សមត្ថកិច្ច​ថា​ការ​មិន​ឲ្យ​ពលរដ្ឋ​នៅ​ក្បែរ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​គឺ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ការ​មិន​ឲ្យ​ពលរដ្ឋ​បាន​នៅ​ក្បែរ​ការិយាល័យ​រាប់​សន្លឹកឆ្នោត​នោះ គឺ​ដោយសារ​មាន​សំណូមពរ​ពី​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ដែល​បារម្ភ​អំពី​រឿង​សណ្ដាប់ធ្នាប់។ ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា ពួក​គាត់​មិន​បាន​ទៅ​បង្ក​ការ​រំខាន ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​រាប់​សន្លឹកឆ្នោត​នោះ​ទេ ពោល​គឺ​គ្រាន់​តែ​ចង់​សង្កេត​មើល​ដំណើរការ​រាប់​សន្លឹកឆ្នោត​តែ​ប៉ុណ្ណោះ។

មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ល្ងាច​ថ្ងៃ​ទី​៤ មិថុនា ថា ការ​មិន​ឲ្យ​ពលរដ្ឋ​នៅ​ក្បែរ​ការិយាល័យ​រាប់​សន្លឹកឆ្នោត​នៅ​តាម​ការិយាល័យ​មួយ​ចំនួន​នោះ គឺ​ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់​នៃ​ដំណើរការ​រាប់​សន្លឹកឆ្នោត។

លោក​ថា ការ​ចោមរោម​របស់​ប្រជាពលរដ្ឋ​នៅ​ជិត​ការិយាល័យ​រាប់​សន្លឹកឆ្នោត ធ្វើ​ឲ្យ​បាត់​សណ្ដាប់ធ្នាប់​ដែល​ជា​ការ​ប៉ះពាល់ និង​រំខាន​ដល់​សកម្មភាព​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​កំពុង​រាប់​សន្លឹកឆ្នោត ហើយ​សមត្ថកិច្ច​ដែល​ជា​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត « មាន​ចលនា​ប្រជាជន​មក​ចោមរោម​នៅ​ជិត​ការិយាល័យ​រាប់​សន្លឹកឆ្នោត ហើយ​ដូចជា​មាន​លក្ខណៈ​មិន​ទុក​ចិត្ត​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត មិន​ទុក​ចិត្ត​ទាំង​សមាជិក​អ្នក​សង្កេតការណ៍​បក្ស​នយោបាយ​ខ្លួន​ឯង​ដែល​នៅ​ក្នុង​ហ្នឹង​ផង ហើយ​គាត់​ធ្វើ​ឲ្យ​បាត់​សណ្ដាប់ធ្នាប់​ដែល​ជា​ការ​ប៉ះពាល់ និង​រំខាន​ដល់​សកម្មភាព​គណៈកម្មការ​រៀបចំ​បោះឆ្នោត កំពុង​តែ​រាប់​សន្លឹកឆ្នោត »

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ពលរដ្ឋ​មួយ​ចំនួន​បញ្ជាក់​ថា ពួក​គាត់​មិន​មាន​ការ​ប្រមូល​ផ្តុំ ឬ​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​ប៉ះពាល់​ដល់​ដំណើរការ​រាប់​សន្លឹកឆ្នោត​នោះ​ទេ ពោល​គឺ​ពួក​គាត់​គ្រាន់​តែ​ចង់​តាមដាន​ដំណើរការ​រាប់​សន្លឹកឆ្នោត​នេះ​តែ​ប៉ុណ្ណោះ។ ពួក​គាត់​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ចំណាត់ការ​បែប​នេះ​របស់​សមត្ថកិច្ច។

យុវជន​ម្នាក់​ឈ្មោះ សួង នាគព័ន្ធ អះអាង​ថា រូប​គេ​ត្រូវ​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា ខណៈ​កំពុង​នៅ​ក្នុង​បរិវេណ​ការិយាល័យ​បោះឆ្នោត​ជាមួយ​ពលរដ្ឋ​ប្រមាណ ២០​នាក់​ទៀត ដើម្បី​តាមដាន​អំពី​ដំណើរការ​រាប់​សន្លឹកឆ្នោត​ក្នុង​ការិយាល័យ​បោះឆ្នោត​នៅ​វិទ្យាល័យ​ជម្ពូវ័ន្ត រាជធានី​ភ្នំពេញ « អ្វី​ដែល​គាត់​ធ្វើ​នេះ គឺ​រំលោភ​សិទ្ធិ​មនុស្ស​ហើយ។ ក្នុង​នាម​គាត់​ជា​សមត្ថកិច្ច គាត់​គួរ​តែ​ចុះ​មក​និយាយ​ថា ឥឡូវ​ហ្នឹង​ប្រធាន គ . . . ប អត់​ឲ្យ​ប្អូនៗ​នៅ​ទេ។ អ៊ីចឹង​ប្អូនៗ​សុំ​ទៅ​ក្រៅ​ទៅ​ណា ប៉ុណ្ណឹង​ក៏​ពួក​ខ្ញុំ​ស្តាប់​បាន​ដែរ ក៏ប៉ុន្តែ​ពួក​គាត់​មក​ដល់​ថា ហែង​មិន​ទៅ​ទៅ ? ហើយ​ក៏​វាយ​ពលរដ្ឋ​ម្នាក់ ខ្ញុំ​ក៏​ថា​បង​មិន​បាច់​ប្រើ​អំពើ​ហិង្សា​ទេ ពួក​ខ្ញុំ​ចេញ​ទៅ​ហើយ។ ដល់​អ៊ីចឹង​ទៅ​គាត់​ក៏​វាយ​ខ្ញុំ​បួន​កំផ្លៀង និង​ធាក់​ខ្ញុំ​មួយ​ជើង​ទៀត ហើយ​បង​ប្អូន​ប្រជាពលរដ្ឋ​ក៏​រត់​ចេញ​មក​ក្រៅ​ដែរ »

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (Nicfec) លោក សំ គន្ធាមី បញ្ជាក់​ថា តាម​នីតិវិធី​របស់ គ.ជ.ប បើ​សិន​ជា​ការ​ប្រមូល​ផ្តុំ​ណា​មួយ​របស់​ពលរដ្ឋ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​រាប់​សន្លឹកឆ្នោត នោះ​ប្រធាន​គណៈកម្មការ​ការិយាល័យ​រាប់​សន្លឹកឆ្នោត អាច​ស្នើ​ឲ្យ​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត អញ្ជើញ​ពលរដ្ឋ​ឲ្យ​ចេញ​ពី​បរិវេណ​ការិយាល័យ​បាន ក៏ប៉ុន្តែ​ត្រូវ​ធ្វើ​ដោយ​សន្តិវិធី មិន​មែន​ដោយ​អំពើ​ហិង្សា​នោះ​ទេ។

បន្ទាប់​ពី​មាន​ព័ត៌មាន​ថា​នៅ​តាម​ទីតាំង​ការិយាល័យ​មួយ​ចំនួន សមត្ថកិច្ច​បាន​បណ្ដេញ​ពលរដ្ឋ​មិន​ឲ្យ​ឈរ​មើល​ការ​រាប់​សន្លឹកឆ្នោត លោក ហង្ស ពុទ្ធា ដែល​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប បញ្ជាក់​ថា ពលរដ្ឋ​អាច​ឈរ​មើល និង​ថត​រូប​ពី​តាម​បង្អួច ឬ​ទ្វារ​បាន លើកលែង​តែ​ចូល​ក្នុង​ការិយាល័យ​រាប់​សន្លឹកឆ្នោត។ លោក​បន្ថែម​ថា បើ​សិន​ជា​សមត្ថកិច្ច​រារាំង ឬ​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​មើល​ការ​រាប់​សន្លឹកឆ្នោត​មែន ជា​រឿង​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា តំណាង​គណបក្ស​នយោបាយ​អាច​ដាក់​ពាក្យ​ប្ដឹង​មក គ.ជ.ប បាន។

មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ មិន​បកស្រាយ​ជុំវិញ​ការ​លើក​ឡើង​របស់​លោក ហង្ស ពុទ្ធា នេះ​ឡើយ ដោយ​លោក​ថា ការ​អនុវត្ត​របស់​ភ្នាក់​ងារ​សន្តិសុខ​បោះឆ្នោត​នេះ គឺ​ធ្វើ​ឡើង​តាម​សំណូមពរ​របស់​ប្រធាន​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។