អ្នកឃ្លាំមើលសង្គមទាមទារឱ្យរបបក្រុងភ្នំពេញបកស្រាយឱ្យបានច្បាស់លាស់ រឿងអ្នកស្រី យីងឡាក់ ប្រើលិខិតឆ្លងដែនកម្ពុជាធ្វើជំនួញក្រៅប្រទេស
2019.01.10
អ្នកឃ្លាំមើលសង្គមអះអាងថា រឿងអតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) កំពុងប្រើប្រាស់លិខិតឆ្លងដែនកម្ពុជានោះ គឺជារឿងធំប៉ះពាល់ដល់មុខមាត់ជាតិ ដែលរបបក្រុងភ្នំពេញត្រូវតែចេញមុខបកស្រាយឱ្យបានច្បាស់លាស់។ កាសែតបរទេសបានលាតត្រដាងកាលពីពេលថ្មីៗនេះថា អ្នកស្រី យីងឡាក់ មានកាន់លិខិតឆ្លងដែនកម្ពុជា និងបានប្រើប្រាស់ដើម្បីធ្វើដំណើរ និងធ្វើជំនួញផ្ទាល់ខ្លួនជាច្រើនមុខ។ ក៏ប៉ុន្តែ របបក្រុងភ្នំពេញបានបន្តបដិសេធថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការផ្ដល់ឯកសារផ្លូវការណាមួយដល់អ្នកស្រី យីងឡាក់ នោះឡើយ។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ជំរុញឱ្យរបបលោក ហ៊ុន សែន ផ្ដល់ព័ត៌មានលម្អិតទាក់ទងនឹងរឿងអតីតនាយករដ្ឋមន្ត្រីថៃមានលិខិតឆ្លងដែនកម្ពុជា ព្រោះលោកជឿជាក់ថា អ្នកស្រី យីងឡាក់ ទំនងជាមិនមានសញ្ជាតិខ្មែរនោះឡើយ ប៉ុន្តែហេតុអ្វីបានជាកាន់លិខិតឆ្លងដែនផ្លូវការ ដែលមានតែក្រសួងការបរទេសទេ ដែលមានសិទ្ធិចេញឲ្យប្រើប្រាស់ជាផ្លូវការនោះ។ លោកបន្តថា ការទទួលបានលិខិតឆ្លងដែន ដោយមិនបានឆ្លងកាត់តាមនីតិវិធីឱ្យបានត្រឹមត្រូវ គឺជាការអនុវត្តដោយបំពានច្បាប់ ជាពិសេសក្នុងករណីជនបរទេសដែលមិនមានសញ្ជាតិខ្មែរបែបនេះ៖ «វាជារឿងដែលមានបញ្ហាផ្លូវច្បាប់ហើយ ប្រសិនបើជនបរទេសម្នាក់អាចប្រើប្រាស់លិខិតឆ្លងដែនរបស់កម្ពុជា ដោយមិនមានឆ្លងកាត់ការធ្វើសញ្ជាតូបនីយកម្ម ឬក៏ទទួលបាននូវសញ្ជាតិកម្ពុជា»។
កាលពីថ្ងៃពុធ កាសែត សាវ ឆាយណា ម៉នីង ប៉ុស្តិ៍ (South China Morning Post) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង (Hong Kong) បានចេញផ្សាយអត្ថបទមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានរកឃើញថា អ្នកស្រី យីងឡាក់ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសនោះ បានប្រើប្រាស់លិខិតឆ្លងដែនផ្លូវការរបស់កម្ពុជា ដើម្បីចុះឈ្មោះធ្វើជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មមួយឈ្មោះ ភីធី ខភើរ៉េសិន (P.T. Corporation) នៅទីក្រុងហុងកុង កាលពីខែសីហា ឆ្នាំ ២០១៨ កន្លងទៅ។ អត្ថបទរបស់កាសែត South China Morning Post ដែលបានភ្ជាប់មកជាមួយនូវឯកសារក្រុមហ៊ុនជាភស្តុតាងផងនោះ បានបង្ហាញឱ្យឃើញពីភាពផ្ទុយគ្នាទាំងស្រុងទៅនឹងការបកស្រាយរបស់របបក្រុងភ្នំពេញដែលថា ពួកគេមិនបានផ្ដល់ឯកសារផ្លូវការណាមួយឱ្យអ្នកស្រី យីងឡាក់ ដើម្បីឱ្យអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ រត់គេចចេញពីការតាមចាប់ខ្លួនរបស់អាជ្ញាធរថៃនោះឡើយ។ ឯកសារផ្សេងទៀតបង្ហាញថា អ្នកស្រី យីងឡាក់ ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន សានថូ អ៊ិនធើណេសិនណល ខន់ថេនមិន ធើមីណល (Shantou International Container Terminals) នៅខេត្តគ័ងទុង (Guangdong) ប្រទេសចិន។
ទោះបីជាមានភស្តុតាងយ៉ាងណាក៏ដោយ ក៏មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានច្រានចោលព័ត៌មានដែលថា អ្នកស្រី យីងឡាក់ មានកាន់លិខិតឆ្លងដែនផ្លូវការរបស់កម្ពុជាសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស និងធ្វើជំនួញផ្ទាល់ខ្លួន។ លោកបកស្រាយថា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ មិនមានឈ្មោះក្នុងគល់បញ្ជីនៃលិខិតឆ្លងដែនកម្ពុជាដែលគ្រប់គ្រងដោយក្រសួងមហាផ្ទៃនោះឡើយ។ លោកអះអាងថា របបរបស់លោកមិនជាប់ពាក់ព័ន្ធនឹងការរត់គេចខ្លួនរបស់អ្នកស្រី យីងឡាក់ នោះឡើយ៖ «ប៉ាស្ព័រដែលឈ្មោះអ្នកស្រី យីងឡាក់ គឺអត់មាននៅក្នុងគល់បញ្ជីទេ បានសេចក្ដីថា ក្រសួងមហាផ្ទៃអត់ទទួលស្គាល់អ្វីដែលអ្នកសារព័ត៌មានបានចុះ ហើយរឿងតទៅទៀតមិនដឹងវែកញែក មិនដឹងថា យ៉ាងម៉េចទេ ពីព្រោះអត់មាននៅក្នុងគល់បញ្ជី»។
លោក សន ជ័យ ថ្លែងថា ការបកស្រាយបែបនេះមិនទាន់អាចទទួលយកបាននោះទេ ដោយសារ អ្នកស្រី យីងឡាក់ ជាឥស្សរជននយោបាយមួយរូប ដែលពិភពលោកមានការចាប់អារម្មណ៍ ហើយម្យ៉ាងវិញទៀតព័ត៌មានដែលចេញផ្សាយដោយកាសែតហុងកុងនោះ មានភស្តុតាងរឹងមាំដែលបង្ហាញថា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ កំពុងប្រើប្រាស់លិខិតឆ្លងដែនកម្ពុជាក្នុងការធ្វើជំនួញផ្ទាល់ខ្លួន៖ «ការដែលមិនមាន (ក្នុង) គល់បញ្ជីមានន័យថា យ៉ាងម៉េច? មានន័យថា តើលិខិតឆ្លងដែនហ្នឹង ឬក៏ការផ្ដល់ជូនហ្នឹងជាឯកសារក្លែងក្លាយ ឬក៏យ៉ាងណា? ប៉ុន្តែខ្ញុំគិតថា បើជាឯកសារក្លែងក្លាយ ទៅមិនរួចទេ ព្រោះការត្រួតពិនិត្យ ការស្កែនក្រយៅដៃ ការផ្ទៀងផ្ទាត់ទិន្នន័យនៅពេលដែលអ្នកធ្វើដំណើរឆ្លងកាត់កន្លែងត្រួតពិនិត្យនៅតាមព្រះលានយន្តហោះហ្នឹង គឺគេមានការត្រួតពិនិត្យហ្មត់ចត់ណាស់ ហើយព័ត៌មាននៃបុគ្គលម្នាក់នៅក្នុងលិខិតឆ្លងដែន គឺគេរៀបចំឱ្យមានប្រព័ន្ធត្រួតពិនិត្យមួយយ៉ាងហ្មត់ចត់បំផុត។ មិនមែនចេះតែកាន់លិខិតឆ្លងដែនទៅជាលិខិតក្លែងក្លាយបាននោះទេ អ៊ីចឹងវាជារឿងមួយដែលត្រូវមានការបំភ្លឺឱ្យបានច្រើនជាងនេះ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ លោក សាយ ម៉េងឈាង ជាច្រើនដងតាមទូរស័ព្ទនៅថ្ងៃទី១០ មករា ដើម្បីសាកសួរបន្ថែមពីរឿងលិខិតឆ្លងដែនរបស់អ្នកស្រី យីងឡាក់ នេះ ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់មួយរូបនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអះអាងប្រាប់អាស៊ីសេរីថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទទួលខុសត្រូវតែទៅលើលិខិតឆ្លងដែនធម្មតាប៉ុណ្ណោះ ដោយឡែកលិខិតឆ្លងដែនផ្លូវការ និងលិខិតឆ្លងដែនការទូត ក្រសួងការបរទេសជាអ្នកទទួលខុសត្រូវ។
អាស៊ីសេរីបានទាក់ទងទៅអ្នកនាំពាក្យក្រសួងការបរទេស លោក កេត សុផាន់ តាមលេខទូរស័ព្ទទាំងពីរខ្សែរបស់លោក ប៉ុន្តែមួយខ្សែមិនអាចទាក់ទងបាន និងមួយខ្សែទៀតមិនមានអ្នកទទួល។
អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) អាយុ ៥១ឆ្នាំ ត្រូវបានតុលាការថៃកាត់ទោសកំបាំងមុខ ឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ពីបទធ្វេសប្រហែសនៅក្នុងគោលនយោបាយឧបត្ថម្ភស្រូវអង្ករ អំឡុងពេលអ្នកស្រីធ្វើជានាយករដ្ឋមន្ត្រី ចន្លោះពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤ កន្លងទៅ។ ទោះជាយ៉ាងណា អ្នកស្រីបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង មុនការប្រកាសសាលក្រមនេះមួយខែ ហើយការរត់ខ្លួនដោយជោគជ័យរបស់អ្នកស្រីត្រូវបានមជ្ឈដ្ឋានមួយចំនួនដាក់ការសង្ស័យថា មានការជួយជ្រោមជ្រែងពីរបបក្រុងភ្នំពេញ។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ កត់សម្គាល់ថា ត្រកូល ហ៊ុន និងត្រកូល ស៊ីណាវ៉ាត្រា មានទំនាក់ទំនងល្អនឹងគ្នា ដូចនេះលោក ហ៊ុន សែន អាចនឹងជួយអ្នកស្រី យីងឡាក់ ឱ្យទទួលបានលិខិតឆ្លងដែននេះ៖ «គេមិនគួរឆ្ងល់ទេ ព្រោះគ្រួសារ ថាក់ស៊ីន ហ្នឹង មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងសម្ដេចនាយក រហូតដល់សម្ដេចនាយកហ្នឹងតែងតាំង ថាក់ស៊ីន ជាទីប្រឹក្សារបស់គាត់ដែរ។ តាំងពីហ្នឹងមក ទំនាក់ទំនងក៏ចេះតែបន្តទៀតទៅដល់ប្អូន ថាក់ស៊ីន ដែលជានាយករដ្ឋមន្ត្រីហ្នឹង ហើយនៅពេលនោះយើងដឹងហើយថា សម្ដេចនាយកហ្នឹងក៏បានអនុញ្ញាតឱ្យពួកអាវក្រហមមកធ្វើបាតុកម្មនៅសៀមរាបផងដែរ។ ដូច្នេះឱ្យប៉ាសស្ព័រហ្នឹងក៏ជាសកម្មភាពជួយជាបន្តទៀតរបស់សម្តេចនាយករដ្ឋមន្ត្រីយើងហ្នឹង»។
អ្នកឃ្លាំមើលសង្គម លោក សន ជ័យ ថ្លែងថា ទោះបីជាអ្នកនយោបាយមានទំនាក់ទំនងល្អនឹងគ្នាយ៉ាងណាក៏ដោយ ក៏ពួកគេមិនត្រូវអនុវត្តដោយបំពានច្បាប់របស់ប្រទេសខ្លួនឯងនោះដែរ។
សំឡេង៖ “«នាក់ទំនងជិតស្និទ្ធរវាងអ្នកនយោបាយក្នុងកម្រិតទំនាក់ទំនងអន្តរជាតិ វាជារឿងមួយចៀសមិនរួច ក៏ប៉ុន្តែការអនុវត្តច្បាប់នៅប្រទេសមួយដែលគេហៅថា ជារដ្ឋអធិបតេយ្យហ្នឹង គឺមិនអាចទៅពាក់ព័ន្ធជាមួយនឹងការចេញអត្តសញ្ញាណ ចេញលិខិតឆ្លងដែនឱ្យជនបរទេសដែលជាមិត្តភក្តិនឹងគ្នា ទោះបីជាពួកគេស្គាល់គ្នាក៏ដោយ ដរាបណាមិនមានការចូលសញ្ជាតិកម្ពុជា»។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវជាបងប្រុសបង្កើតរបស់អ្នកស្រី យីងឡាក់ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra)។ លោក ហ៊ុន សែន ធ្លាប់បានផ្ដល់ភូមិគ្រឹះមួយកន្លែងនៅក្រុងភ្នំពេញឱ្យលោក ថាក់ស៊ីន ស្នាក់នៅ និងបានបដិសេធសំណើសុំបញ្ជូនខ្លួនអតីតនាយករដ្ឋមន្ត្រីរូបនេះទៅប្រទេសថៃផង។ សំខាន់ជាងនេះទៀត លោកថែមទាំងបានតែងតាំងលោក ថាក់ស៊ីន ឱ្យធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចឱ្យរបបរបស់លោកនៅគ្រានោះទៀតផង៕