ហេតុអ្វី​ត្រូវការ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគតិច​នៅ​ក្នុង​រដ្ឋសភា?

ដោយ យាង សុជាមេត្តា
2014.11.30
Share on WhatsApp
Share on WhatsApp
ហ៊ុន សែន សម រង្ស៊ី ៦១០ លោក ហ៊ុន សែន (ស្ដាំ) និង​លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត បន្ទាប់​ពី​ប្រជុំ នៅ​មន្ទីរ​រដ្ឋសភា ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០១៤។
RFA

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ឯកភាព​គ្នា​កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា​នឹង​ជំរុញ​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ឲ្យ​បាន​ឆាប់ ដើម្បី​រៀបចំ​ឲ្យ​មាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា និង​រៀបចំ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា ដែល​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី។ តើ​ហេតុអ្វី​ត្រូវការ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគតិច​នៅ​ក្នុង​រដ្ឋសភា?

ការ​គ្រោង​ធ្វើ​វិសោធនកម្ម​ប្រការ​ ៤៨​ថ្មី (ពីរ) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ដើម្បី​រៀបចំ​ឲ្យ​មាន​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា និង​រៀបចំ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា នឹង​ក្លាយ​ជា​រឿង​អាទិភាព​របស់​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សម្រេច​ឲ្យ​បាន។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា ការ​ផ្ដួចផ្ដើម​ឲ្យ​មាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា និង​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា​នេះ គឺជា​ការ​ស្នើ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពីព្រោះ​​​ថា លោក សម រង្ស៊ី ចង់​ពង្រឹង​តួនាទី​របស់​គណបក្ស​នយោបាយ​ដែល​មិនមែន​នៅ​ក្នុង​រដ្ឋាភិបាល​ជា​ផ្លូវការ នោះ​មានន័យថា ត្រូវ​តែ​មាន​ការតែងតាំង​ជា​ផ្លូវការ​នូវ​ប្រធាន​គណបក្ស​ប្រជែង ដើម្បី​ឲ្យ​គាត់​មាន​បុព្វសិទ្ធិ និង​តួនាទី​ក្នុង​ការ​បំពេញភារកិច្ច​តាមដាន​ការងារ​រដ្ឋាភិបាល​ប្រហាក់ប្រហែល​នឹង​នាយករដ្ឋមន្ត្រី​ដែរ។

សម្រាប់​លោក សុន ឆ័យ ការរៀបចំ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគតិច​នៅ​ក្នុង​រដ្ឋសភា គឺជា​ការ​ចាប់​ផ្ដើម​ល្អ​មួយ ព្រោះថា​វា​នឹង​បង្កើត​ឲ្យ​មាន​ក្រុម​តំណាងរាស្ត្រ​ផ្លូវការ ដើម្បី​ឲ្យ​ក្រុម​តំណាងរាស្ត្រ​នីមួយៗ មាន​មធ្យោបាយ​ធ្វើ​ការងារ​ក្នុង​ការ​ស្រាវជ្រាវ និង​បំពេញបេសកកម្ម​ផ្សេងៗ ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។

ទោះជា​យ៉ាងណា លោក​ថា ដើម្បី​ធ្វើ​ឲ្យ​ការ​បំពេញ​ការងារ​របស់​ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋ​សភា​មាន​ប្រសិទ្ធភាព ឬក៏​អត់​នោះ វា​ត្រូវ​អាស្រ័យ​ទៅលើ​ការ​កែ​លម្អ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​បន្ថែម​ទៀត​។ ក្នុង​នោះ​មាន​ដូចជា​ការរៀបចំ​ឲ្យ​មាន​កម្មវិធី​សួរដេញដោល​ជា​រៀងរាល់​សប្ដាហ៍​ជាដើម។ លោក​ថា «​នាយករដ្ឋមន្ត្រី​ត្រូវ​តែ​ចូលខ្លួន ហើយ​ប្រធាន គណបក្ស​ប្រឆាំង​ផ្លូវការ សួរ​ដេញដោល​រាល់​សប្ដាហ៍»

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា នឹង​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី និង មាន​តួនាទី​ជា​គូសន្ទនា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល ទាក់​ទង់​នឹង​បញ្ហា​របស់​ប្រទេសជាតិ។

ជុំវិញ​បញ្ហា​នេះ លោក សុន ឆ័យ កត់សម្គាល់​ថា ការសន្ទនា​ជជែក​សួរដេញដោល គឺជា​គោលការណ៍​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ទោះជា​យ៉ាងណា លោក​ថា ការសន្ទនា​នោះ​ទៀតសោត អាច​ធ្វើ​ឡើង​ក្នុង​រូបភាព​ចំហ ដូចជា​តាមរយៈ​ការ​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​ទៅ​សួរដេញដោល​នៅ​សភា​ជាដើម។ ព្រម​ជាមួយ​គ្នា​នោះ វា​ក៏​អាច​មាន​ការសន្ទនា ឬ​សួរ​ដេញដោល​ជា​លក្ខណៈ មិន​ចំហ​ផង​ដែរ ប្រសិនបើ​បញ្ហា​នោះ វា​ធ្ងន់ធ្ងរ ហើយ​អាច​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​ជាតិ។

ទោះជា​យ៉ាងណា សម្រាប់​អ្នកវិភាគ​នយោបាយ លោក បណ្ឌិត សុខ ទូច យល់​ឃើញ​ថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ការ​បង្កើត​ឲ្យ​មាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ និង​ប្រធាន​ក្រុម​ភាគតិច​នៅ​ក្នុង​រដ្ឋសភា គឺ​មិន​ចាំបាច់​នោះ​ឡើយ ព្រោះ​លោក​ថា គណបក្សប្រឆាំង សព្វថ្ងៃ​មាន​សំឡេង​គ្រប់គ្រាន់​នៅ​ក្នុង​សភា ដើម្បី​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​មក​សួរ​ដេញ​ដោល​បាន​គ្រប់ពេលវេលា។ ផ្ទុយទៅវិញ​លោក​ថា ការ​បង្កើត​ក្រុម​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​បាត់បង់​អំណាច​សភា​ដែល​មាន​ស្រាប់ និង​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​ទៀត​ផង។

លោក​បណ្ឌិត សុខ ទូច ក៏​យល់ឃើញ​ដែរ​ថា ការ​បង្កើត​ឲ្យ​មាន​ក្រុម​ថ្មី​នៅ​ក្នុង​សភា​នេះ គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​បង្កើត​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​មាន​ស្រាប់ ហើយ​វា​ក៏​ធ្វើ​ឲ្យ​រដ្ឋបាល​ក្នុង​សភា​រឹតតែ​មាន​ភាព​អនាធិបតេយ្យ​ផង​ដែរ។

លោក​បណ្ឌិត សុខ ទូច លើក​ឡើង​ថា ប្រសិនបើ​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ដំណាក់​ការ​បង្រួបបង្រួម​ជាតិ គេ​អាច​ប្រើប្រាស់​រូបភាព​នេះ​បាន ប៉ុន្តែ​លោក​ថា ដោយសារ​កម្ពុជា​បាន​ងើប​ផុត​ពី​​ដំណាក់​ការ​បង្រួបបង្រួម​ជាតិ ឈាន​ចូល​ដល់​ដំណាក់​ការ​កសាង និង​ការពារ​ជាតិ​ហើយ ដូច្នេះ​កម្ពុជា​មិន​ចាំបាច់​ត្រូវការ​ឲ្យ​មាន​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​ប្រតិកម្ម​នឹង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ជេរ​ប្រមាថ​លោក ហ៊ុន ម៉ាណែត តាម​បណ្ដាញ​សង្គម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។