ក្រុមយុវជនរំពឹងថា មេដឹកនាំថ្មីរបស់គណបក្សឆន្ទៈខ្មែរនឹងជំរុញឱ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ
2024.01.22
យុវជនចង់ឃើញមេដឹកនាំថ្មីរបស់គណបក្សឆន្ទៈខ្មែរចេះបង្រួបបង្រួមជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការលើកឡើងនេះគឺបន្ទាប់ពីគណបក្សឆន្ទៈខ្មែរ បានធ្វើសមាជ និងបានសម្រេចតែងតាំង លោកបណ្ឌិត សុក ហាច និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយចំនួនជាក្បាលម៉ាស៊ីនដឹកនាំគណបក្សនេះ។
យុវជន និងអ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា ការតែងតាំងបណ្ឌិត សុក ហាច គឺជាប្រធានគណបក្សឆន្ទៈខ្មែរគឺជារឿងល្អ ដើម្បីអាចចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខ។
អ្នកសិក្សាច្បាប់ និងជាអ្នកតាមដានស្ថានការណ៍នយោបាយ លោក លី ចាន់ដារ៉ាវុត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែមករា ថា លោកសាទរដែល លោក សុក ហាច ឡើងជាប្រធានរបស់គណបក្សឆន្ទៈខ្មែរ ក៏ប៉ុន្តែលោកថា ដើម្បីអាចទទួលបានការគាំទ្រពីពលរដ្ឋកាន់តែច្រើនអ្នកនយោបាយគួរតែមានភាពចាស់ទុំក្នុងការដឹកនាំ។ លោករំពឹងថា ក្បាលម៉ាស៊ីនដឹកនាំរបស់បក្សឆន្ទៈខ្មែរនឹងស្ដារលទ្ធិប្រជាធិបតេយ្យ ប្រសិនបើសមាជិកបក្សទាំងអស់រួបរួមគ្នា។
លោក លី ចាន់ដារ៉ាវុត៖ «ដូច្នេះប្រសិនបើភាគីទាំងអស់មិនអាចស្វែងភាពត្រឹមត្រូវនៅក្នុងការតែងតាំងបេក្ខជនរបស់ខ្លួន ឬក៏បែកចែកសំឡេង ឬក៏មណ្ឌលឈរឈ្មោះឱ្យបានត្រឹមត្រូវទេខ្ញុំយល់ឃើញថា សម្ពន្ធភាពនឹងអាចបែកបាក់ទៅថ្ងៃអនាគតទៅវិញបើរឿងនេះយើងក៏ធ្លាប់ឃើញពីមុនមកដែលនៅក្នុងប្រវត្តិសាស្ត្រនយោបាយប្រទេសកម្ពុជាដែលសម្ពន្ធភាពដែលបង្កើតឡើង ហើយទីបំផុតក៏រលាយទៅវិញដោយសារតែបញ្ហាផលប្រយោជន៍»។
កាលពីថ្ងៃទី២០ ខែមករា គណបក្សឆន្ទៈខ្មែរ បានធ្វើអង្គសមាជវិសាមញ្ញមួយ និងសម្រេចតែងតាំងថ្នាក់ដឹកនាំកំពូល ដែលភាគច្រើនមកពីគណបក្សភ្លើងទៀនរួមមាន បណ្ឌិត សុក ហាច ជាប្រធានគណបក្ស លោក ហុង សុខហួរ លោក សុន ឆ័យ លោក សេង ម៉ារឌី ជាអនុប្រធានគណបក្ស និងលោក គង់ មុនីកា ជាអគ្គលេខាធិការជាដើម ព្រមទាំងជ្រើសតាំងសមាជិកគណៈកម្មាធិការនាយកចំនួន៣២រួប និងកែប្រែលក្ខន្តិកៈរបស់គណបក្សមួយចំនួនដែរ។
ដោយឡែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត យល់ឃើញថា ការជ្រើសរើសលោក សុក ហាច ជាប្រធានបក្សឆន្ទៈខ្មែរនៅពេលនេះគឺជាការសម្រេចចិត្តរបស់សមាជិកបក្ស ។ លោករំពឹងថា គណបក្សឆន្ទៈខ្មែរនឹងតម្កល់ផលប្រយោជន៍ជាតិជាធំ ដោយងាកមកជជែកគ្នាជាមួយបក្សកម្លាំងជាតិ ដើម្បីបែងចែកកន្លែងគ្នាគ្រប់គ្រង។
លោក ម៉ែន ណាត៖ «គ្រួសារនិយមពុករលួយបំពានច្បាប់គ្រប់បែបគ្រប់យ៉ាងអ្នកណាក៏រងគ្រោះពីរបបហ្នឹងដែលហើយគេត្រូវការចង់ផ្លាស់ប្ដូរមួយដ៏ល្អដែលដល់ពេលអ្នកប្រជាធិបតេយ្យយើងអារឿងតូចតាចមកសាចទឹកដាក់គ្នា វាធ្វើឱ្យខូចប្រយោជន៍ជាតិធំណាស់កាលណាយើងរវល់តែសាចទឹកដាក់គ្នាយើងភ្លេចអាល្បិចពួកកាន់អំណាចហ្នឹងវាមានគំនិតអាក្រក់»។
ទោះជាយ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា លោករំពឹងថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានសំឡេងគាំទ្រច្រើន ដោយសារគណបក្សប្រឆាំងកំពុងដណ្ដើមគ្នាធ្វើជាអ្នកប្រជាធិបតេយ្យ។ បើទោះជា លោក សុខ ឥសាន មិនបញ្ចេញឈ្មោះគណបក្សប្រឆាំងទាំងនោះក្ដី ក៏ទំនងជាលោកចង់សំដៅទៅលើគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។
លោក សុខ ឥសាន៖ «ហើយបើយល់ល្អរួសរាន់សុំចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដូចដែលអស់លោកនៅបណ្ដាខេត្តមួយចំនួនមកជាបន្តបន្ទាប់ហើយអាហ្នឹងជាការល្អពីព្រោះយើងត្រូវការជ្រើសរើសអនាគតវែងឆ្ងាយភ្លឺថ្លារបស់យើងអាហ្នឹងបានល្អបើថា ជឿតែបក្សប្រឆាំងគឺវាអត់បានការអីទេ»។
ជុំវិញបញ្ហានេះអ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា ការតែងតាំងសមាជិកគណបក្សណាមួយជាប្រធានបក្ស គឺជាយុទ្ធសាស្ត្ររបស់គណបក្សនយោបាយទេ។ ទោះជាយ៉ាងលោកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខអាចនឹងល្អប្រសើរបើគ្មានការប្រកាន់បក្ខពួក។
លោក កន សាវាង្ស៖ «អ៊ីចឹងបើផ្ទៃក្នុងគណបក្សនយោបាយមានវិវាទដែលមិនអាចសម្របសម្រួលគ្នាបានហើយការប្រកាន់បក្ខប្រកាន់ពួកផ្នែកអ៊ីចឹងមានន័យថាលទ្ធផលហ្នឹងក៏វាអាចប្រែប្រួលតាមហ្នឹងដែលសំខាន់នៅក្នុងផ្ទៃក្នុងហ្នឹងថាតើព្រមទទួលយកបេក្ខជនដែលតែងតាំងថ្មីហ្នឹងជាថ្នាក់ដឹកនាំដែរឬទេ»។
គណបក្សភ្លើងទៀនបានសម្រេចជ្រើសរើសយកគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សនៅក្នុងសម្ព័ន្ធភាពនយោបាយរបស់ខ្លួន ដើម្បីឈរឈ្មោះជំនួសគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២៦ ខែឧសភា ខាងមុខ។ ក្រុមអ្នកឃ្លាំមើលរំពឹងថា គណបក្សឆន្ទៈខ្មែរនឹងអាចធ្វើឱ្យមានការគោរពសិទ្ធិមនុស្ស និងបើកលំហសិទ្ធិសេរីភាពនយោបាយឡើងវិញប្រសិនបើគណបក្សនេះមានសំឡេងនៅក្នុងស្ថាប័នព្រឹទ្ធសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។