តើ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ជា​អ្វី ហើយ​កម្ពុជា​អាច​ទាញ​​អត្ថប្រយោជន៍​អ្វីខ្លះ​ពី​កិច្ចប្រជុំ​កំពូល​នេះ?

ដោយ មាន ឫទ្ធិ
2018-10-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេដឹកនាំ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ហៅ​កាត់​ថា ASEM ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី១៩ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក។
មេដឹកនាំ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ហៅ​កាត់​ថា ASEM ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី១៩ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក។
Photo courtesy of Hun Sen Facebook page

ក្រុម​មេដឹកនាំ​រដ្ឋ ឬ​រដ្ឋាភិបាល​មកពី​បណ្ដា​ប្រទេស​អឺរ៉ុប និង​អាស៊ី សរុប​ចំនួន ៥១​ប្រទេស រួម​នឹង​តំណាង​របស់​សហភាព​អឺរ៉ុប និង​អគ្គលេខាធិការ​អាស៊ាន​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ហៅ​កាត់​ថា ASEM ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី១៩ ខែ​តុលា នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក។ តើ​កម្ពុជា​អាច​ទាញ​យក​អត្ថប្រយោជន៍​អ្វីខ្លះ​ពី​កិច្ចប្រជុំ​កំពូល​មួយ​នេះ?

នេះ​ជា​លើក​ទី១២ ហើយ ដែល​ក្រុម​មេដឹកនាំ​មកពី​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី និង​អឺរ៉ុប រួមគ្នា​រៀបចំ​ព្រិត្តិការណ៍​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប។ គិត​មក​ត្រឹម​ឆ្នាំ២០១៨ យន្តការ ASEM នេះ មាន​ដៃគូ​សន្ទនា សរុប​ចំនួន ៥៣ ក្នុង​នោះ ៣០​ប្រទេស​មកពី​ទ្វីប​អឺរ៉ុប ២១ ប្រទេស​មកពី​ទ្វីប​អាស៊ី រួម​ទាំង​តំណាង​មកពី​សហភាព​អឺរ៉ុប និង​អគ្គលេខាធិការ​អាស៊ាន។ កិច្ចប្រជុំ​កំពូល​នេះ ប្រព្រឹត្តិ​ទៅ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង ដោយ​ប្ដូរ​វេន​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ ម្ដង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ប្រទេស​ណាមួយ​ជា​រដ្ឋ​សមាជិក​នៅ​អឺរ៉ុប ឬ​នៅ​អាស៊ី។ កម្ពុជា ពុំ​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល ASEM នេះ​ទេ ក៏ប៉ុន្តែ​កម្ពុជា​កំពុង​ដាក់​បេក្ខភាព​ធ្វើ​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នេះ នៅ​ឆ្នាំ ២០២០ ដោយ​នា​ចុងក្រោយ​នេះ ទទួល​បាន​ការ​គាំទ្រ​ជា​ផ្លូវការ​ពី​ប្រទេស​ជប៉ុន។

សម្រាប់​ឆ្នាំ​២០១៨ នេះ កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ASEM លើក​ទី១២ នេះ ផ្តោត​លើ​មូលបទ​ស្ដីពី «អឺរ៉ុប និង​អាស៊ី ជា​ដៃគូ​សាកល​សម្រាប់​បញ្ហា​ប្រឈម​សាកល»។ មេដឹកនាំ​ទីក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​របប​ក្រុងភ្នំពេញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ ហើយ​នឹង​ថ្លែង​បទ​អន្តរាគមន៍​ដោយ​ផ្ដោត​ទៅ​លើ​ប្រធានបទ «​របៀបវារៈ​ឆ្នាំ២០៣០ សម្រាប់​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព និង​បរិយាប័ន្ន»

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក ដូណាល់ ថាសក៏ (Donald Tusks) នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នេះ ដោយមាន​ប្រធាន​គណៈកម្មាការ​អឺរ៉ុប​លោក ហ្សង់ក្លូដ ឆាន់គ័រ (Jean - Claude Juncker ) និង​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​សម្រាប់​គោលនយោបាយ​បរទេស និង​សន្តិសុខ អ្នកស្រី ហ្វេដេរីកា មូហ្គឺរីនី (Federica Mogherini ) ជា​តំណាង​របស់​សហភាព​អឺរ៉ុប​ចូលរួម​នៅ​ក្នុង​សន្និសីទ​នេះ​ដែរ។ ក្រុម​មេដឹកនាំ នឹង​ស្វះ​ស្វែងរក​ការ​ពង្រឹង​កិច្ច​សន្ទនា និង​កិច្ច​សហប្រតិបត្តិការ​រវាង​ទ្វីប​ទាំងពីរ ផ្តោត​លើ​វិស័យ​ធំៗ​មួយ​ចំនួន រួមមាន​ដូចជា វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ការ​តភ្ជាប់ ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព និង​អាកាសធាតុ និង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ ដូចជា បញ្ហា​ភេរវកម្ម ការ​មិន​រីកសាយ​ភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ សន្តិសុខ​ប្រព័ន្ធ​ព័ត៌មានវិទ្យា បញ្ហា​ទេសន្តរប្រវេសក៍​មិន​ប្រក្រតី​ជាដើម។

កិច្ចប្រជុំ​កំពូល​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ការ​កើនឡើង​នៃ​ទំនាក់ទំនង​រវាង​ទ្វីប​ទាំងពីរ ដោយមាន​ការ​កើនឡើង​នៃ​ចំនួន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ ក៏ដូចជា ការ​តភ្ជាប់​ជារួម​កាន់តែ​ខ្លាំង​ជាង​មុន លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ។ កិច្ចប្រជុំ​កំពូល​នេះ នឹង​អនុញ្ញាត​ឲ្យ​ដៃគូ​អឺរ៉ុប និង​អាស៊ី ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​បញ្ហា​អភិបាលកិច្ច ផ្ដល់​ការ​គាំទ្រ​លើ​ប្រព័ន្ធ​ពហុ​និយម និង​ដោះស្រាយ​បញ្ហា​ប្រឈម​សាកល ដូចជា បញ្ហា​ប្រែប្រួល​អាកាសធាតុ ការ​គំរាមកំហែង បញ្ហា​ភេរវកម្ម និង​ទេសន្តរប្រវេសក៍។

ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន ត្រូវ​បាន​រៀបចំឡើង​ស្រប​ពេល​នឹង​កិច្ចប្រជុំ​កំពូល​នេះ ក្នុង​នោះ​រួមមាន សន្និសីទ​ភាពជា​ដៃគូ​សភា​អាស៊ី​អឺរ៉ុប​លើក​ទី១០ សន្និសីទ​ប្រជាជន​អាស៊ី​អឺរ៉ុប​លើក​ទី១២ សន្និសីទ​ធុរកិច្ច​អាស៊ី​អឺរ៉ុប​លើក​ទី១៦ សន្និសីទ​ក្រុម​មេដឹកនាំ​វ័យក្មេង​អាស៊ី​អឺរ៉ុប​លើក​ទី ៣ សន្និសីទ​វិស័យ​ការងារ​អាស៊ី​អឺរ៉ុប​លើក​ទី ១១ កិច្ចប្រជុំតុមូល​និពន្ធ​នាយក​អាស៊ី​អឺរ៉ុប​លើក​ទី៩ និង​សន្និសីទ​សេដ្ឋកិច្ច​អាស៊ី​អឺរ៉ុប​លើក​ទី១៥។ បន្ថែម​ពីលើ​នេះ ក៏​នឹង​មាន​ផង​ដែរ នូវ​ទិវា​វប្បធម៌​អាស៊ី​អឺរ៉ុប ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​វិចិត្រ​សិល្បៈ បូហ្សារ (BOZAR) ចាប់ពី​ថ្ងៃ​ទី១៨ ដល់​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៨ នេះ​។ ដៃគូ ASEM តំណាង​ឲ្យ ៦៥​ភាគរយ​នៃ​ផលិតផល​ដុល​សរុប​របស់​ពិភពលោក តំណាង​ឲ្យ ៦០ ភាគរយ នៃ​ប្រជាជន​ពិភពលោក​សរុប និង​តំណាង​ឲ្យ ៥៥ ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល។

អ្នក​ជំនាញ​ផ្នែក​កិច្ចការ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា លោក ហ៊ុន សែន និង​មន្ត្រី​នៃ​របប​របស់​លោក ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ ដោយ​ផ្តោត​លើ​អត្ថប្រយោជន៍​ជា​ចម្បង​នៃ​កិច្ច​ស្វះ​ស្វែងរក​អន្តរាគមន៍ ធ្វើ​យ៉ាងណា​ស្ដារ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ដោយសារតែ​កម្ពុជា​កំពុង​ប្រឈម​ទៅ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA ។ លោក បន្ត​ថា លោក ហ៊ុន សែន ក៏​ចង់​ទទួល​បាន​សញ្ញា​ភ្លើង​ខៀវ​សម្រាប់​កម្ពុជា​អាច​ធ្វើជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប លើក​ទី​១៣ នៅ​ឆ្នាំ ២០២០ ខាងមុខនេះ ដើម្បី​ជួសជុល​ទំនាក់ទំនង​ជាមួយ​សហភាព​អឺរ៉ុប។ លោក​បណ្ឌិត អៀ សុផល យល់ថា របប​ក្រុងភ្នំពេញ​អាច​នឹង​ប៉ុនប៉ង​ព្យាយាម​ពន្យល់​ប្រាប់​ទៅកាន់​សហភាព​អឺរ៉ុប កុំ​ឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពី​កម្ពុជា។ ក៏ប៉ុន្តែ លោក​ថា នេះ​ជា​បញ្ហា​ផុយ​ស្រួយ​មួយ​ដោយសារតែ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ខណៈ​ដែល​ប្រទេស​ចិន ក៏​អាច​នឹង​ដើរតួ​ធ្វើជា​អ្នកនាំពាក្យ​ឲ្យ​របប​ក្រុងភ្នំពេញ ហើយ​លើកឡើង​ពី​បញ្ហា​របស់​កម្ពុជា​នេះ និង​ទាមទារ​ឲ្យ​មាន​ការ​គោរព​អធិបតេយ្យ​កម្ពុជា​ពី​សំណាក់​សហភាព​អឺរ៉ុប នៅ​ក្នុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​នេះ។ លោក​បណ្ឌិត អៀ សុផល យល់​ថា ដំណោះស្រាយ​ឈ្នះៗ​តែមួយគត់​សម្រាប់​គ្រប់​ភាគី គឺ​របប​ក្រុងភ្នំពេញ​ត្រូវតែ​បោះបង់ចោល​នូវ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន ដោយ​បញ្ឈប់​ការ​បង្ក្រាប​មក​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ស្តារ​ឡើងវិញ​នូវ​ការ​គោរព​សិទ្ធិមនុស្ស សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា នោះ​ទើប​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប នឹង​មិន​ត្រូវ​បាន​ព្យួរ ហើយ​អ្នក​ដែល​ឈ្នះ​ពិតប្រាកដ​គឺជា​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ។

កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ASEM បាន​ប្រព្រឹត្តិ​ទៅជា​លើកដំបូង​នៅ​ឆ្នាំ១៩៩៦ ដែល​កាលណោះ មាន​រដ្ឋ​សមាជិក​អឺរ៉ុប​ចំនួន​១៥ និង​ក្រុម​ប្រទេស​អាស៊ាន​ចំនួន ៧ ចូលរួម បូករួម​ទាំង​ប្រទេស​ចិន ជប៉ុន កូរ៉េ និង​គណៈកម្មការ​អឺរ៉ុប។ នៅ​ឆ្នាំ២០០៤ យន្តការ ASEM នេះ បាន​ពង្រីក​ខ្លួន​ជា​លើកដំបូង ដោយ​បញ្ចូល​រដ្ឋ​សមាជិក​អឺរ៉ុប​ថ្មី​ចំនួន ១០ បន្ថែម​ទៀត និង ៣​ប្រទេស​ទៀត​មកពី​តំបន់​អាស៊ាន ក្នុង​នោះ​រួម​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឬ​ភូមា។ ការពង្រីក​ខ្លួន​ជា​លើក​ទី២ របស់​យន្តការ ASEM នេះ ធ្វើឡើង​ក្នុង​ឆ្នាំ ២០០៨ នៅ​ឯ​កិច្ចប្រជុំ​កំពូល ASEM លើក​ទី ៧ ប្រព្រឹត្តិ​នៅ​ទី​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដោយមាន​រដ្ឋ​សមាជិក ៦ បន្ថែម​ទៀត​ចូលរួម នាំ​ឲ្យ​យន្តការ ASEM នេះ មាន​សមាជិកភាព​សរុប​ដល់​ទៅ ៤៥ ប្រទេស។ យន្តការ​នៃ​កិច្ចប្រជុំ​កំពូល ASEM នេះ បន្ត​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០១០ ឆ្នាំ ២០១២ និង​ចុងក្រោយ​នៅ​ឆ្នាំ​២០១៤ ដោយ​បង្កើន​រដ្ឋ​សមាជិក​សរុប​រហូតដល់​ទៅ ៥៣ ប្រទេស និង​ដៃគូ​ដូច​មាន​ស្រាប់​នា​ពេល​បច្ចុប្បន្ន​នេះ។

លក្ខណៈ​ចម្បងៗ​ចំនួន ៤ នៃ​ដំណើរការ​កិច្ចប្រជុំ​កំពូល​នេះ រួមមាន ធ្វើ​ឡើងជា​លក្ខណៈ​មិន​ផ្លូវការ ផ្តោត​លើ​ពហុ​វិស័យ ភាព​ដៃគូ​ស្មើភាព​គ្នា និង​ផ្តោត​លើ​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​កំពូលៗ និង​ប្រជាជន និង​ប្រជាជន។ ធ្វើ​ឡើងជា​លក្ខណៈ​មិន​ផ្លូវការ មានន័យថា កិច្ចប្រជុំ​កំពូល​នេះ ផ្តល់​នូវ​វេទិកា​បើក​ចំហរ​មួយ​សម្រាប់​ក្រុម​អ្នកធ្វើ​គោលនយោបាយ និង​មន្ត្រី​អ្នកមុខអ្នកការ ដើម្បី​ធ្វើការ​ពិភាក្សា​គ្នា​លើ​បញ្ហា​នយោបាយ សេដ្ឋកិច្ច សង្គម​និង​វប្បធម៌ ដែល​ជា​អត្ថប្រយោជន៍​រួម បន្ថែម​ទៅលើ​ការងារ​ដែល​បាន​ធ្វើឡើង​នៅ​កម្រិត​ទ្វេភាគី និង​ពហុភាគី​ដទៃ​ទៀត​ដែល​មាន​ស្រាប់។ លក្ខណៈ​ពហុ​វិស័យ​នៃ​កិច្ចប្រជុំ​កំពូល​នេះ មានន័យថា កិច្ចប្រជុំ​កំពូល​នេះ គ្រប​ដណ្តប់​លើ​វិសាលភាព​ពេញលេញ​នៃ​ទំនាក់ទំនង​រវាង​តំបន់​ទ្វីប​ទាំងពីរ និង​ឧទ្ទិស​ស្មើៗ​គ្នា​ដល់​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​វប្បធម៌។ ដោយឡែក​លក្ខណៈ​សមាជិក​ភាពស្មើគ្នា មានន័យថា ការ​ចៀសវាង​មិន​គិត​អំពី​ទំនាក់ទំនង​ផ្ដោត​លើ​តែ​ជំនួយ តែ​ពឹងផ្អែក​ច្រើនជាង​លើ​ដំណើរការ​ទូទៅ​នៃ​កិច្ច​សន្ទនា និង​កិច្ច​សហ​ប្រតិបត្តិ​ការ ផ្អែកលើ​គោលការណ៍​គោរព​គ្នា និង​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក។ លក្ខណៈ​ចម្បង​ចុងក្រោយ ដែល​ផ្តោត​លើ​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​កំពូលៗ និង​ប្រជាជន និង​ប្រជាជន មានន័យថា យន្តការ​នេះ ផ្តល់​នូវ​វេទិកា​មួយ​សម្រាប់​ជួប​ប្រជុំគ្នា​រវាង​បណ្ដា​ប្រមុខរដ្ឋ រដ្ឋាភិបាល រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់ខ្ពស់ ជាមួយ​នឹង​ការ​ផ្ដោត​កាន់តែ​ខ្លាំង​ឡើង នូវ​ការ​ជំរុញ​ឲ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​សង្គម និង​សង្គម​នៅ​ក្នុង​គ្រប់​វិស័យ នៃ​ទ្វីប​ទាំងពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល