ក្រសួង​មហា​ផ្ទៃ​ទទួល​ស្គាល់​បក្ស​នរោត្តម​រណឫទ្ធិ

មន្ត្រី​នាំ​ពាក្យ​គណ​បក្ស​នរោត្តម​រណឫទ្ធិ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ធ្នូ ថា​ក្រសួង​មហា​ផ្ទៃ​បាន​យល់​ព្រម និង​ទទួល​ស្គាល់​គណ​បក្ស​នរោត្តម​រណឫទ្ធិ​ទៅ​តាម​ការ​ស្នើ​សុំ​ផ្លាស់​ប្ដូរ​ឈ្មោះ​ហើយ។
ដោយ ទីន ហ្សាការីយ៉ា
2010.12.28

លោក ប៉ែន សិង្ហា មន្ត្រី​នាំ​ពាក្យ​គណ​បក្ស​នរោត្តម​រណឫទ្ធិ បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហា​ផ្ទៃ បាន​ចេញ​លិខិត​យល់​ព្រម​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​គណ​បក្ស​នរោត្តម​រណឫទ្ធិ គឺ​នៅ​បន្ទាប់​ពី​គណ​បក្ស​ជាតិ​និយម​បាន​ធ្វើ​សមាជ​ប្ដូរ​ឈ្មោះ​គណ​បក្ស ទៅ​ជា​គណ​បក្ស​នរោត្តម​រណឫទ្ធិ​វិញ និង​ជ្រើស​តាំង​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ជា​ប្រធាន​គណ​បក្ស កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១០ នៅ​គ្រា​ដែល​ព្រះ​អង្គ​បាន​យាង​ប្រលូក​ក្នុង​ឆាក​នយោបាយ​សា​ជា​ថ្មី​ម្ដង​ទៀត។

លោក ប៉ែន សង្ហា បាន​បញ្ជាក់​ទៀត​ថា គណ​បក្ស​នរោត្តម​រណឫទ្ធិ ក៏​បាន​ផ្ញើ​សារ​មួយ​ជួន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ផង​ដែរ ដោយ​សំដែង​នូវ​សុទិដ្ឋិនិយម​ក្នុង​ការ​បង្រួប​បង្រួម​អ្នក​រាជា​និយម។

នៅ​ក្នុង​អង្គ​សមាជិក​គណ​បក្ស​ជាតិ​និយម​ប្តូរ​ឈ្មោះ​ទៅ​ជា​គណ​បក្ស​នរោត្តម​រណឫទ្ធិ កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ នោះ ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ បាន​មាន​បន្ទូល​ថា គណ​បក្ស​នរោត្តម​រណឫទ្ធិ​មាន​គោល​បំណង​បង្រួប​បង្រួម​ជា​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​វិញ ដោយ​គ្រោង​នឹង​ដាក់​ឈ្មោះ​គណ​បក្ស​ទាំង​ពីរ​នេះ ទៅ​ជា​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​៨១ ប៉ុន្តែ​ត្រូវ​បាន​លោក ញឹក ប៊ុន​ឆៃ អគ្គ​លេខាធិការ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បច្ចុប្បន្ន​បដិសេធ។

ទោះ​ជា​យ៉ាង​ណា លោក ប៉ែន សិង្ហា គ្រោង​នឹង​ចេញ​លិខិត​មួយ​ច្បាប់​ទៀត ផ្ញើ​ទៅ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ក្នុង​ការ​រួបរួម​អ្នក​រាជា​និយម ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ខ្លឹមសារ​លំអិត​នៅ​ក្នុង​លិខិត​នោះ​ទេ។

គណ​បក្ស​នរោត្តម​រណឫទ្ធិ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៦ នៅ​ក្រោយ​ពេល​សមាជិក​សមាជិកា​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​ធ្វើ​មហា​សន្និបាត​ទម្លាក់​សម្ដេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​ចេញ​ពី​ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ប្រមាណ​ជា ១​ខែ គឺ​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៦។

ហើយ​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០០៩ គណ​បក្ស​នរោត្តម​រណឫទ្ធិ បាន​ប្ដូរ​ឈ្មោះ​ជា​គណ​បក្ស​ជាតិ​និយម​វិញ នៅ​ខណៈ​ដែល​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ បាន​ប្រកាស​ព្រះ​កាយ​លា​លែង​ពី​ឆាក​នយោបាយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។