"ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នាំ​ឲ្យ​ស្ត្រី​រារែក​ក្នុង​ការ​តាមដាន​ឬ​ចូលរួម​​សកម្មភាព​នយោបាយ"

ដោយ ម៉ៅ សុធានី
2017-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​សម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) អ្នកស្រី សឺនកេត សិរីលក្ខណ៍ (កណ្ដាល) ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​របាយការណ៍​ឃ្លាំ​មើល​យេនឌ័រ​ផ្នែក​នយោបាយ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។
មន្ត្រី​សម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) អ្នកស្រី សឺនកេត សិរីលក្ខណ៍ (កណ្ដាល) ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​របាយការណ៍​ឃ្លាំ​មើល​យេនឌ័រ​ផ្នែក​នយោបាយ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។
RFA

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​តាមដាន ​ឬ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​របស់​ស្ត្រី​កាន់​តែ​ច្រើន​នៅ​តែ​មាន​សារសំខាន់​ដល់​ការ​រីក​ចម្រើន​ប្រទេស​ជាតិ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​កិច្ចការ​ស្ត្រី​ និង​ការ​បោះឆ្នោត​រក​ឃើញ​ថា ស្ត្រី​ជា​អ្នក​ដឹកនាំ​ពិត​ជា​​មាន​សក្ដានុពល និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ជាតិ​ដោយ​អហិង្សា និង​សន្តិវិធី។

សង្គម​ស៊ីវិល​ធ្វើ​កិច្ចការ​ស្ត្រី ​និង​ការ​បោះឆ្នោត​រក​ឃើញ​ថា ស្ថានភាព​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន​បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ស្ត្រី​ដែល​នាំ​ឲ្យ​មាន​ការ​រារែក​ក្នុង​ការ​តាមដាន​ ឬ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ និង​ដំណើរការ​បោះ​ឆ្នោត។

អ្នក​សម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​ នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) អ្នកស្រី សឺនកេត សិរីលក្ចណ៍ ថ្លែង​ថា ដោយសារ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​តានតឹង និង​មាន​សារ​អវិជ្ជមាន​ជា​ច្រើន​ពី​ថ្នាក់​ដឹកនាំ​ប្រទេស ជា​ពិសេស​នាយករដ្ឋមន្ត្រី ស្ត្រី​បាន​រួញរា​ខ្លាំង​លែង​ហ៊ាន​ចេញ​មុខ​ចេញ​មាត់​សម្ងំ​រក្សា​ភាព​ស្ងាត់ស្ងៀម និង​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន។ ចំពោះ​ការ​សម្ដែង​មតិ ​ឬ​ការ​ចូលរួម​សកម្មភាព​នយោបាយ ​ត្រូវ​បាន​ថយ​ចុះ ពោល​គឺ​ផ្ទុយ​ពី​ពេល​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា សូម្បី​តែ​អ្នកស្រី​ផ្ទាល់ ពេល​ខ្លះ​បាន​ដាក់​សំណួរ​មក​​ខ្លួន​ឯង​ថា តើ​វា​ប៉ះពាល់​ដល់​សុវត្ថិភាព​ដែរ ឬ​ទេ? ក្នុង​គ្រា​ដែល​កិច្ចការ​របស់​សង្គម​ស៊ីវិល​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក បិទ អ្នក​កាសែត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ការ​រំលាយ​គណបក្ស​នយោបាយ​សុទ្ធ​តែ​ជា​ព្រឹត្តិការណ៍​ដែល​ប៉ះពាល់​ដល់​ការ​ចូលរួម​របស់​ស្ត្រី៖ «នេះ​ជា​បរិយាកាស​នយោបាយ​មួយ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ភ័យ​ខ្លាច​អ៊ីចឹង​ត្រូវ​ការ​ឲ្យ​មាន​ស្ថានភាព​នយោបាយ​មួយ បើ​ចង់​ឲ្យ​ស្ត្រី​ចូលរួម​កាន់​តែ​ច្រើន​ត្រូវ​តែ​បង្ក​លក្ខណៈ​ងាយ​ស្រួល ហើយ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​តែ​មាន​លក្ខណៈ​មួយ​ឲ្យ​ល្អ​ប្រសើរ​ជាង​រាល់​ថ្ងៃ ហើយ​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ ប្រដៅ​កូន​ចៅ​ឲ្យ​និយាយ​ឲ្យ​ពិត​ប្រាកដ​ឲ្យ​បាន​ច្រើន កុំ​ឲ្យ​គេ​ទាំង​អស់​គ្នា​ទៅ​ជា​យល់​ថា អា​នេះ​វា​ម៉េច​ទៅ​ជា​អ៊ីចឹង? លែង​មាន​ជំនឿ​ថា ប្រទេស​យើង​អាច​មាន​យុត្តិធម៌​ដែល ឬ​ទេ ទៅ​មុខ​ទៀត​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា ជា​ពិសេស​ស្ត្រី​រារែក​ជះឥទ្ធិពល​អាក្រក់​ដល់​ការ​ចូល​រួម​របស់​ស្ត្រី​ដែរ»

របាយការណ៍​វាយ​តម្លៃ​របស់​អង្គការ​ខុមហ្វ្រែល ដែល​ទើប​តែ​ស្រាវជ្រាវ​ថ្មី ស្ដី​ពី​ការ​ចូល​រួម​នយោបាយ​របស់​ស្ត្រី​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា ស្ត្រី​នៅ​តែ​ភ័យ​ខ្លាច​ក្នុង​ការ​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​កិច្ចការ​នយោបាយ​ និង​ការ​បោះឆ្នោត។ របាយការណ៍​នេះ​រក​ឃើញ​ដែរ​ថា មាន​ភាព​ខ្លាចរអា ​៣​ ដែល​សំខាន់។ ខ្លាច​ទី​១ ខ្វះ​នូវ​គោលនយោបាយ​ជាក់លាក់​ និង​ជា​លាយលក្ខណ៍​អក្សរ​ ដែល​ជា​វិធានការ​ពិសេស​បណ្ដោះ​អាសន្ន និង​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​បោះឆ្នោត ​ដើម្បី​គាំទ្រ​ និង​ផ្ដល់​ឱកាស​ឲ្យ​ស្ត្រី​ និង​បុរស​ចូលរួម​ស្មើ​គ្នា​ក្នុង​វិស័យ​នយោបាយ ជា​ពិសេស​ ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន។ ខ្លាច​ទី​២ គឺ​ការ​បន្ត​រើសអើង​ប្រឆាំង​ស្ត្រី​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​នៅ​ក្នុង​គណបក្ស​នយោបាយ។ ចំណែក​ខ្លាច​ទី​៣ គឺ​បរិយាកាស​នយោបាយ​អំឡុង​ពេល​ដំណើរ​ការ​បោះឆ្នោត​ម្ដងៗ ឃើញ​មាន​ការ​គំរាមកំហែង និង​បញ្ហា​ជាច្រើន​ទៀត ​ដែល​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ត្រី​ និង​ធ្វើ​ឲ្យ​ពួកគេ​រារែក​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ។

អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី​ភេទ ​ហៅ​កាត់​កាត់​ថា ស៊ីដ (CEDAW) មាត្រា​៣ ចែង​ថា ក្នុង​គ្រប់​វិស័យ​ ជា​ពិសេស​ វិស័យ​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និង​វប្បធម៌ រដ្ឋ​ត្រូវ​មាន​វិធានការ​សមស្រប​ទាំង​អស់ រួម​ទាំង​ការ​ធ្វើ​ច្បាប់​ផង ដើម្បី​ធានា​ការ​អភិវឌ្ឍន៍​ និង​ការ​រីកចម្រើន​ពេញលេញ​របស់​ស្ត្រី ដើម្បី​ធានា​ឲ្យ​ស្ត្រី​ប្រើប្រាស់ និង​អាស្រ័យផល​សិទ្ធិ​មនុស្ស និង​សេរីភាព​មូលដ្ឋាន​ដោយ​សមភាព​ជាមួយ​បុរស។

អ្នកស្រី សឺនកេត សិរីលក្ចណ៍ នៃ​អង្គការ​ខុមហ្វ្រែល បន្ត​ថា វត្តមាន​ស្ត្រី​នៅ​តែ​មាន​សារសំខាន់​បំផុត​ក្នុង​ដំណាក់កាល​នេះ។ អ្នកស្រី​បញ្ជាក់​ថា ការ​ចូលរួម​របស់​ស្ត្រី​មាន​ពីរ​សំខាន់ គឺ​ការ​ចូលរួម​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល។ ការ​ចូលរួម​ដោយ​ប្រយោល ​គឺ​ការ​តាមដាន​ព័ត៌មាន​ក្នុង​សង្គម ចូលរួម​ផ្សព្វផ្សាយ​បន្ត​ពី​ព័ត៌មាន​សំខាន់ៗ ទាក់ទង​នឹង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពី​ស្ថានភាព​នយោបាយ​ថ្មីៗ ជាដើម។ នេះ​មាន​ន័យ​ថា ស្ត្រី​ជា​ពលរដ្ឋ​សាមញ្ញ ​ក៏​គាត់​អាច​ធ្វើ​កិច្ចការ​នយោបាយ​ដែរ​ដោយ​គាត់​ប្រើប្រាស់​សិទ្ធិ​នយោបាយ​ជាមួយ​អ្នក​តំណាង​ទាំង​ថ្នាក់​ជាតិ និង​មូលដ្ឋាន។ រីឯ​ការ​ចូលរួម​ដោយ​ផ្ទាល់ ​គឺ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ផ្ទាល់។

មិន​ខុស​គ្នា​នោះ​ទេ អ្នកស្រី ធីតា ឃិះ នាយិកា​អង្គការ​សីលកា បាន​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ចូលរួម​តាមដាន ​និង​សកម្មភាព​នយោបាយ ពីព្រោះ​ស្ត្រី​ត្រូវ​តែ​យល់​ដឹង​អំពី​ស្ថានការណ៍​ដែល​កើត​ឡើង​ក្នុង​ប្រទេស​របស់​ខ្លួន ក៏​ដូច​ជា​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ស្ថានការណ៍​ក្នុង​ប្រទេស​របស់​ខ្លួន​ ពីព្រោះ​អ្វី​ដែល​កើត​មាន​ឡើង ​វា​នឹង​ប៉ះពាល់​ទៅ​ដល់​ខ្លួន​គាត់​ផ្ទាល់ ​ក្រុម​គ្រួសារ​របស់​ពួកគាត់ និង​សង្គម​ជាតិ​របស់​គាត់​ផង។

អ្នកស្រី​បាន​ចែក​រំលែក​បទពិសោធន៍​យ៉ាង​ដូច្នេះ៖ «ដូច​ជា​បទពិសោធន៍​ខ្ញុំ​កាល​ពី​មុន​អ៊ីចឹង គេ​ធ្វើ​នយោបាយ​អី​ខ្ញុំ​អត់​មាន​ការ​ចាប់​អារម្មណ៍​អី​ទេ កាល​ខ្ញុំ​នៅ​ពី​ក្មេង ប៉ុន្តែ​នៅ​ពេល​មាន​បញ្ហា​ស្រុកទេស​ធ្លាក់​ដុនដាប នាំ​គ្នា​រត់​ចោលស្រុក ឬ​មាន​បញ្ហា​កលិយុគ​អ៊ីចឹង​ទៅ ប៉ះពាល់​ទាំង​អស់​គ្នា​ដោយ​ទាំង​យើង​មិន​ទាំង​ដឹង​ថា​ដោយសារ​ហេតុ​អ្វី។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ស្ត្រី​ត្រូវ​តែ​ដឹង​ទាំង​អស់​គ្នា មិន​ថា​តែ​ស្ត្រី​ទេ ប្រជាពលរដ្ឋ​ត្រូវ​តែ​ដឹង​ពី​បញ្ហា​ទាំង​អស់​នេះ»

របាយការណ៍​អង្គការ​ខុមហ្វ្រែល បង្ហាញ​ថា ការ​ចូលរួម​នយោបាយ​របស់​ស្ត្រី​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ស្ត្រី​មាន​ភាព​ប្រឈម​រាប់​ចាប់​តាំង​ពី​ការ​ទទួល​បាន​ឱកាស​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត និង​ឱកាស​ឈាន​ទៅ​មុខ​ក្នុង​ជីវិត​នយោបាយ​របស់​ស្ត្រី​ជាប់​ឆ្នោត។ ពោល​គឺ​ចំនួន​ស្ត្រី​ជាប់​ឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ សង្កា​ ធ្លាក់​ចុះ ដែល​ផ្ទុយ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​១ ឆ្នាំ​២០០២ រហូត​មក​ដល់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ ចំនួន​ស្ត្រី​ជាប់​ឆ្នោត​ជា​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ហើយ​ស្ត្រី​ក៏​បាន​ចូលរួម​បោះឆ្នោត​យ៉ាង​សស្រាក់សស្រាំ និង​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​យ៉ាង​សកម្ម និង​ការ​បញ្ចេញ​សំឡេង រួម​ទាំង​យុវជន​ផង​ដែរ។

កន្លង​មក ​លោក​នាយករដ្ឋមន្ត្រី​ក៏​ធ្លាប់​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ដាក់​ស្ត្រី​ឈរ​ឈ្មោះ​នៅ​ក្នុង​លេខរៀង​ខាង​លើ។ ទន្ទឹម​គ្នា​នេះ​ដែរ ក្រសួង​កិច្ចការ​នារី បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ស្ត្រី​ស្ដីពី​ យេនឌ័រ និង​ការ​ប្ដេជ្ញា​ចិត្ត​ ជំរុញ​ឲ្យ​មាន​ការ​កើន​ចំនួន​តំណាង​ស្ត្រី និង​ស្ត្រី​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ។ ប៉ុន្តែ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ក្នុង​អំឡុង​ពេល​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នេះ គេ​ពុំ​ឃើញ​មាន​សកម្មភាព​លេច​ធ្លោ​ណា​មួយ​ទេ ដូចជា​ការ​ចូលរួម​ជំរុញ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ខ្លះ​នៃ​ច្បាប់​បោះឆ្នោត ​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ការ​បង្ក​លទ្ធភាព​ឲ្យ​ស្ត្រី​បាន​ចូលរួម​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឲ្យ​បាន​ច្រើន​ដូច​ការ​ប្ដេជ្ញា​ចិត្ត​នោះ​ឡើយ។

ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​តាមដាន និង​យល់ដឹង​ពី​បញ្ហា​សង្គម​ និង​នយោបាយ​នេះ ស្ត្រី​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា មាន​មតិ​ថា កន្លង​មក ​លោកស្រី​ក៏​ដូច​ជា​ស្ត្រី​មួយ​ចំនួន​ទៀត​​ដែរ ​បាន​មើល​រំលង​ភ្លេច​ពី​គុណ​តម្លៃ​របស់​ខ្លួន​ ដែល​យល់​ថា ​គ្មាន​អ្វី​ដែល​ស្ត្រី​គួរ​ធ្វើ​លើស​​ពី​ការ​គិតគូរ​សម្រាប់​គ្រួសារ​នោះ​ទេ។ ដំបូង​ឡើយ ​លោកស្រី​មិន​ដែល​គិត​ថា​បញ្ហា​សង្គម បញ្ហា​នយោបាយ និង​សកម្មភាព​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ មាន​ប្រយោជន៍​នោះ​ទេ ព្រោះ​គិត​ថា នេះ​គឺ​ជា​កិច្ចការ​របស់​មន្ត្រី​រាជការ​អ្នក​ដឹកនាំ​ប្រទេស​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ពេល​ពើប​ប្រទះ​ពី​ភាព​ចម្រូងចម្រាស ​នៃ​ការ​អភិវឌ្ឍ​តំបន់​បឹងកក់​មក បាន​ធ្វើ​ឲ្យ​លោកស្រី​ភ្លឺ​ភ្នែក ហើយ​ចាប់​ផ្ដើម​តាមដាន​បញ្ហា​សង្គម​ និង​នយោបាយ គ្រា​ដែល​ការ​អភិវឌ្ឍ​នេះ ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បណ្ដេញ​ចេញ​ និង​មាន​អំពើ​ហិង្សា។

លោកស្រី បូវ សោភា៖ «ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​តែង​តែ​និយាយ​ពេល​ដែល​យើង​និយាយ​គាត់​ថា កុំ​និយាយ​រឿង​នយោបាយ ខ្លាច។ អ៊ីចឹង​យើង​អាច​ពន្យល់​គេ​បាន​ថា ពាក្យ​ថា​នយោបាយ​មួយ​មាត់ ពេល​ដែល​យើង​ញាំ​បាយ​ក៏​ជា​រឿង​នយោបាយ ពេល​ដែល​យើង​ដើរ​ក៏​ជា​រឿង​នយោបាយ​ដែរ ពេល​ដែល​យើង​ខ្លាច​មិន​និយាយ​អី​សោះ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​បឹងកក់​មួយ​ទាំង​មូល​គេ​រំលោភ​អស់ ផ្ទៃ​បឹង​ជាង ៩០​ហិកតារ ត្រូវ​បាន​គេ​បូម​ខ្សាច់​ពន្លិច ទី​បំផុត​បឹង​ធម្មជាតិ​ត្រូវ​អស់ ទីក្រុង​ភ្នំពេញ ត្រូវ​លិច​ដោយសារ​ការ​បូម​ខ្សាច់​ពន្លិច​តែ​ម្ដង។ អា​នេះ​ហើយ​ដែល​មិន​ចូលរួម​ក្នុង​រឿង​នយោបាយ​សង្គម​ជាតិ គឺ​បែប​នេះ​ឯង»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​កិច្ចការ​ខាង​​ស្ត្រី​ និង​ការ​បោះឆ្នោត ​រក​ឃើញ​ថា នៅ​ពេល​ដែល​ស្ត្រី​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ច្រើន និង​មាន​ចំនួន​ស្ត្រី​កាន់​តែ​ច្រើន​នៅ​ក្នុង​ការ​ដឹកនាំ ​និង​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ ​គឺ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នយោបាយ​ជា​វិជ្ជមាន​ និង​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​ប្រទេសជាតិ​ទាំង​មូល។ ហេតុ​ផល​នោះ ​គឺ​ព្រោះ​តែ​ស្ត្រី​មាន​ភាព​ទន់ភ្លន់​ច្រើន​ជាង ស្ត្រី​អាច​ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា​ និង​សន្តិវិធី​ច្រើនជាង​បុរស ​ដែល​ធ្វើ​ជា​អ្នក​ដឹកនាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល