ពលករ​ខ្មែរ​និង​អ្នក​និយម​ប្រជាធិបតេយ្យ ប្រហែល ៨​ពាន់​នាក់​ចូលរួម​បាតុកម្ម​ភ្លើង​ទៀន​ទោះ​មាន​សារ​ព្រមាន​ពី​របប​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2019-04-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។
ទិដ្ឋភាព​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។
RFA/Jeevita

ពលករ​ខ្មែរ និង​អ្នក​និយម​ប្រជាធិបតេយ្យ ប្រហែល ៨​ពាន់​នាក់ បាន​ចូលរួម​បាតុកម្ម​ភ្លើង​ទៀន​របស់​បក្ស​ប្រឆាំង​នៅ​កូរ៉េ ទោះ​មាន​សារ​គំរាម​ធ្វើទុក្ខបុកម្នេញ​ពី​របប​លោក ហ៊ុន សែន។

បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ខាងមុខ​សាលាក្រុង​ក្វាងជូ ប្រទេស​កូរ៉េ ធ្វើ​តាំងពី​ម៉ោង ៤ រសៀល ដល់​ម៉ោង ១០ យប់ កាលពី​យប់​ថ្ងៃ​ទី២០ ខែ មេសា​។ បាតកម្ម​នេះ រៀបចំ​ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​ដឹកនាំ​ដោយ​លោក សម រង្សី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​នេះ គឺ​ដើម្បី​បង្ហាញ​ឆន្ទៈ​ប្រឆាំង​របប​ក្រុង​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​ឃុំខ្លួន​មេដឹកនាំ​គណបក្ស គឺ​លោក កឹម សុខា។

អ្នកចូលរួម​ក្នុង​បាតុកម្ម សុទ្ធសឹងតែ​ជា​ប្រជាពលរដ្ឋ​ខ្មែរ មកពី​បណ្ដា​ប្រទេស​នានា ជុំវិញ​ពិភពលោក​ដូចជា សហរដ្ឋអាមេរិក អូស្រា្តលី បារាំង អូទ្រីស អាល្លឺម៉ង់ ហ្វាំងឡង់ ហ្វីលីពីន ជប៉ុន ហើយ​បាតុករ​ច្រើន​លើសលប់​ជាងគេ​នោះ គឺ​ពលករ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​នេះ​តែម្ដង​។

ការចូលរួម​ដ៏​ច្រើន​កុះករ​នេះ ធ្វើ​ឱ្យ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី រភើប​ខ្លាំង និង ថា​នេះ​ជា​សញ្ញាណ​បញ្ជាក់​កាន់តែ​ច្បាប់​ថា កម្លាំង​អ្នក​និយម​ប្រជាធិបតេយ្យ នៅតែ​ខ្លាំងក្លា និង ពុះពោរ ដើម្បី​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ឆាប់ៗ​មួយ នៅ​កម្ពុជា​។ លោក សម រង្ស៊ី ថា​ទឹកចិត្ត​ពលករ​ខ្មែរ​នៅ​កូរ៉េ និង អ្នក​និយម​ប្រជាធិបតេយ្យ​ពី​គ្រប់ទិសទី ជុំវិញ​ពិភពលោក​នេះ គឺជា​ការ​លើកទឹកចិត្ត​បន្ថែម ដល់​ការ​តស៊ូ​ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​នៅ​កម្ពុជា។ «»

ឃើញ​ការ​ក្រោក​ឡើង​របស់​ពលរដ្ឋ​ខ្មែរ ដើម្បី​ផ្លាស់ប្ដូរ​នេះ លោក សម រង្ស៊ី ក្ដុកក្ដួល​អួល​ដើមក ព្រោះ​នឹកឃើញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ស្រុក​ខ្មែរ ដែល​កំពុង​រងគ្រោះ ក្រោម​ការ​ធ្វើទុក្ខបុកម្នេញ​សព្វបែបយ៉ាង ពី​របប​លោក ហ៊ុន សែន​។ លោក សម រង្ស៊ី បន្ថែម​ថា លោក​ចង់​ឃើញ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា មាន​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ពេញលេញ ដូច​នៅ​ប្រទេស​កូរ៉េ និង ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ដែរ។ «»

ក្នុង​ឱកាស​នោះ​ដែរ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​ទទួល​បាន​ពានរង្វាន់​ឆ្នើម ផ្នែក​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង សន្តិភាព​អាស៊ី ចំពោះ​វីរភាព និង ការ​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

បាតុកម្ម​ភ្លើង​ទៀន របស់​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ដែល​យក​គំរូ​តាម​មហា​បាតុកម្ម​ភ្លើង​ទៀន របស់​អ្នក​ប្រជាធិបតេយ្យ​ប្រទេស​កូរ៉េ នេះ គឺ​ដើម្បី​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​តស៊ូ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ឡើងវិញ។

នៅមុន​បាតុកម្ម​ភ្លើង​ទៀន​នេះ មន្ត្រី​របប​លោក ហ៊ុន សែន ថ្លែង​សារ​គំរាមកំហែង​សព្វបែបយ៉ាង ដើម្បី​រារាំង មិន​ឱ្យ​ពលករ​ទាំងនោះ មក​ចូលរួម​ក្នុង​បាតុកម្ម​នេះ​។ ស្រប​ពេល​ជាមួយគ្នា ក្រុម​សិល្បៈ​របស់​របប​លោក ហ៊ុន សែន ក៏​រៀបចំ​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី និង រាំ​សប្បាយ និង ញ៉ាំ​អាហារ​ដោយ​ឥតគិតថ្លៃ ដែល​អាច​ជា​ការ​ទាក់ទាញ​ពលករ​ខ្មែរ ឱ្យ​ទៅ​ចូលរួម​កម្មវិធី​រាំច្រៀង ជាជាង​ចូលរួម​បាតុកម្ម​ដែរ ប៉ុន្តែ ពលករ​ជាច្រើន នៅតែ​នាំគ្នា​មក​ចូលរួម​តវ៉ា ក្នុង​ព្រឹត្តិការណ៍​ភ្លើង​ទៀន​នេះ​ដដែល។

ពលករ​ម្នាក់​ដែល​ធ្វើដំណើរ​ជិត ៣០០ គីឡូ ពី​ទីក្រុង ម៉ា​សាន (Masan) មក​ចូលរួម​បាតុកម្ម​នេះ ថា​លោកស្រី ឱ្យ​តម្លៃ​ទៅលើ​ការចូលរួម​លើកស្ទួយ​ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ច្រើនជាង​ត្រេកត្រអាល​ទៅ​នឹង​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​។ លោកស្រី ថា​ការ​ប្រគុំ​តន្ត្រី អាច​ចូលរួម​ពេលណា​ក៏បាន ប៉ុន្តែ ការចូលរួម​ដើម្បី​កម្លាំង​ប្រជាធិបតេយ្យ មាន​យូរៗ​ម្តង និង​ដើម្បី​ជា​ប្រយោជន៍​ដល់​អនាគត​ខ្លួនឯង និង ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​កម្ពុជា។ «»

លោកស្រី​បន្ថែម​ថា ពេល​លោកស្រី​ឃើញ​ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការ​រីកចម្រើន​ខ្លាំង​នៅ​ប្រទេស​កូរ៉េ ដែល​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​ថ្កុំថ្កើង សម្បូរ​សប្បាយ សូម្បីតែ​កម្មករ អា​ចរក​ប្រាក់ខែ​បាន​ចិញ្ចឹម​មួយ​គ្រួសារ​បែបនេះ លោកស្រី ចង់​ឱ្យ​ផ្លាស់ប្ដូរ​លោក ហ៊ុន សែន ដើម្បី​ឱ្យ​កម្ពុជា​មាន​ភាព​រីកចម្រើន​ដូច​អរិយ​ប្រទេស​ដទៃ​ទៀត​ដែរ។ «»

ពលករ​មួយ​រូប​ទៀត មកពី​ទីក្រុង អ៊ិកសាន់ (Iksan) ដែល​ធ្វើដំណើរ​បី​ម៉ោង ទើប​ដល់​ទី​ក្រុងជូ​នោះ បាន​បង្ហាញ​ឆន្ទៈ​មោះមុត មានះ​រាល់​សារ​គំរាមកំហែង​ពី​មន្ត្រី​របប​លោក ហ៊ុន សែន ដើម្បី​មក​ចូលរួម​បាតុកម្ម​នេះ។ កញ្ញា​អះអាង​ថា ក្រុម​គ្រួសារ​កញ្ញា​នៅ​ឯ​ស្រុក​ខ្មែរ​ឯណោះ ក៏​ព្រួយបារម្ភ និង មិន​ចង់​ឱ្យ​កញ្ញា​ចូលរួម​ដែរ ព្រោះ​ខ្លាច​អាជ្ញាធរ​របប​លោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ​។ ប៉ុន្តែ កញ្ញា​បញ្ជាក់​ថា ទទួលយក​មិនបាន​នូវ​ការដឹកនាំ​សព្វថ្ងៃ ទើប​កញ្ញា​មិន​ស្ដាប់​អ្នកផ្ទះ​។ កញ្ញា​មិន​ខ្លាច រហូត​ដល់​មិន​ហ៊ាន​តស៊ូ ដើម្បី​ផ្លាស់ប្ដូរ​វិជ្ជមាន​នោះ​ឡើយ។ «»

យុវ​ពលករ​ជាច្រើន​ផ្សេងទៀត សុទ្ធតែ​បង្ហាញ​ជំហរ​ដាច់ខាត​របស់​ខ្លួន ថា​ពួកគាត់​ត្រូវតែ​ផ្លាស់ប្ដូរ​ការភ័យខ្លាច ដោយ​មិន​ខ្លាច​ការ​ផ្លាស់ប្តូរ​នោះ​ឡើយ ដូចជា​យុវជន​ឈ្មោះ​វិចិត្រ នៅ​ទីក្រុង​ក្វាងជូ ដែល​ថ្លែង​យ៉ាង​មោះមុត​ថា ទាល់តែ​ហ៊ាន​ធ្វើ​ពលី​កម្ម ទើប​ប្ដូរ​របប​ផ្ដាច់ការ​បាន។ «»

បាតុកម្ម​ភ្លើង​ទៀន​បាន​បញ្ចប់​ទៅ​ហើយ នៅឡើយ​តែ​សមាជ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ដែល​នឹង​បន្ត​នៅ​ថ្ងៃទី២១ ខែ មេសា​នេះ​ទៀត ជា​ថ្ងៃ​បញ្ចប់​។ គោលបំណង​ធំ​នៃ​ការរៀបចំ​បាតុកម្ម​ភ្លើង​ទៀន និង សមាជ​អ្នក​ប្រជាធិបតេយ្យ​នេះ គឺ​ដើម្បី​ពង្រឹងកម្លាំង​អ្នក​ប្រជាធិបតេយ្យ និង​ត្រៀម​ជើង​ព្រួល​សម្រាប់​ដំណើរ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ដែល​គ្រោង​វិល​ទៅវិញ​ក្នុង​ឆ្នាំ២០១៩​នេះ​។

ក្រោយ​បិទ​បញ្ចប់​សមាជ​នេះ នឹង​មាន​សេចក្ដី​ថ្លែងការណ៍​មួយ​លម្អិត អំពី​ផែនការ​គណបក្សប្រឆាំង ជុំវិញ​ការ​ទាមទារ​ឱ្យ​មាន​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នេះ។

លោកអ្នក​នាង នឹង​បាន​ស្ដាប់​សេចក្ដី​រាយការណ៍​លម្អិត​ជុំវិញ​រឿង​នេះ​បន្ថែម​ទៀត នៅ​ក្នុង​ការផ្សាយ​របស់​អាស៊ីសេរី នៅ​រាត្រី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល