តំណាងរាស្រ្ត​រងគ្រោះ និង​អ្នក​ចូលរួម​ធ្វើ​បាតុកម្ម​​កាល​ពី​​ឆ្នាំ២០១៥ ​ថា លោក ហ៊ីង ប៊ុនហៀង បញ្ជា​ក្រុម​អង្គរក្ស​ឲ្យ​ប្រព្រឹត្ត​ហិង្សា

ដោយ សេក បណ្ឌិត
2018.06.29
ហ៊ីង ប៊ុនហៀង ២០១៦ ៦២២ អគ្គបញ្ជាការ​រង​នៃ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថ្លែង​ក្នុង​ពិធី​ខួប​ឆ្នាំ​ទី​៨ នៃ​ប្រកាស​បង្កើត​ទីបញ្ជាការដ្ឋាន​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

មេអង្គរក្សរបស់លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង គឺ​ជា​បុគ្គល​ទី​មួយ ដែល​ត្រូវ​សហរដ្ឋ​អាមេរិក​ដាក់​ក្នុង​បញ្ជី​ខ្មៅ​បង្កក​ទ្រព្យ​សម្បត្តិ ព្រោះ​មេ​ទាហាន​ផ្កាយ​បួន​រូប​នេះ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

ករណី​ទាំង​នោះ​មាន​ដូចជា ការ​វាយ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ​២០១៣ ជា​ភស្តុតាង និង​ករណី​មួយ​ចំនួន​ទៀត ​ដែល​រតនាគារ​អាមេរិក​បាន​រក​ឃើញ។

ទោះបីជា លោក ហ៊ីង ប៊ុនហៀង មិនចេញមុខ​មក​វាយ​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ដោយ​ផ្ទាល់​ក្តី ក៏​ក្រុម​បាតុករ​ដែល​ជា​អ្នក​ចូលរួម​ធ្វើ​បាតុកម្ម​រហូត​ដល់​វាយ​ធ្វើ​បាប​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ពីរ​នាក់​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​នោះ បាន​អះអាង​ថា មេ​អង្គរក្ស​រូប​នេះ ជា​អ្នក​បញ្ចេញ​ក្រុម​អង្គរក្ស​ឲ្យ​ប្រព្រឹត្ត​ហិង្សា។

បាតុករ​ចូលរួម​ធ្វើ​បាតុ​កម្មកាល​ពី​ឆ្នាំ២០១៥ និង​អ្នក​បើក​ឡាន​ដឹក​បាតុករ​បាន​អះអាង​ស្រដៀង​គ្នា​ថា បាតុកម្ម​នោះ ​គឺ​បាន​រៀបចំ​យ៉ាង​ត្រឹមត្រូវ​ពី​ក្រុម​អង្គរក្ស ដែល​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់ លោក ហ៊ីង ប៊ុនហៀង។

បាតុករ​ម្នាក់​ក្នុង​ចំណោម​បាតុករ​រាប់​ពាន់​នាក់ ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​រដ្ឋសភា​ធ្លាប់ ប្រាប់ អាស៊ី​សេរី​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន​មេ​អង្គរក្ស​ម្នាក់​បញ្ជូន​ឲ្យ​មក​ប្រជុំ​នៅ​បន្ទាយ​ទួល​ក្រសាំង​មុន​ចេញ​ទៅ​ធ្វើ​បាតុកម្ម។ លោក​ថា នៅ​ពេល​ចូល​ដល់​ក្នុង​បន្ទាយ លោក​ឃើញ​មាន​អង្គរក្ស​ជា​ច្រើន​ស្លៀក​ពាក់​ជា​ពលរដ្ឋ​ធម្មតា ត្រៀម​ចេញ​ធ្វើ​បាតុកម្ម ហើយ​មុន​ពេល​ចេញ​ដំណើរ​ទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា គេ​បាន​ចែក​បាយ​ឲ្យ​ម្នាក់​មួយ​បញ្ចប់៖ «មេ​ដឹក​នាំ ​គេ​ហៅ​ថា មក​បង​ប្អូន​ចុះ​ពី​ឡាន​មក​មុខ​រដ្ឋសភា។ អ្នក​ដែល​ស្រែក​អី​ហ្នឹង​សុទ្ធតែ​ក្រុម​របស់​គេ​ទេ។ ពួក​ខ្ញុំ​គ្រាន់តែ​ជា​កូន​អុក​សម្រាប់​តែ​គេ​ប្រើ​ឲ្យ​មាន​គ្នា​បាន​ច្រើន»

បុរស​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​រូប​នេះ​ឲ្យ​ដឹង​ថា លោក​មិន​មែន​ជា​ក្រុម​អង្គរក្ស​របស់​លោក ហ៊ីង ប៊ុនហៀង ទេ ប៉ុន្តែ​លោក​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​នៅ​ខេត្ត​កណ្តាល។ លោក​ថា អាជ្ញាធរ​នៅ​មូលដ្ឋាន​របស់​លោក​ជា​អ្នក​រៀបចំ​ឲ្យ​លោក​បាន​ចូលរួម​ក្នុង​ការ​ទាមទារ​នៅ​មុខ​រដ្ឋសភា​នោះ ។

យុវជន​នេះ​រៀបរាប់​ទៀត​ថា នៅ​ពេល​បាតុកម្ម​បញ្ចប់​ និង​បាន​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រួច ក្រុម​បាតុករ​ទាំង​អស់​គ្នា ត្រូវ​គេ​ប្រាប់​ឲ្យ​ឡើង​ឡាន​ត្រឡប់​មក​វិញ ហើយ​ពេល​​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​តាខ្មៅ ឡាន​បាន​ទៅ​ឈប់​ចត​នៅ​មុខ​សណ្ឋាគារ​មួយ ហើយ​មាន​បុរស​ម្នាក់​កាន់​វិទ្យុ​ទាក់ទង (អាយកូម) នៅ​ក្នុង​ដៃ​ផង​នោះ បាន​ផ្ដល់​ប្រាក់​ឲ្យ​បាតុករ​ម្នាក់ ២​ម៉ឺន​រៀល។ ដោយឡែក ជន​ដៃដល់​ដែល​វាយ​តំណាង​រាស្ត្រ​មិន​បាន​ឈរ​នៅ​មុខ​សណ្ឋាគារ​ដូច​បាតុករ​ដទៃ​ទេ ដោយ​ជន​នោះ​បាន​ចូល​ទៅ​ក្នុង​សណ្ឋាគារ៖ «ឡាន​ហ្នឹង​ពេល​ចេញ​មក​វិញ គេ​ជិះ​តាម​ផ្លូវ​ជាតិ​លេខ​១ វាង​តាម​ផ្លូវ​ថៃហ្គ័រ ហើយ​ចូល​បន្ទាយ​វិញ។ មុន​ចូល​បន្ទាយ​គេ​ចែក​លុយ​ម្នាក់​ពីរ​ម៉ឺនៗ»

បុរស​ជា​បាតុករ​ដដែល​នោះ​ប្រាប់​ទៀត​ថា បាតុកម្ម​ដែល​ឈាន​ដល់​ការ​ប្រព្រឹត្ត​ហិង្សា​ដ៏​កំរោល​លើ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក គង់ សភា និង ញ៉យ ចំរើន ឲ្យ​រងរ​បួស​ធ្ងន់​ស្ទើរ​បាត់​បង់​ជីវិត​នោះ មាន​ការ​រៀបចំ​ដោយ​កង​អង្គរក្ស​លោក ហ៊ុន សែន។

ចំណែក​ក្រុម​អ្នក​បើក​ឡាន​ដឹក​ក្រុម​បាតុករ​វិញ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ពួក​គាត់​បាន​ដឹក​ក្រុម​អង្គរក្ស​ជិត ២០០​នាក់ ចេញ​ពី​បន្ទាយ​នៅ​ក្រុង​តាខ្មៅ ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា កាល​ពី​ឆ្នាំ២០១៥ ដែល​ជា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ខណៈ​លោក កឹម សុខា ពេល​នោះ​ជា​អនុ​ប្រធាន​ទី១ នៃ​រដ្ឋសភា។

ម្ចាស់​ឡាន​ឈ្នួល​ទាំង​នោះ​លើក​ឡើង​ថា កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ទាំង​នោះស្លៀក ពាក់​ស៊ីវិល​បន្លំ​ខ្លួន​ជា​ប្រជា​ពលរដ្ឋ​ធម្មតាដែល​ពួកគាត់​ដឹក​ចេញ​ពី​បន្ទាយ​ឈ្មោះ​ថា "ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​សម្ដេច ហ៊ុន សែន" ឬ​ហៅ​ថា "បន្ទាយ​ពោង​លឿង" ស្ថិត​ក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ សំដៅ​មក​បាតុកម្ម​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជារាប់​ពាន់​នាក់​ផ្សេង​ទៀត។

អ្នក​បើក​ឡាន​ម្នាក់​ឲ្យ​ដឹង​ថា មាន​គេ​ជួល​ឡាន​ដឹក​មនុស្ស​ទៅ​ធ្វើ​បាតុកម្ម​ក្នុង​តម្លៃ ៤០​ដុល្លារ​ក្នុង​ឡាន​មួយ​គ្រឿង។ លោក​ថា​មុន​ដំបូង អ្នក​ជួល​ឡាន​ប្រាប់​ថា ជួល​ឡាន​ដឹក​មនុស្ស​ទៅ​ប្រជុំ​ទេ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​ទើប​លោក​ដឹង​ថា គេ​ដឹក​ក្រុម​អង្គរក្ស​ទាំង​នោះ​ចេញ​ពី​បន្ទាយ គឺ​ឲ្យ​ទៅ​ធ្វើ​បាតុកម្ម។ លោក​បន្ត​ថា ពេល​ទៅ​ដល់​បន្ទាយ​លោក​ឃើញ​អង្គរក្ស​ទាំង​នោះ​កាន់​ដំបង បដា និង​អ្នក​ខ្លះ​ទៀត​កាន់​ដុំ​ថ្ម​នៅ​នឹង​ដៃ​ជា​ស្រេច៖ «ទាហាន​ទាំង​អស់ សុទ្ធតែ​ទាហាន​ទាំង​អស់ មាន​ស៊ីវិល​ឯណា​ទៅ​នៅ​ក្នុង​ហ្នឹង? ប្រុសៗ ក្មេង​អាយុ ៣០​ចុះ។ ចេញ​ពី​នេះ​ទៅ​បាយ​ទាហាន​ម្នាក់​មួយ​កញ្ចប់ៗ គេ​ហូប​ហើយ​បាន​គេ​ចេញ​ទៅ»

ទោះ​បី​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​ពី​អ្នក​ចូលរួម​ធ្វើ​បាតុកម្ម និង​អ្នក​បើក​ឡាន​ដឹក​បាតុករ​ក្តី ក៏​លោក ហ៊ីង ប៊ុនហៀង តែង​បដិសេធ​មិន​ទទួល​ស្គាល់​ថា កង​អង្គរក្ស​របស់​លោក​បាន​ចូលរួម​ក្នុង​ធ្វើ​បាតុកម្ម និង​បង្ក​អំពើ​ហិង្សា​នោះ​ទេ។ ប៉ុន្តែ ក្រោយ​មាន​ការ​ថ្កោល​ទោស​លើ​ការ​ប្រើ​ហិង្សា​លើ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់ រួម​ទាំង​មាន​ការ​អំពាវនាវ​ពី​លោក ហ៊ុន សែន ឲ្យ​ជន​ដៃ​ដល់​ចូល​ខ្លួន​សារភាព​ផង​នោះ ទីបំផុត​មាន​កង​អង្គរក្ស​របស់ ហ៊ុន សែន បី​នាក់​ឈ្មោះ ចាយ សារិទ្ធ ម៉ៅ ហឿន និង សុត វណ្ណនី បាន​ចេញ​មុខ​មក​សារភាព កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ ពួក​គេ​ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ ៤​ឆ្នាំ ក្រោម​បទ​ចោទ​ ថា បាន​ប្រព្រឹត្ត​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​លើ​ក្រុម​តំណាងរាស្ត្រ។ ប៉ុន្តែ​ការ​អនុវត្ត​ទោស​នោះ​បាន​តែ ១ឆ្នាំ​ទេ។ ពួក​គេ​ទាំង​បី ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រោយ​តុលាការ​សម្រេច​ព្យួរ​ទោស​ដែល​នៅ​សល់​ចំនួន ៣​ឆ្នាំ​ទៀត។

ជាង​នេះ​ទៅ​ទៀត​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ព្យួរ​ទោស​អ្នក​ទាំង​បី​ត្រូវ​បាន​លោក ហ៊ុន សែន ចេញ អនុក្រឹត្យ​ដំឡើង​ឋានន្តរស័ក្ដិ គឺ​លោក សុត វណ្ណី និង​លោក ម៉ៅ ហឿន ពី​វរសេនីយ៍ទោ ទៅ​ជា​វរសេនីយ៍ឯក។

ចំណែក​ឈ្មោះ ចាយ សារិទ្ធ ត្រូវ​បាន​លោក ហ៊ុន សែន ស្នើសុំ​ទៅ​ព្រះ​មហាក្សត្រ ចេញ​ព្រះរាជ​ក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី។

សហរដ្ឋ​អាមេរិក កាល​ពី​ពេល​ថ្មីៗ នេះ បាន​ដាក់​មេ​កង​អង្គរក្ស​លោក ហ៊ុន សែន រូប​នេះ ជា​បុគ្គល​ទី​មួយ នៃ​ក្រុម​មន្រ្តី​របប​លោក ហ៊ុន សែន ទៅ​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាម​ឃាត់​ក្រុមហ៊ុន​អាមេរិក​មិន​ឲ្យ​រក​ស៊ី​ជាមួយ។

សហរដ្ឋ​អាមេរិក​រក​ឃើញ​ថា លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន រូប​នេះ បាន​ជាប់​ពាក់ព័ន្ធ និង​អំពើ​ហិង្សា​ក្នុង​ការ​បង្រ្កាប​ក្រុម​អ្នក​តវ៉ា និង​សកម្មជន​​បក្ស​ប្រឆាំង ដូចជា​ការ​​បោក​គ្រាប់​​បែក​​លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​​ធ្វើ​​ឲ្យ​​ស្លាប់​ និង​របួស​​មនុស្ស​ជា​ច្រើន​នាក់ រួមទាំង​​របួស​​ជនជាតិ​​អាមេរិក​​មួយ​រូប​​ផង។

ជាងនេះទៅទៀត លោក ហ៊ីង ប៊ុន​ហៀង បាន​រំលោភ​សិទ្ធិមនុស្ស​​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​​ចុង​ក្រោយ​នេះ រួមមាន​អំពើ​ហិង្សា​កាល​ពី​ឆ្នាំ​២០១៣ នៅ​ក្បែរ​វត្ត​ភ្នំ និង​អំពើ​ហិង្សា​វាយ​ដំ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​នៅ​​មុខ​​រដ្ឋសភា ​កាលពី​ឆ្នាំ​២០១៥៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។