បញ្ហា​សិទ្ធិ​មនុស្ស​អាច​ប្រសើរ​ជាង​បច្ចុប្បន្ន​ក្រោយ​ជំនួប​លោក ហ៊ុន សែន-អូបាម៉ា

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ចាក​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១២។
ដោយ វិជ័យ អានន្ទ
2012.11.20

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក បារ៉ាក់ អូបាម៉ា ត្រូវ​បញ្ចប់ មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អាច​នឹង​មាន​ភាព​ប្រសើរ​ជាង​បច្ចុប្បន្ន។

ការ​អះអាង​បែប​នេះ ដោយ​មន្ត្រី​ទាំង​នោះ​សំអាង​ថា ដោយសារ​ការ​លើក​ឡើង​របស់​លោក ប៉ារ៉ាក់ អូបាម៉ា លើ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ជំនួប​ទ្វេ​ភាគី​ជាមួយ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​អះអាង​ថា ការ​លើក​ឡើង​របស់​លោក បារ៉ាក់ អូបាម៉ា លើ​បញ្ហា​សិទ្ធិ​មនុស្ស អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើង​វិញ​នូវ​ភាព​អសកម្ម​ដែល​ខ្លួន​បំពេញ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ​ដែល​ប្រាថ្នា​ចង់​បាន។

អ្នក​នាំ​ពាក្យ​នៃ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បង្ហាញ​ទស្សនៈ​សុទិដ្ឋិនិយម​ថា រឿង​អាស្រូវ​របស់​កម្ពុជា ដែល​កើត​មាន​កន្លង​មក នឹង​ត្រូវ​រដ្ឋាភិបាល​លើក​មក​ពិនិត្យ​ឡើង​វិញ ព្រម​ទាំង​ដោះស្រាយ​បញ្ហា​ទាំង​នោះ។

លោក​បន្ត​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ធ្វើ​ដូច្នោះ ព្រោះ​ការ​លើក​ឡើង​របស់​លោក បារ៉ាក់ អូបាម៉ា លើ​បញ្ហា​មួយ​ចំនួន​របស់​កម្ពុជា ជា​ការ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ប្រទេស​នានា​លើ​ពិភពលោក។ ម្យ៉ាង​ទៀត​ការ​លើក​ឡើង​នេះ ក៏​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដឹង​ខ្លួន​ថា អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ មិន​មែន​សហគមន៍​អន្តរជាតិ​មិន​ដឹង​នោះ​ទេ។

លោក យឹម សុវណ្ណ៖ «រដ្ឋាភិបាល​នឹង​ពិចារណា​អំពី​អនុសាសន៍​ទាំង​ឡាយ ហើយ​ខ្ញុំ​ជឿ​ថា នឹង​មាន​ការ​ពិនិត្យ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​ការ​ចូលរួម​របស់​មេដឹកនាំ​គណបក្ស​នយោបាយ​ទាំង​អស់​ក្នុង​ការ​បោះ​ឆ្នោត នេះ​ជា​សារ​ដែល​លោក អូបាម៉ា បាន​បញ្ជូន​ទៅ ហើយ​ជឿ​ថា រដ្ឋាភិបាល​នឹង​ពិនិត្យ​ពិចារណា​លើ​បញ្ហា​នេះ​ឲ្យ​បាន​ដិត​ដល់​ជា​ទីបំផុត ពីព្រោះ​នេះ​មិន​មែន​ជា​សំឡេង​របស់​បក្ស​ប្រឆាំង​នោះ​ទេ តែ​គឺ​ជា​សំឡេង​របស់​ពិភពលោក និង​ពលរដ្ឋ​របស់​ប្រជាពលរដ្ឋ​ខ្មែរ»

បន្ថែម​លើ​នេះ លោក យឹម សុវណ្ណ បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នេះ គឺ​ជា​តម្រូវការ​របស់​ពលរដ្ឋ​ដែល​ពួកគេ​កំពុង​ស្រេក​ឃ្លាន។ លោក​បន្ថែម​ថា បើ​រដ្ឋាភិបាល​ស្រលាញ់​ពលរដ្ឋ​ខ្លួន និង​ចង់​ឲ្យ​ពលរដ្ឋ​ទទួល​បាន​សេចក្ដី​សុខ​ក្សេមក្សាន្ត​ដូច​ពលរដ្ឋ​នៃ​ប្រទេស​អភិវឌ្ឍ​លើ​ពិភពលោក​នោះ រដ្ឋាភិបាល​គួរ​ធ្វើ​តាម​ឆន្ទៈ​របស់​ពួកគាត់។

ប្រហាក់ប្រហែល​គ្នា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​អាច​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស ដែល​កើត​ចេញ​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ព្រម​ទាំង​ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ​ជាដើម។ ម្យ៉ាង​ទៀត លោក​អះអាង​ថា កម្ពុជា​អាច​នឹង​ទទួល​ផល​ប្រយោជន៍​ច្រើន​ពី​សហរដ្ឋអាមេរិក ល្គឹកណា​រដ្ឋាភិបាល​បន្ទន់​ឥរិយាបថ​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​កាត់​បន្ថយ​បញ្ហា​អសកម្ម​មួយ​ចំនួន​ដែល​លោក បារ៉ាក់ អូបាម៉ា បាន​លើក​ឡើង។

លោក អ៊ូ វីរៈ៖ «ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា លោក ហ៊ុន សែន នឹង​ជ្រើសរើស​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ការពារ​សិទ្ធិ​មនុស្ស​របស់​ពលរដ្ឋ​របស់​ខ្លួន ហើយ​ជៀសវាង​ការ​គាប​សង្កត់​បែប​បច្ចុប្បន្ន ដូច្នេះ​វា​អាច​មាន​ប្រយោជន៍​ត្រង់​ហ្នឹង។ បើ​សិន​ជា​រដ្ឋាភិបាល​យើង​នៅ​តែ​ជ្រើសរើស​គាប​សង្កត់​ប្រជាពលរដ្ឋ​របស់​ខ្លួន ហើយ​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ខ្លួន​ឯង អា​ហ្នឹង​ពិភពលោក គ្មាន​អ្នក​ណា​ជួយ​យើង​បាន​ទេ»

ទោះ​យ៉ាង​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប្រាក់ សុខុន បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ក្នុង​ឱកាស​សន្និសីទ​កាសែត​នៅ​វិមាន​សន្តិភាព បន្ទាប់​ពី​ជំនួប​ទ្វេ​ភាគី​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថា កម្ពុជា​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ល្អ​ប្រសើរ ហើយ​កម្ពុជា​ក៏​ធ្លាប់​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ពឹង​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ប្រទេស​ភូមា ឲ្យ​គោរព​សិទ្ធិ​មនុស្ស​ទៀត​ផង៖ «ជា​គ្រូ​របស់​មីយ៉ាន់ម៉ា ដែល​គេ​ពឹង វា​ទៅ​ជា​អ្នក​ដែល​មាន​ស្ថានភាព​មិន​ល្អ​ទៅ​វិញ»

លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក មក​ប្រទេស​កម្ពុជា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាមេរិក និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា។ លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ ដល់ ២០ វិច្ឆិកា ហើយ​បាន​ស្នាក់នៅ​ប្រទេស​កម្ពុជា ចំនួន ១​យប់។ លោក​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​ថៃ មីយ៉ាន់ម៉ា និង​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
លោក ហ៊ុន សែន ធ្វើ​​ទស្សនកិច្ច​នៅ​ឡាវ ដើម្បី​រឹត​ចំណង​មិត្តភាព និង​ពង្រឹង​អំណាច​រវាង​បក្ស​នៃ​ប្រទេស​ទាំង​ពីរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។