ជន​អនាមិក​បាច​ត្រាក់​នៅ​ព្រះវិហារ​រិះគន់​មន្ត្រី​​រដ្ឋាភិបាល

ដោយ ហង្ស សាវយុត
2014.07.28

ខិត្តប័ណ្ណ​រិះគន់​មន្ត្រី​មន្ទីរ​ដែនដីនគរូបនីយកម្ម​និង​សំណង់​រាប់រយ​សន្លឹក ត្រូវ​ជន​មិន​ស្គាល់​មុខ​បាច​នៅ​តាម​ដង​ផ្លូវ ក្នុង​ទីក្រុង​ព្រះវិហារ កាល​ពី​រាត្រី​ថ្ងៃ​ទី​២៧ ខែ​កក្កដា កន្លង​ទៅ

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ចាន់។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កក្កដា ថា ខិត្តប័ណ្ណ​នោះ​បាន​រិះគន់​ចំ​ឈ្មោះ​អនុ​ប្រធាន​មន្ទីរ​ដែន​ដី​​​​នគរូបនីយកម្ម​​​ម្នាក់ និង​ប្រធាន​ភូមិបាល​ក្រុង​ព្រះវិហារ ម្នាក់ ថា​កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ

លោក ឡោ ចាន់ បញ្ជាក់​ទៀត​ថា ចាប់​តាំង​តែ​ពី​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី​២៨ ខែ​កក្កដា គឺ​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ជា​ច្រើន​នាក់ បាន​ប្រទះ​ឃើញ​ខិត្តប័ណ្ណ​នោះ​នៅ​រាយប៉ាយ​ពេញ​ដង​ផ្លូវ៖ «ត្រាក់​ហ្នឹង ឥឡូវ​អាជ្ញាធរ ក៏​ដូច​ជា​មន្ត្រី​មួយ​ចំនួន កំពុង​ធ្វើការ​ស៊ើប​អង្កេត​រក​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​បាន​បោះត្រាក់​រាប់​រយ​សន្លឹក​នៅ​ដង​ផ្លូវ​សាធារណៈ​មុខ​សាលា​ខេត្ត​ព្រះវិហារ»

ទោះ​យ៉ាង​ណា​ទាំង​ស្នងការ​នគរបាល ​និង​អធិការ​ក្រុង​ព្រះវិហារ ​មិន​បាន​ទទួល​ទូរស័ព្ទ ដើម្បី​អធិប្បាយ​ជុំវិញ​រឿង​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក ឡោ ចាន់ ​បាន​ហៅ​ខិត្តប័ណ្ណ​ដែល​ជន​អនាមិក​បាច​នៅ​តាម​ដង​ផ្លូវ​នោះ​ថា គឺ​ហាក់​ជា​​សញ្ញា​​មួយ​ដែល​ប្រាប់​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ឱ្យ​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដូច្នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។