យុវ​និស្សិត​ស្នើ​លោក ហ៊ុន សែន ឈប់​ប្រើ​ភាសា​អសីលធម៌ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ

ដោយ ជុន ច័ន្ទបុត្រ
2019.04.27
លោក ហ៊ុន សែន ៦២២ នាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប​ពី​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

យុវ​និស្សិត​មួយ​ចំនួន​ថ្លែង​ថា ពួកគេ​មិន​ចង់​ឃើញ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ប្រើប្រាស់​វេទិកា​ចែក​សញ្ញាប័ត្រ ជា​វេទិកា​នយោបាយ ដើម្បី​វាយប្រហារ​ក្រុម​ណាមួយ​នោះ​ឡើយ​។ ពួកគេ​បន្ត​ថា លោក ហ៊ុន សែន គួរតែ​ក្រឡេក​មើល​ប្រទេស​ដទៃ​ផង ថា​តើ​គេ​ធ្វើ​ដូច​លោក​ដែរ ឬ​អត់ ពេល​ចែក​សញ្ញាប័ត្រ​ឱ្យ​និស្សិត​ម្តងៗ​។ ប្រតិកម្ម​របស់​ក្រុម​និស្សិត​នេះ គឺ​ដោយសារ​ពួកគេ​មើល​ឃើញ​ថា លោក ហ៊ុន សែន មាន​ទម្លាប់​ជេរប្រមាថ គំរាមកំហែង និង​ប្រើ​ភាសា​អសីលធម៌ នៅ​ចំពោះ​មុខ​បញ្ញវន្ត។

ស្ទើរតែ​គ្រប់​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ថ្នាក់​ឧត្តមសិក្សា មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន តែង​មាន​ទម្លាប់​និយាយ​រឿង​ផ្ទាល់ខ្លួន និង​វាយប្រហារ​ក្រុម​អ្នក​មិន​គាំទ្រ​ការដឹកនាំ​របស់​លោក ជាជាង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​បញ្ញវន្ត​ដែល​កំពុង​អង្គុយ​នៅ​ពីមុខ​លោក។

ពាក្យពេចន៍​អ្វី​ក៏​លោក​អាច​និយាយ​ចេញ​មក​បាន​ដែរ មិន​ថា​ជា​ភាសា​អាមឹង ជេរប្រមាថ ឬ​គំរាមកំហែង​ដល់​អាយុជីវិត​អ្នកដទៃ​ក៏​ដោយ​ចុះ។ ពាក្យ​ដែល​លោក ហ៊ុន សែន តែង​និយាយ​ជា​សាធារណៈ​នោះ មាន​ភាព​គ្រោតគ្រាត​ខ្លាំង ដែល​សូម្បីតែ​នៅ​ក្នុង​កិច្ច​សន្ទនា​ឯកជន ក៏​មនុស្ស​ធម្មតា​មួយ​ចំនួន សឹង​មិន​ហ៊ាន​និយាយ​ចេញ​មក​ផង។

ជា​ឧទាហរណ៍​នៅ​ចំពោះ​មុខ​និស្សិត​ជាង​៣​ពាន់​នាក់ កាលពីដើម​ខែ​មេសា​កន្លង​ទៅ លោក​បាន​ជេរប្រទេច​ខ្លាំងៗ ចំពោះ​អ្នក​បញ្ចេញមតិ​រឿង​បញ្ហា​វិនិយោគ​ផ្លូវដែក​នៅ​កម្ពុជា និង​អ្នក​ដែល​លោក​អះអាង​ថា បាន​ជេរ​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)«មាន​អាឡប់​រត់ចោលស្រុក​ណា​(​នោះ​) ខ្ញុំ​មិនបាន​ស្ដាប់​(​គេ​)​និយាយ តែ​ប្រពន្ធ​ខ្ញុំ​ថា គេ​ថា​រឿង​មកពី​ចែក​លុយ​គ្នា​មិន​ស្មើ។ ក ...​ម៉ែ​អា​គេ​បាញ់ និយាយ​ឱ្យ​វា​អ៊ីចេះ​តែម្តង​ទៅ​។ អាហ្នឹង​អ៊ីចឹង​បាន​វា​រត់ចោលស្រុក​នោះ​។ អញ​ជេរ​ត្រង់ៗ​អ៊ីចឹង​តែម្តង​ទៅ​។ អូ​! ធ្វើ​នាយករដ្ឋមន្ត្រី ហាម​ជេរ អ្ហ៊ែៈ​? ទេ​! ធ្វើ​នាយករដ្ឋមន្ត្រី​ជេរ​បាន​តើ​! មនុស្ស​តើ​! ប៉ុន​លោកសង្ឃ​ចេះ​បញ្ចោរ»

តាមពិត​លោក ហ៊ុន សែន​ទទួលស្គាល់​ថា ទាំងនេះ ជា​ភាសា​អាមឹង និង​អសុរោះ ក៏ប៉ុន្តែ​លោក​ថា លោក​ត្រូវតែ​បង្ខំចិត្ត​ប្រើ​ពាក្យ​ជេរប្រមាថ​បែបនេះ ដើម្បី​ឱ្យ​ក្រុម​ម្ខាង​ទៀត​ស្ដាប់​លោក​យល់​៖ «ថ្ងៃនេះ​គឺ​ដូចជា​និយាយ​ថា អាក្រក់​បន្តិច​។ សម្ភី​អាក្រក់​បន្តិច សុទ្ធតែ​អាមឹង​។ អើ​! ពួក​អានេះ បើ​មិន​និយាយ​អ៊ីចឹង គឺ​វា​ស្ដាប់​មិនបាន​ទេ ហើយ​អ្ហែង​ត្រូវ​ចាំ​ថា រាសី​អ្ហែង​មិន​ដល់ អ្ហែង​ជេរ​អញ ងាប់​ខ្លួនឯង​ទេ​។ អ្ហែង​ចាំ​មើល​រន្ទះបាញ់ អា​ខ្លះ​រលូត​កូន​។ ឮ​ថា​មាន​មី​ដែង​មួយ​ណា​នោះ ឧស្សាហ៍​ជេរ គេ​ចូល​ទៅ​ខមិន​ថា អា​ហ្នឹងហើយ​ទណ្ឌកម្ម​លោកិយ​នោះ»

នេះ​គ្រាន់តែ​ជា​ករណី​មួយ​ក្នុងចំណោម​ករណី​ជាច្រើន​ទៀត ដែល​លោក ហ៊ុន សែន បាន​ប្រើប្រាស់​វេទិកា​ចែក​សញ្ញាប័ត្រ​និស្សិត ជា​កន្លែង​បញ្ចេញ​កំហឹង និង​វាយប្រហារ​ក្រុម​អ្នក​រិះគន់​ការដឹកនាំ​របស់​លោក​ប៉ុណ្ណោះ​។

ទង្វើ​នេះ ទំនងជា​ដោយសារ​លោក ហ៊ុន សែន មិន​ធ្លាប់​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ក្នុង​ការសិក្សា ដូច្នេះ​លោក​អាច​មិន​យល់​ពី​តម្លៃ​នៃ​ការ​រង់ចាំ​សញ្ញាប័ត្រ​មួយ​សន្លឹក​នេះ​ឡើយ​។ ម្យ៉ាងវិញទៀត លោក​ប្រហែលជា​គិត​ថា លោក​បាន​ត្រៀម​លុយ​ចែក​ឱ្យ​និស្សិត​ម្នាក់ ៥ ម៉ឺន​រៀល​រួចហើយ ដែល​លុយ​នេះ​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ការ​លក់​កម្លាំង​ពលកម្ម​ក្នុង​មួយថ្ងៃ ដូច្នេះ​ក្រុម​និស្សិត​ត្រូវតែ​ចំណាយ​ពេល​មួយ​ព្រឹក​ធំ ដើម្បី​ស្ដាប់​លោក​បរិយាយ​តាមតែ​អំពើ​ចិត្ត។

យុវ​និស្សិត​មួយ​ចំនួន​ថ្លែង​ថា ពួកគេ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​នេះ​ឡើយ ហើយ​រឹតតែ​មិន​ចង់​ស្ដាប់​ភាសា​បែប​អសីលធម៌​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​របស់​ពួកគេ ទៅទៀត​។

យុវជន ហឿម ប៊ុនហេង គឺជា​និស្សិត​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ទស្សនវិជ្ជា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ លោក​ឱ្យដឹងថា ពិធី​ចែក​សញ្ញាប័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ ហើយ​ជា​រៀងរាល់​ឆ្នាំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ធ្វើជា​អធិបតី​នៅ​ក្នុង​ពិធី​នេះ​។ លោក​តាំងចិត្ត​ថា លោក​នឹង​មិន​ទៅ​ចូលរួម​ក្នុង​ពិធី​នោះ​ទេ ព្រោះ​លោក​មិន​ចង់​ស្តាប់​លោក ហ៊ុន សែន និយាយ​ភាសា​បែប​គ្រោតគ្រាត និង​អសីលធម៌ វាយប្រហារ​គេឯង​នោះ​ឡើយ ហើយ​លោក​ក៏​មិន​ចង់បាន​លុយ​៥ ម៉ឺន​រៀល​ពី​មេដឹកនាំ​រូប​នេះ​ដែរ៖ «ខ្ញុំ​ធ្លាប់​ឮ​សិស្ស​ច្បង​ខ្ញុំ​និយាយ​ថា ទៅ​ស្ដាប់​ភាសា​អត់​ប្រយោជន៍​អ៊ីចឹង ហើយ​ជារឿយៗ ខ្ញុំ​ក៏​តែង​ឃើញ​ក្នុង​ហ្វេសប៊ុក ឃើញ​ក្នុង​ការផ្សាយ​ផ្ទាល់​ដែរ តែង​ឃើញ​ភាសា​អសុរោះ​។ ខ្ញុំ​អត់​សូវ​ចូលចិត្ត​ស្ដាប់​ភាសា​អត់​ពិរោះ​អ៊ីចឹង​ទេ​។ ខ្ញុំ​បាន​សន្យា​នឹង​ខ្លួនឯង​ច្រើន​ឆ្នាំ​ហើយ​ថា ខ្ញុំ​មិន​ទៅ​ចូលរួម​អង្គុយ​ស្ដាប់ ទទួល​សញ្ញាប័ត្រ​ហ្នឹង​ទេ ប៉ុន្តែ​ខ្ញុំ​ចាំ​យក​សញ្ញាប័ត្រ​នៅ​សាលា»

យុវជន​រូប​នេះ ថ្លែង​ទៀត​ថា អ្វី​ដែល​គួរ​ឱ្យ​សង្វេគ​បំផុត​នោះ គឺ​មន្ត្រី​គ្រាក់ៗ ដែល​អង្គុយ​លើ​វេទិកា នាំគ្នា​ទះដៃ​អបអរសាទរ និង​សើច​សប្បាយ ពេល​ដែល​លោក ហ៊ុន សែន ប្រើ​ភាសា​ជេរប្រមាថ អាមឹង និង​ភាសា​អសីលធម៌​ដទៃ​ទៀត​។ លោក​ថា មន្ត្រី​ទាំងនោះ​គួរ​មាន​សេចក្ដី​ក្លាហាន ប្រាប់​ទៅ​លោក ហ៊ុន សែន អំពី​ទង្វើ​ដ៏​ខុសឆ្គង​នេះ ប៉ុន្តែ​ពួកគេ​បែរជា​បង្ហាញ​កាយវិការ​ពេញចិត្ត​ពេញ​ថ្លើម​បែបនេះ​ទៅវិញ។ លោក​ថា រឿង​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ការ​ធ្លាក់​ចុះ​សីលធម៌​របស់​ក្រុម​មេដឹកនាំ​បច្ចុប្បន្ន៖ «បើ​យើង​ក្រឡេក​ទៅ​មើល​រូបភាព​គាត់​សើច​ក្អាកក្អាយ វា​ហាក់បីដូចជា​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ពួកគាត់​ដូច​មិន​ដឹង​ថា អ្វី​ដែល​និយាយ​ចេញទៅ​ហ្នឹង វា​ជា​ពាក្យ​ខុស​។ វា​ជា​រឿង​ដែល​មិន​គួរ​និយាយ​ចេញទៅ ហើយ​វា​ក៏​មិនមែន​ជា​រឿង​ដែល​គួរតែ​ត្រេកត្រអាល​សប្បាយ​ជាមួយ​អ៊ីចឹង​ទេ​។ អ៊ីចឹង​កន្លែង​នេះ​​​ហើយ​ដែល​យើង​មើល​ឃើញ​ថា សីលធម៌​សង្គម​យើង វា​ដើរ​ដល់​ចំណុច​មួយ កាន់តែ​ធ្លាក់​ជ្រៅ​ទៅៗ ដែល​ពិបាក​ស្តារ នៅ​ពេល​ដែល​មន្ត្រី​គ្រាក់ៗ​ខាងលើ គាត់​អត់​ដឹង​ថា អ្វី​ដែល​ជា​ភាព​ត្រឹមត្រូវ អ្វី​ដែល​ជា​សីលធម៌ អ្វី​ដែល​ជា​ភាសា​សន្តិភាព»

ចំណែក យុវ​និស្សិត​មួយ​រូប​ទៀត គឺ​កញ្ញា ទ្រី រីយ៉ា ដែល​កំពុង​រៀន​ឆ្នាំ​ទី​៤ ក៏​មិន​គាំទ្រ​ការប្រើប្រាស់​វេទិកា​ចែក​សញ្ញាប័ត្រ ជា​កន្លែង​វាយប្រហារ និង​ជេរប្រមាថ ក្រុម​ណាមួយ​នោះ​ដែរ​។ កញ្ញា​ថ្លែង​ថា ការ​ជេរប្រមាថ គំរាមកំហែង និង​ភាសា​អាមឹង ដូច​អ្វី​ដែល​លោក ហ៊ុន សែន តែងតែ​ថ្លែង​នោះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​សិស្ស​និស្សិត ហើយ​កញ្ញា​ជឿជាក់​ថា ពួកគេ​មិន​ចង់​ស្ដាប់​រឿង​ទាំង​នេះ​ឡើយ​។ កញ្ញា​បន្ត​ថា អ្វី​ដែល​ក្រុម​និស្សិត​ចង់​ដឹង​ចង់​ឮ​ពី​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នោះ គឺ​ឱកាស​ការងារ និង​ការ​លើកទឹកចិត្ត៖ «ពេល​ដែល​គាត់​និយាយ​អ៊ីចឹង​ទៅ គឺ​មាន​ផល​ប៉ះពាល់​ដល់​អារម្មណ៍​ដែរ​។ ហើយ​ថ្ងៃ​នៃ​ការ​ទទួល​សញ្ញាប័ត្រ គឺ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការសិក្សា ការ​តម្រង់​ទិស​សិក្សា ធ្វើ​យ៉ាងណា​ដើម្បី​ទទួល​បាន​ការងារ​ល្អ​នៅ​ក្នុង​សង្គម ឬក៏​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ។ អ៊ីចឹង​ខ្ញុំ​គិត​ថា វេទិកា​មួយ​ហ្នឹង វា​មិន​គួរណា​ពាក់ព័ន្ធ​ទៅ​នឹង​វេទិកា​នយោបាយ»

និស្សិត​រូប​នេះ​សង្កត់ធ្ងន់​ថា នាង​មិន​ចេះ​ជេរប្រមាថ​អ្នកណា​ឡើយ ព្រោះ​តាំងពី​តូច​មក គ្រួសារ​របស់​នាង​តែង​អប់រំ មិន​ឱ្យ​មានការ​ជេរប្រមាថ។ នាង​បន្ថែម​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​មេដឹកនាំ​ជាតិ​មួយ​ទាំងមូល ដូច្នេះ​លោក​មិន​គួរ​ជេរប្រមាថ​អ្នកដទៃ ឬ​ប្រើ​ភាសា​អសីលធម៌ ជា​សាធារណៈ​នោះ​ឡើយ។

រីឯ អតីត​និស្សិត​មួយ​រូប​ដែល​ធ្លាប់​ចូលរួម​ក្នុង​ពិធី​ចែក​សញ្ញា័បត្រ​វិញ បាន​រៀបរាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា កញ្ញា​គ្មាន​បំណង​ទៅ​ស្តាប់​លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា​នោះ​ឡើយ ព្រោះ​កញ្ញា​ដឹង​ថា មេដឹកនាំ​រូប​នេះ​គ្មាន​សារ​អ្វី​ល្អ​ដែល​ត្រូវ​ប្រាប់​ទៅ​និស្សិត ក្រៅពី​លើកឡើង​ពី​វីរភាព​របស់​ខ្លួន​នោះ​ឡើយ។ កញ្ញា​បញ្ជាក់​ថា ការចូលរួម​នេះ​ដោយសារ​វា​ជា​ថ្ងៃ​ពិសេស​មួយ​ដែល​បញ្ជាក់​ថា កញ្ញា​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ក្រោម​ការ​ទំនុកបម្រុង​ពី​គ្រួសារ​។ កញ្ញា​រំឭក​ថា ទាំង​កញ្ញា និង​និស្សិត​ផ្សេងទៀត សុទ្ធ​តែ​មាន​អារម្មណ៍​ធុញទ្រាន់ ដែល​ត្រូវ​ទៅ​អង្គុយ​ស្តាប់​លោក ហ៊ុន សែន និយាយ​សរសើរ​ខ្លួនឯង​។ កញ្ញា​ស្នើ​ឱ្យ​លោក ហ៊ុន សែន កែប្រែ​ទម្លាប់​អវិជ្ជមាន​នេះ៖ «គាត់​គួរតែ​បែងចែក​ឱ្យ​ច្បាស់​រវាង​វេទិកា​នយោបាយ និង​វេទិកា​និស្សិត​។ ពេល​ដែល​ធ្វើ​ឱ្យ​លាយឡំ​គ្នា​អ៊ីចឹង​ទៅ វា​ប៉ះពាល់​ដល់​អារម្មណ៍​សិស្ស​ដែរ ហើយ​វា​អត់​មានអី​ចំណេញ​ដល់​សិស្ស​និស្សិត​ក្នុង​ការ​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​ខំ​សិក្សា​រៀន​សូត្រ​ទេ​។ រហូតដល់​ពេលខ្លះ គ្រាន់តែ​ឮឈ្មោះ​ថា​ត្រូវ​មក​អ៊ីចឹង ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ថា គាត់​មិន​សប្បាយចិត្ត ឬក៏​អារម្មណ៍​ដែល​គាត់​ចូលរួម វា​ទៅ​ទាំង​បង្ខំ​អ៊ីចឹង»

ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​មហាវិទ្យាល័យ​នៅ​កម្ពុជា ភាគច្រើន​ចាប់ផ្ដើម​នៅ​ម៉ោង​៨ ព្រឹក ហើយ​ប្រើ​ពេល​តិច ឬ​ច្រើន អាស្រ័យ​ទៅតាម​សុន្ទរកថា​របស់​អ្នក​ដែល​ជា​អធិបតី​នៅ​ក្នុង​ពិធី​នោះ​។ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ច្រើន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ទាំង​សាលា​រដ្ឋ និង​ឯកជន ធ្វើ​ឱ្យ​លោក​មានឱកាស​ថ្លែង​សុន្ទរកថា តាមតែ​ចិត្ត​លោក​ចង់​និយាយ​។ មាន​សាលា​តិច​ណាស់​ដែល​ការចែក​សញ្ញាប័ត្រ​ធ្វើឡើង ត្រឹម​កម្រិត​នាយក​សាលា និង​ផ្ដល់​ឱកាស​ដល់​អតីត​និស្សិត​ដែល​ទទួលជោគជ័យ​ឡើង​ធ្វើ​បាឋកថា លើកទឹកចិត្ត​ដល់​ក្រុម​និស្សិត​ដែល​ទើប​រៀន​ចប់​។

យុវ​និស្សិត​ថ្លែង​ថា ការងារ​ចែក​សញ្ញាប័ត្រ​នេះ គួរតែ​ទុក​ឱ្យ​ថ្នាក់ដឹកនាំ​សាលា​នីមួយៗ ឬ​អង្គភាព​សាម៉ី​ជា​អ្នកដឹកនាំ​ធ្វើ​វិញ ប្រសើរ​ជាង ព្រោះ​ប្រទេសជាតិ​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ដោះស្រាយ មិន​គួរ​លោក ហ៊ុន សែន ឆក់​យក​ឱកាស​លើក​សរសើរ​ពី​ខ្លួនឯង និង​ជេរប្រមាថ​អ្នកដទៃ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។