បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​មេដឹកនាំ​ពិភពលោក​ត្រូវ​ដោះស្រាយ​នៅ​ឆ្នាំ​២០១៩

ដោយ សុ ជីវី
2018-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​ក្នុង​ពេល​ថ្ងៃ​បោះឆ្នោត​នា​ទីក្រុង​ញូវយ៉ក (New York) ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo AFP
បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​ក្នុង​ពេល​ថ្ងៃ​បោះឆ្នោត​នា​ទីក្រុង​ញូវយ៉ក (New York) ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo AFP
Photo AFP

ឆ្នាំ ២០១៨ កន្លងទៅ ជា​ឆ្នាំ​ដែល​មាន​ការប្រកួតប្រជែង​គ្នា​ខ្លាំង​រវាង​ក្រុម​ប្រទេស​មហាអំណាច​នៅ​លើ​ពិភពលោក ទាំង​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​យោធា ដើម្បី​ឱ្យ​មាន​តុល្យភាព​អំណាច។ ការប្រកួតប្រជែង​ទាំងនេះ បង្កឡើង​ដោយ​ប៉ូល​អំណាច​ធំៗ​ដូចជា សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ចិន និង​រុស្សី ជាដើម ដែល​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ប្រែប្រួល​ទៅ​រក​អនាគត​មួយ​ដែល​មិន​ច្បាស់លាស់។

ក្រុម​មេដឹកនាំ​ដែល​មាន​ឥទ្ធិពល​នៅ​លើ​ពិភពលោក មានការ​លើកឡើង និង​ការ​ប្តេជ្ញា​ចិត្ត​ផ្សេងៗ​គ្នា​សម្រាប់​ប្រទេស​របស់​ពួកគេ​នៅ​ឆ្នាំ​២០១៩ នេះ ទាក់ទង​នឹង​បញ្ហា​សាកល​ដូចជា រឿង​សេដ្ឋកិច្ច សន្តិសុខ នយោបាយ និង​កិច្ច​ការបរទេស​ជាដើម​។ ប្រទេស​ខ្លះ​បង្ហាញ​ពី​មហិច្ឆតា​លាតសន្ធឹង​អំណាច​របស់​ខ្លួន​លើ​ប្រទេស​ដទៃ ខ្លះ​ទៀត​ប្រឹងប្រែង​ខ្លាំង​លើ​រឿង​សេដ្ឋកិច្ច ខ្លះ​ប្រឹង​ខ្លាំង​ខាង​សព្វាវុធ​ដើម្បី​ស្វែងរក​តុល្យភាព​អំណាច និង​ខ្លះ​ទៀត​កំពុង​ជាប់​ផុង​ក្នុង​វិបត្តិ​ផ្ទៃក្នុង​ដោះស្រាយ​មិនទាន់​ចេញ។

សហរដ្ឋអាមេរិក​បាន​ព្យាយាម​ពង្រឹង​អំណាច​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ចូល​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង តាមរយៈ​ការ​គាំទ្រ​ប្រទេស​មាន​ជម្លោះ​ប្រឆាំង​នឹង​ចិន។ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន កំពុង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​សាកល ហើយ​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​ដែល​មេដឹកនាំ​ប្រទេស​ទាំងពីរ​កំពុង​ព្យាយាម​រក​ដំណោះស្រាយ។

ងាក​មក​ដៃគូ​ប្រជែង​ដ៏​ធំ​របស់​អាមេរិក គឺ​មហា​យក្ស​ចិន​វិញ បាន​បន្ត​សង្កត់ធ្ងន់​រឿង​ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន បន្ទាប់ពី​បាន​បើកចំហ​ទីផ្សារ​ទៅ​រក​ពិភពលោក​អស់​រយៈពេល ៤០​ឆ្នាំ​កន្លង​ទៅ​នេះ​។ មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ចិន ក្រោយ​សម័យ តេង ស៊ាវពីង (Deng Xiaoping) គឺ​លោក ស៊ី ជិនពីង (Xi Jinping) ជឿជាក់​ថា ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​នឹង​ធ្វើ​ឱ្យ​ប្រទេស​ចិន​កាន់តែ​ខ្លាំងក្លា​ថែមទៀត។

ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី៤០ នៃ​ការ​បើកចំហ​សេដ្ឋកិច្ច​របស់​ចិន កាលពី​ថ្ងៃ​ទី១៨ ធ្នូ លោក​ប្រធានាធិបតី ស៊ី ជិនពីង បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​​នៃ​ការដឹកនាំ​របស់​លោក និង​បាន​ព្រមាន​ប្រទេស​ដទៃ​កុំ​ឱ្យ​ប៉ុនប៉ង​ត្រួតត្រា​ប្រទេស​ចិន​ឱ្យ​សោះ។ នេះ​ជា​សារ​នយោបាយ​ធ្ងន់ៗ​របស់​លោក​នៅ​ចុង​ឆ្នាំ ២០១៨ ខណៈ​ចិន​កំពុង​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក។ លោក ស៊ី ជិនពីង បាន​សង្កត់ធ្ងន់​ថា គ្មាន​នរណា​ម្នាក់​មានអំណាច​បង្គាប់បញ្ជា​ប្រជាជន​ចិន​ឱ្យ​ធ្វើ​នេះ ធ្វើ​នោះ​តាមតែ​ចិត្ត​របស់​គេ​នោះ​ទេ មានតែ​ប្រជាជន​ចិន​ទេ​ដែល​ជា​អ្នក​សម្រេច​ថា អ្វី​ដែល​គួរ​ធ្វើ និង​អ្វី​ដែល​មិន​គួរ​ធ្វើ​សម្រាប់​ប្រទេស​របស់​ខ្លួន។ លោក​បាន​ប្រកាស​ទៀត​ថា ការឈឺចាប់​ដោយសារ​ភាព​អត់ឃ្លាន ខ្វះ​អាហារ និង​សំលៀកបំពាក់ រួម​ទាំង​ការ​លំបាក​សព្វគ្រប់​បែប​យ៉ាង​ដែល​តាម​យាយី​ពលរដ្ឋ​ចិន​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​កន្លង​ទៅ​នោះ បាន​ផុត​រលត់​អស់​ទៅ​ហើយ ហើយក៏​គ្មាន​ថ្ងៃ​វិលត្រឡប់​មកវិញ​សាជាថ្មី​ទៀត​ដែរ។ លោក​បាន​ថ្លែង​ទៀត​ថា ចិន​កំពុង​ប្រែ​ក្លាយ​ខ្លួន​ជា​ប្រទេស​ស្នូល ជា​អ្នក​កសាង​សន្តិភាព ជា​អ្នក​រួមចំណែក​អភិវឌ្ឍ និង​ជា​អ្នកការពារ​របៀបរៀបរយ​ពិភពលោក។

ចំណែក​ដៃគូ​ប្រជែង​ធំ​មួយទៀត​របស់​អាមេរិក គឺ​ប្រទេស​រុស្សី​វិញ មិនទាន់​ចេញ​ផុត​ពី​បញ្ហា​អសន្តិសុខ​នៅ​តំបន់​អឺរ៉ុប​ខាងកើត សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ីរី និង​អស្ថិរភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​នៅ​ឡើយ ដោយសារ​កងទ័ព​រុស្សី​បន្ត​មាន​វត្ត​មាននៅ​តំបន់​ទាំងនោះ​នៅឡើយ។ មហាអំណាច​យោធា​មួយ​នេះ ផ្ដោត​សំខាន់​ខ្លាំង​លើ​ការប្រកួតប្រជែង​សព្វាវុធ​ជាមួយ​លោក​ខាងលិច និង​មិនទាន់​អាច​ស្ដារ​ទំនាក់ទំនង​ឱ្យ​ល្អ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​បាន​នៅឡើយ។

រុស្សី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​នយោបាយ​នៅ​តំបន់​មជ្ឈិមបូព៌ា និង​គ្រប់គ្រង​លើ​ប្រទេស​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​នៅ​តំបន់​នោះ បន្ទាប់ពី​ការ​ដក​កងទ័ព​ចេញ​របស់​សហរដ្ឋអាមេរិក។ ប្រធានាធិបតី​រុស្សី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​និន្នាការ​សាកល​ដែល​មើល​រំលង​ពី​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ ហើយ​លោក​បារម្ភ​ថា ប្រសិនបើ​វា​ពិតជា​កើតឡើង​នៅ​ថ្ងៃ​ណាមួយ​មែន​នោះ វា​នឹង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ជីវិត​មនុស្ស​សត្វ ឬក៏​ភព​ផែនដី​ទាំងមូល​ក៏​ថា​បាន។ លោក ពូទីន បាន​ព្រមាន​ថា ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ចេញពី​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​ឆ្ងាយ (INF) នឹង​អាច​បំផ្លាញ​ដល់​សន្តិសុខ​តំបន់ និង​ពិភពលោក។

ចំណែក​មេដឹកនាំ​នៃ​មហាអំណាច​ធំ​ពីរ​ក្នុង​តំបន់​អឺរ៉ុប គឺ​អង់គ្លេស និង​បារាំង​វិញ នឹង​ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​នៅ​ផ្ទៃក្នុង​ប្រទេស​តទៅទៀត​នៅ​ឆ្នាំ២០១៩ នេះ​។ អង់គ្លេស​កំពុង​ជាប់​ផុង​ក្នុង​ដំណើរ​ចាក​ចេញពី​សហភាព​អឺរ៉ុប ចំណែក​ឯ​បារាំង​វិញ កំពុង​មាន​ចលនា​តវ៉ា​ប្រឆាំង​ពេញ​ផ្ទៃ​ប្រទេស ដោយសារ​ការ​ដំឡើង​ពន្ធ​កាបូន​។ តំបន់​អឺរ៉ុប​ទាំងមូល​នឹង​ត្រូវ​បន្ត​ដោះស្រាយ​រឿង​ជនអន្តោប្រវេសន៍​រាប់​លាន​នាក់​ដែល​មកពី​ទ្វីប​អាហ្វ្រិក និង​តំបន់​មជ្ឈិមបូព៌ា ដែល​ពួកគេ​ជាច្រើន​កំពុង​ប្រឈម​នឹង​បញ្ហា​ភាសា វប្បធម៌​ផ្សេងគ្នា ភាព​ច្របូកច្របល់​ក្នុង​សង្គម ភាព​ក្រីក្រ និង​អំពើ​ឧក្រិដ្ឋ​ជាដើម។ អ្នក​ជំនាញ​អះអាង​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​តវ៉ា​ជាច្រើន ដែល​នឹង​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​សង្គម និង​នយោបាយ​អឺរ៉ុប ហើយ​នេះ​គឺ​រឿង​សំខាន់​ដែល​មេដឹកនាំ​អឺរ៉ុប​ត្រូវ​ដោះស្រាយ។

ងាក​មក​រឿង​ឧបទ្វីប​កូរ៉េ​វិញ បងប្អូន​គូ​សត្រូវ​ទាំងពីរ​បាន​ព្យាយាម​សម្រួល​ទំនាក់ទំនង និង​បន្ធូរ​ភាព​តានតឹង​ក្នុង​តំបន់ តាមរយៈ​ការ​ជួប​សន្ទនា​គ្នា​ជា​បន្តបន្ទាប់​រវាង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-in)។ ភាគី​ទាំងពីរ​បាន​ចាប់ផ្ដើម​ដំណើរ​ការ​កសាង​សន្តិភាព​នៅ​ក្នុង​តំបន់ ក៏ប៉ុន្តែ​រឿង​នេះ​ហាក់​មិន​មាន​ដំណើរ​ការ​ល្អ​ប៉ុន្មាន​ឡើយ ដោយសារតែ​សហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងជើង។ មេដឹកនាំ​កូរ៉េខាងជើង​បាន​ឆ្លើយតប​ទៅវិញ​ថា ចំណាត់​ការ​បែបនេះ​អាច​នឹង​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ​ជា​រៀង​រហូត។

ទាំងនេះ​ជា​បញ្ហា​ប្រឈម​សំខាន់ៗ​របស់​ពិភពលោក ដែល​បាន​បន្សល់ទុក​ពី​ឆ្នាំ​ចាស់ និង​ត្រូវ​បន្ត​ដោះស្រាយ​នៅ​ឆ្នាំ​បន្ទាប់ ហើយ​ករណី​ទាំងនេះ​មិនទាន់​រាប់បញ្ចូល​ប្រទេស​សំខាន់ៗ​មួយ​ចំនួន​ទៀត​នៅឡើយ​។ អ្នក​ជំនាញ​មើល​ឃើញ​ដូចគ្នា​ថា នៅ​ឆ្នាំ២០១៩ នេះ មេដឹកនាំ​ប្រទេស​មហាអំណាច​ត្រូវ​ដោះស្រាយ​បញ្ហា​ក្នុងស្រុក​ជាមុន​សិន ដើម្បី​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ហា​សាកល​ដូចជា រឿង​ពាណិជ្ជកម្ម និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម ហើយ​ការ​ដោះស្រាយ​បញ្ហា​សាកល​នេះ​ចាំបាច់​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​បើក​ចំហ ការ​ទទួល​យក​មតិយោបល់ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​គ្នា​នឹង​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល