គណបក្ស​យុវជន​កម្ពុជា​ព្រមាន​បាតុកម្ម​បើ​វៀតណាម​មិន​ឆ្លើយ​តប​ញត្តិ​ខ្លួន​រឿង​បញ្ហា​ព្រំដែន

ដោយ ស៊ុន ហេង
2016-08-29
Share
ពេជ្រ ស្រស់ ៨៥៥ ២០១៦ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៦។
RFA/Morm Moniroth

សមាជិក​គណបក្ស​យុវជន​កម្ពុជា ១៥​នាក់ យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​សីហា ទាមទារ​អោយ​ភាគី​វៀតណាម បញ្ឈប់​ការ​រំលោភ​ទឹកដី​កម្ពុជា។ គណបក្ស​នេះ​ថា ខ្លួន​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​បិទ​ទីផ្សារ​ផលិតផល​វៀតណាម នៅ​កម្ពុជា ប្រសិនបើ​គ្មាន​ការ​ឆ្លើយ​តប។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា ការ​ទាមទារ​អោយ​បិទ​ទីផ្សារ​នេះ​ជា​គំនិត​ព្រៃ។

​គម្រោង​ធ្វើ​បាតុកម្ម​ទាមទារ​អោយ​បិទ​ទីផ្សារ​ផលិតផល​វៀតណាម នៅ​កម្ពុជា​នេះ ជា​ផ្នែក​មួយ​នៃ​ញត្តិ​ទាមទារ​របស់​គណបក្ស​យុវជន​កម្ពុជា ដាក់​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ដែល​ស្នើ​អោយ​បញ្ឈប់​នូវ​អំពើ​ដែល​គណបក្ស​នោះ​ហៅ​ថា ទុច្ចរិត និង​រំលោភ​លើ​ទឹក​ដី​កម្ពុជា ដូចជា​ការ​សាងសង់​ប៉ុស្តិ៍ និង​ជីក​ស្រះ​លើ​តំបន់​ហាម​ឃាត់ ឬ​ហៅ​ថា តំបន់​ស និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាជន​ខ្មែរ​រស់​នៅ​តាម​ព្រំដែន។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ និង​សមាជិក​បក្ស ១៤​នាក់​ទៀត បាន​នាំ​យក​ញត្តិ​ទាមទារ​នេះ​ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦។ លោក ពេជ្រ ស្រស់ បាន​អោយ​អាស៊ីសេរី ដឹង​ថា ខាង​ស្ថានទូត​មិន​បាន​ទទួល​យក​សេចក្ដី​ទាមទារ​របស់ គណបក្ស​លោក​ទេ ដោយ​លើក​មូលហេតុ​ថា រវល់​ប្រជុំ។ អភិបាល​រង​ខណ្ឌ​ចំការមន ជា​អ្នក​មក​ទទួល​ជំនួស ហើយ​ប្រាប់​ថា នឹង​ប្រគល់​ជូន​ស្ថានទូត​វៀតណាម។

ខ្លឹមសារ​នៅ​ក្នុង​ញត្តិ​ទាមទារ​នោះ​បាន​បញ្ជាក់​ថា បើ​គ្មាន​ការ​ឆ្លើយ​តប​ពី​ខាង​វៀតណាម ក្នុង​រយៈពេល ៣០​ថ្ងៃ ខាង​គណបក្ស​លោក​នឹង​ដឹកនាំ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម និង​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ហើយ​ទាមទារ​អោយ​មាន​ការ​បិទ​ទីផ្សារ​ផលិតផល​វៀតណាម ទាំង​ស្រុង ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ទីផ្សារ​កម្ពុជា។

លោក ពេជ្រ ស្រស់ បន្ត​ទៀត​ថា ខាង​លោក​មិន​សង្ឃឹម​ថា ខាង​ស្ថានទូត​វៀតណាម នឹង​ឆ្លើយ​តប​ទេ តែ​លោក​ចាំបាច់​ត្រូវ​តវ៉ា ព្រោះ​លោក​គ្មាន​ទំនុក​ចិត្ត​លើ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ឡើយ៖ «ទី​មួយ​យើង​ឃើញ​រដ្ឋាភិបាល​ធ្វើ​ការ​អសមត្ថភាព។ ចេញ​កំណត់​ហេតុ​ទូត​ទៅ​គេ ២៣​លើក គេ​អត់​ឆ្លើយ​តប ឬ​កោះ​ប្រជុំ​អ្វី​ទាំង​អស់។ អ៊ីចឹង​គណបក្ស​យុវជន​កម្ពុជា មិន​អាច​មាន​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល​កម្ពុជា បាន​ទេ ដោយសារ​គោលជំហរ​រដ្ឋាភិបាល​កម្ពុជា មិន​មាន​តម្លាភាព ឬ​ក៏​អំណាច​ណា​មួយ​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល គឺ​អសមត្ថភាព​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​ជាតិ»

​ឆ្លើយ​តប​នឹង​រឿង​នេះ អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អោយ​ដឹង​ថា ពាក្យ​ដែល​ថា រដ្ឋាភិបាល​កម្ពុជា អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម គឺ​មិន​អាច​ទទួល​យក​បាន​ទេ។ លោក​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជាង ៨០​ភាគរយ​ហើយ​លើ​បញ្ហា​ព្រំដែន​នេះ។ ចំណែក​ឯ​ការ​ខ្វែង​គំនិត​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន គឺ​កំពុង​តែ​ចរចា ដោយ​មាន​ការ​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​ភាគ​គី​បារាំង ក្នុង​ការ​ចង្អុលបង្ហាញ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តំបន់​ជម្លោះ​នោះ។

លោក ផៃ ស៊ីផាន បន្ថែម​ទៀត​ថា ទាក់ទង​នឹង​ការ​បាតុកម្ម​អោយ​បិត​ទីផ្សារ​ផលិតផល​វៀតណាម ខាង​រដ្ឋាភិបាល​គោរព​ដល់​សិទ្ធិ​ប្រជាជន​ក្នុង​ការ​ធ្វើ​វា ប៉ុន្តែ​លោក​ហៅ​ការ​ទាមទារ​នេះ​ថា ជា​គំនិត​ព្រៃ​មិន​ស៊ីវិល័យ៖ «យើង​ឃើញ​ប្រទេស​នីមួយៗ ប្រជាពលរដ្ឋ​ដូច​ជា​នៅ​បារាំង បញ្ចេញ​មតិ​អោយ​បិទ​មិន​អោយ​នាំ​ចូល​ស្រា​ក្រហម​ទៅ​សហរដ្ឋអាមេរិក តែ​មិន​អាច​ទៅ​រួច​ទេ គ្រាន់​តែ​​ជា​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ»

​អ្នក​វិភាគ​សង្គម និង​ជា​ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ អោយ​ដឹង​ថា គណបក្ស​យុវជន​កម្ពុជា ទើបតែ​រៀន​សូត្រ​អនុវត្ត​នូវ​អ្វី​ដែល​គណបក្ស​ប្រឆាំង​ធ្វើ​តាំងតែ​ពី​ទសវត្ស​៧០ មក​ម្ល៉េះ ពោល​គឺ​ការ​កេង​ចំណេញ​នយោបាយ​ទៅ​លើ​អារម្មណ៍​ខឹងសម្បា និង​ស្អប់​របស់​ប្រជាជន​កម្ពុជា ទៅ​លើ​ប្រជាជន​វៀតណាម ដែល​ជា​ចរិត​នយោបាយ​មួយ​គួរ​បញ្ឈប់។

លោក អ៊ូ វីរៈ បន្ត​ថា ក្នុង​ការ​ចរចា​ជាមួយ​ភាគី​វៀតណាម កម្ពុជា​គឺ​ចាញ់​ប្រៀប​គេ​ទាំង​កម្លាំង​យោធា សេដ្ឋកិច្ច និង​នយោបាយ​អន្តរជាតិ ក៏ប៉ុន្តែ​ការ​ចរចា​នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត។ បាតុកម្ម​នេះ​សម្រាប់ លោក អ៊ូ វីរៈ គឺ​មិន​មែន​ជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​ឡើយ ហើយ​ការ​ទាមទារ​អោយ​ធ្វើ​ពហិការ​នេះ​ទៀតសោត ក៏​មិន​អាច​ទៅ​រួច​ទេ៖ «អ្នក​និយាយ​បាន​តែ​និយាយ តែ​ជាក់ស្ដែង​អត់​ទេ ដោយសារ​ផលិតផល​វៀតណាម មិន​មាន​ដូចជា​ឡាន ម៉ូតូ ឬ​មួយ​របស់​ធំៗ​ទេ។ មិន​មែន​ជា​របស់​អ្នក​មាន​ទេ គឺ​ថា របស់​អ្នក​ក្រីក្រ​នៅ​កម្ពុជា ប្រើ ដោយសារ​អ៊ីចឹង​អ្នក​ក្រីក្រ គាត់​មិន​ងាយ​បំពេញ​តាម​បំណង​ពហិការ​នេះ​ទេ»

​ទំនាក់ទំនង​កម្ពុជា-​វៀតណាម ត្រូវ​បាន​គេ​ឃើញ​ថា មាន​ភាព​តានតឹង​ច្រើន​កន្លង​ទៅ​ថ្មីៗ​នេះ បន្ទាប់ពី​ភាគី​វៀតណាម មិន​អើពើ​ទៅ​នឹង​កំណត់​ទូត​របស់​កម្ពុជា ម្ដង​ហើយ​ម្ដង​ទៀត អោយ​លុប​ចោល​ស្រះ​ទឹក ដក​ប៉ុស្តិ៍​យាម​ចេញ​ពី​តំបន់​ស៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល