ក្រុមស្ត្រីថ្ងៃសុក្របន្តយុទ្ធនាការ ដាក់ញត្តិជូនស្ថានទូតអាមេរិក ដើម្បីជំរុញឱ្យមានការដោះលែងប្តីដែលរដ្ឋាភិបាល លោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារព្រោះតែមាននិន្នាការមិនស្របនឹងបក្សកាន់អំណាច។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាលគួរតែពន្លឿនការផ្សះផ្សាវិបត្តិនយោបាយឱ្យមានភាពល្អប្រសើរ មុននឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។
ក្រុមស្ត្រីថ្ងៃសុក្រប្រមាណ១០នាក់ នៅព្រឹកថ្ងៃទី៦ ឧសភា បានដាក់ញត្តិជូនស្ថានទូតអាមេរិក ដើម្បីស្នើជួយអន្តរាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យមានការដោះលែងប្តីរបស់ពួកគាត់ដែលកំពុងរងទុក្ខវេទនាក្នុងពន្ធនាគារទាំងអយុត្តិធម៌។
ប្រពន្ធសកម្មជនបក្សប្រឆាំងលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ប្រាប់វិទ្យុអាស៊ីសេរីថា គោលបំណងដ៏ធំក្នុងការដាក់ញត្តិនេះពួកគាត់ចង់ឱ្យមានការជំរុញឱ្យដោះលែងប្តីដែលជាប់ពន្ធនាគារទាំងគ្មានកំហុស ដើម្បីរួមរស់ជាមួយប្រពន្ធកូនវិញ។
លោកស្រី ព្រុំ ចាន់ថា ទទូចស្នើដល់តុលាការ និងរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យដោះលែងប្តី និងសកម្មជននយោបាយទាំងអស់ ដែលកំពុងជាប់ឃុំរងទុក្ខលំបាក និងមានបញ្ហាសុខភាពក្នុងពន្ធនាគារ៖ «ដោះលែងប្តីពួកខ្ញុំឱ្យត្រឡប់មកវិញមក កុំឱ្យពួកខ្ញុំឈឺចាប់ ព្រាត់ប្រាសក្រុមគ្រួសារ។ ឪពុកបែកពីកូន។ នៅស្រុកខ្មែរគ្មានឱ្យតម្លៃអ្នកនយោបាយ ឬប្រជាពលរដ្ឋដែលមានកង្វះខាត គឺមានតែការធ្វើបាប។ បើកភ្នែកមកឃើញតែប្រជាពលរដ្ឋយំរហេមរហាម។ បញ្ហានេះ ឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាអត់មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទេ»។
ចំណែក ប្រពន្ធសកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀងលោក យឹម សារ៉េត គឺលោកស្រី អ៊ុក ចន្ធី ថ្លែងថា ការចាប់ឃុំខ្លួនប្តីលោកស្រីអស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ វាជារឿងយុត្តិធម៌បំផុតដោយសារតែប្តីលោកស្រីមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។ លោកស្រីរំពឹងថា មុនជំនួបកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកខាងមុខនេះ រដ្ឋាភិបាលនឹងមានការដោះលែងអ្នកទោសនយោបាយឱ្យមានសេរីភាព ដើម្បីស្ដារមុខមាត់កម្ពុជា៖ «លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅប្រទេសអាមេរិកហ្នឹង ក្នុងនាមជាប្រធានប្តូរវេទអាស៊ានផង។ ខ្ញុំស្នើដល់លោកទម្លាក់រាល់ការចោទប្រកាន់ លើអ្នកទោសនយោបាយ និងដោះលែងឱ្យមានសិទ្ធិសេរីភាពឡើងវិញ។ អ្នកនយោបាយកំពុងជាប់ឃុំអ៊ីចឹងហើយ លោក ហ៊ុន សែន ទៅប្រជុំ តើមានមុខមាត់ជាប្រធានអាស៊ានហ្នឹងអត់ ? ដោយសារប្រទេសកម្ពុជាយកអ្នកនយោបាយអត់មានកំហុសទៅឃុំឃាំង»។
ក្នុងយុទ្ធនាការដាក់ញត្តិរបស់ក្រុមស្ត្រីថ្ងៃសុក្រក្នុងសប្តាហ៍នេះ ក៏មិនខុសពីសប្ដាហ៍មុនៗដែរ គឺពួកគាត់បន្តស្រែកដង្ហោយទាមទារមុខស្ថានទូតអាមេរិក ដើម្បីឱ្យជួយអន្តរាគមន៍ដោះលែងប្តី ដោយលើកភ្ជាប់បដាសរសេរថា « យុត្តិធម៌ត្រូវតែមានដល់អ្នកស្នេហាជាតិជាដាច់ខាត » ។ ទោះជាយ៉ាងណា ក្រុមសន្តិសុខ និងកម្លាំងអាជ្ញាធរក្រុងភ្នំពេញ ជាច្រើននាក់បានស្រែកសម្លុត ប្រើអំពើហិង្សាបណ្តាលឱ្យស្ត្រីចំនួន២នាក់រងរបួស និងបានចាប់ឆក់ទាញបដាក្រុមស្ត្រីថ្ងៃសុក្រយកទៅកម្ទេចចោល»។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ថាមូលហេតុបណ្តាលមានករណីអំពើហិង្សា គឺដោយតែស្ត្រីថ្ងៃសុក្រទាំងនោះ បានបង្កឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សុខសង្គម។ លោកបន្តករណីស្នើឱ្យមានការដោះលែងសកម្មជនបក្សប្រឆាំង គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់តុលាការតែប៉ុណ្ណោះ៖ « ប្រសិនជារឿងនេះទៅដល់ចៅក្រមស៊ើបសួរ វាផុតដៃរដ្ឋាភិបាលហើយ។ ដូចជា ករណីមួយចំនួន លោក កឹម សុខា ជាដើម គឺស្ថិតក្នុងចៅក្រមជំនុំជម្រះទៅហើយ ជានីតិតុលាការតែត្រូវអនុវត្ត»។
លោក កត្តា អ៊ន បន្ថែមថា កម្ពុជាក៏មិនមានការបារម្ភពីការដាក់សម្ពាធពីសហគមន៍អន្តរជាតិក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកក្នុងរយៈពេលដ៏ខ្លីខាងមុខ។ លោកបន្តថា ជំនួបអាស៊ាន-អាមេរិក គឺជាកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រទេសនីមួយៗតែប៉ុណ្ណោះ ដែលមិនអាចជះឥទ្ធិពលដល់រដ្ឋាភិបាលកម្ពុជាបានឡើយ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថារដ្ឋាភិបាលគួរតែមានចរចាផ្នែកនយោបាយទើបរឿងក្ដីក្ដាំសកម្មជនបក្សប្រឆាំងអាចដោះស្រាយបានប្រកបដោយតម្លាភាព។ លោករិះគន់ថា ការបន្តបង្ក្រាបរបស់អាជ្ញាធរមកលើក្រុមស្ត្រីថ្ងៃសុក្រនេះ ក៏ឆ្លុះបញ្ចាំងពីការរំលោភសិទ្ធិជាមូលដ្ឋាន និងអនុវត្តមិនត្រឹមត្រូវតាមច្បាប់ឡើយ៖ « មានការបង្ក្រាបទៅទៀត រហូតមានការរងរបួសជាបន្តបន្ទាប់។ ការណ៍ដែលរងបួសនេះ មិនឃើញមានចំណាត់ការផ្លូវច្បាប់លើក្រុមសន្តិសុខ ដែលបង្ករបួសស្នាមលើក្រុមស្ត្រីថ្ងៃសុក្រ»។
បច្ចុប្បន្នមានសកម្មជនបក្សប្រឆាំង និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលប្រមាណ ៦០នាក់កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ ក្នុងនោះសកម្មជនមួយចំនួនត្រូវបានតុលាការកាត់ក្ដីដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ៧ឆ្នាំ។ ករណីសកម្មជនខ្លះទៀត តុលាការកាត់ទោស៥ ប៉ុន្តែឱ្យអនុវត្តទោស ៣ឆ្នាំ ៨ខែ ហើយទោសនៅសល់ព្យួរ។ តុលាការក៏កំពុងបើកសវនាការលើសកម្មជនមួយចំនួនទៀត ពីបទញុះញង់ រួមគំនិតក្បត់ និងញុះញង់មិនឱ្យយោធិនស្ដាប់បង្គាប់ ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្សី កាលពីចុងឆ្នាំ២០១៩ និងយុទ្ធនាការបង្កើតចលនាសង្គ្រោះជាតិនៅក្រៅប្រទេសកាលពីឆ្នាំ២០១៨។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័នបានចាត់ទុកការឃុំសកម្មជនទាំងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យតុលាការទម្លាក់ ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។