លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាមេរិក-​អាស៊ាន

ដោយ ជុន ច័ន្ទបុត្រ
2016.02.16
មេដឹកនាំ​អាស៊ាន អូបាម៉ា ៨៥៥ ២០១៦ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) [រូប​ទី​៧ ពី​ឆ្វេង] ថត​រូប​អនុស្សាវរីយ៍​ជាមួយ​មេដឹកនាំ​ប្រទេស​អាស៊ាន ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាមេរិក-​អាស៊ាន នៅ​​ទីក្រុង រ៉េនឆូ ម៉ារ៉ាហ្ស (Rancho Mirage) នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
AFP

កិច្ចប្រជុំ​រវាង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន និង​លោក​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក នៅ​ក្រុង រ៉េនឆូ ម៉ារ៉ាហ្ស  (Rancho Mirage) នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បាន​ឈាន​ចូល​ថ្ងៃ​ទី​២ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ។

បន្ទាប់​ពី​ជជែក​គ្នា​អំពី​កិច្ច​បន្ទាប់​ពី​ជជែក​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​អំពី​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​តំបន់ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កុម្ភៈ នៅ​ថ្ងៃ​ទី​២ នេះ ក្រុម​មេដឹកនាំ​ទាំង​នេះ​នឹង​ពិភាក្សា​លើ​បញ្ហា​សន្តិសុខ និង​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​នេះ គេ​រំពឹង​ថា នឹង​មាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន រួម​មួយ​ផង។

​ដូច​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ (ម៉ោង​សហរដ្ឋអាមេរិក) កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាមេរិក ងាក​ទៅ​ពិភាក្សា​គ្នា​លើ​ចំណុច​ក្តៅៗ​ក្នុង​តំបន់ ជាពិសេស​គឺ​រឿង​ជម្លោះ​ដណ្ដើម​កាន់​កាប់​សមុទ្រ​ចិន​ខាងត្បូង រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​មាន វៀតណាម ហ្វីលីពីន ប្រ៊ុយណេ និង​ម៉ាឡេស៊ី ជាមួយនឹង​ប្រទស​ចិន។

​បញ្ហា​ជំលោះ​ដែន​ទឹក​សមុទ្រ​ចិន​ខាងត្បូង អាច​នឹង​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​នៅ​ឡើយ​ទេ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ ទោះបីជា​មាន​ការ​លូក​ដៃ​ពី​សហរដ្ឋអាមេរិក ក៏​ដោយ។ ​ប៉ុន្តែ​អ្វី​ដែល​អាច​នឹង​ចេញ​បាន​នោះ គឺ​សេចក្ដី​ប្រកាស​រួម​មួយ​ដែល​ទទួល​យល់​ព្រម​ពី​គ្រប់​ភាគី​ទាំង​អស់​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ។

​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​ថ្ងៃ​ទី​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កុម្ភៈ អ្នកស្រី ស៊ូសាន រាយស៍  (Susan Rice) ដែល​ជា​ទីប្រឹក្សា​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​អ្នក​កាសែត​ដែល​ចោទ​សួរ​ថា តើ​សេចក្ដី​ប្រកាស​រួម​មួយ​ទាក់ទង​នឹង​ជំលោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង អាច​នឹង​ចេញ​រួច​ទេ ខណៈ​ដែល​ប្រទេស​ចិន បាន​ដាក់​គំនាប​ទៅ​លើ​ប្រទេស​ពីរ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០ គឺ​ប្រទេស​ឡាវ និង​កម្ពុជា កុំ​អោយ​ចុះ​ហត្ថលេខា​ទទួល​យក​សេចក្ដី​ប្រកាស​រួម​នោះ?

អ្នកស្រី ស៊ូសាន រាយស៍  ថ្លែង​ថា សេចក្ដី​ប្រកាស​រួម​នៅ​តែ​អាច​ចេញ​ទៅ​រួច ត្បិត​សេចក្ដី​ប្រកាស​ស្រដៀង​គ្នា​នេះ ធ្លាប់​បាន​ទទួល​ការ​ព្រមព្រៀង និង​ចេញ​រួច​នៅ​ក្នុង​កិច្ច​ប្រជុំ​កន្លង​មក ហើយ​ថា សេចក្ដី​ប្រកាស​នឹង​លើក​ឡើង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​រួម​មួយ​ក្នុង​ការ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ដោះស្រាយ​ទំនាស់​សេរីភាព​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ទឹក។ អ្នកស្រី​បញ្ជាក់​ថា អ្វីៗ​នឹង​ធ្វើ​ឡើង​អោយ​ស្រប​តាម​ផ្លូវ​ច្បាប់។

ក្រៅ​ពី​ការ​ជជែក​គ្នា​រក​ដំណោះស្រាយ​ពី​ជម្លោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​ប្រធានាធិបតី អូបាម៉ា ក៏​ឆ្លៀត​ឱកាស​នៃ​កិច្ច​ប្រជុំ​នេះ បញ្ចុះបញ្ចូល​គេ​ឯង​អោយ​ព្រម​ទទួល​យក​កិច្ច​ព្រមព្រៀង​ដ៏​ចម្រូងចម្រាស​មួយ​ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ប្រធានាធិបតី អូបាម៉ា តែម្តង។ នោះ​គឺ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ប៉ាស៊ីហ្វិក ជា​ភាសា​អង់គ្លេស​ថា Trans-Pacific Partnership ឬ​ហៅ​កាត់​ថា TPP។ មក​ទល់​នឹង​ពេល​នេះ មាន​ប្រទេស​ចំនួន​១២ ហើយ​ដែល​ជាប់​នឹង​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​បាន​យល់​ព្រម​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​នេះ។ ក្នុង​នោះ​មាន​ប្រទេស​បួន ជា​ប្រទេស​សមាជិក​នៃ​សមាគម​អាស៊ាន។

ប្រទេស​ទាំង​១២ នោះ​មាន​អូស្ត្រាលី (Australia) សហរដ្ឋអាមេរិក ដែល​ជា​អ្នក​ផ្តួចផ្តើម (The United States) ប្រទេស​ប្រ៊ុយណេ (Brunei) ប្រទេស​កាណាដា (Canada) ប្រទេស​ឈីលី (Chile) ប្រទេស​ជប៉ុន (Japan) ម៉ាឡេស៊ី (Malaysia) ប្រទេស​ម៉ិកស៊ិក (Mexico) ប្រទេស​ណូវែលហ្សេឡង់ (New Zealand) ប្រទេស​ប៉េរូ (Peru) ប្រទេស​សិង្ហបុរី (Singapore) និង​ប្រទេស​វៀតណាម (Vietnam)។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កិច្ច​ព្រមព្រៀង TPP មាន​ការ​ជំទាស់​ពី​ប្រទេស និង​មនុស្ស​មួយ​ចំនួន រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ដែល​មាន​តែ​ប្រទេស​ជា​សមាជិក​អាស៊ាន ៤ ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​នេះ វា​អាច​នឹង​ធ្វើ​អោយ​មាន​ការ​បែង​ចែក​មួយ​ក្នុង​សមាគម​នេះ។

នៅ​ពី​ក្រៅ​បរិវេណ​នៃ​កិច្ចប្រជុំ​កំពូល​នៅ​មជ្ឈមណ្ឌល និង​ឧទ្យាន​សាន់នីឡែនដ៍ នៃ​ក្រុង រ៉េនឆូ ម៉ារ៉ាហ្ស នេះ​ដែរ មាន​មនុស្ស​រាប់​រយ​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​នេះ។ អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​នេះ ព្រោះ​គេ​ជឿ​ថា ជនជាតិ​អាមេរិកាំង រាប់​ពាន់​នាក់​អាច​នឹង​បាត់បង់​ការងារ ប្រសិនបើ​កិច្ច​ព្រមព្រៀង​អាច​នឹង​លេចចេញ​ជា​រូបរាង​បាន​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា សង្ឃឹម​ថា កិច្ចព្រមព្រៀង​នេះ​អាច​នឹង​ចេញ​រួច។ លោក​ក៏​ទទួល​ស្គាល់​ថា ដំណើរ​ការ​ដាក់​ចេញ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ជួប​ប្រទះ​នូវ​ឧបសគ្គ​ច្រើន។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កុម្ភៈ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ពិធី​បដិសណ្ឋារកិច្ច​ដល់​មេដឹកនាំ​អាស៊ាន ទាំង​អស់​ម្នាក់​ម្តងៗ តាម​លំដាប់​នៃ​ពេល​វេលា​នៃ​ការ​ឡើង​កាន់​អំណាច​នៃ​មេដឹកនាំ​ទាំង​នោះ។ អ្នក​ដែល​ទើប​ឡើង​កាន់​អំណាច​ក្រោយ​គេ​បំផុត ត្រូវ​លោក​ទទួល​ស្វាគមន៍​មុន​គេ។

លោក អូបាម៉ា ចេញ​ពី​មក​ទទួលភ្ញៀវ​ដែល​ចុះ​ពី​រថយន្ត​កិត្តិយស ហើយ​ធ្វើ​ដំណើរ​ទៅ​ជួប​គ្នា​ពាក់​កណ្ដាល​ទី​លើ​កំណាត់​ផ្លូវ​ពី​រថយន្ត​ទៅ​កាន់​សាល​ប្រជុំ​ដែល​មាន​ក្រាល​ព្រំ​ក្រហម​ផង។ រួច​មេដឹកនាំ​ទាំង​ពីរ​ឈប់​នៅ​ពី​មុខ​វេទិកា​កិត្តិយស​មួយ ដោយ​មាន​សរសេរ​អក្សរ​ថា សន្និសីទ​កំពូល​អាមេរិក-​អាស៊ាន។ នៅ​ទី​នេះ លោក​ប្រធានាធិបតី​អាមេរិក បន្ទាប់​ពី​ចាប់​ដៃ​គ្នា​ហើយ លោក​ក៏​យក​ដៃ​ម្ខាង​កៀក​យ៉ាង​ស្និទ្ធស្នាល​ទៅ​កាន់​សម​ភាគី​របស់​លោក ហើយ​ដៃ​ម្ខាង​ទៀត​លោក​លើក​ឡើង​ត្រឹម​ម្តុំ​ត្រចៀក​រួច​បែរ​សម្លឹង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន ដែល​តម្រង់​ម៉ាស៊ីន​ថត​របស់​ខ្លួន​ផ្តិត​យក​រូប​ភាព​ជា​ប្រវត្តិសាស្ត្រ​នេះ។ បន្ទាប់​មក​លោក​ក៏​បណ្ដើរ​ភ្ញៀវ​ម្នាក់​ម្ដង​តម្រង់​ចូល​ទៅ​សាល​ប្រជុំ។

លោក​ធ្វើ​បដិសណ្ឋារកិច្ច​បែប​នេះ ទៅ​កាន់​មេដឹកនាំ​អាស៊ាន ទាំង ៩​រូប លើកលែងតែ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់​ប៉ុណ្ណោះ។ ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អូបាម៉ា មិន​បាន​យក​ដៃ​ម្ខាង​ទៅ​កៀក​នឹង​លោក ហ៊ុន សែន ហើយ​ដៃ​ម្ខាង​ទៀត​លើក​ឡើង​លើ​ទេ លោក​គ្រាន់​តែ​ចាប់​រលាក់ដៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួច​ឈរ​ទន្ទឹម​គ្នា អោយ​គេ​ថត ហើយ​បណ្ដើរ​គ្នា​ចូល​សាល​ប្រជុំ​តែប៉ុណ្ណោះ។ កាយវិការ​របស់​លោក​ប្រធានាធិបតី អូបាម៉ា ក្នុង​ការ​ធ្វើ​បដិសណ្ឋារកិច្ច​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្លែក​ពី​គេ​ឯង​នេះ បាន​ក្លាយ​ជា​ប្រធានបទ​ជជែក​គ្នា​មួយ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឃើញ​រូបភាព​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។