ពិសេសគ្រួសារលោក ហុង លីម»។
ម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀតឈ្មោះថា «ចក្រភពអង្គរ» សរសេររៀបរាប់អំពីអារម្មណ៍អាឡោះអាល័យរបស់ខ្លួនថា «បងស្រី! ជិត ២ឆ្នាំហើយ ខ្ញុំក៏សង្ឃឹមមានថ្ងៃនេះ។ ក៏ប៉ុន្តែ ការសោកសៅអាឡោះអាល័យ នៅពេលខ្ញុំទៅដល់ការាសសាំងបូកគោ ហាក់បីដូចជានៅថ្មីៗ។ ខ្ញុំបានឮ បានឃើញមហាជនស្រែកយំទ្រហោ ពួកគាត់សែនសោកស្ដាយអ្នកប្រាជ្ញខ្មែរ ហើយទឹកភ្នែកខ្ញុំស្រក់មកមិនដឹងខ្លួន។ មហាជនដឹងថា ឃាតកជានរណាពិតប្រាកដ ក្រោយពីគាត់បានវិភាគរបាយការណ៍របស់អង្គការក្លូបបល វីនេស (Global Witness) ពីអាណាចក្រជំនួញត្រកូលហ៊ុន។ លោកបានឃ្លាតកាយឆ្ងាយមែន មនសិការជាតិរបស់លោកបានជ្រាបពេញបេះដូងកូនខ្មែរអស់ហើយ។ ជាចុងក្រោយ សូមបារមីបុព្វបុរសខ្មែរតាមថែរក្សាបងនឹងក្មួយៗ មកសាងជីវិតថ្មីសូមប្រកបដោយជោគជ័យ»។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀតឈ្មោះ «សុភាព ស្រីពេជ្រ» សរសេរថា «សូមចូលរួមត្រេកអរដល់បងស្រី និងក្មេងៗទាំងគ្នាផង។ សូមបងស្រីរឹងមាំ មានសុខភាពល្អ សំណាងល្អ ហើយសុំបងស្រីរកផ្លូវដ៏ភ្លឺស្វាងមួយសម្រាប់ក្មេងៗ ដើម្បីអោយក្លាយជាលោកបណ្ឌិតទីពីរ»៕