សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​ចុះ​ឈូស​ឆាយ​តូប​លក់​ដូរ​របស់​អ្នក​ស្រុក

កង​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខេត្ត​ប៉ៃលិន ជា​ច្រើន​នាក់ រួម​ទាំង​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង បាន​ដាក់​ឈូស​ឆាយ​បំផ្លាញ​តូប​លក់​ដូរ​របស់​អ្នក​ស្រុក​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ផ្សារ​ផ្លូវ​បំបែក​សាលាក្រៅ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។
ដោយ សួន សុផលមុន្នី
2011.05.24

ក្រុម​អ្នក​ភូមិ​ដែល​មាន​តូប​លក់​ដូរ​នៅ​ក្នុង​ផ្សារ​ផ្លូវ​បំបែក​សាលាក្រៅ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​រិះគន់​ចំពោះ​អាជ្ញាធរ​ខេត្ត ដែល​បាន​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន និង​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង ទៅ​ឈូស​បំផ្លាញ​តូប​លក់​ដូរ​របស់​ពួកគាត់ ដើម្បី​បង្ខំ​ឲ្យ​ទៅ​ទិញ​តូប​នៅ​ផ្សារ​ឯកជន​ថ្មី​មួយ​ដែល​បាន​សាងសង់​រួចរាល់ កាល​ពី​ឆ្នាំ​២០១០ តែ​គ្មាន​មនុស្ស​ទៅ​ជួល​តូប​លក់​ដូរ។

អ្នក​ភូមិ​រង​គ្រោះ​បាន​ថ្លែង​ថា អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ប្រើប្រាស់​រូបភាព​យក​ទីតាំង​ផ្សារ​ផ្លូវ​បំបែក​សាលាក្រៅ ដែល​ពួកគាត់​កំពុង​លក់​ដូរ ដើម្បី​សាងសង់​រង្វង់​មូល​នៅ​លើ​ផ្លូវជាតិ​លេខ​៥៩។ តែ​ធាតុ​ពិត​ពួកគេ​មាន​ចេតនា​បង្ខំ​ឲ្យ​ក្រុម​អ្នក​ភូមិ​លក់​ដូរ​នៅ​ទី​នោះ ទី​ជួល​តូប​នៅ​ផ្សារ​ឯកជន​ថ្មី​មួយ ដែល​មាន​ភាគហ៊ុន​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន។

កាល​ពី​យប់​ថ្ងៃ​ទី​២៣ និង​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១១ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ប្រើ​ប្រាស់​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជិត ១០០​នាក់ និង​កម្មករ​ប្រមាណ​ជា ៦០​នាក់ ដើម្បី​ដាក់​ទៅ​ការពារ និង​ធ្វើការ​រុះរើ​កម្ទេច​តូប​លក់​ដូរ​របស់​អ្នក​ភូមិ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ផ្សារ​ផ្លូវ​បំបែក​សាលាក្រៅ ក្នុង​ខេត្ត​ ប៉ៃលិន។

ទាក់ទិន​បញ្ហា​ខាង​លើ​នេះ លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា ខាង​អាជ្ញាធរ​ខេត្ត​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​តូប​លក់​ដូរ​លើ​ចិញ្ចើម​ផ្លូវ​បំបែក​នោះ​ជា​ច្រើន​សា​មក​ហើយ​ថា ដី​នៅ​ត្រង់​ចំណុច​ផ្លូវ​បំបែក​នោះ ប៉ះ​ចំណី​ផ្លូវ​ជាតិ​លេខ​៥៩ ដែល​ក្រុមហ៊ុន​ចិន កំពុង​ធ្វើការ​សាងសង់។

លោក​អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​បន្ត​ថា ខាង​អាជ្ញាធរ​ខេត្ត​កំពុង​បាន​គិតគូរ​ពី​​គោលនយោបាយ​ដោះស្រាយ​ជូន​អ្នក​រង​ផល​ប៉ះពាល់​ជាក់​ស្ដែង​នៅ​ទី​នោះ ដោយ​ខាង​ខេត្ត​បាន​ធ្វើ​សំណើ​ដាក់​ទៅ​ក្រសួង​រួច​រាល់​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​ចម្លើយ​ភ្លាមៗ​ទេ។

ក្រុម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ផ្សារ​ឯកជន​ថ្មី​នោះ​មាន​ចម្ងាយ​ប្រហែល ៤០០​ម៉ែត្រ​ពី​ទីតាំង​ផ្សារ​ផ្លូវ​បំបែក​សាលាក្រៅ​ចាស់ ហើយ​ភាគី​ម្ចាស់​ផ្សារ​មាន​ការ​ប្រកាស​ជួល​ថ្លៃ​ពេក ដែល​ក្រុម​អាជីវករ​មិន​អាច​មាន​លទ្ធភាព​លៃលក​ប្រាក់កាស​យក​ទៅ​ជួល​បាន។

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក យិន ម៉េងលី បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​គួរ​ធ្វើការ​ពិនិត្យ​ច្បាប់​អស្សាមិករណ៍​ដែល​រដ្ឋ​សភា​ទើប​បាន​ធ្វើការ​អនុម័ត​ចេញ​មក​ហើយ​នោះ។ បញ្ហា​មួយ​ទៀត ខាង​អាជ្ញាធរ​ខេត្ត​ត្រូវ​គិតគូរ​ការ​ដោះស្រាយ​សំណង​ឲ្យ​បាន​សមរម្យ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​បញ្ហា​ខាង​លើ​នេះ។

ប្រភព​ពី​ក្រុម​អ្នក​ភូមិ​ឲ្យ​ដឹង​ថា តូប​លក់​ដូរ​របស់​អាជីវករ​នៅ​ផ្សារ​ផ្លូវ​បំបែក​ខាង​លើ​នេះ ត្រូវ​បាន​ខាង​ភាគី​អាជ្ញាធរ​ឈូស​ឆាយ​រុះរើ​កម្ទេច​ចោល​ទាំង​អស់។ ចំណែក​ក្រុម​អាជីវករ​ដែល​រង​ការ​ប៉ះពាល់​បាន​ត្រឹម​ឈរ​មើល និង​មាន​ការ​សោកស្ដាយ​ពី​ការ​បាត់បង់​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់ ហើយ​ពុំ​ហ៊ាន​ធ្វើការ​តវ៉ា​ប្រឆាំង​ទំនាស់​ទៅ​នឹង​ក្រុម​អាជ្ញាធរ​ឡើយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jul 08, 2011 01:36 AM

នេះជាវាសនារបស់បងប្អូនដែលបានកំណត់ដោយពាក្យថា ប្រជាធិបតេយ្យ គ្មាននណារគេសម្លាប់ប្រជាជនដូចរដ្ឋាភិបាលខ្មែរទេ នេះក៏យុទ្ធសាស្រ្ដកាត់បន្ថយភាពក្រីក្រមួយដែល បងប្អូន