តំណាងចលនាខ្មែរនៅកូរ៉េគ្រោងដាក់ញត្តិជូនលោក ហ៊ុន សែន ឱ្យដកខែត្រ៤ចេញពីគម្រោងCLV
2024.09.10
តំណាងចលនាប្រជាធិបតេយ្យ ដើម្បីរួបរួមជាតិ នៅប្រទេសកូរ៉េខាងត្បូង (South Korea) នឹងដាក់ញត្តិជូនលោក ហ៊ុន សែន នៅថ្ងៃទី១០ កញ្ញា នេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលដឹកនាំដោយត្រកូលហ៊ុន ដកខែត្រចំនួន៤របស់កម្ពុជា ចេញពីការរកស៊ីរួមគ្នា ជាមួយវៀតណាម (Vietnam) និងឡាវ (Lao)។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាប្រជាធិបតេយ្យរួបរួមជាតិប្រចាំប្រទេសកូរ៉េខាងត្បូងលោក សរ សុខេម ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់មិញថា នៅថ្ងៃទី១០ កញ្ញានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងចូលរួមចូលរួមវេទិកា “ចំណេះដឹងពិភពលោកលើកទី២៥” ក្រោមប្រធានបទ “មាគ៌ាឆ្ពោះទៅរកសហត្ថិភាព” ឬហៅថាដំណើរទៅរកការរួមរស់ជាមួយគ្នា និងអត់ឱនឱ្យគ្នា។
លោកបន្ថែមថា លោក ហ៊ុន សែន មិនសមជាមេដឹកនាំ ដែលមកចូលរួមនៅក្នុងវេទិកានេះទេ ពីព្រោះថា កម្ពុជា ជាប្រទេសដែលមានសន្តិភាពក្លែងក្លាយ។ របបរបស់លោកបានចាប់ខ្លួនអ្នករិះគន់ សកម្មជនបរិស្ថាន ដាក់ពន្ធនាគារជាបន្តបន្ទាប់។ លោកអះអាងថា តំណាងចលនាប្រជាធិបតេយ្យរួបរួមជាតិប្រចាំប្រទេសកូរ៉េខាងត្បូងនឹងនាំគ្នាឈរតស៊ូមតិនៅខាងមុខអគារ ដែលគេរៀបចំវេទិកានេះ ហើយនឹងយកញត្តិដាក់ជូនលោក ហ៊ុន សែន។
ខ្លឹមសារក្នុងញត្តិនោះ មានពីរចំណុចសំខាន់ ទី១ ទាមទាររដ្ឋាភិបាលកម្ពុជា ដកខ្លួនចេញពីគម្រោងអភិវឌ្ឍតំបន់ត្រីកោណឬហៅថា CLV និង ទី២ ទាមទារដោះលែងសកម្មជនបរិស្ថាន និងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
លោក ហ៊ុន សែន បានសរសេរអះអាងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា លោកនឹងនៅប្រទេសកូរ៉េរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ កញ្ញា ហើយលោកនឹងជួបថ្នាក់ដឹកនាំប្រទេសកូរ៉េខាងត្បូងមួយចំនួន។
វេទិកាចំណេះដឹងពិភពលោក ហៅកាត់ថា (WKF) ដែលបានអញ្ជើញលោក ហ៊ុន សែន ទៅចូលរួមនោះ អះអាងថា ជាស្ថាប័នមិនមែនដើម្បីប្រាក់ចំណេញ មានគោលដៅដើម្បីលើកកម្ពស់វិបុលភាពសាកលតាមរយៈការចែករំលែកចំណេះដឹង។
ទោះជាយ៉ាងណា សារព័ត៌មាន The Korea Times ធ្លាប់រាយការណ៍កាលពីចុងឆ្នាំ២០១៩ថា ស្ថាបនិកវេទិកា WKF នេះ គឺលោក ចាង ដាយ-វ៉ាន (Chang Dae-whan) ធ្លាប់ប្រកាសលាលែងចេញពីតំណែងជាអគ្គនាយកនៃសម្ព័ន្ធក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឈ្មោះ Maeil Media Group បន្ទាប់ពីរងសម្ពាធពីការស៊ើបអង្កេតជុំវិញរឿងរ៉ាវអាស្រូវពាក់ព័ន្ធនឹងការប្រមូលប្រាក់ខុសច្បាប់ដើម្បីបង្កើតសាខាសម្ព័ន្ធក្រុមហ៊ុននេះ គឺស្ថានីយទូរទស្សន៍ MBN កាលពីឆ្នាំ២០១១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។