យុវជន​មួយ​ចំនួន​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ជួយ​ពង្រឹង​អំណាច​ផ្ដាច់ការ​ឱ្យ​លោក ហ៊ុន សែន

ដោយ សុ ជីវី
2020-04-19
Share
ហ៊ុន សែន សភា ៩២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងជួរមុខ) ចូលរួម​ប្រជុំអនុម័តសេចក្ដីព្រាង​ច្បាប់ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

យុវជន​មួយ​ចំនួន​ដែល​តាមដាន​ស្ថានការណ៍​សង្គម មាន​ប្រតិកម្ម​ថា ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ធ្វើឡើង​ដើម្បី​ពង្រឹង​អំណាច​លោក ហ៊ុន សែន កាន់តែ​ខ្លាំង និង​មិន​បម្រើ​ឱ្យ​ផលប្រយោជន៍​សាធារណៈ​នោះ​ទេ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ យុវជន វ៉ន ចាន់ឡូត មើល​ឃើញ​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ មិនបាន​ឆ្លុះបញ្ចាំង​អំពី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ឡើយ ពីព្រោះ​ច្បាប់​នេះ​ធ្វើឡើង​ក្នុង​ពេល​កម្ពុជា​កំពុង​គ្រប់គ្រង​ដោយ​របប​បក្ស​តែមួយ និង​តាម​ការ​ចង់បាន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​យល់ថា ច្បាប់​ថ្មី​នេះ​នឹង​ក្លាយ​ជា​សត្រូវ​នៃ​ដំណើរ​ប្រជាធិបតេយ្យ​របស់​កម្ពុជា ដោយសារ​ខ្លឹមសារ​ច្បាប់​នេះ​បើកផ្លូវ​ឱ្យ​អ្នកកាន់អំណាច​កម្រិត​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​តាមតែ​អំពើ​ចិត្ត​។ យុវជន​រូប​នេះ​បារម្ភ​ថា ការ​មាន​ច្បាប់​នេះ​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​រអិល​ធ្លាក់​ទៅ​រក​របប​ដឹកនាំ​បែប​យោធានិយម ឬ​កុម្មុយនិស្ត​និយម​នៅ​ថ្ងៃ​ខាងមុខ៖ «នៅ​ពេល​ដែល​ច្បាប់​បង្ក​ភាព​ងាយស្រួល​ដល់​រដ្ឋាភិបាល​ក្នុង​ការ​បកស្រាយ នៅ​ពេល​មាន​ភាព​ចលាចល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អំណាច ឬក៏​ប្រជាពលរដ្ឋ​មានការ​ងើប​បះបោរ ឬក៏​កម្មករ​-​កម្មការិនី​នៅ​ពេល​អនាគត​នឹង​មាន​ការ​ចេញ​ធ្វើ​បាតុកម្ម​ទាមទារ​អត្ថប្រយោជន៍​របស់​ពួកគាត់ វា​ងាយស្រួល​ទៅដល់​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ការ​ស្នើ​ដាក់​ប្រទេស​ស្ថិត​នៅ​ក្នុង​គ្រា​អាសន្ន​ហ្នឹង»

យុវជន វ៉ន ចាន់ឡូត ជឿជាក់​ថា ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​ដោយ​គ្មាន​ឧបសគ្គ​ឡើយ ពីព្រោះ​ស្ថាប័ន​នីតិប្បញ្ញត្តិ​គ្រប់​ជាន់ថ្នាក់ ចាំតែ​ប្រថាប់ត្រា​លើ​សេចក្ដី​ព្រាងច្បាប់​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល ស្រប​ពេល​ព្រះមហាក្សត្រ​មិន​មាន​ព្រះរាជ​សិទ្ធិ​បដិសេធ​ច្បាប់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ព្រះអង្គ​ឡាយ​ព្រះហស្ថ​លេខា​នោះ​ឡើយ។

ស្រដៀង​គ្នា​នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស កញ្ញា សៅ ឧសភា យល់ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ មាន​ចរិត​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​បើកដៃ​ឱ្យ​មាន​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់​រដ្ឋាភិបាល​។ កញ្ញា​មើល​ឃើញ​ទៀត​ថា ច្បាប់​នេះ​ហាក់​មិន​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នោះ​ឡើយ ប៉ុន្តែ​គឺជា​អាវុធ​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បង្ក្រាប​អ្នក​ប្រឆាំង​នឹង​គម្រោង​ផ្ទេរ​អំណាច​ពី​គាត់​ទៅ​ឱ្យ​កូន​របស់​គាត់​ទៅ​វិញ​ទេ៖ «ខ្ញុំ​គិត​ថា ច្បាប់​នេះ​គ្រាន់តែ​គាត់​ចង់​បន្លាច​ក្រុម​បក្ខ​ពួកគាត់​មួយ​ចំនួន​ដែរ ដែល​ចង់​ប្រឆាំង​តវ៉ា​គាត់​ហ្នឹង​។ គឺ​ច្បាប់​នេះ គាត់​ចង់​ថែរក្សា​អំណាច​ផ្ដាច់ការ​របស់​គាត់ ហើយ​ចង់​ផ្ទេរតំណែង​ពី​ឪពុក​ទៅ​កូន​របស់​គាត់​តែ​ប៉ុណ្ណឹង​ឯង ព្រោះ​ច្បាប់​នេះ វា​អត់​មាន​ផល​ចំណេញ​អ្វី​សម្រាប់​ប្រជាពលរដ្ឋ​ប៉ុន្មាន​នោះ​ទេ»

រដ្ឋសភា និង​ព្រឹទ្ធសភា ដែល​ជា​ស្ថាប័ន​ត្រូវ​ជជែក​ដេញដោល​ច្រើន​ពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ច្បាប់​នោះ មិនបាន​ពិភាក្សា​ស៊ីជម្រៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើយ ហើយ​អង្គ​នីតិបញ្ញត្តិ​នីមួយៗ​បាន​ប្រើ​ពេល​ប្រមាណ​តែ​២ ម៉ោង​ប៉ុណ្ណោះ ដើម្បី​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ​។ ក្រោយ​ឆ្លង​ផុត​សភា​ទាំង​ពីរ​ថ្នាក់​នេះ​ហើយ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ទៅ​ដល់ដៃ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ក្នុង​ពេល​ឆាប់ៗ មុននឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​អង្គ​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រះហស្ថ​លេខា​ប្រកាស​ឱ្យ​ប្រើ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​សារភាព​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​០៧ មេសា​ថា ទោះជា​គ្មាន​ច្បាប់​នេះ​ក៏ដោយ ក៏​លោក​អាច​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​បង្ក្រាប និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​បាន​ដែរ​។ លោក​បញ្ជាក់​ថា ភាគរយ​ខ្ពស់​បំផុត គឺ​ច្បាប់​នេះ​នឹង​មិន​យក​មក​ប្រើ​ក្នុង​វិបត្តិ​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩ ឡើយ ប៉ុន្តែ​លោក​ទុក​ប្រើ​នៅ​កាលៈទេសៈ​ណាមួយ​ដែល​ស្ថានការណ៍​ស្រុកទេស​គ្រប់គ្រង​លែង​បាន។ អ្នកសារព័ត៌មាន​មួយរូប បាន​ជជីក​សួរ​លោក​ត្រង់​ចំណុច​នេះ​ថា តើ​ស្ថានភាព​បែប​ណា​ដែល​ចាត់ទុកថា ជា​ភាព​អាសន្ន ហើយ​ត្រូវ​ប្រើ​ច្បាប់​នេះ ស្រាប់តែ​លោក ហ៊ុន សែន បាន​បញ្ចេញ​ឥរិយាបថ​បែប​ច្រឡោងខាម ដោយ​ឱ្យ​អ្នកសារព័ត៌មាន​រូប​នោះ​ស្បថ​ឱ្យ​ស្លាប់ បើ​សំណួរ​នេះ​គ្មាន​អ្នក​ជំរុញ​ឱ្យ​សួរ​។ នៅ​ពេល​អ្នកសារព័ត៌មាន​ហ៊ាន​ស្បថ ថា នេះ​ជា​សំណួរ​របស់​គេ​ផ្ទាល់ គ្មាន​អ្នក​ជំរុញ​ឱ្យ​សួរ​នោះ ស្រាប់តែ​លោក ហ៊ុន សែន និយាយ​បន្លប់​លិច​កើត ហើយ​ឆ្លើយតប​បែប​មិន​ច្បាស់លាស់​ថា កាលណា​សភាពការណ៍​ត្រួតត្រា​លែង​បាន លោក​នឹង​ប្រើ​ច្បាប់​នេះ៖ «កាលណា​សភាពការណ៍​ត្រួតត្រា​លែង​បាន​ដោយ​បទបញ្ជា ដោយ​ការ​អំពាវនាវ​ហើយ គេ​ដាក់​ហើយ កុំ​ឆ្ងល់​ពេក និយាយ​ជា​រួម​អ៊ីចឹង​តែម្តង​ទៅ ឱ្យ​វា​ស្រួល​ស្តាប់​។ អាហ្នឹង​វា​ត្រូវ​អ៊ីចឹង ប្រទេស​ណា​ក៏​គេ​ធ្វើ​អ៊ីចឹង​។ ហេតុអ្វី​បានជា​កម្ពុជា​មិន​អាច​ធ្វើ​បាន​? ហើយ​មក​បន្ទោស​ថា ឆ្លៀត​យក​អា​កូវីដ ដើម្បី​ធ្វើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដើម្បី​បំបិទមាត់ សិទ្ធិ​អ្នក​បញ្ចេញមតិ​នៅ​ពេល​ក្រោយ​។ យី​! ហ្អែ​ង ចង្រៃ​មែន​តែម្ដង​វ៉ី»

ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដែល​របប​លោក ហ៊ុន សែន ធ្វើ​ដោយ​ប្រញាប់ប្រញាល់​ក្នុង​រដូវ​កាល​ជំងឺ​កូវីដ​-១៩ នេះ មាន​ចំនួន​៥ ជំពូក ចែក​ជា​១២ មាត្រា​។ ច្បាប់​នេះ​បើកដៃ​ឱ្យ​រដ្ឋាភិបាល​អាច​កម្រិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ព្រមទាំង​អាច​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​បាន​ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​អាច​ដាក់​ចេញ​វិធានការ​អ្វី​ក៏បាន​ឱ្យ​តែ​យល់ថា សមស្រប និង​ចាំបាច់ ដើម្បី​ឆ្លើយតប​នឹង​ភាព​អាសន្ន​នោះ រហូតដល់​អាច​ប្រើ​កងទ័ព​គ្រប់គ្រង​សភាពការណ៍​ទៀត​ផង​។ អ្នក​ហ៊ាន​ល្មើស​នឹង​បញ្ញត្តិ​ច្បាប់​នេះ អាច​ជាប់គុក​រហូតដល់​១០ ឆ្នាំ និង​រង​ពិន័យ​ជា​ប្រាក់​ដល់​១០ លាន​រៀល​។ ចំណែក ស្ថាប័ន​ចុះ​បញ្ជី​ត្រឹមត្រូវ​តាម​ច្បាប់ ដូចជា ក្រុមហ៊ុន គណបក្ស​នយោបាយ អង្គការ​-​សមាគម សហជីព និង​ស្ថាប័ន​ព័ត៌មាន ជាដើម​នោះ​វិញ អាច​នឹង​ត្រូវ​រង​ពិន័យ​ជា​ប្រាក់​រហូតដល់ ២៥​ម៉ឺន​ដុល្លារ​អាមេរិក និង​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត បើ​ហ៊ាន​តែ​ល្មើស​បញ្ញត្តិ​ច្បាប់​នេះ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ពិនិត្យ​ឃើញ​ថា ច្បាប់​នេះ​ហាក់​មិន​បម្រើ​ប្រយោជន៍​សាធារណៈ​នោះ​ទេ ព្រោះ​ច្បាប់​នេះ​ផ្ដោត​តែ​លើ​ការ​រឹតត្បិត​សិទ្ធ​សេរីភាព និង​ទោស​ទណ្ឌ​លើ​ពលរដ្ឋ និង​ក្រុម​សង្គម​ស៊ីវិល​។ លោក​យល់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆក់​ឱកាស​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ ដើម្បី​ធ្វើ​ច្បាប់​ទុក​ការពារ​អំណាច​ត​វង្ស​ត្រកូល​របស់​គាត់ ហើយ​ជន​ណា​ក៏​ដោយ​ដែល​ប្រឆាំង​នឹង​គម្រោង​នេះ​នឹង​ក្លាយ​ជា​ទិសដៅ​នៃ​ការ​បង្ក្រាប៖ «ប្រសិនបើ​ចូល​ជា​ធរមាន អ្នក​ដែល​ហ៊ាន​ងើប​ប្រឆាំង​ជាមួយ​នឹង​អ្វី​ដែល​ជា​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​ហ្នឹង គឺ​នឹង​ត្រូវ​ជាប់ទោស ហើយ​និង​បាត់បង់​អំណាច និង​តួនាទី​។ ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​ច្បាប់​ហ្នឹង​ចូល​ជា​ធរមាន គណបក្ស​ប្រជាជន​ទាំង​ផ្ទៃក្នុង​ហ្នឹង គឺ​មិន​ហ៊ាន​ងើប​ប្រឆាំង​ជាមួយ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ»

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​វាយ​តម្លៃ​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ រំលោភ​សិទ្ធ​ឯកជន រឹតត្បិត​ការ​បញ្ចេញមតិ​ដោយ​សេរី និង​ធ្វើ​ឱ្យ​ការ​ជួបប្រជុំ​ដោយ​សន្តិវិធី​ក្លាយ​ជា​បទល្មើស​ព្រហ្មទណ្ឌ។

ដោយឡែក អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វិញ ពិនិត្យ​ឃើញ​ថា ក្រៅពី​ដកហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ហើយ​នោះ ច្បាប់​ថ្មី​នេះ​ផ្ដល់​សិទ្ធិ​អំណាច​គ្មាន​ដែន​កំណត់ និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បង្ក្រាប​អ្នកប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​។ អង្គការ​សិទ្ធិមនុស្ស​ដដែល​នេះ​គូស​បញ្ជាក់​ថា ច្បាប់​នេះ​នឹង​ជួយ​លោក ហ៊ុន សែន ឱ្យ​កាន់អំណាច​ផ្ដាច់ការ​យូរអង្វែង​ត​ទៅ​មុខ​ទៀត ជាពិសេស​វា​នឹង​ជួយ​ឱ្យ​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់គាត់​ក្លាយជា​ស្របច្បាប់ និង​មាន​លក្ខណៈ​ផ្លូវការ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។