ចំនួន​ស្ត្រី​ជាប់​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤​ថយ​ចុះ

ដោយ​ សុ ជីវី
2017.07.01
បោះឆ្នោត ភ្នំពេញ ២០១៧ ៨៥៥ ពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៤ នា​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Leng Maly
RFA/Leng Maly

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​រក​ឃើញ​ថា ចំនួន​ស្ត្រី​ដែល​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ នេះ បាន​ថយ​ចុះ​បើ​ប្រៀបធៀប​នឹង​អាណត្តិ​ទី​៣ កន្លង​ទៅ។

ពួកគេ​សោកស្ដាយ និង​ព្រួយ​បារម្ភ​ថា ការ​ថយ​ចុះ​ចំនួន​ស្ត្រី​ជា​តំណាង​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នេះ នឹង​ធ្វើ​អោយ​បញ្ហា​ស្ត្រី និង​កុមារ​នៅ​មូលដ្ឋាន​មិន​អាច​ឆ្លើយ​តប​បាន​គ្រប់គ្រាន់​ឡើយ។ លើស​ពី​នេះ នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​ជំរុញ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ផែនការ​របស់​រដ្ឋាភិបាល​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព។ ​ទោះ​បី​ជា​យ៉ាង​ណា ពួកគេ​សាទរ​ចំពោះ​ការ​កើន​ឡើង​នូវ​ចំនួន​មេ​ឃុំ និង​ជំទប់​ឃុំ​ជា​ស្ត្រី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា តាម​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ដែល​ចេញ​ដោយ គ.ជ.ប គឺ​ចំនួន​ស្ត្រី​ដែល​បាន​ជាប់​ឆ្នោត​សរុប​មាន​ចំនួន​ជិត ២ពាន់​នាក់ (១.៩៤០) នៃ​ចំនួន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​សរុប​ជាង ១​ម៉ឺន​នាក់ (១១.៥៧២) គឺ​បាន​ថយ​ចុះ​មក​នៅ​​ជិត ១៧​ភាគរយ (១៦,៧៦%) បើ​ប្រៀបធៀប​នឹង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៣ កាល​ពី​ឆ្នាំ​២០១២។

របាយការណ៍​ដដែល​អោយ​ដឹង​ទៀត​ថា ចំនួន​មេ​ឃុំ​ស្ត្រី​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ​ មាន​ចំនួន ១២៨​រូប ដោយ​បាន​កើន​ឡើង​ចំនួន ៣៣​រូប បើ​ប្រៀបធៀប​នឹង​អាណត្តិ​មុន។

អ្នក​សម្របសម្រួល​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​កញ្ញា សេង រាសី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មិថុនា ថា ការ​ថយ​ចុះ​ចំនួន​ស្ត្រី​នេះ​នឹង​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ចំនួន​៣ ធំៗ រួម​មាន​ផល​ប៉ះពាល់​ទៅ​លើ​គោលដៅ​របស់​រដ្ឋាភិបាល ប៉ះពាល់​ទឹក​ចិត្ត​ស្ត្រី​ដែល​មាន​បំណង​ចូលរួម​ក្នុង​វិស័យ​នយោបាយ និង​ការ​ដោះស្រាយ​បញ្ហា​ស្ត្រី និង​កុមារ«បាន​ប៉ះពាល់​ដល់​ស្ត្រី​ដែល​គាត់​កំពុង​តែ​ធ្វើ​កិច្ចការ​នយោបាយ​ក៏ដូចជា​ត្រៀម​ប្រឡូក​ក្នុង​នយោបាយ នៅ​ពេល​ណា​ដែល​គំរូ​ភាព​របស់​គាត់​នេះ​មាន​ការ​ធ្លាក់​ចុះ។ ហេតុ​អ្វី​បាន​យើង​លើក​អ៊ីចឹង? នៅ​ពេល​ដែល​ស្ត្រី​ចូលរួម​ក្នុង​ឆាក​នយោបាយ​ដូចជា​មុខងារ​សាធារណៈ​ផ្សេងៗ​ទៀត ចំនួន​ស្ត្រី​កាន់​តែ​ច្រើន​ឡើង បាន​បង្ហាញ​ឲ្យ​ឃើញ​ជា​គំរូ​ភាព​សម្រាប់​ស្ត្រី​វ័យ​ក្មេង ក៏ដូចជា​ស្ត្រី​ផ្សេង​ទៀត​ថា ស្ត្រី​អាច​ធ្វើ​បាន អាច​ចូលរួម​បាន ចុះ​ឥឡូវ​នេះ​គំរូ​ភាព​ទាំងអស់​នេះ​មាន​ការ​ធ្លាក់​ចុះ? ទី​៣ ទៀត ការ​ធ្លាក់​ចុះ​នេះ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ស្ត្រី និង​កុមារ ដោយសារ​តែ​សំឡេង​របស់​ស្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​មាន​ការ​ថយ​ចុះ»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​បញ្ហា​មួយ​ចំនួន​ដែល​នាំ​អោយ​ចំនួន​ស្ត្រី​បាន​ថយ​ចុះ​នេះ។

អ្នក​សម្របសម្រួល​ផ្នែក​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្រ្វែល (COMFREL) អ្នកស្រី សឺន កេតសិរីលក្ខណ៍ មាន​ប្រសាសន៍​ថា ចំណុច​សំខាន់​ពីរ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គឺ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​គណបក្ស​នយោបាយ​ត្រូវ​បង្កើត​គោលនយោបាយ​យេនឌ័រ​ក្នុង​គណបក្ស​នីមួយៗ«គិតគូរ​ធ្វើ​ម៉េច​ឲ្យ​មាន​នៅ​ក្នុង​ច្បាប់​បោះឆ្នោត​កំណត់​ឲ្យ​ច្បាស់​ក្នុង​ការ​ដាក់​ស្ត្រី​ឈរ​ឈ្មោះ ទាល់​តែ​មាន​ការ​ដាក់​ឆ្លាស់​គ្នា​រវាង​បុរស​ស្ត្រី​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ពី​លើ​ដល់​ក្រោម ទើប​ចំនួន​ស្ត្រី​អាច​មាន​ការ​កើន​ឡើង។ យើង​មើល​ឃើញ​ថា​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ គណបក្ស​ដែល​មាន​សក្ដានុពល គណបក្ស​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​មាន​តែ​ពីរ​គណបក្ស​ទេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យើង​មើល​នៅ​ក្នុង​បញ្ជី​ឈរ​ឈ្មោះ​របស់​បេក្ខជន​របស់​គណបក្ស​ទាំង​១២ (គណបក្ស​ដែល​ចូលរួម​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់) គឺ​គណបក្ស​ទាំង​ពីរ​ដាក់​ស្ត្រី​តិច​ជាង​គេ»

អ្នកស្រី សឺន កេតសិរីលក្ខណ៍ បាន​រិះគន់​ក្រសួង​កិច្ចការ​នារី​ថា ពុំ​បាន​បំពេញ​តួនាទី​អោយ​បាន​សកម្ម​នៅ​ក្នុង​ការ​ជំរុញ​ស្ត្រី​អោយ​ចូល​រួម​ក្នុង​វិស័យ​នយោបាយ«បើ​តាម​ដែល​ដឹង គឺ​គាត់​ជំរុញ​ទៅ​គ្រប់​ក្រសួង​ទាំងអស់​ត្រូវ​តែ​មាន​គោល​នយោបាយ​សមភាព​យេនឌ័រ។ បើ​យើង​មើល​ក្នុង​ឯកសារ​ដែល​គាត់​ធ្លាប់​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​ក្ដី ជាមួយ​ក្រសួង​ដែល​ពាក់ព័ន្ធ​ក្ដី យើង​ពិត​ជា​មាន​ការ​កោត​សរសើរ ហើយ​សប្បាយ​ចិត្ត។ ប៉ុន្តែ​យើង​មើល​ថា​បន្ទាប់​ពី​ហ្នឹង​មក ជាពិសេស​គឺ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​យុទ្ធនាការ​ក្នុង​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត យើង​ឃើញ​ថា​ក្រសួង​កិច្ចការ​នារី គាត់​ហាក់​ដូចជា​សកម្មភាព​របស់​គាត់​ដែល​ជំរុញ​ឲ្យ​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ហ្នឹង សកម្មភាព​វា​អត់​ឃើញ​ថា​ស្អី​ដែល​វា​លេចធ្លោ ដែល​យើង​គួរ​ឲ្យ​សាទរ»

បើ​ទោះ​ជា​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល​ទទួល​ស្គាល់​ដែរ​ថា ក្រសួង​កិច្ចការ​នារី​បាន​ធ្វើ​ការងារ​ក្នុង​ការ​រៀបចំ​អោយ​មាន​គោល​នយោបាយ​ជា​ច្រើន​រួច​ហើយ ប៉ុន្តែ​ទាមទារ​អោយ​មាន​ការ​អនុវត្ត​សកម្ម​ថែម​ទៀត។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ នៃ​ក្រសួង​កិច្ចការ​នារី លោក ថេ ឈុនហាក់ ឆ្លើយ​តប​ថា ក្រសួង​មាន​គោលនយោបាយ​ច្រើន​ដែល​ត្រូវ​អនុវត្ត នៅ​ពេល​ដែល​សង្គម​ស៊ីវិល​មើល​ឃើញ​ពី​ភាព​អសកម្ម​អាច​ផ្ដល់​យោបល់​ទៅ​ក្រសួង​ដើម្បី​កែ​លម្អ«យើង​មាន​ការ​ជជែក​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​បច្ចេកទេស​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ជាមួយ​សង្គម​ស៊ីវិល​ដែរ គឺ​យើង​មាន​យន្តការ។ អ៊ីចឹង​ក្នុង​កន្លែង​ណា​ដែល​គាត់​ឃើញ​មិន​ទាន់​សកម្ម គឺ​យើង​អត់​ប្រកែក​ថា​យើង​ធ្វើ​អ្វី​អត់​ខ្ចោះ​ទេ ប៉ុន្តែ​បើ​គាត់​មើល​ឃើញ​ថា​កន្លែង​ណា​យើង​អត់​សកម្ម គាត់​អាច​លើក​ឡើង​ជា​លាយលក្ខណ៍​អក្សរ ឬ​ក៏​តាម​រយៈ​កិច្ច​ប្រជុំ​ភ្នាក់ងារ​បច្ចេកទេស​យេនឌ័រ។ គឺ​យើង​ធ្វើ​ការងារ​ដើម្បី​ស្ត្រី​កម្ពុជា យើង​ទាំងអស់​គ្នា»

ចំពោះ​បញ្ហា​ថយ​ចុះ​ចំនួន​ស្ត្រី​ជា​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​នេះ លោក ឈុនហាក់ លើក​ឡើង​ថា ក្រសួង​បាន​ទទួល​ស្គាល់​ថា ចំនួន​ស្ត្រី​អាច​នឹង​ថយ​ចុះ​បែប​នេះ​តាំង​ពី​បាន​ឃើញ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​មក​ដែរ ហើយ​ក្រសួង​នឹង​យក​បទពិសោធន៍​នេះ រួម​នឹង​បទពិសោធន៍​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដើម្បី​រៀបចំ​ផែនការ​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ។ លោក ថេ ឈុនហាក់ លើក​ឡើង​ទៀត​ថា គោល​បំណង​របស់​សង្គម​ស៊ីវិល និង​ក្រសួង​កិច្ចការ​នារី​គឺ​ដើរ​ស្របគ្នា​ចំពោះ​ការ​ជំរុញ​អោយ​គណបក្ស​នយោបាយ​បង្កើត​គោល​នយោបាយ​សមភាព​យេនឌ័រ ប៉ុន្តែ​លោក​ថា ការងារ​នេះ​ជា​ការ​លំបាក«យើង​នឹង​ធ្វើ​ជា​លក្ខណៈ​កម្រិត​ម៉ាក្រូ ដើម្បី​ជំរុញ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ក្មេង​ស្ត្រី​គាត់​ចាប់​អារម្មណ៍​ច្រើន​ជាង​មុន​នៅ​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន ហើយ​វា​ជា​មូលដ្ឋាន​គ្រឹះ​ធំ​ណាស់​សម្រាប់​យើង​បង្កើត​ជា​លក្ខណៈ​ម៉ាក្រូ​សម្រាប់​ឈាន​ទៅ​បោះឆ្នោត​នៅ​លើក​ក្រោយៗ​ទៀត ព្រោះ​យើង​អត់​ធ្វើ​តែ​សម្រាប់​ថា​ឃើញ​លទ្ធផល​ប៉ុណ្ណឹង​ហើយ យើង​ធ្វើ​សម្រាប់​តែ​រយៈពេល​ខ្លី យើង​ត្រូវ​គិត​ថា​តើ​អ្វី​ជា​យុទ្ធសាស្ត្រ​រយៈពេល​វែង កុំ​ឲ្យ​បទពិសោធន៍​ហ្នឹង​វា​ថយ វា​រាង​ថយ​បន្តិច​នៅ​ក្នុង​ឆ្នាំ​នេះ បើ​យើង​ប្រៀបធៀប​នឹង​ឆ្នាំ​២០០២ មក វា​បាន​កើន​បន្តិចៗ មក​ដល់​ពេល​នេះ​វា​រាង​ថយ​បន្តិច»

នៅ​ក្នុង​របាយការណ៍​ដែល​ចងក្រង​ដោយ​ក្រសួង​កិច្ចការ​នារី​ក្នុង​ឆ្នាំ​២០១៤ អោយ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១២ តំណាង​ស្ត្រី​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ បាន​កើន​ឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៧ គឺ​កើន​ឡើង​ពី ១៥,១០% ភាគរយ​ទៅ ១៧,៧៨%។ ក្នុង​នោះ​ស្ត្រី​ជា​មេឃុំ និង​ចៅ​សង្កាត់​មាន​ចំនួន ៦៩​រូប (៤,២២%) ស្ត្រី​ជា​ជំទប់​ទី​១ មាន​ចំនួន ១៨៩​រូប (១១,៥៧%) និង​ជំទប់​ទី​២ ចំនួន ១៥១​រូប (៩,២៤%)។

អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បញ្ហា​ស្ត្រី និង​កុមារ​នៅ​មូលដ្ឋាន​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ច្រើន ប្រសិន​បើ​ចំនួន​ស្ត្រី​នៅ​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​តែ​មាន​ចំនួន​តិច។

កន្លង​ទៅ​ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​សុទ្ធ​តែ​បាន​អះអាង​ថា លើក​កម្ពស់​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ការ​ដាក់​ចំនួន​ស្ត្រី​របស់​គណបក្ស​នេះ​ដោយ​ផ្អែក​លើ​ប្រជាប្រិយភាព និង​សមត្ថភាព​របស់​ស្ត្រី ចំណែក​គណបក្ស​ប្រឆាំង​វិញ​លើក​ឡើង​ថា ពិបាក​នឹង​រក​ស្ត្រី​ដែល​ក្លាហាន។

អ្នក​សម្របសម្រួល​ផ្នែក​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្រ្វែល អ្នកស្រី សឺន កេតសិរីលក្ខណ៍ លើក​ឡើង​ថា គណបក្ស​នយោបាយ​ក៏​ជា​ផ្នែក​​ពាក់ព័ន្ធ​ដែល​ត្រូវ​ធានា​អោយ​ការសន្យា​របស់​រដ្ឋាភិបាល​ជា​មួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ជំរុញ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​​បាន​ជោគជ័យ«អ៊ីចឹង​គណបក្ស​នយោបាយ​គាត់​អាច​មាន​ផែនការ ឬ​ក៏​គោល​នយោបាយ​ក្នុង​ការ​ដាក់​ចំនួន​ស្ត្រី​ឲ្យ​បាន​ច្រើន​ជាង​មុន អាច ៤០​ភាគរយ​ក្ដី ឬ​ថា​ធ្វើ​ឲ្យ​មាន​សមភាព​យេនឌ័រ។ អ្វី​ដែល​មាន​ប្រសិទ្ធភាព​បំផុត គឺ​មាន​តែ​ច្បាប់​បោះឆ្នោត​ទេ។ ហើយ​ខ្ញុំ​មិន​ជឿ​ថា ការ​តាក់តែង​ធ្វើ​វិសោធនកម្ម​ច្បាប់​មាន​ការ​លំបាក​ទេ​សម្រាប់​ប្រទេស​កម្ពុជា យើង។ បើ​សិន​ជា​អ្នក​ដឹកនាំ​មាន​ឆន្ទៈ​ក្នុង​ការ​ចង់​ឲ្យ​ស្ត្រី​ចូលរួម​ឲ្យ​បាន​ច្រើន»

សង្គម​ស៊ីវិល​បាន​ទទូច​អោយ​គណបក្ស​នយោបាយ​បញ្ឈប់​ការ​រើសអើង​ស្រ្តី ដោយ​ការ​ចោទ​សួរ​ពី​សមត្ថភាព​របស់​ស្ត្រី​ក្នុង​ការ​ចូលរួម​វិស័យ​នយោបាយ​ ប៉ុន្តែ​ត្រូវ​ងាក​មក​ចូល​រួម​ពង្រឹង​សមត្ថភាព​ស្ត្រី​ដើម្បី​អោយ​ស្ត្រី​មាន​សមត្ថភាព​ចូលរួម​ក្នុង​វិស័យ​នេះ​ទៅ​វិញ។

មិន​ខុស​គ្នា​នេះ គណៈកម្មាធិការ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា ស៊ីដ ហៅ​កាត់​ថា អិនជីអូ-ស៊ីដ (NGO-CEDAW) លើក​ឡើង​ថា ការ​ខកខាន​ចាត់​វិធានការ​ពិសេស​បណ្ដោះអាសន្ន​ ដើម្បី​លើក​កម្ពស់​ស្ត្រី​ចូល​រួម​ក្នុង​វិស័យ​នយោបាយ ទាំង​វិធានការ​ខាង​ផ្លូវ​ច្បាប់ ទាំង​ជំរុញ​គណបក្ស​នយោបាយ​អោយ​ចាត់​អាទិភាព​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​មិន​អាច​ទទួល​បាន​ជោគជ័យ​ទៅ​តាម​គោល​ដៅ​ដែល​បាន​កំណត់​ឡើយ។

អិនជីអូ ស៊ីដ បញ្ជាក់​ថា នៅ​ក្នុង​យុទ្ធសាស្ត្រ​ជាតិ ៥​ឆ្នាំ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​សមភាព​យេនឌ័រ​បាន​កំណត់​គោលដៅ​ក្នុង​ការ​បង្កើន​ចំនួន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ជា​ស្ត្រី​អោយ​បាន ២៥​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។