ក្តី​ប្រាថ្នា​របស់​ពលរដ្ឋ​ផ្សេងៗ គ្នា​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល

ដោយ វ៉ែន សុមេធ
2019-01-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​ពី​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រួប ក្នុង​បន្ទប់​ផ្សាយ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៦។
លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​ពី​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រួប ក្នុង​បន្ទប់​ផ្សាយ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA/Cheu Sideth

ប្រជាពលរដ្ឋខ្មែរ​មានក្តីប្រាថ្នា​ផ្សេងៗ ​គ្នា​នៅ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ពាក់ព័ន្ធ​នឹង​បញ្ហា​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ បញ្ហា​​នយោបាយ ​សេដ្ឋកិច្ច ​និង​សង្គម​ឲ្យ​បាន​ប្រសើរ​ឡើង​ក្នុង​ឆ្នាំ​ថ្មី។

ចំណែក​មន្ត្រី​របប​លោក ​ហ៊ុន ​សែន វិញ បាន​គូស​បញ្ជាក់​ថា ​ទោះ​បី​ជា​ក្នុង​ឆ្នាំ​ចាស់ កម្ពុជា​​ជួប​ឧបសគ្គ​ច្រើន​យ៉ាង​ណា​ក្តី ​ប៉ុន្តែ​កម្ពុជា​នៅតែ​រក្សា​បាន​សន្តិភាព​ ការ​អភិវឌ្ឍ ​និង​នៅ​តែ​អាច​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ នីតិរដ្ឋ​ជា​ដើម។ ប៉ុន្តែ អ្នកវិភាគ​សង្គម និង​នយោបាយ​មើល​ឃើញ​ថា កម្ពុជា​ដែល​ដឹក​នាំ​ដោយ​របប​ឯក​បក្ស កំពុង​ជួប​ឧបសគ្គ​ជា​ច្រើន និង​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​ ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

ឆ្នាំ​សកល​២០១៨ ឆ្លង​ចូល​ឆ្នាំ​ថ្មី២០១៩ នេះ ប្រជា​ពលរដ្ឋ​ខ្មែរ មាន​ក្តី​ប្រាថ្នា​ចង់​ឲ្យ​អ្នក​នយោបាយ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​គិត​រឿង​ជាតិ​ និង​ប្រជាជន​ជា​ធំ​ ខណៈ​ដែល​ឆ្នាំ​ចាស់​កន្លង​ទៅ​ស្ថានភាព​នយោបាយ​ខ្មែរ ជា​ពិសេស មាន​ការ​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​របប​លោក ហ៊ុន សែន មាន​សភាព​ធ្ងន់ដធ្ងរ​ មិន​ទាន់​ឃើញ​មាន​សញ្ញា​ដោះ​ស្រាយ​នៅឡើយ។

យុវជន​ជា​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​កូរ៉េ​មួយ​រូប លោក ភួង ថា ស្នើសុំ​ឲ្យ​អ្នក​នយោបាយ​ទាំង​អស់​ ជាពិសេស​របប​ក្រុង​ភ្នំពេញ ​គិតគូរ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ដូចជា​ បញ្ហា​អត់​ការងារ​ធ្វើ ​បញ្ហា​តម្លៃ​កសិផល​ចុះ​ថោក ​ទំនិញ​ឡើង​ថ្លៃ​ និង​បញ្ហា​បាត់​បង់​ធនធាន​ធម្មជាតិ​ ព្រៃឈើ​ជា​ដើម។ លើស​ពី​នេះ​ លោក​ចង់​ឲ្យ​របប​ក្រុង​ភ្នំពេញ ចេញ​មុខ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ដើម្បី​រក្សា​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​សហភាព​អឺរ៉ុប គ្រោង​ កាត់​ផ្តាច់ បើ​របប​ក្រុង​ភ្នំពេញ នៅ​តែ​រឹង​ទទឹង​ដូច​កាល​ឆ្នាំ​ចាស់​កន្លង​ទៅ៖ «សូម​ងាក​មក​ជជែក​គ្នា​ក្នុង​នាម​ជា​ខ្មែរ ជា​មេ​ដឹក​នាំ​ជាតិ​ខ្មែរ ដោយ​យក​បញ្ហា​ជាតិ​មក​ដាក់​លើ​តុ ហើយ​កុំ​យក​ខ្មែរ​ណា​ធ្វើ​ជា​សត្រូវ។ ជាមួយ​គ្នា​សូម​ជួយ​គិត​គូរ​ដល់​យុវជន ដែល​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ ដែល​កំពុង (ធ្វើ) ចំណាក​ស្រុក​យ៉ាង​ច្រើន ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​ធម្មជាតិ ការ​រំលោភ​សិទ្ធិ​ការងារ ជាក់​ស្តែង មាន​ពលករ​ខ្មែរ ៤នាក់​ហើយ បាន​ស្លាប់​ដោយសារ​តែ​អាកាសធាតុ​ត្រជាក់»

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ​ យុវជន​មួយ​រូប​ទៀត​ លោក ​វន់​ ចាន់ឡូត ​រៀបរាប់​ថា​ ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ គ្មាន​អ្វី​ក្រៅ​ពី​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ពិត​ប្រាកដ ហើយ​ចង់​ឃើញ​អ្នក​នយោបាយ​បន្ទន់​ឥរិយាបថ​រៀងៗ ខ្លួន ឈប់​យក​រឿង​បុគ្គល​ជា​ធំ ដើម្បី​ឈាន​ទៅ​រក​វប្បធម៌​សន្ទនា ដោះ​ស្រាយ​បញ្ហា​នយោបាយ និង​ចាប់​ផ្តើម​រួម​កម្លាំង នឹង​ពួត​ដៃ​គ្នា​កសាង​ប្រទេស​ជាតិ និង​ជួយ​ប្រជា​រាស្ត្រ​ ឲ្យ​បាន​រុងរឿង​ដូច​ប្រទេស​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក។ ទន្ទឹម​គ្នា​នេះ លោក​ចង់​ឲ្យ​របប​ ក្រុង​ភ្នំពេញ ​ពិនិត្យ និង​កែប្រែ​ច្បាប់​នានា បម្រើ​ប្រយោជន៍​ជាតិ​ពិត​ប្រាកដ មិនមែន​យក​ទៅ​ធ្វើ​ជា​ ឧបករណ៍​នយោបាយ​នោះ​ទេ៖ «សូម​ពិនិត្យ​ឡើង​វិញ អំពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិភាព និង​ពិនិត្យ​ឡើង​វិញ​ដែរ អំពី​ច្បាប់​អន្តោប្រវេសន៍​ព្រោះ​យើង​នៅ​មាន​ភាព​ធូរ​រលុង​ណាស់ ដោយ​ជន​បរទេស​ទាំង​នោះ អាច​ប្រកប​មុខ​របរ​យ៉ាង​សេរី​នៅ​កម្ពុជា ជា​ពិសេស វិស័យ​អចលនទ្រព្យ។ មួយ​វិញ​ទៀត គឺ​ច្បាប់​បោះ​ឆ្នោត ក៏​ដូច​ជា​ច្បាប់​តំណាង​រាស្ត្រ គឺ​ត្រូវ​ពិនិត្យ​ឲ្យ​មែនទែន ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ការ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ»

យុវ​ជនរូប​នេះ ​បន្ត​ថា​ អ្វី​ដែល​លោក​ខកចិត្ត​បំផុត​កាល​ពី​ឆ្នាំ​ចាស់​កន្លង​ទៅ​នោះ ​គឺ​របប​លោក ​ហ៊ុន​ សែន​ តាក់តែង​ច្បាប់​បម្រើ​តែ​ផលប្រយោជន៍​នយោបាយ​ក្រុម​ខ្លួន​ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​មន្ត្រី និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដាក់​ពន្ធនាគារ ​ដោយ​បំពានច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។

រីឯ​ពលរដ្ឋ​មួយ​រូប​ទៀត ​អ្នកស្រី​ មុំ ​ចង់​ឲ្យ​អ្នក​ដឹក​នាំ​ប្រទេស ​មានចិត្ត​មាន​បេះដូង​ស្រលាញ់​ជាតិ​ពិត​ ប្រាកដ​ មិនមែន​តែ​លើ​បបូរ​មាត់​នោះ​ទេ៖ «សុំ​ត្រឹម​តែ​ប្រទេស​ខ្មែរ មាន​មេ​ដឹក​នាំ​ស្រឡាញ់​ជាតិ​ពិត​ប្រាកដ ដើរ​តួ​ជា​អ្នក​ដឹក​នាំ​ពិត​ប្រាកដ មិន​ថា​អ្នក​នោះ​ជា​អ្នក​ណា​នោះ​ទេ។ មួយ​ទៀត សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូលរួម​ស្ថាបនា​ជាតិ​ទាំង​អស់​គ្នា»

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដោយសារ​ជាប់​បណ្ដឹង​ប្រមាថ​ព្រះមហាក្សត្រ រៀបរាប់​ថា​ លោក​ពិត​ជា​នឹក​ប្រទេស​កម្ពុជា​ ខ្លាំង​ណាស់​ គួរ​តែ​អនុញ្ញាត​ឲ្យ​លោក​បាន​ចូល​ទៅ​កម្ពុជា​វិញ។ លោក ​ស្នើសុំ​ឲ្យ​លោក ​ហ៊ុន ​សែន​ ដោះ​ស្រាយ​បញ្ហា​នយោបាយ បើ​មិន​ចង់​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ​ ហើយ​ធ្វើឲ្យ​កម្ពុជា ​ជួប​ការ​ លំបាក​កាន់​ធ្ងន់ធ្ងរ​ជាង​នេះ៖ «ខ្ញុំ​ចេះ​តែ​ព្រួយ​បារម្ភ​ទៅៗ ព្រោះ​គាត់ (ហ៊ុន សែន )ចេះ​តែ​ដៀមដាម​ដាក់​អន្តរជាតិ​ថា ដាក់​សម្ពាធ​អត់​ខ្លាច​អ៊ីចឹង។ នៅ​ខែ​មករា​នេះ ព្រឹទ្ធសភា​អាមេរិក អាច​ដាក់​ទណ្ឌកម្ម ហើយ​ចេះ​តែ​ធ្ងន់​ទៅៗ ហើយ​ងាប់​ខ្មែរ​អស់​ហើយ។ សូម​ឲ្យ​ឆ្នាំ​ថ្មី ខ្មែរ​អ្នក​ស្នេហា​ជាតិ ងាក​មក​និយាយ​គ្មាន ព្រោះ​មាន​តែ​ខ្មែរ​ទេ ដែល​និយាយ​គ្នា​ស្ដាប់​បាន ហើយ​កុំ​ទៅ​ឌឺ​ឲ្យ​អន្តរជាតិ​នោះ ព្រោះ​ប្រទេស​យើង​តូច​តែ​មួយ​ទេ»

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ ​លោក ផៃ ស៊ីផាន លើក​ឡើង​ថា របប​ក្រុង​ ភ្នំពេញ​ពិតជា​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដែល​រួម​កម្លាំង​គ្នា​ការពារ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​កន្លង​មក។ លោក​សង្ឃឹម​ថា ក្នុង​ឆ្នាំ​ថ្មី​នេះ ទោះ​បី​ជា​កម្ពុជា​ជួប​ឧបសគ្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ខ្មែរ​នៅ​តែ​អាច​ជជែក​គ្នា​បាន ដោយ​ឈរ​លើ​គោលការណ៍​នីតិរដ្ឋ និង​ប្រជាជាតិ​តែ​មួយ៖ «ចំពោះ​រាជ​រដ្ឋាភិបាល យើង​មាន​ជំហរ​ច្បាស់លាស់​ណាស់ គឺ​យើង​បង្កើន​នូវ​អ្វី​ទៅ ដែល​ជា​សក្ដានុពល​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ ដែល​មាន​តុល្យភាព​ជាមួយ​នីតិរដ្ឋ»

តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន លើក​ឡើង​ថា ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ លោក​ជូន​ពរ​ ឲ្យ​ប្រជាជាតិ​ខ្មែរ មាន​សំណាង​ល្អ និង​ស្នើសុំ​ឲ្យ​អ្នក​នយោបាយ​វិល​ទៅ​អង្គុយ​តុ​ចរចា ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ហា​ជាតិ​កុំ​ឲ្យ​នៅ​មាន​ស្ថានភាព​ចម្រូងចម្រាស​តទៅ​ទៀត​នៅ​ឆ្នាំ​២០១៩៖ «យើង​សង្ឃឹម​ថា ឆ្នាំ​ថ្មី​នេះ អ្នក​នយោបាយ​នឹង​មាន​ចិត្ត​ថ្មី គំនិត​ថ្មី ហើយ​នឹង​និយាយ​គ្នា​អំពី​ស្ថានភាព​នយោបាយ ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់ កាល​ពី​ឆ្នាំ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ឆ្នាំ១០១៩ ជូន​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋ»

លោក រ៉ុង ឈុន បន្ត​ថា​ ប្រសិន​បើ​អ្នក​នយោបាយ​នៅ​តែ​ប្រកាន់​ឥរិយាបថ និង​ចរិត​ដដែល មិន​ស្វះស្វែង​រក​ដំណោះ​ស្រាយ​នោះ គឺ​នឹង​មាន​ផល​ប៉ះពាល់​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា ដូចជា ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ រង​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA) របស់​សហភាព​អឺរ៉ុប។ ប្រទេស​ជិត​ខាង​មើល​ស្រាល​លើ​កម្ពុជា​ ប៉ះពាល់​ដល់​បញ្ហា​បូរណភាព​ទឹក​ដី​នៅ​តាម​ព្រំដែន ហើយ​អ្នក​វិនិយោគ​ទុន និង​អ្នក​ទេសចរណ៍​បរទេស ក៏​ខ្លាច​រអា​មិន​អាច​មក​កម្ពុជា​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល