ចៅសង្កាត់​ជាប់ឆ្នោត​វ័យក្មេង​ប្ដេជ្ញា​គាំទ្រ​បក្ស​ប្រឆាំង​ឥត​ងាករេ​ទោះ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ

ដោយ យន់ សាមៀន
2018.12.30
ជិន សុខង៉េង ស៊ិន ចាន់ពៅរ៉ូហ្ស៊េត សៀក ចំណាប់ ១៤៤០ (ពី​ឆ្វេង) ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​សង្កាត់​សាលាកំរើក ក្រុង​សៀមរាប ខេត្ត​សៀមរាប លោក ជិន សុខង៉េង ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត និង​ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្ត​សៀមរាប លោក សៀក ចំណាប់ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧។
Photo: RFA

សកម្មជន​មូលដ្ឋាន និង​ជា​ចៅសង្កាត់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន កំពុង​ប្រឹងប្រែង​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ទៅតាម​សមត្ថភាព​រៀងៗ​ខ្លួន បន្ទាប់ពី​ត្រូវ​បាត់បង់​តួនាទី​ដោយសារ​របប​ក្រុងភ្នំពេញ​បាន​រំលាយ​គណបក្ស​របស់​ពួកគេ។ ថ្វី​ដ្បិត​តែ​មិនទាន់​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន ពួកគេ​បាន​ខិតខំ​រៀនសូត្រ​បន្ថែម និង​តាមដាន​ព្រឹត្តិការណ៍​នានា​ឥត​លោះ​ពេល ហើយក៏​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​ចាប់ផ្ដើម​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​វិញ​ដែរ​។ ពួកគេ​រំពឹង​ថា ឆ្នាំ​២០១៩ នេះ ស្ថានការណ៍​នយោបាយ​នឹង​ផ្លាស់ប្ដូរ​ទៅ​រក​ភាព​ល្អប្រសើរ​ឡើងវិញ តាមរយៈ​ការ​ជជែក​រក​ដំណោះស្រាយ​រវាង​ភាគី​ខ្មែរ​នឹង​ខ្មែរ។

អតីត​ចៅសង្កាត់​ជាប់ឆ្នោត​វ័យក្មេង​មួយ​ចំនួន ប្ដេជ្ញា​គាំទ្រ​គោលនយោបាយ​គណបក្ស​សង្គ្រោះជាតិ​តទៅទៀត ទោះជា​របប​ក្រុងភ្នំពេញ​មិនទាន់​បើក​ឱ្យ​គណបក្ស​នេះ​រស់​ឡើងវិញ​ក្ដី។ ពួកគេ​អះអាង​ដូចគ្នា​ថា ពួកគេ​នឹង​មិន​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ដើម្បី​ទទួល​បាន​តួនាទី​ជា​មេឃុំ​វិញ​នោះ​ឡើយ ខណៈ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ អះអាង​ថា សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​គណបក្សប្រឆាំង​ដែល​ព្រម​ចុះចូល​ជាមួយ​លោក នឹង​អាច​កាន់​តំណែង​បាន​រហូតដល់​ឆ្នាំ ២០២២។

ចៅសង្កាត់​ជាប់ឆ្នោត​វ័យក្មេង​មួយ​រូប លោក ជិន សុខង៉េង ថ្លែង​ថា លោក​មិនដែល​គិត​ស្រម៉ៃ​ថា ចង់​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច ដើម្បី​រក្សា​តួនាទី ឬ​ទទួល​បាន​លាភសក្ការៈ​អ្វី​ឡើយ បើ​ទោះ​ជា​មាន​ការ​អូសទាញ និង​បញ្ចុះបញ្ចូល​ជាច្រើនលើក​ច្រើន​សា​ក្តី​។ លោក​ថា ដរាបណា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅតែ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ពួក​លោក​ជា​សកម្មជន​នៅ​មូលដ្ឋាន​នឹង​នៅតែ​បន្ត​គាំទ្រ ហើយ​អ្វី​ដែល​សំខាន់​ជាងនេះ​ទៅ​ទៀត​នោះ គឺ​លោក​ចង់​ឱ្យ​មាន​ការផ្សះផ្សា និង​បង្រួម​បង្រួម​ជាតិ​ក្នុងចំណោម​អ្នកនយោបាយ​ខ្មែរ​៖ «រឿង​តួនាទី រឿង​តំណែង ខ្ញុំបាទ​មិនដែល​ចាត់ទុកថា វា​ជា​រឿង​សំខាន់​នោះ​ទេ។ កាលណា​យើង​គោរព​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត គោរព​សេចក្ដី​ពេញចិត្ត​របស់​ប្រជាពលរដ្ឋ តួនាទី ឬ​តំណែង​ហ្នឹង​នឹង​អាច​វិល​ត្រឡប់មកវិញ។ សំខាន់​គឺ​យើង​ចង់​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ពិតប្រាកដ ការ​រក​ដំណោះស្រាយ​ជាតិ​មួយ​ដ៏​ត្រឹមត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ ហើយ​យើង​ចង់​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​ស្ថិតស្ថេរ»

លោក ជិន សុខង៉េង អាយុ ២៨ ឆ្នាំ បាន​ជាប់​ជា​ចៅសង្កាត់​សាលាកំរើក ក្រុង​សៀមរាប ខេត្ត​សៀមរាប ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១៧ កន្លងទៅ ប៉ុន្តែ​លោក​កាន់​ការងារ​នេះ​បានតែ​ជាង ៣ ខែ​ប៉ុណ្ណោះ ក៏​ត្រូវ​បាត់បង់​តំណែង​វិញ ដោយសារ​របប​ក្រុងភ្នំពេញ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ទ្រនំ​នយោបាយ​របស់​លោក។ បច្ចុប្បន្ន​លោក​ប្រកប​របរ​ជា​អ្នក​លក់ដូរ និង​ឆ្លៀតពេល​រៀន​សូត្រ​បន្ថែម​ផង ដើម្បី​ពង្រឹង​សមត្ថភាព ព្រមទាំង​តាមដាន​ការ​វិវឌ្ឍ​នយោបាយ​យ៉ាង​ដិតដល់ ស្រប​ពេល​ដែល​លោក​មិនទាន់​អាច​ធ្វើ​សកម្មភាព​នយោបាយ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​បាន​នៅឡើយ​នៅ​ពេល​នេះ៖ «នៅ​ពេល​ដែល (សង្គ្រោះ​ជាតិ) រស់​ឡើងវិញ គឺ​យើង​បំពេញ​កិច្ចការ​ងារ​របស់​យើង​ដូច​ប្រក្រតី អ្វី​ដែល​យើង​មានដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​កាលពីមុន​អ៊ីចឹង។ យើង​មិន​បោះបង់​កិច្ច​ការងារ គោលបំណង​របស់​យើង​ចង់​រៀបចំ​សង្គម​របស់​យើង​ឱ្យ​ល្អ​ប្រសើរ ឱ្យ​ក្លាយ​ទៅជា​សង្គម​មួយ​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ ដែល​គ្រប់​ភាគី​ទាំងអស់​ជា​ខ្មែរ យើង​អាច​រស់នៅ​ក្នុង​ក្តី​សុខដុមរមនា​ជាមួយគ្នា ដោះស្រាយ​បញ្ហា​ជាតិ​ជាមួយគ្នា»

អាសនៈ​ក្រុមប្រឹក្សាឃុំ-សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥.០០៧​អាសនៈ ដែល​បាន​មក​ពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ត្រូវ​បាត់បង់​ទាំងស្រុង ក្រោយពេល​របប​ក្រុងភ្នំពេញ​រំលាយ​គណបក្ស​នេះ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ។ ចំណែក​អាសនៈ​សភា និង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់ របស់​គណបក្ស​នេះ ក៏​ត្រូវ​រលាយ​ទៅតាម​នោះ​ដែរ។ ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះជាតិ លោក ហ៊ុន សែន បាន​បើក​ច្រក​ឱ្យ​មន្ត្រី​គណបក្ស​នេះ​មក​ចុះចូល​ជាមួយ​គណបក្ស​របស់​លោក តាមរយៈ​ការ​លួងលោម​ទិញ​ទឹកចិត្ត និង​ការ​គំរាមកំហែង​តាម​គ្រប់​រូបភាព រហូតដល់​មាន​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខ្លះ បង្ខំចិត្ត​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ចេញ​ពី​ការ​តាម​ធ្វើទុក្ខបុកម្នេញ​នេះ។

បន្ថែម​ពីលើ​នេះ លោក ហ៊ុន សែន បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច នឹង​បន្ត​កាន់​តំណែង រហូតដល់​ចប់​អាណត្តិ និង​អាច​ឈរ​ឈ្មោះ​ជាថ្មីទៀត​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២ ខាងមុខ​ទៀត​ផង​ដែរ។ ផ្ទុយទៅវិញ អ្នក​ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច លោក ហ៊ុន សែន អះអាង​ថា ពួកគេ​គ្មាន​ឱកាស​ទទួល​បាន​តំណែង​វិញ​ជាដាច់ខាត ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​អាច​រស់​ឡើងវិញ​ឡើយ៖ «សុំ​កុំ​ដេក​យល់សប្ដិ​ទាំង​ថ្ងៃត្រង់ ថា​នឹង​បាន​វិល​ត្រឡប់​មក​ធ្វើជា​មេឃុំ​ឡើងវិញ។ សូម​កុំ​យល់សប្ដិ​ឱ្យ​សោះ ប្រឹង​រកស៊ី​ទៅ ក្រែងលោ​វា​ដាច់ពោះ​ងាប់។ កុំ​រង់ចាំ​រឿង​ហ្នឹង អត់​ទេ។ អ្នក​រើស​ទៅ ខ្ញុំ​សូម​បញ្ជាក់ ចំណុច​ដដែល​ហ្នឹង ខ្មោច​ដែល​វា​ងាប់​ទៅ​ហើយ វា​មិន​អាច​រស់​ឡើងវិញ​បាន​នោះ​ទេ។ សូម​កុំ​ព្យាយាម​ឱ្យ​ព្រះអាទិត្យ​រះ​នៅ​ម៉ោង ១២ អធ្រាត្រ»

ដើម្បី​ទាក់ទាញ​សកម្មជន​ជន​បក្ស​ប្រឆាំង​ដទៃ​ទៀត លោក ហ៊ុន សែន បាន​អះអាង​ថា លោក​កំពុង​រៀបចំ​បន្ថែម​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​ឱ្យ​មាន​ចំនួន​កាន់តែ​ច្រើន​សម្រាប់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មក​ចុះចូល​ជាមួយ​លោក។

ចៅសង្កាត់​ជាប់ឆ្នោត​មួយ​រូប​ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សៀក ចំណាប់ ថ្លែង​ថា ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​រំលាយ​ចោល​មែន ប៉ុន្តែ​ទឹកចិត្ត​អ្នកគាំទ្រ និង​សកម្មជន​មូលដ្ឋាន​ដូចជា​ពួក​លោក មិន​មាន​ការប្រែប្រួល​ឡើយ។ លោក​បន្ត​ថា សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ សុខចិត្ត​ទ្រាំ​រស់​ដោយ​ខ្វះខាត​ជីវភាព​បន្តិចបន្តួច ប៉ុន្តែ​មិន​ទៅ​ឱនលំទោន​សុំ​តំណែង​ពី​របប​ក្រុងភ្នំពេញ​ឡើយ៖ «យើងខ្ញុំ​ជា​អ្នក​មូលដ្ឋាន​អរគុណ​នូវ​បំណង​ល្អ​របស់​សម្ដេច ដែល​ដាស់តឿន​ឱ្យ​ពួកយើង​ខ្ញុំ​ខំប្រឹង​រកស៊ី ខ្លាច​ដាច់ពោះ​ស្លាប់ ប៉ុន្តែ​សូម​បញ្ជាក់​ថា ពួក​យើង​ដែល​ទៅ​ដឹកនាំ​សង្កាត់​ហ្នឹង ពួកយើង​មិនបាន​ទៅ​យក​លាភសក្ការៈ​នោះ​ទេ។ ពួកយើង​ទៅ​បម្រើ​ពលរដ្ឋ​ដោយ​ឆន្ទៈ អ៊ីចឹង​ហើយ​បើ​ទោះជា​ឈប់​វិញ ក៏​ពួកយើង​មិន​ដាច់ពោះ​ស្លាប់​ដែរ ហើយ​ពួកយើង​ក៏​មិន​ព្រម​ស្លាប់​នៅ​ក្នុង​របប​របស់​សម្ដេច​ដែរ។ ពួកយើង​នៅតែ​ស៊ូ​រស់ ដើម្បី​មើល​សម្ដេច​ទៅ​ថ្ងៃ​អនាគត។ ពួកយើង​អាច​រស់​បាន​នៅ​ក្នុង​សង្គម​បែបនេះ ប៉ុន្តែ​កូនចៅ​របស់​គាត់ នៅ​ពេលដែល​អត់​ពី​ការងារ​សង្កាត់ ឬក៏​មុខតំណែង​ហ្នឹង​ទៅ ថា​តើ​គាត់​អាច​រស់​បាន​ដែរ​ឬទេ​។ នេះ​គួរតែ​បង្រៀន​ទៅ​កូនចៅ​របស់​គាត់​វិញ»

លោក សៀក ចំណាប់ អាយុ ៣៣ ឆ្នាំ បាន​ជាប់ឆ្នោត​ជា​ចៅសង្កាត់​នគរធំ ក្រុង​សៀមរាប ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ ហើយ​លោក​បំពេញការងារ​ជា​ចៅសង្កាត់​បាន​ត្រឹម​រយៈពេល​ជាង ៣ ខែ​ប៉ុណ្ណោះ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រលាយ​ដោយ​សាលដីកា​តុលាការ​កំពូល​នៃ​របប​ក្រុងភ្នំពេញ។ បច្ចុប្បន្ន​លោក​បាន​ប្រកប​របរ​ជាច្រើន ដើម្បី​ស្វែងរក​ចំណូល​ចិញ្ចឹមជីវិត ដូចជា លក់​កាហ្វេ ម្ហូបអាហារ ដាំ​បន្លែ​លក់ និង​ធ្វើការ​សំណង់​ជាដើម ពោល​គឺ​ឱ្យ​តែ​ការងារ​ណា​ដែល​លោក​អាច​ធ្វើ​បាន និង​ជា​ការ​ងារ​សុចរិត។ លោក​អះអាង​ថា លោក​នៅតែ​មាន​ទឹកចិត្ត​ក្លៀវក្លា​ក្នុង​កិច្ចការ​នយោបាយ និង​សង្គម ទោះបីជា​ពេលខ្លះ​ត្រូវ​ប្រឈម​នឹង​ការរើសអើង និង​ការ​គំរាមកំហែង​ក៏ដោយ៖ «ក្នុងនាម​ជា​យុវជន ពួកយើង​មិន​បោះបង់ចោល​នយោបាយ​នោះ​ទេ ពីព្រោះ​នយោបាយ គឺជា​កត្តា​សំខាន់​ដែល​ជំរុញ​ឱ្យ​ប្រទេសជាតិ​យើង​រីកចម្រើន និង​ជា​កត្តា​មួយ​ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​នៅ​ក្នុង​សង្គម។ អ៊ីចឹង​ហើយ ទោះបីជា​គេ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល​ទាំង​កម្រោល​ក៏ដោយ ក៏​ពួកយើង​នៅតែ​មាន​វិធីសាស្ត្រ​ក្នុង​ការ​ជួយ​សង្គម​តាមរយៈ​ការ​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម ក៏ដូចជា ជួយ​ផ្សព្វផ្សាយ​អំពី​ច្បាប់​មួយ​ចំនួន​ដែល​យើង​បាន​ដឹង ទៅ​ជូន​ដល់​ពលរដ្ឋ​ដែល​គាត់​កំពុងតែ​រងគ្រោះ»

របប​ក្រុងភ្នំពេញ​កំពុង​ប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច ដោយសារតែ​ទង្វើ​បំផ្លាញ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​យក​អាសនៈ​សភា និង​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្សប្រឆាំង​ទៅ​ចែក​គ្នា​កាន់កាប់ ត្រូវ​បាន​ចាត់ទុកថា ជា​ការ​បំផ្លាញ​ចោល​ទាំងស្រុង​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​អាយុកាល​ជិត ៣០​ឆ្នាំ​នៅ​កម្ពុជា។

របប​ក្រុងភ្នំពេញ បាន​អះអាង​ពី​ការ​ចង់​ស្ដារ​ស្ថានភាព​នេះ​ឡើងវិញ ក្រោយ​ក្រសោប​យក​អាសនៈ​សភា​មកកាន់​កាប់​តែម្នាក់ឯង ក៏ប៉ុន្តែ​មកទល់នឹង​ពេលនេះ មិនទាន់​ឃើញ​ចេញ​ជា​លទ្ធផល​អ្វី​នៅឡើយ។ ផ្ទុយទៅវិញ របប​នេះ​កំពុង​ពឹង​ពាក់​សឹង​ទាំងស្រុង​លើ​ប្រទេស​ចិន​កុម្មុយនិស្ត ដើម្បី​ជា​ខ្នងបង្អែក​ទប់ទល់​នឹង​សម្ពាធ​អន្តរជាតិ ហើយ​ក្រុងភ្នំពេញ​បាន​អះអាង​ថា ខ្លួន​មិន​ខ្វល់​នឹង​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​លោក​ខាងលិច​ឡើយ។

ទោះជា​យ៉ាងណា តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​អតីត​សមាជិក គ​.​ជ​.​ប លោក រ៉ុង ឈុន អះអាង​ថា របប​នេះ​ត្រូវតែ​ស្ដារ​ស្ថានការណ៍​ដុនដាប​នេះ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ទាំងឡាយ​ដែល​អាច​នឹង​កើតមានឡើង​នៅ​ពេល​ខាងមុខ៖ «ការ​ដោះលែង​លោក កឹម សុខា ការ​លើកលែងទោស លោក សម រង្ស៊ី ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ដល់​អ្នក​ទាំង ១១៨ នាក់ ការ​ផ្ដល់​តំណែង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឱ្យ​មក​វិញ ផ្ដល់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ដំណើរការ​ឡើង​វិញ សព្វបែបយ៉ាង​ហ្នឹង ទាំងនេះ​ស្ថិត​នៅ​ក្នុង​ចំណុច​ដែល​សហភាព​អឺរ៉ុប​បាន​ផ្ដល់​ឱ្យ​កម្ពុជា​ដោះស្រាយ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA»

សម្រាប់​ផ្ទៃក្នុង​បក្ស​វិញ ចៅសង្កាត់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អ្វី​ដែល​ពួកគេ​ចង់បាន​នោះ គឺ​សម្ពន្ធភាព​ដែល​មិន​អាច​បំបែក​បាន​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា។ ពួកគេ​មិន​ចង់​ឃើញ​ឡើយ​នូវ​ការ​ប្រេះឆា​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​ទាំងសងខាង ព្រោះ​និន្នាការ​បែបនេះ​ជា​ការ​ផ្ដល់​ប្រយោជន៍​ទៅ​ឱ្យ​គណបក្ស​កាន់អំណាច​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។